ដោយ មាន ឫទ្ធិ
2018-11-02
rfa

របាយការណ៍ Freedom House ស្ដីពីសេរីភាពអ៊ីនធឺណិតនៅកម្ពុជា សម្រាប់ឆ្នាំ២០១៨។
screenshot
សេរីភាពតាមប្រព័ន្ធអ៊ីនធឺណិតនៅប្រទេសកម្ពុជា បានធ្លាក់ចុះដុនដាបខ្លាំងបំផុតក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ។ កម្ពុជានៅតែជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានសេរីភាពតិចតួច (Partly Free) តាមអ៊ីនធឺណិតដដែល។
ប្រទេសទាំង៥ ដែលរងការធ្លាក់ចុះដុនដាបខ្លាំងបំផុតខាងផ្នែកសេរីភាពតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងចំណោមប្រទេសសរុបចំនួន ៦៥ ដែលអង្គការ Freedom House ធ្វើការវាយតម្លៃសម្រាប់ឆ្នាំ ២០១៨ នេះ រួមមាន កម្ពុជា វេណេហ្ស៊ុយអេឡា (Venezuela) អ៊ុយក្រែន (Ukraine) អេហ្ស៊ីប (Egypt) និងប្រទេសតួគី (Turkey)។ ពិន្ទុសេរីភាពតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា បានធ្លាក់ចុះពី ៤៧ ពិន្ទុក្នុងឆ្នាំ២០១៤ មក ៥៥ ពិន្ទុ ក្នុងឆ្នាំ ២០១៨ នេះ ដែលពិន្ទុសូន្យមានន័យថា មានសេរីភាពបំផុត ខណៈពិន្ទុ ១០០ មានន័យថា មានសេរីភាពតិចតួចបំផុត។
អាស៊ីសេរី នៅមិនទាន់អាចទាក់ទងសុំប្រតិកម្ម ពីអ្នកនាំពាក្យក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៃរបបក្រុងភ្នំពេញ បាននៅឡើយទេគិតត្រឹមម៉ោងផ្សាយនេះ។
របាយការណ៍ Freedom House ផ្សាយកាលពី ទី១ វិច្ឆិកា រកឃើញថា ក្រោមការគ្រប់គ្រងបែបផ្ដាច់ការរបស់លោក ហ៊ុន សែន ប្រទេសកម្ពុជាបានបង្កើនការបង្ក្រាបមកលើក្រុមអ្នករិះគន់តាមប្រព័ន្ធអ៊ីនធឺណិត ខណៈការធ្វើវិសោធនកម្មលើច្បាប់ស្ដីពីទូរគមនាគមន៍ និងក្រមព្រហ្មទណ្ឌ កាលពីឆ្នាំ២០១៥ និងឆ្នាំ២០១៨ បានបណ្ដាលឲ្យមានការកើនឡើងករណីចាប់ខ្លួនអ្នកបញ្ចេញមតិពាក់ព័ន្ធនឹងរឿងនយោបាយ នៅលើបណ្ដាញសង្គម និងគេហទំព័រព័ត៌មាន។
របាយការណ៍រកឃើញដែរថា មានការកើនឡើង ការរឹតត្បិតសិទ្ធសេរីភាពខ្លួនឯង ខណៈដែលសកម្មជន និងអ្នកប្រើប្រាស់ទូទៅ មានការភ័យខ្លាចនឹងការសងសឹក ស្របពេលដែលមានការបង្កើនការឃ្លាំមើលកាន់តែខ្លាំងតាមប្រព័ន្ធអ៊ីនធឺណិតពីសំណាក់របបក្រុងភ្នំពេញ។
របាយការណ៍ដដែលឲ្យដឹងទៀតថា នៅមុនពេលព្រឹត្តិការណ៍បោះឆ្នោតខែកក្កដា ឆ្នាំ២០១៨ គណបក្សកាន់អំណាច បានធានាជ័យជម្នះរបស់ខ្លួនតាមរយៈការបំភិតបំភ័យ និងការចាប់ខ្លួនគូរបដិបក្ខនយោបាយ និងការរឹតត្បិតសេរីភាពរបស់ពួកគេនៅលើប្រព័ន្ធអ៊ីនធឺណិត។
អង្គការ Freedom House រកឃើញថា ការចែកចាយព័ត៌មានមិនពិត និងការឃោសនា តាមប្រព័ន្ធអ៊ីនធឺណិត កំពុងតែបំពុលព័ត៌មាននៅលើលំហសាធារណៈមួយនេះ ហើយថាក្រុមប្រទេសមួយចំនួនកំពុងធ្វើដំណើរឆ្ពោះទៅរកប្រព័ន្ធគ្រប់គ្រងផ្ដាច់ការតាមបែបឌីជីថល ដោយយកតាមគំរូតាមប្រទេសកុម្មុយនិស្តចិន តាមរយៈការរឹតត្បិតខ្លាំង និងការប្រើប្រាស់ប្រព័ន្ធឃ្លាំមើលដោយស្វ័យប្រវត្តិ។ របាយការណ៍ក៏បានឲ្យដឹងដែរថា ក្រុមហ៊ុនចិនបានផ្ដល់ដល់បណ្ដារដ្ឋាភិបាលនានា ដែលល្បីខាងរំលោភសិទ្ធិមនុស្សនៅលើពិភពលោក នូវឧបករណ៍បច្ចេកវិជ្ជាទំនើបចុងក្រោយ ដើម្បីជំនួយដល់ប្រតិបត្តិការឃ្លាំមើលអ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត។
របាយការណ៍ដដែល គូសបញ្ជាក់ថា រដ្ឋាភិបាលនៅប្រទេសអ៊ីរ៉ង់ (Iran) រុស្ស៊ី (Russia) អេហ្ស៊ីប (Egypt) វេណេហ្ស៊ុយអេឡា (Venezuela) បេឡារូស (Belarus) ចិន ( China ) និងប្រទេសកម្ពុជា សុទ្ធសឹងតែបានចាត់វិធានការណ៍ដើម្បីបំបិទមាត់សំឡេងឯករាជ្យ ជាពិសេសតាមរយៈការលើកយកហេតុផល ឬលេសដែលថា មានតែប្រព័ន្ធឃោសនារបស់រដ្ឋអំណាចទេ ទើបអាចជឿទុកចិត្តបាន រវាងព័ត៌មានពិត និងព័ត៌មានប្រឌិត។
របាយការណ៍ផ្ដល់អនុសាសន៍ថា ដើម្បីឲ្យលទ្ធិប្រជាធិបតេយ្យអាចរស់រានបានក្នុងយុគសម័យឌីជីថលនេះ ទាំងក្រុមហ៊ុនបច្ចេកវិទ្យា ទាំងរដ្ឋាភិបាល និងទាំងសង្គមស៊ីវិល ត្រូវធ្វើការងាររួមគ្នា ក្នុងការស្វែងរកដំណោះស្រាយពិតប្រាកដ ចំពោះបញ្ហានានាពាក់ព័ន្ធនឹងការចាត់ចែងព័ត៌មានដោយមិនស្មោះត្រង់លើបណ្ដាញសង្គម និងការប្រមូលទិន្នន័យខុសច្បាប់។
អង្គការ Freedom House ចង់ឃើញមានការសម្របសម្រួលពហុ និងអន្តរវិស័យ ចាំបាច់ដើម្បីលើកកម្ពស់អក្ខរកម្មឌីជីថល កំណត់អត្តសញ្ញាណអ្នកប្រព្រឹត្តិខុសច្បាប់ ដោយមិនអនុញ្ញាតឲ្យពួកគេ អាចបន្តបំប៉ោងព័ត៌មានមិនពិតតទៅទៀតបានឡើយ។ អង្គការ Freedom House យល់ឃើញថា សេរីភាពអ៊ីនធឺណិតជាសាកល គួរតែក្លាយជាឧបករណ៍ ដើម្បីលុបបំបាត់ចោលរបបផ្ដាច់ការបែបឌីជីថល៕
No comments:
Post a Comment