ដោយ មួង ណារ៉េត
2018-09-04
rfa

អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី ថ្លែងក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧។
Photo: RFA
អ្នកវិភាគ និងជាអ្នកឃ្លាំមើលផ្នែកអភិវឌ្ឍសង្គម បណ្ឌិត មាស នី ព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោក ក្រោយពេលលោក ហ៊ុន សែន ព្រមានឲ្យឈប់វិភាគ។ ទោះជាយ៉ាងនេះក្តី លោកបញ្ជាក់ថា លោកគ្មានចេតនា ធ្វើឲ្យសង្គមជាតិខ្មែរ ប្រេះឆានោះឡើយ។
លោកបណ្ឌិត មាស នី អះអាងថា លោកតែងតែមានការព្រួយបារម្ភ ពីបញ្ហា សន្តិសុខ និងសុវត្ថិភាពផ្ទាល់ខ្លួននេះជាប្រចាំ ដោយសារតែការវិភាគរបស់លោក អាចប៉ះពាល់ដល់អារម្មណ៍របស់អ្នកនយោបាយខ្លះ ជាពិសេសលោក ហ៊ុន សែន៖ «ព្រួយចេះតែព្រួយហើយ! ប៉ុន្តែយើងគ្រាន់តែនិយាយអ្វី ដែលជាទស្សនៈផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ ខុសត្រូវ ស្រេចលើភាពពិតដែលកើតឡើង។ ខ្ញុំមិនដឹងថា ហេតុអ្វីបានជាគាត់ខ្ញាល់រឿងហ្នឹងខ្លាំង។ ខ្ញុំអត់ដឹងដែរ ព្រោះមិនបាននិយាយអ្វី ឲ្យប៉ះពាល់គាត់ផង»។
ការវិភាគរបស់លោកបណ្ឌិត មាស នី ធ្វើឲ្យលោកនាយករដ្ឋមន្រ្តីខឹងខ្លាំង រហូតដល់ប្រមាថកាតទានលោក ដោយប្រើពាក្យធ្ងន់ៗ ថា៖ «មាស នី បើឆ្កួត ឆ្កួតតែឯង ទៅ! កុំមកនាំគេឆ្កួតជាមួយ! បើ មាស នី ឯងល្ងង់ មិនយល់ផ្នែកនយោបាយទេ កុំមកធ្វើជាអ្នកវិភាគបន្តទៅទៀត»។
សម្តីរបស់លោក ហ៊ុន សែន ត្រូវបានប្រព័ន្ធឃោសនារបស់លោក គឺសារព័ត៌មាន The Fresh News ចុះផ្សាយ កាលពីថ្ងៃទី៣ ខែកញ្ញា ដោយលោក ហ៊ុន សែន ហៅការវិភាគរបស់បណ្ឌិត មាស នី ចុងក្រោយនេះថា ជា “ការវិភាគបែប ឆ្កួតលីលា”។
លោក ហ៊ុន សែន ប្រមាថបណ្ឌិត មាស នី បន្ទាប់ពីលោកបានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន អំពីចេតនារបស់លោក ដែលប្រាថ្នាចង់ឃើញអ្នកដឹកនាំនយោបាយ នៃគណបក្សកាន់អំណាច និងគណបក្សប្រឆាំង វិលទៅរកការចរចាគ្នា ដើម្បីឲ្យមានការផ្សះផ្សាជាតិ។ បណ្ឌិត មាស នី ចង់ឲ្យលោក ហ៊ុន សែន និងលោក សម រង្ស៊ី ជួបចរចាគ្នា ដើម្បីឈានទៅដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា ពេលដែលលោក ហ៊ុន សែន ធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុបនៅពេលឆាប់ៗ នេះ។
លោក ហ៊ុន សែន បញ្ជាក់តាមរយៈប្រព័ន្ធឃោសនារបស់លោកថា៖ «គ្មានការចរចាណាមួយរវាងលោក ជាមួយនឹងលោក សម រង្ស៊ី នោះឡើយ ក្នុងដំណើរទស្សនកិច្ចរបស់លោក ទៅក្រៅប្រទេសទាំងអាមេរិក និងនៅអឺរ៉ុប។ លោកសូមប្រាប់ថា កម្ពុជាគ្មានវិបត្តិនយោបាយ ដូចការវិភាគឆ្កួតលីលាដូច មាស នី នោះឡើយ គឺមានតែអ្នកនយោបាយអនុវត្ត ទោសតាមច្បាប់របស់កម្ពុជា តែប៉ុណ្ណោះ»។
លោកបណ្ឌិត មាស នី អះអាងថាលោកគ្មានប្រតិកម្មអ្វី តបតទៅលោក ហ៊ុន សែន នោះទេ ព្រោះលោកទទួលស្គាល់ថា លោកមិនដែលរំពឹងថា រាល់ការវិភាគរបស់លោកសុទ្ធតែត្រូវទាំងអស់នោះទេ៖ «បើសិនជាសម្តេចនាយក គាត់មើលឃើញថា ការវិភាគហ្នឹងវាមិនត្រូវ ឲ្យធ្វើយ៉ាងម៉េច? គិតថាវាខុសពីការវិភាគនេះទៅចុះ ព្រោះខ្ញុំគិតមិនដល់។ ប៉ុន្តែ ឲ្យខ្ញុំហ្នឹងមានអារម្មណ៍ខឹងតបតទៅសម្តេចវិញ ខ្ញុំមិនមានសិទ្ធិអ្វីទៅខឹងគាត់ទេ បើនិយាយឲ្យត្រង់មែនទែនទៅ»។
ទោះជាយ៉ាងនេះក្តី បណ្ឌិត មាស នី អះអាងថា លោកមិនដឹងជម្រៅចិត្តរបស់លោក ហ៊ុន សែន ថាយល់ឃើញយ៉ាងម៉េចនោះឡើយ ប៉ុន្តែ អ្វីដែលលោកលើកឡើង គឺលោកគ្មានបំណង ឬចេតនាណាមួយ ទៅបំបែកបំបាក់សង្គមជាតិខ្មែរនោះទេ៖ «នោះគ្រាន់តែជាការយល់ឃើញ ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរ ប៉ុន្តែ អ្វីៗ ស្រេចតែលើអ្នកដឹកនាំ គាត់ជាអ្នកសម្រេច។ បើគាត់សម្រេចថាធ្វើ គាត់ធ្វើបាន។ បើគាត់សម្រេចថាមិនធ្វើ ក៏ទៅតាមដំណើរហ្នឹង។ ប៉ុន្តែអ្វីដែលខ្ញុំបានលើកឡើង គឺគ្រាន់តែចេតនាមួយរបស់ពលរដ្ឋ។ ខ្ញុំចង់ឃើញអ្នកដឹកនាំហ្នឹង នាំគ្នាធ្វើការផ្សះផ្សាជាតិ សម្រាប់សង្គមជាតិយើងទៅថ្ងៃមុខ»។
ចំពោះថាតើកម្ពុជាបច្ចុប្បន្ន កំពុងស្ថិតក្នុងស្ថានភាពវិបត្តិនយោបាយ ឬយ៉ាងណា បណ្ឌិត មាស នី នៅតែប្រកាន់ជំហរថា ការយល់ឃើញរបស់បក្សកាន់អំណាច និងមជ្ឈដ្ឋានទូទៅមិនដូចគ្នាទេ។ ទោះជារបបលោក ហ៊ុន សែន អះអាថាយ៉ាងម៉េច ក៏ការពិត នៅតែជាការពិត៖ «សម្រាប់រដ្ឋាភិបាល ដែលអះអាងថា មិនមានវិបត្តិនយោបាយ នោះគឺជាការអះអាងតាំងពីដើមមក។ ប៉ុន្តែពេលខ្លះ ពលរដ្ឋ និងអ្នកដឹកនាំអាចមើលឃើញ ពីទិដ្ឋភាពនយោបាយក្នុងស្រុកយើងខុសគ្នា»។
បើទោះបីជាស្ថានការណ៍នយោបាយ បានធូរស្រាលខ្លះបន្តិចក៏ដោយ ក្រោយរបបលោក ហ៊ុន សែន រងសម្ពាធអន្តរជាតិ រហូតឈានទៅដោះលែងអ្នកទោសនយោបាយ និងអ្នកទោសមនសិការ ជាច្រើនជាបន្តបន្តាប់ ក៏សារវាយប្រហារ និងការគម្រាមកំហែងអ្នកវិភាគ និងអ្នកហ៊ាននិយាយរិះគន់របបនេះ និងសារឌឺដងឡងសម្តីគ្នារវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី នៅតែឮកងរំពង ជាប់ជាប្រចាំ។ លោក ហ៊ុន សែន តែងតែថ្លែងសារវាយប្រហារទៅលោក សម រង្ស៊ី នៅគ្រប់វេទិកាសាធារណៈ ទោះបីជាលោក និងមន្រ្តីរបស់របបលោកធ្លាប់អះអាងថា លែងជ្រលក់ និងឈប់និយាយអំពីអតីតប្រធានគណបក្ស សង្គ្រោះជាតិ រូបនេះ ព្រោះចាត់ទុកលោក សម រង្ស៊ី ថាជាមនុស្ស កំសាក អ្នកនយោបាយរត់ចោលស្រុក គ្មានតម្លៃ និងជាទណ្ឌិតជាដើមក៏ដោយ។
ទោះបីជារបបលោក ហ៊ុន សែន អះអាងយ៉ាងដូច្នេះ ក៏អ្នកវិភាគយល់ឃើញថា ឥទ្ធិពលរបស់លោក សម រង្ស៊ី និងគណបក្សសង្គ្រោះជាតិ នៅលើឆាកអន្តរជាតិ នៅតែខ្លាំង ដែលធ្វើឲ្យរបបលោក ហ៊ុន សែន ចាត់ទុកថា នេះគឺជាចំណុចរសើប នៅពេលគេនិយាយដល់ឋានៈរបស់មន្រ្តី និងឥទ្ធិពលរបស់គណបក្សប្រឆាំង៕
No comments:
Post a Comment