Monday 25 June 2018
គ.ជ.បអំពាវនាវឲ្យមន្ត្រីខ្លួនប្រកាន់ជំហរអព្យាក្រឹតខណៈការបោះឆ្នោតខិតជិតមកដល់
Khmer Circle: What are they smoking at the NEC?
$$$
ដោយ មាន ឫទ្ធិ
2018-06-24
អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា (កណ្ដាល) ក្នុងកម្មវិធីដាក់ចេញគោលការណ៍សម្រាប់ស្ថានីយវិទ្យុ និងទូរទស្សន៍ លក់ ឬជួលម៉ោងឲ្យគណបក្សនយោបាយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧។
RFA
ខណៈដែលរដូវកាលនៃការឃោសនាការបោះឆ្នោតកាន់តែខិតជិតមកដល់ ពោលគឺចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី២៧ កក្កដា ឆ្នាំ២០១៨ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ដែលមានក្បាលម៉ាស៊ីនដឹកនាំទាំង៩រូប សុទ្ធតែមន្ត្រីដែលមានទំនោរទៅរករបបលោក ហ៊ុន សែន បានអំពាវនាវឲ្យមន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ទាំងអស់របស់ខ្លួន ត្រូវយកចិត្តទុកដាក់ និងអនុវត្តការងាររៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦នេះ ក្នុងជំហរអព្យាក្រឹត ឥតលម្អៀង។
អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា ដែលធ្លាប់រងការចោទប្រកាន់ថា ជាអ្នកជួយរៀបចំបន្លំសន្លឹកឆ្នោតឲ្យគណបក្សកាន់អំណាចកាលពីពេលបោះឆ្នោតកន្លងទៅ ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផលនៃការបោះឆ្នោត នៅថ្ងៃទី២៤ មិថុនា ធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ ក្នុងក្រុងភ្នំពេញ ថា ការអនុវត្តបន្តការងារបណ្ដុះបណ្ដាលជូនដល់មន្ត្រីបោះឆ្នោតនៅតាមថ្នាក់រាជធានី ខេត្ត ថ្នាក់ឃុំ-សង្កាត់ និងការិយាល័យបោះឆ្នោតនេះ គឺដើម្បីឲ្យមន្ត្រីបោះឆ្នោតទាំងអស់ អាចអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនបានត្រឹមត្រូវ មានគណនេយ្យភាព និងភាពអាចម្ចាស់ការបានទាំងទ្រឹស្ដី និងការអនុវត្ត។
នៅថ្ងៃទី២៤ មិថុនា នេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈទំព័រហ្វេសប៊ុករបស់លោក ក៏បានអំពាវនាវឲ្យគ្រប់គណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះឲ្យពលរដ្ឋបោះឆ្នោតទាំងអស់ ឲ្យគោរពគ្នាទៅវិញទៅមក និងមិនត្រូវប្រើពាក្យអសុរោះ ជេរបញ្ចោរគ្នាឡើយ និងត្រូវគោរពសីលធម៌ និងសេចក្ដីថ្លៃថ្នូរ។ លោកស្នើឲ្យគណបក្ស និងបេក្ខជនទាំងនោះ ឃោសនាតែអំពីគណបក្សរបស់ខ្លួន ដោយមិនត្រូវបន្តុះបង្អាប់គណបក្ស ឬបេក្ខជននៃគណបក្សដទៃឡើយ។ លោក ហ៊ុន សែន ក៏មិនភ្លេចអំពាវនាវឲ្យពលរដ្ឋបោះឆ្នោតឲ្យគណបក្សរបស់លោកផងដែរ ដោយលោកសន្យាថា នឹងបន្តកាន់អំណាចយ៉ាងហោចណាស់ ១០ឆ្នាំទៅមុខទៀត។
យ៉ាងណាក៏ដោយ ការបោះឆ្នោតជាតិដ៏ចម្រូងចម្រាសនេះ រងការរិះគន់ពីសហគមន៍ជាតិ និងអន្តរជាតិថា គ្រាន់តែជាឆាកល្ខោន ធ្វើឡើងដើម្បីបោកបញ្ឆោតមតិជាតិ និងអន្តរជាតិ ដើម្បីឲ្យលោក ហ៊ុន សែន និងគណបក្សកាន់អំណាចរបស់លោក អាចបន្តកាន់អំណាចរបស់ខ្លួន ជាបន្តទៅទៀតតែប៉ុណ្ណោះ ក្រោយពីគណបក្សនេះ បានរៀបចំផែនការធានាជ័យជម្នះរួចជាស្រេចនៅមុនការបោះឆ្នោត តាមរយៈការរម្លាយគណបក្សប្រឆាំងធំជាងគេ គឺគណបក្សសង្គ្រោះជាតិ និងការគាស់រម្លើងប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជាជាស្ថាពរ តាមរយៈការចាប់មេបក្សប្រឆាំង និងសកម្មជនដាក់គុក បិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងធ្វើច្បាប់នានាដើម្បីការពារផលប្រយោជន៍បក្សកាន់អំណាចរបស់ខ្លួន៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment