Saturday 30 June 2018

ជប៉ុនមិនដកជំនួយ​ពី គ.ជ.ប វិញ​ទេ ប៉ុន្តែ​នៅ​តែ​ចង់​ឃើញ​ការ​បោះ​ឆ្នោតដែល​ឆ្លុះ​បញ្ចាំង​​ឆន្ទៈ​រាស្រ្ត​ពិត​ប្រាកដ


ដោយ មួង ណារ៉េត
2018-06-29 

ទង់ជាតិ​ជប៉ុន
Photo: RFA
ប្រទេសជប៉ុន​បញ្ជាក់​ជំហរ​ថា ខ្លួន​នឹង​មិន​ផ្តាច់​ជំនួយ​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ទេ ប៉ុន្តែនៅ​តែ​ចង់​ឃើញ​ការ​បោះ​ឆ្នោត​មួយ ដែល​ឆ្លុះបញ្ចាំង​ឆន្ទៈ​រាស្រ្ត​ពិត​ប្រាកដ។



ទីប្រឹក្សា​របស់​ស្ថានទូត​ជប៉ុន​ ប្រចាំ​នៅ​កម្ពុជា​លោក ហ៊ីរ៉ូណូរ៊ិ ស៊ុយស៊ូគី (Hironori SUZUKI) បញ្ជាក់​ប្រាប់​អាស៊ី​សេរី តាម​សារ​អេឡិចត្រូនិក កាលពី​ថ្ងៃ​ទី២៨ ខែ​មិថុនា​ថា ជំហរ​របស់​រដ្ឋាភិបាល​ជប៉ុន គឺ​មិន​ផ្លាស់ប្តូរ​ទេ ជុំវិញ​ជំនួយ​ដើម្បីកែទម្រង់​ការ​បោះឆ្នោត​នៅ​កម្ពុជា​នេះ។

ប្រទេសជប៉ុនចាត់ទុក​ជំនួយ​ទៅ​ដល់​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​នេះ​ថា ជា​ជំនួយ​បច្ចេកទេស ដែល​មាន​ភាព​ចាំបាច់ ក្នុង​ការ​កែ​លម្អ​ដំណើរ​ការ​រៀបចំ​ការ​បោះ​ឆ្នោត។ បើ​ការ​រៀបចំ​ការ​បោះ​ឆ្នោត​នេះ​បាន​ល្អ នោះ​នឹង​អាច​ជួយ​​ពង្រឹង​ស្ថេរភាព និង​តម្លាភាព​នៃ​ការ​រៀបចំ​ការ​បោះ​ឆ្នោត។ លោក ហ៊ីរ៉ូណូរ៊ិ ស៊ុយស៊ូគី បញ្ជាក់​បន្ថែម​ថា ជំនួយ​បច្ចេកទេស​សម្រាប់​កែ​ទម្រង់​ គ.ជ.ប នេះ គឺ​ដើម្បី​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា សម្រាប់​រយៈ​ពេល​យូរ​អង្វែង​ផង​ដែរ។



ទោះជាយ៉ាង​នេះ លោក ហ៊ីរ៉ូណូរ៊ិ ស៊ុយស៊ូគី បន្ត​ថា ជប៉ុន​នៅ​តែ​យល់​ថា វា​ជា​រឿង​ដ៏​សំខាន់​បំផុត ដែល​កម្ពុជា​ត្រូវ​តែ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​ខែ​កក្កដា​ខាង​មុខ ធ្វើ​យ៉ាង​ណា​ឲ្យ​ឆ្លុះ​បញ្ចាំង​ឆន្ទៈ​រាស្រ្តពិត​ប្រាកដ។ ជប៉ុន​នៅ​តែ​តាម​ដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត និង​នៅ​តែ​ជំរុញ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ ចាត់​វិធានការ​វិជ្ជមាន​ចាំបាច់ ដើម្បី​ត្រួសត្រាយ​ផ្លូវ​សម្រាប់​អនាគត និង​ការ​រីក​ចម្រើន​របស់​ពលរដ្ឋ​ខ្មែរ តាម​រយៈ​ការ​បោះ​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​ត្រឹមត្រូវ​មួយ។

អនុប្រធានគណបក្សសង្រោះ​ជាតិ អ្នកស្រី​ មូរ សុខហួរ ដែល​បាន​ចូលរួម​មហាបាតុកម្ម​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ជាមួយ​អ្នក​តវ៉ា​រាប់​ពាន់​នាក់​ កាល​ពី​ថ្ងៃ​ទី២៤ ខែ​មិថុនា ដែល​ទាមទារ​ឲ្យ​ជប៉ុន​ដក​ជំនួយ​ពី គ.ជ.ប និង​ប្រកាស​កុំ​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត នៅ​តែ​សង្ឃឹម​ថា ប្រទេស​ជប៉ុន​នឹង​ប្រកាស មិន​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត​ជាតិ​ខាង​មុខ ព្រោះ​អ្នកស្រី​យល់​ថា គ្មាន​ការ​បោះ​ឆ្នោត​ណា​មួយ អាច​ប្រព្រឹត្ត​ទៅ​ដោយ​សេរី  ត្រឹមត្រូវ និង​យុត្តិធម៌ ឬ​អាច​ឆ្លុះ​បញ្ចាំង​ឆន្ទៈ​ពិត​ប្រាកដ​របស់​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ទៅ​រួច​ទេ នៅ​ពេល​ដែល​គណៈបក្ស​ប្រឆាំង​ស្រប​ច្បាប់​តែ​មួយ​គត់ ត្រូ​វបាន​គេ​រម្លាយ​ចោល ប្រធាន​គណបក្ស​នេះ ត្រូវ​បាន​គេ​ចាប់​ដាក់​ពន្ធនាគារ មន្រ្តី​បក្ស​នេះ​ត្រូវ​បាន​គេ​ហាម​ឃាត់​សិទ្ធិ​នយោបាយ សកម្មជន​បក្ស​ត្រូវ​បាន​ធ្វើ​ទុក្ខ​បុក​ម្នេញ និង​អង្គការ​សង្គមស៊ីវិល ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ សុទ្ធតែ​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​បែប​នេះ។ អ្នកស្រី មូរ សុខហួរ អះអាង​ថា អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​នៅ​តែ​បន្ត​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ នៅ​ទូទាំង​ពិភពលោក​ជា​បន្ត​ទៀត ដើម្បី​ឲ្យ​មាន​ដំណោះ​ស្រាយ​នយោបាយ៖ «យើង​នៅតវ៉ា​រហូត​ទៅ​ដល់​ថ្ងៃ​បោះ​ឆ្នោត ថ្ងៃ​ទី២៩ ខែ​កក្កដា។ យើង​មាន​ផែនការ​ទៅ​ហើយ និង​កំពុង​រៀបចំ​ធ្វើ​មហា​បាតុកម្ម​អហិង្សា នៅ​គ្រប់​ទី​កន្លែង ទូទាំង​សាកល​លោក ដែល​មាន​សាខា​គណបក្ស​សង្គ្រោះ​ជាតិ។ យើង​អំពាវនាវ សូម​ឲ្យ​សហគមន៍ និង​សមាគម​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ឡាយ ទាំង​ក្នុង និង​ក្រៅ​ប្រទេស តាម​លក្ខណៈ​ដែល​អាច​ធ្វើ​ទៅ​បាន ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ក្នុង​ការ​បញ្ចេញ​មតិ​ ដែល​យើង​មិន​អាច​ទទួល​យក​បាន​ នូវ​ការ​បោះ​ឆ្នោត​មួយ ដែល​មិន​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ហើយ​សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា»។

ស្របពេល​ដែល​ការ​បោះ​ឆ្នោត កាន់​តែ​ខិត​ជិត​មក​ដល់ ប្រទេស​ជប៉ុន​កំពុង​រង​សម្ពាធ​យ៉ាង​ខ្លាំង ពី​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស ដែល​បាន​ធ្វើ​បាតុកម្ម​តវ៉ា​ជា​បន្ត​បន្ទាប់​ ស្ទើរ​គ្រប់​ទិសទី ដើម្បី​ឲ្យ​ប្រទេស​ជប៉ុន ប្រកាស​កុំ​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត​ជាតិ​ខាង​មុខ។ អ្នក​តវ៉ា​ទាំង​នោះ សុទ្ធតែ​ចង់​ឃើញ​ប្រទេស​ជប៉ុន​បង្ហាញ​ជំហរ​ដាច់ខាត ដាក់​ទណ្ឌកម្ម​របប​លោក ហ៊ុន សែន ដូច​ប្រទេស​ប្រជាធិបតេយ្យ​ដទៃ​ទៀត ដើម្បី​ដាក់​សម្ពាធ​ឲ្យ​លោក ហ៊ុន សែន ងាក​មក​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ៕

No comments: