Saturday 30 June 2018

តុលាការ​កំពូល​តម្កល់សាលដីកាកាត់ទោសលោក​ គឹម សុខ ទុក​ជា​បាន​ការ​ដដែល​


ដោយ តាំង សារ៉ាដា
2018-06-29

លោក គឹម សុខ (ក្នុង​ឯកសណ្ឋាន​អ្នក​ទោស) អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ ពេល​បញ្ជូន​ចេញ​ពី​សវនាការ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១៧។
លោក គឹម សុខ (ក្នុង​ឯកសណ្ឋាន​អ្នក​ទោស) អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ ពេល​បញ្ជូន​ចេញ​ពី​សវនាការ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១៧។
Photo: RFA



តុលាការ​កំពូល​នៅ​ថ្ងៃ​ទី២៩ មិថុនា​ សម្រេច​តម្កល់​សាលដីកា​កាត់​ទោស​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ លោក គឹម សុខ របស់សាលា​ឧទ្ធរណ៍​​​ទុកជា​បាន​ការ​ដដែល។ លោក កឹម សុខ ត្រូវ​បាន​តុលាការ​នៃ​របបលោក​ ហ៊ុន សែន កាត់​​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១៨ខែ ពាក់​ព័ន្ធ​នឹងការ​​លើកឡើង​​​ថា គណបក្ស​កាន់​អំណាច​ជា​អ្នក​​នៅ​​ពី​ក្រោយខ្នង​នៃ​ការ​សម្លាប់​បណ្ឌិត កែម ឡី។ មន្ត្រី​សិទ្ធិ​មនុស្ស​ យល់ឃើញ​ថា អាជ្ញាធរ​គួរ​តែ​ពន្លឿន​នីតិ​វិធី​ស៊ើបអង្កេត​ក្នុង​សំណុំ​រឿង​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី ប្រសើរ​ជាង​ការ​ចាត់​វិធានការ​ឥតត្រាប្រណី​ចំពោះ​អ្នក​ហ៊ាន​រិះគន់​ករណី​ឃាតកម្ម​ដ៏​រសើប​មួយ​នេះ។



លោក គឹម សុខ ត្រូវ​បន្តជាប់ឃុំ​ក្នុង​​ពន្ធនាគារតទៅ​ទៀត តាម​អំណាច​សាលដីការ​របស់​តុលាការ​កំពូល ​ដែល​ជា​សេចក្តី​សម្រេច​ជា​ចុង​ក្រោយ បិទផ្លូវ​តវ៉ា​ក្នុង​សំណុំ​រឿងនេះ។ គិត​ត្រឹមខែ​ចុង​ខែ​មិថុនា ឆ្នាំ២០១៨ នេះ លោក​បាន​ជាប់​ពន្ធនាគារ​អស់​រយៈពេល​ជាង ១៦​ខែ​រួច​ទៅហើយ ហើយ​លោក​ទំនង​ជានឹង​​ត្រូវអនុវត្ត​ទោស​ទាំងស្រុង​ក្នុង​ព​ន្ធនាគារសរុប ១៨​ខែ​ តាម​ការ​សម្រេច​របស់​តុលាការ​ទាំងពីរ​ថ្នាក់។

ប្រធាន​គ្រប់​គ្រង​ការិយាល័យ​ឃ្លាំមើលសិទ្ធិ​មនុស្សនៃ​អង្គការ ​លីកាដូ (LICADHO) លោក អំ សំអាត សម្តែង​ការសោក​ស្តាយ​ចំពោះ​ការ​សម្រេច​របស់​តុលាការ​កំពូល​ ព្រោះលោក​យល់ថា សំណុំ​​​​រឿង​សំខាន់បំផុតដែល​តុលាការ​ត្រូវ​ចាត់​ការ​​ គឺការ​រក​យុត្តិធម៌​ជូនលោក​បណ្ឌិត កែម ឡី ដែល​ត្រូវ​បាន​ឃាតកបាញ់​សម្លាប់​ទាំងកណ្តាល​ថ្ងៃនោះ​ទៅវិញ​ទេ​​ មិន​មែន​ជា​ការ​ចាត់​វិធាន​ការតាម​ផ្លូវ​ច្បាប់​​យ៉ាងរហ័សទៅលើ​អ្នក​រិះគន់ក្នុងករណី​នេះឡើយ​។ លោក​បន្ត​ថា ការ​ប្រើ​ប្រព័ន្ធ​តុលាការ​ប្រឆាំង​លោក​ គឹម សុខ​ បាន​ជះឥទ្ធិពល​ខ្លាំង​ដល់​សេរីភាព​ក្នុងការបញ្ចេញ​មតិ​ និងជា​ការ​គំរាម​កំហែង​ទៅដល់​អ្នក​វិភាគ​ផ្សេង​ទៀត កុំ​ឱ្យ​បញ្ចេញ​គំនិត​ដោយ​ឯករាជ្យ​របស់​ខ្លួន​តទៅ​ទៀត៖ «»

​កាលពីខែសីហា ឆ្នាំ២០១៧ តុលាការ​ក្រុង​ភ្នំពេញ​បានកាត់​ទោស​ឱ្យ​លោក គឹម សុខ ជាប់​ពន្ធនាគារ ១ ឆ្នាំ​កន្លះ ពី​បទ​ចោទ​ញុះ​ញង់​ឱ្យ​ប្រព្រឹត្ត​​បទឧក្រិដ្ឋ​ជា​អាទិ៍​ និង​បរិហារកេរ្ត៍​ជា​សាធារណៈ តាមពាក្យ​បណ្តឹងរបស់លោក ហ៊ុន​ សែន។ តុលាការ​ក៏​បាន​ពិន័យ​អ្នក​វិភាគ​រូប​នេះ ចំនួន​ ២​ពាន់​ដុល្លារ បង់​ចូល​ថវិការ​រដ្ឋ និង​សង​ជំងឺ​ចិត្ត​លោក​ ហ៊ុន សែន ចំនួន​ ២០​ម៉ឺន​ដុល្លារ​អាមេរិក​ផង​ដែរ​។

ក្រៅ​ពី​នេះ លោក​ គឹម សុខ ក៏​កំពុង​ជាប់​​បណ្តឹង​មួយ​ផ្សេង​ទៀត​នៅ​តុលាការ​ក្រុង​ភ្នំពេញ​ដែរ គឺ​បណ្តឹង​របស់​មេដឹក​នាំ​របបក្រុង​ភ្នំពេញ ហ៊ុន​ សែន​ ដដែល ដែល​ប្តឹង​លោក​អំពី​ការ​លើក​ឡើង​ថា របប បច្ចុប្បន្ន​បង្កើត​ប្រព័ន្ធ​មួយ​ដែល​មាន​ការ​សម្លាប់​មនុស្ស​ ហើយ​រក​មុខ​ឃាតក​មិន​ឃើញ។ មេធាវី​តំណាងរបស់លោក ហ៊ុន​ សែន គឺ​លោក​ គី តិច​​ បានប្តឹង​ឱ្យ​តុលាការ​ដាក់​ទោស​លោក​ គឹម សុខ និងទាម​​ទារសំណង​ចំនួន ១០​លានរៀល​បន្ថែម​ទៀត​ទៅ​ឱ្យ​លោក​ ហ៊ុន​ សែន។

មន្ត្រី​សិទ្ធិ​មនុស្ស​ លោក អំ សំអាត យល់ឃើញ​ថា ការ​ដាក់​ទោស​លោក គឹម សុខ ក្នុង​សំណុំ​រឿង​ទីមួយ​នេះ មាន​លក្ខណៈធ្ងន់ធ្ងរសឹង​ដល់​កម្រិតអតិ​​បរមា​នៃ​បទល្មើស​រួច​ទៅហើយ ដូច្នេះ​លោក​ស្នើឱ្យ​តុលាការទម្លាក់ចោលសំណុំ​រឿង​មួយ​ទៀត​ ដើម្បី​ទុក​ឱកាស​ឱ្យ​បញ្ញាវន្តរូប​នេះ​អាច​ចូល​រួមការ​អភិវឌ្ឍន៍សង្គម​តាម​រយៈ​ការ​បញ្ចេញ​ទស្សនៈ​របស់​ខ្លួន៖ «»

