Friday, 2 November 2018

សង្គម​ស៊ីវិល​ថា សិទ្ធិ​សេរីភាព​របស់​ពួក​គេ​នឹង​មិន​អាច​ប្រសើរ​ឡើង​តាមរយៈ​សេចក្ដី​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ​ឡើយ


Khmer Circle: There were [and are] banners on the front wall of the Ministry of Interior before, during and after the recent unconstitutional abolition of the country's only genuine and viable democratic opposition party, the CNRP that read: "Long Live Multi-Party Democracy in Kampuchea!"....

A well-timed expression of a sense of humour or pouring insult on injury? 


&&&


ដោយ សេក បណ្ឌិត
2018-11-02  
rfa
ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្រោយ​បិទ​បញ្ចប់​កិច្ច​ប្រជុំ​ស្ដីពី​ស្ថានភាព​ពន្ធនាគារ នា​ក្រសួង​មហាផ្ទៃ កាលពី​​ថ្ងៃ​ទី​៦ មករា ឆ្នាំ​២០១៦។
ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្រោយ​បិទ​បញ្ចប់​កិច្ច​ប្រជុំ​ស្ដីពី​ស្ថានភាព​ពន្ធនាគារ នា​ក្រសួង​មហាផ្ទៃ កាលពី​​ថ្ងៃ​ទី​៦ មករា ឆ្នាំ​២០១៦។
Photo: RFA



អង្គការ​សង្គម​ស៊ីវិល​ស្វាគមន៍​សេចក្ដី​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​បើក​សិទ្ធិ​ឱ្យ​ពួកគេ​​អាច​ធ្វើ​សកម្មភាព​បាន​ដោយ​គ្មាន​ការ​រារាំង។ ទោះ​បី​ជា​យ៉ាង​ណា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​អស់​នៅ​តែ​សម្ដែង​មន្ទិល​សង្ស័យ​ជុំវិញ​ភាព​ស្មោះត្រង់​របស់​ក្រសួង​ដដែល។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​អនុវត្ត​សេចក្ដី​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ​រឿង​បើក​សិទ្ធិ​ឱ្យ​សមាគម​ អង្គការ​មិន​មែន​រដ្ឋាភិបាល និង​សហគមន៍​មូលដ្ឋាន​ អាច​ធ្វើ​សកម្មភាព​បាន​ដោយ​គ្មាន​ការ​រារាំង​នោះ ឱ្យ​មាន​ប្រសិទ្ធភាព។



ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី៣១ តុលា កន្លង​ទៅ បាន​ណែនាំ​មន្ត្រី​ក្រោម​ឱវាទ ឱ្យ​ធ្វើការ​ជាមួយ​នឹង​សមាគម អង្គការ​មិន​មែន​រដ្ឋាភិបាល និង​សហគមន៍​មូលដ្ឋាន។ ក្រសួង​មហាផ្ទៃ​ថ្លែង​​ថា សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​បាន​ចុះ​បញ្ជី​តាម​ច្បាប់ ព្រម​ទាំង​សហគមន៍​មូលដ្ឋាន​ មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ក្នុង​ការ​ធ្វើ​សកម្មភាព​ដោយ​គ្មាន​ការ​រារាំង​ និង​រំលោភ​បំពាន​ឡើយ។ ក្រសួង​បញ្ជាក់​ទៀត​ថា ប្រសិន​បើ​មាន​ការ​រារាំង​ ឬ​រឹតត្បិត​ពី​អាជ្ញាធរ​មូលដ្ឋាន​នៅ​ពេល​ចុះ​ធ្វើ​សកម្មភាព​តាម​មូលដ្ឋាន​ សមាគម​ អង្គការ​មិនមែន​រដ្ឋាភិបាល និង​សហគមន៍​មូលដ្ឋាន​ ត្រូវ​រាយការណ៍​ករណី​នេះ​ជូន​អភិបាល​ខេត្ត​ ក្រុង​ ឬ​ក្រសួង​មហាផ្ទៃ ដើម្បី​ជួយ​សម្រួល​ និង​ដោះស្រាយ​បញ្ហា​នោះ។ ក្រៅ​ពី​នេះ ក្រសួង​មហាផ្ទៃ​ក៏​តម្រូវ​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​គ្រប់​ជាន់​ថ្នាក់​ សហការ​សម្របសម្រួល​រៀប​ចំ​វេទិកា​ពិគ្រោះ​យោបល់​ជាមួយ​សមាគម​ អង្គការ​មិន​មែន​រដ្ឋាភិបាល និង​សហគមន៍​នានា​ ដែល​ធ្វើ​សកម្មភាព​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ឱ្យ​បាន​ទៀង​ទាត់​រៀងរាល់​ឆមាស ឬ​តាម​ការ​ចាំបាច់​ផង​ដែរ ហើយ​អភិបាល​ខេត្ត​ក្រុង​ ត្រូវ​បូក​សរុប​ការ​រៀប​ចំ​វេទិកា​ពិគ្រោះ​យោបល់​នេះ​ រួម​ទាំង​បញ្ហា​នានា​​ដែល​ខ្លួន​មិន​អាច​ដោះស្រាយ​បាន​ ទៅ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ ដើម្បី​ជួយ​គាំទ្រ​ និង​សហការ​ដោះស្រាយ​ផង​ដែរ។

អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា លោក ថេង សាវឿន ថ្លែង​ថា សេចក្ដី​ណែនាំ​របស់​ក្រសួង​មហា​ផ្ទៃនេះ​នឹង​ធ្វើឲ្យ​មាន​លំហ​ធ្វើ​ការ​សម្រាប់​សង្គម​ស៊ីវិល​បាន​គ្រាន់​បើ​ជាង​ពេល​​មុន។ លោក​បន្ត​ថា ​កន្លង​ទៅ អាជ្ញាធរ​បាន​ប្រើប្រាស់​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ ដើម្បី​គំរាម​កំហែង និង​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​​​អង្គការ​សង្គម​ស៊ីវិល​ និង​សហគមន៍​ នៅ​ពេល​ចុះ​ធ្វើ​សកម្ម​ភាព​​តាម​មូលដ្ឋាន​ម្តងៗ។ លោក​​ស្នើ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​អនុវត្ត​តាម​សេចក្ដី​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ​នេះ ឱ្យ​មាន​ប្រសិទ្ធភាព​ ដោយ​បញ្ឈប់​​ការ​លាប​ពណ៌ ការ​ចោទ​ប្រកាន់ ការ​រារាំង ឬ​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​​មូលដ្ឋាន​បន្ត​ទៅទៀត៖ «យើង​ចង់​ឱ្យ​អាជ្ញាធរ​មាន​កិច្ច​ប្រតិបត្តិការ​​ និង​ជួយ​សម្រប​សម្រួល​ការ​ងារ​របស់​អង្គការ​សមាគម​ និង​សកម្មភាព​ការងារ​របស់​សហគមន៍​ ដោយ​ស្មើ​ភាព​ ​ឈរ​លើ​គោលការណ៍​ផ្លូវ​ច្បាប់​ យុត្តិ​ធម៌​ និង​ការ​គោរព​សិទ្ធិ​។​ មិន​ត្រូវ​រើស​អើង​ ឬ​ក៏​ចោទ​​ប្រកាន់​​​ក្រុម​​សមាគម ​អង្គការ​សង្គម​ស៊ី​វិល​ ឬ​ក៏​សហគមន៍​មូលដ្ឋាន​ទាំង​ផ្លូវ​ការ​ និង​ក្រៅ​ផ្លូវ​ការ​មិនបាន​ចុះ​បញ្ជី​ហ្នឹង ​​គឺ​ជា​ក្រុម​​ប្រឆាំង​នោះ​ឡើយ»។

ប្រធាន​គ្រប់​គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​​ថា សេចក្ដី​ណែនាំ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​មាន​ការ​រិះគន់​ពី​សាធារណជន​ជុំវិញ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល​ និង​ការ​រារាំង​ពួកគេ​មិន​ឱ្យ​ចុះ​ធ្វើ​សកម្មភាព​តាម​មូលដ្ឋាន​ កាល​ពី​ពេល​កន្លង​ទៅ។ លោក​ថ្លែង​​ថា ប្រសិន​បើ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​អាច​អនុវត្ត​តាម​ខ្លឹម​សារ​នៃ​សេចក្តី​ណែនាំ​នេះ​មែន​ នោះ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​អាជ្ញាធរ​ជាមួយ​នឹង​សមាគម​ អង្គការ​មិន​មែន​រដ្ឋាភិបាល​ និង​សហគមន៍​មូលដ្ឋាន​នឹង​មាន​ភាព​ល្អ​ប្រសើរ។ ក៏​ប៉ុន្តែ​លោក​មិន​ទាន់​ច្បាស់​ទេ​ថា សេចក្តី​ណែនាំ​នេះ​នឹង​អាច​អនុវត្ត​បាន​ពេញ​លេញ​នោះ ព្រោះ​អាជ្ញាធរ​មូលដ្ឋាន​ខ្លះ​អាច​នឹង​យក​ហេតុ​ផល​ផ្សេង​ទៀត ដើម្បី​មក​រារាំង​សកម្មភាព​របស់​អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​មូលដ្ឋាន៖ «យើង​រង់​ចាំ​មើល​ក្រោយ​ពី​លិខិត​របស់​ក្រសួង​មហា​ផ្ទៃ​ដែល​បាន​ចេញ​នេះ​ហើយ​​ តើ​សកម្មភាព​របស់​អាជ្ញាធរ​មូលដ្ឋាន​នៅតែ​​ដូច​ពី​មុន ​ឬ​​មួយ​យ៉ាង​ម៉េច?​ ខ្ញុំ​គិត​ថា​ខ្លឹម​សារ​លិខិត​ល្អ អ៊ីចឹង​ខ្ញុំ​សុំ​ឱ្យ​រដ្ឋាភិបាល​​ធ្វើ​យ៉ាង​ម៉េច​ជំរុញ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​​ អនុវត្ត​ទៅ​តាម​ខ្លឹម​សារ​​នៃ​លិខិត​នេះ​ជា​ជាង​អនុវត្ត​ទៅ​តាម​បទ​បញ្ជា»។

សិទ្ធ​សេរីភាព​របស់​សមាគម និង​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា ត្រូវ​បាន​កាត់​បន្ថយ និង​រួម​តូច​ជាង​មុន​ ក្រោយ​​​​​ពេល​របប​ក្រុង​ភ្នំពេញ​បាន​បង្កើត​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដ៏​ចម្រូង​ចម្រាស់​កាល​ពី​ឆ្នាំ២០១៥ កន្លងទៅ។ ក្រៅ​ពី​​ច្បាប់​នេះ របប​ក្រុង​ភ្នំពេញ​បាន​ចេញ​បទ​បញ្ជា និង​បទបញ្ញត្តិ​ជា​ច្រើន​ផ្សេង​ទៀត​ដែល​បន្ថែម​ការ​ត្រួតពិនិត្យ និង​រឹត​បន្តឹង​កាន់​តែ​ខ្លាំង​លើ​សកម្មភាព​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​។ បន្ថែម​ពី​លើ​នេះ នៅមុន​ការ​បោះឆ្នោត​បែប​បង្គ្រប់​កិច្ច​មក​ដល់ របប​ក្រុង​ភ្នំពេញ​ក៏​​បាន​ដាក់​បញ្ជា​ឱ្យ​កង​កម្លាំង​នគរបាល​ទាំងអស់ ត្រូវ​តាម​ដាន​ និង​ក្ដាប់​រាល់​ព័ត៌មាន​របស់​​អង្គការ​សង្គម​ស៊ីវិល​ សហជីព និង​សហគមន៍​ដែល​របប​នេះ​​សង្ស័យ​​ថា មាន​និន្នាការ​ប្រឆាំង​ទៀត​ផង​។ ការ​តាម​ដាន​នេះ គឺ​ដើម្បី​ទប់​ស្កាត់​ឱ្យ​បាន​ទាន់​ពេល​​​វេលា​រាល់​សកម្មភាព​របស់​ក្រុមអង្គការ​សង្គម​ស៊ីវិល​ សហជីព និង​សហគមន៍​មូលដ្ឋាន​ ដែល​របបនេះ​​ចោទ​ថា ប៉ុនប៉ង​បង្ក​​អស្ថិរភាព​ និង​ភាព​វឹកវរ​ក្នុង​សង្គម។ ដោយសារតែ​មូល​ហេតុ​ទាំងនេះ​ហើយ ទើប​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ហាម​ឃាត់ និង​រឹតត្បិត​សកម្មភាព​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ពេល​ពួក​គេ​ចុះ​ធ្វើ​សកម្ម​ភាព​តាម​មូលដ្ឋាន។

នាយក​ប្រតិបត្តិ​អង្គការ​ពន្លក​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​ព្រះវិហារ លោក អាង ជាតិឡោម យល់​ឃើញ​​ថា សេចក្ដី​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ​នេះ មាន​ចំណុច​វិជ្ជមាន​មួយ​ គឺ​ឱ្យ​មាន​​កិច្ច​សហប្រតិបត្តិការ​រវាង​អង្គការ​សង្គម​ស៊ីវិល​ជា​មួយ​នឹង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់។ ក៏​ប៉ុន្តែ​លោក​ថា នេះ​​មិនមែន​បាន​ន័យ​ថា​ សិទ្ធិ​សេរីភាព​របស់​​​អង្គការ​សង្គម​ស៊ីវិល​មាន​ដូច​ដើម​វិញ​​នោះ​ឡើយ​ ដោយ​សារ​តែ​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល បាន​រឹតត្បិត​រួច​ជាស្រេច​ទៅ​ហើយ​លើ​លំហ​ការងារ​ និង​សិទ្ធិ​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល​។ លោក​យល់​ថា សេចក្ដី​ណែនាំ​នេះ មាន​ទិស​ដៅ​ឱ្យ​សង្គម​ស៊ីវិល​អនុវត្ត​ការងារ និង​សកម្មភាព​របស់​ខ្លួន​​ស្រប​ទៅតាម​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ប៉ុណ្ណោះ៖ «នៅក្នុង​​ទិដ្ឋភាព​លិខិត​ទាំង​មូល ​​​មើល​ទៅ​គឺ​ជា​លិខិត​មួយ​ដែល​​ណែ​នាំ​ឱ្យ​​អ្នក​ទាំងអស់​គ្នា​ត្រូវ​តែ​អនុវត្ត​ច្បាប់​​អង្គការ​សង្គមស៊ីវិល​ហ្នឹង។ ​​យើង​ធ្វើ​ការ​​នៅ​មូលដ្ឋាន​​ គឺ​ត្រូវ​មាន​ផែន​ការ​ដាក់​​ទៅ​សាលាខេត្ត​​ ដាក់​ទៅ​អភិបាល​ខេត្ត​ ដើម្បី​ឱ្យ​គាត់​​​ចុះ​​​​​ហត្ថលេខា​ឯក​ភាព​លើ​​សកម្ម​ភាព​ហ្នឹង​ហើយ ទើប​យើង​​អនុត្ត​ការ​ងារ​នោះ​បាន។ ​នេះ​​បាន​ន័យ​​ថា​ មិន​មាន​សេរីភាព​ក្នុង​ការ​អនុវត្ត​ការ​ងារ​របស់​ខ្លួន​នោះ​ទេ​ ពី​ព្រោះ​ការ​ងារ ឬ​​ផែន​ការ​​​ដែល​យើង​​ដាក់​ទៅ​ ត្រូវ​មាន​គេ​ត្រួត​ពិនិត្យ​រួច​ហើយ ​​​ទើប​គេ​អនុញ្ញាត។ បើ​​ចៅហ្វាយ​ខេត្ត​ណា​មួយ​ដែល​គាត់​មិន​ចង់​​អនុញ្ញាត​ឱ្យ​​ធ្វើ ​​គឺ​អត់​បាន​ធ្វើ​ដដែល​ហ្នឹង»។

ចំណែក ប្រធាន​អង្គការ​សម្ពន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ វិញ ថ្លែង​ថា សេចក្ដី​ណែ​នាំ​​របស់​ក្រសួង​មហាផ្ទៃ​នេះ គឺ​​ជា​ការ​បន្ធូរ​បន្ថយ​សម្ពាធ​ដែល​ខ្លួន​បាន​ដាក់​ទៅ​​លើ​អង្គការ​សង្គម​ស៊ីវិល។ ក៏​ប៉ុន្តែ​លោក​បារម្ភ​ថា ខ្លឹមសារ​នៃ​លិខិត​នេះ​អាច​នឹង​មិន​បាន​ជ្រួតជ្រាប​ដល់​អាជ្ញាធរ​មូលដ្ឋាន​ឡើយ​ ហើយ​បទបញ្ជា​ចាស់​ដែល​ឱ្យ​តាម​ដាន​ និង​ឃ្លាំមើល​សកម្មភាព​របស់​សង្គម​ស៊ីវិល ដែល​ជា​វិធានការ​រឹតត្បិត​ដ៏​ជ្រុល​​ហួសហេតុ​នោះ​​ អាច​នឹង​នៅ​តែ​កើត​មាន​ដដែល៖ «យើង​បារម្ភ​ថា​ អាជ្ញាធរ​ពេល​នេះ​​គឺ​នៅ​តែ​អនុវត្ត​ខ្លឹម​សារ​នៃ​លិខិត​​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧ ដែល​លិខិត​នោះ​មាន​ខ្លឹមសារ​ឱ្យ​​អាជ្ញាធរ​គ្រប់​លំ​ដាប់​​ថ្នាក់​​ ត្រូវ​តាម​ដាន​ដោយ​មិន​ពព្រិច​ភ្នែក​ទៅ​លើ​សកម្មភាព​របស់​​សង្គម​ស៊ីវិល​តែម្ដង​ ជា​ពិសេស​សកម្មភាព​​ប្រមូលផ្ដុំ​​​ផ្សេង​ៗ​។ ​អ៊ីចឹង​ប្រសិន​បើ​​ខ្លឹម​សារ​នៃ​លិខិត​ឆ្នាំ​២០១៨​នេះ​​ វា​មាន​ទម្រង់​មួយ​ល្អ​​ ក៏​វា​អាច​នឹង​ធ្វើ​ឱ្យ​មាន​​ភាព​ប្រែប្រួល​ដែរ​ក្នុង​ការ​អនុវត្ត​។ ប៉ុន្តែ​​យ៉ាងណា​ក៏​ដោយ​ ខណៈ​ពេល​ដែល​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​​មិនមែន​រដ្ឋាភិបាល​នៅតែ​រឹតត្បិត​សេរី​ភាព​ក្នុង​ការ​អនុវត្ត​សកម្ម​ភាព​របស់​សង្គម​ស៊ីវិល​ ខ្ញុំ​យល់​ថា​​ការ​ចេញ​លិខិត​ថ្មី​ៗនេះ​ នឹង​មិន​មាន​ឥទ្ធិពល​អ្វី​ដើម្បី​​​​ធ្វើ​ឱ្យ​​សេ​រី​ភាព​សង្គម​ស៊ី​វិល​​ហ្នឹង ប្រសើរ​ឡើង​ជាង​មុន​ប៉ុន្មាន​នោះ​ទេ»។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​អះអាង​ថា​ វិធានការ​របស់​ក្រសួង​នៅ​ពេល​នេះ​នឹង​មិន​អាច​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សេរីភាព​សង្គម​ស៊ីវិល​ដែល​រង​ការ​រឹតត្បិត​តាមរយៈ​ច្បាប់​ស្ដីពី​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ និង​បទបញ្ញត្តិ​ជា​ច្រើន​ផ្សេង​ទៀត​នោះ​ឡើយ។ អង្គការ​សង្គម​ស៊ីវិល​សង្កត់​ធ្ងន់​ថា ដើម្បី​ឱ្យ​សង្គម​ស៊ីវិល​មាន​សិទ្ធិ​សេរីភាព​ទូលំ​ទូលាយ​ក្នុង​ការ​បំពេញ​មុខ​ងារ​របស់​ខ្លួន លុះ​ត្រា​តែ​មាន​ការ​កែប្រែ​ច្បាប់​ស្ដីពី​សមាគម និង​អង្គ​ការ​មិន​មែន​រដ្ឋាភិបាល ព្រម​ទាំង​បទ​បញ្ញត្តិ​ដទៃ​ទៀត​ដែល​មាន​ចរិត​រឹតត្បិត​លើ​សិទ្ធិ​សេរីភាព​របស់​ពួក​គេ​ ហើយ​​ការ​កែប្រែ​នោះ​ទៀត​សោត​ ត្រូវ​តែ​ជា​ការ​កែប្រែ​ទៅ​រក​ភាព​វិជ្ជមាន​ មិន​មែន​បន្ថែម​ការ​រឹតត្បិត​កាន់​តែ​ខ្លាំង​ជាង​មុន​នោះ​ឡើយ៕

1 comment:

Anonymous said...

CNRP is the only genuine and viable democratic opposition party. Hun Sen is such a liar when he supported other little democratic opposition parties. Those were all run by his cronies.