សេក បណ្ឌិត
2018-09-04
rfa

មេឃុំមកពីគណបក្សសង្គ្រោះជាតិ ខែត្រស្វាយរៀង កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧។
Photo provided
អតីតសកម្មជន និងមន្ត្រីគណបក្សសង្គ្រោះជាតិនៅខេត្តស្វាយរៀង អះអាងថា អាជ្ញាធរក្នុងខេត្ត តែងតែរឹតត្បិតសិទ្ធិសេរីភាពពួកគាត់ រាល់ពិធីជួបជុំ ដូចជាការជួបជុំញាំអាហាររួមគ្នា និងការទៅសួរសុខទុក្ខមិត្តភ័ក្ដិជាដើម។
មន្ត្រីសិទ្ធិមនុស្សយល់ថា ទង្វើរបស់អាជ្ញាធរគឺជាការរំលោភសិទ្ធិសេរីភាពប្រជាពលរដ្ឋ និងអាចបណ្ដាលឲ្យមានការបែកបាក់សាមគ្គី និងមានជម្លោះនៅក្នុងមូលដ្ឋាន។
ក្រុមអតីតសកម្មជន និងមន្ត្រីគណបក្សសង្គ្រោះជាតិនៅខេត្តស្វាយរៀង រិះគន់ទៅលើអាជ្ញាធរមូលដ្ឋានដែលបន្តរើសអើងបក្សនយោបាយ ដោយចុះថតសកម្មភាព សួរនាំ និងតាមដានរាល់សកម្មភាពជួបជុំរបស់ពួកគាត់ បើទោះបីគណបក្សរបស់ពួកគាត់ត្រូវបានរំលាយចោល ទៅហើយក្ដី។
អតីតប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិនៅស្រុករំដួល លោក ឥន សារី រៀបរាប់ថា ស្ទើររាល់ពិធីជួបជុំរបស់ពួកគាត់ មិនថាគ្នាតិច ឬច្រើន ដូចជា ការជួបជុំគ្នាញាំអាហារ និងការជួបជុំមិត្តភ័ក្ដិសួរសុខទុក្ខគ្នា គឺអាជ្ញាធរតែងតែតាមរំខានពួកគាត់។ លោកបន្តថា ជាក់ស្ដែង កាលពីថ្ងៃទី២ ខែកញ្ញា លោកបានរៀបចំពិធីជួបជុំញាំអាហារសាមញ្ញមួយជាមួយអតីតសហការីគណបក្សសង្រ្គោះជាតិ នៅផ្ទះរបស់លោកស្ថិតនៅភូមិតាប៉ោង ឃុំសង្កែ ស្រុករំដួល ស្រាប់តែអាជ្ញាធររួមមានអនុប៉ុស្តិ៍ឃុំសង្កែ លោក ស្រី សំអុល បានទូរស័ព្ទសួរនាំគាត់ និងចូលទៅថតសកម្មភាពរបស់ពួកគាត់តែម្ដង។ «»
ជាមួយគ្នានេះដែរ អតីតសមាជិកក្រុមការងារគណបក្សសង្គ្រោះជាតិប្រចាំខេត្តស្វាយរៀង លោក គង់ ម៉ាស់ ឲ្យដឹងដែរថា ពួកគាត់ពិតជាមានការព្រួយបារម្ភអំពីសុវត្ថិភាពនៅពេលដែលអាជ្ញាធរ តែងតាមដានពួកគាត់គ្រប់កន្លែងជួបជុំដូច្នេះ។ លោកបន្តថា ការជួបជុំបរិភោគអាហារនៅផ្ទះលោក ឥន សារី កាលពីថ្ងៃទី២ កន្លងទៅនោះ អាជ្ញាធរក៏បានថតមុខរបស់លោក និងបានប្រាប់ថា រូបភាព សកម្មភាពរបស់ពួកគាត់ គឺនឹងត្រូវបញ្ជូនទៅថ្នាក់លើ។ «»
អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីអនុប៉ុស្តិ៍ឃុំសង្កែលោក ស្រី សំអុល បានទេ នៅថ្ងៃទី៤ ខែកញ្ញា ដោយលោកបិទទូរស័ព្ទនៅពេលសួរនាំករណីចុះថតសកម្មភាពជួបជុំរបស់សកម្មជនបក្សប្រឆាំង។ រីឯស្នងការនគរបាលខេត្តស្វាយរៀង លោក កឹង ឃន មិនទទួលទូរស័ព្ទនោះឡើយ។
លោក គង់ ម៉ាស់ ចាត់ទុកសកម្មភាពរបស់អាជ្ញាធរក្នុងខេត្តស្វាយរៀង គឺមិនសូវយល់ដឹងអំពីច្បាប់ ដែលបានចែងយ៉ាងច្បាស់ថា ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការដើរហើរ ការជួបជុំ និង ការនិយាយស្តីជាដើម។ លោកបន្តថា វាកាន់តែអាក្រក់បំផុតដែលសូម្បីតែការជួបជុំជាមួយមិត្តភ័ក្ដិ តាមផ្ទះ ក៏ត្រូវបានអាជ្ញាធរតាមរំខានដែរ ខណៈការជួបជុំធំៗដើម្បីសម្ដែងមតិដោយសន្តិវិធីត្រូវបាន ហាមឃាត់រួចទៅហើយនោះ។ «»
មន្ត្រីសម្របសម្រួលនៃអង្គការលីកាដូប្រចាំខេត្តស្វាយរៀង លោក នុត ប៉ូពិណ្ណារ័ត្ន មានប្រសាសន៍ថា អាជ្ញាធរមិនគួរតាមរំខាន និងធ្វើទុក្ខបុកម្នេញលើពួកគាត់ទៀតនោះទេ ព្រោះពួកគាត់បានក្លាយជាពលរដ្ឋសាមញ្ញវិញហើយ បន្ទាប់ពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ។ លោកបន្តថា តាមច្បាប់រដ្ឋធម្មនុញ្ញ គឺពួកគាត់មានសិទ្ធិសេរីភាពក្នុងការជួបជុំមិត្តភ័ក្ដិ និងមានសិទ្ធិក្នុងការបញ្ចេញមតិស្របតាមច្បាប់។ «»
កន្លងមក រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានណែនាំអាជ្ញាធរមូលដ្ឋានកុំឲ្យលាបពណ៌ និងបែងចែកនិន្នាការនយោបាយ ពោលគឺអាជ្ញាធរ ត្រូវជាអ្នកអព្យាក្រឹត និងបម្រើប្រជាពលរដ្ឋឲ្យបានល្អ។
លោក នុត ប៉ូពិណ្ណារ័ត្ន លើកឡើងថា អាជ្ញាធរមូលដ្ឋាន គួរតែគោរពតាមអនុសាសន៍របស់ថ្នាក់ដឹកនាំ ដោយបញ្ឈប់សកម្មភាពតាមដាន និងរំខានរាល់ការជួបជុំរបស់អតីតសកម្មជនបក្សប្រឆាំងបន្តទៀត ព្រោះទង្វើនេះ មិនត្រឹមតែរំលោភច្បាប់នោះទេ វាក៏បណ្ដាលឲ្យមានការបែកបាក់សាមគ្គី និងបង្កឲ្យ មានជម្លោះឬអសន្តិសុខក្នុងមូលដ្ឋានដែរ។ «»
ចាប់តាំងពីតុលាការកំពូល រំលាយគណបក្សប្រឆាំង កាលពីចុងឆ្នាំ២០១៧មក គឺមេឃុំ-ចៅសង្កាត់ និងមន្ត្រីគណបក្សសង្គ្រោះជាតិ ត្រូវបានអាជ្ញាធររបបលោក ហ៊ុន សែន តាមធ្វើទុក្ខបុកម្នេញគ្រប់ រូបភាព ដូចជាការតាមដានគ្រប់សកម្មភាព ការប្រើលុយទិញឲ្យចុះចូលជាមួយគណបក្សកាន់អំណាច ហើយបើទិញនិងបញ្ចុះបញ្ចូលមិនបាននោះ គឺពួកគេគំរាមកំហែង ហើយបើគំរាមនៅតែមិន ខ្លាចនោះ គឺដំណាក់កាលចុងក្រោយរកលេសចោទប្រកាន់ និងចាប់ខ្លួនតែម្ដង។ ក្រៅពីការធ្វើទុក្ខ បុកម្នេញលើអ្នកនយោបាយនោះ របប លោកហ៊ុន សែន ក៏បានធ្វើទុក្ខបុកម្នេញ និងគំរាមកំហែង ធ្ងន់ធ្ងរលើអង្គការសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ចាត់ទុកទង្វើអាជ្ញាធរជាការរំលោភច្បាប់ និងរំលោភសិទ្ធិមនុស្ស ហើយអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់៕
No comments:
Post a Comment