លោក​ គឹម សុខ​ គឺ​ជា​អ្នក​វិភាគ​ម្នាក់ ដែលហ៊ាន​​និយាយ​ឥត​សំចៃ​មាត់​លើ​ចំណុច​អវិជ្ជមាន​នៃ​របៀប​ដឹក​នាំ និង​ល្បិចកល​នយោបាយ​របស់​គណបក្ស​កាន់​អំណាច​ទៅលើ​គណបក្ស​ប្រឆាំង។ លោក​បាន​បង្ហាញ​ភាព​លេចធ្លោរបស់​ខ្លួនតាម​រយៈ​ការ​បញ្ចេញ​ទស្សនៈ​តាម​ប្រព័ន្ធផ្សព្វផ្សាយ​​ បន្ទាប់​ពី​​បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតកបាញ់​សម្លាប់ នៅ​ថ្ងៃ​ទី១០ ខែកក្កដា ឆ្នាំ២០១៧​ រួច​មក​។

ប្រភព​ជិតស្និទ្ធនឹង​លោក​ គឹម សុខ ដែល​ថ្លែ​ងសុំមិន​បញ្ចញ​ឈ្មោះ និង​សំឡេង​ ឱ្យ​អាស៊ីសេរីដឹង​ថា លោក​ គឹម សុខ​ មាន​សុខភាព​ល្អ​ធម្មតាទេ​នៅ​ក្នុង​ពន្ធនាគារ​ ក៏​ប៉ុន្តែ​លោក​ត្រូវ​បាន​គេ​ផ្លាស់​ឱ្យ​ទៅនៅ​ក្នុង​បន្ទប់​ដែល​មាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព​ តាំងពី​ថ្ងៃ​ទី១ ខែឧសភា​មកម្ល៉េះ ក្រោយ​ពេល​លោក ហ៊ុន សែន ខឹង​សម្បារ​នឹង​លោក​ មាជ សុវណ្ណារ៉ា ដែល​មាន​ប្រើ​ទូរស័ព្ទក្នុង​បន្ទប់​ឃុំ​ឃាំង។

ប្រភព​ដដែល​បន្តថា ខាង​ពន្ធនាគារ​បាន​រឹត​បន្តឹង​សន្តិសុខ​កាន់​តែ​ខ្លាំង ធ្វើ​ឱ្យ​លោក​ គឹម សុខ ទទួល​បាន​ព័ត៌មាន​តិច​តួច​បំផុត​ពី​ស្ថានភាព​នយោបាយ និង​សង្គម​នៅ​ខាង​ក្រៅ​ពន្ធនាគារ​​ ដែល​កំពុង​កើត​ឡើង​នាពេល​បច្ចុប្បន្ន។

ប្រភព​ដដែល​អះអាង​ថា សុខ​ភាព​ផ្លូវ​ចិត្ត​របស់​ លោក គឹម សុខ នៅ​ល្អ​ដូច​ដើម គឺ​លោក​នៅ​មាន​សេចក្តី​ក្លាហាន មិន​មាន​ការ​តក់ស្លុត និង​ហ៊ាន​និយាយ​រិះគន់​ចំៗ ចំពោះ​ចំណុច​អវិជ្ជមាន​របស់​របបក្រុង​ភ្នំពេញ​ដដែល​។

ជាងនេះទៅទៀត​ លោក​ គឹម សុខ​ បាន​អំពាវនាវ​ពី​ក្នុង​ពន្ធនាគារ​ឱ្យ​មាន​ការ​ដោះលែង​លោក​ គឹម សុខា ​លើកលែង​បម្រាម​លើ​អ្នក​នយោបាយ​បក្ស​ប្រឆាំងចំនួន​ ១១៨ នាក់ ឱ្យ​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ និង​បើក​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បានចូល​រួម​ការ​បោះ​ឆ្នោត​ជាតិ​អាណត្តិ​ទី ៦ នេះ​ឡើង​វិញ បើ​ពុំ​ដូច្នេះ​ទេ លោក​សុំ​ឱ្យ​​ពលរដ្ឋ​កុំ​ទៅ​បោះ​ឆ្នោត ព្រោះ​វា​ជា​ការ​បោះ​ឆ្នោត​បែប​ប្លន់​អំណាច​ពី​ពលរដ្ឋ​ប៉ុណ្ណោះ៕

No comments: