ដោយ មួង ណារ៉េត
2018-12-28
rfa

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) (ឆ្វេង) ជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាវិមានសន្តិភាព ប្រទេសកម្ពុជា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦។
Photo: RFA
ប្រមុខការទូតថ្មីរបស់ចិនប្រចាំនៅកម្ពុជា បានអះអាងប្រាប់ក្រុមមេដឹកនាំរបបក្រុងភ្នំពេញថា ប្រទេសចិននឹងបន្តគាំទ្ររបបនេះតទៅទៀតក្នុងកិច្ចការអភិវឌ្ឍ ឯករាជ្យភាព និងស្ថានភាពនយោបាយ ជាពិសេសក្រុងប៉េកាំងនឹងជួយជ្រោមជ្រែងក្រុងភ្នំពេញឱ្យមានតួនាទីសំខាន់លើឆាកអន្តរជាតិ។ អ្នកវិភាគ និងអ្នកឃ្លាំមើលបញ្ហាសង្គម ថ្លែងថា របបក្រុងភ្នំពេញគួរប្រឹងប្រែងស្ដារទំនាក់ទំនងជាមួយក្រុមប្រទេសលោកខាងលិចវិញប្រសើរជាង ដោយសារប្រទេសទាំងនោះ ជាទីផ្សារនាំចេញផលិតផលរបស់កម្ពុជា។
ឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនធៀន (Wang Wentian) បានអះអាងពីការប្តេជ្ញាចិត្តរបស់ក្រុងប៉េកាំងក្នុងការបន្តជួយជ្រោមជ្រែងរបបក្រុងភ្នំពេញលើគ្រប់វិស័យ និងជួយឱ្យកម្ពុជាមានមុខមាត់លើឆាកអន្តរជាតិ។ ការអះអាងនេះ ធ្វើឡើងក្នុងជំនួបជាបន្តបន្ទាប់រវាងលោក វ៉ាង វិនធៀន ជាមួយនឹងមន្ត្រីគ្រាក់ៗនៃរបបក្រុងភ្នំពេញទាំងក្នុងស្ថាប័ននីតិបញ្ញតិ្ត និងប្រតិបត្តិ មានជាអាទិ៍ ប្រធានរដ្ឋសភា លោក ហេង សំរិន ប្រធានព្រឹទ្ធសភាលោក សាយ ឈុំ រដ្ឋមន្ត្រីក្រសួងការបរទេសលោក ប្រាក់ សុខុន និងអតីតប្រមុខការទូតកម្ពុជា លោក ហោ ណាំហុង ជាដើម។ មន្ត្រីទូតថ្មីរូបនេះ បានចោទប្រកាន់ក្រុមប្រទេសលោកខាងលិចថា បានព្យាយាមធ្វើឱ្យទំនាក់ទំនងកម្ពុជាចិនមានភាពល្អក់កករ។
មន្ត្រីនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កេត សុផាន់ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី២៥ ធ្នូថា ឯកអគ្គរដ្ឋទូតចិនរូបនេះបានប្រាប់ទៅលោក ប្រាក់ សុខុន ថា ប្រទេសលោកខាងលិចកំពុងយកបញ្ហាជនជាតិចិននៅកម្ពុជា និងព័ត៌មានស្ដីពីមូលដ្ឋានកងទ័ពចិនលើទឹកដីខ្មែរ ទៅបំប៉ោងជារឿងធំ ដើម្បីបង្កបញ្ហាដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ អ្នកនាំពាក្យរូបនេះបញ្ជាក់ថា លោក ប្រាក់ សុខុន និងលោក វ៉ាង វិនធៀន បានចាត់ទុកបញ្ហាទាំងនេះថា ជារឿងតូចតាច ហើយភាគីទាំងពីរនឹងសហការគ្នាដោះស្រាយ៖ «ឯកឧត្ដមទូតបានបញ្ជាក់ច្បាស់ដែរថា មានបរទេសមួយចំនួន ជាពិសេស លោកខាងលិចតែងតែលាបពណ៌។ ករណីតូចតាច ក៏ប៉ុន្តែយករឿងនេះមកលាបពណ៌ក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន។ ជាទីបញ្ចប់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបានជម្រាបជូនឯកឧត្ដមទូតថា យើងនឹងបន្តរបៀបរបបការងារដែលយើងមានកន្លងមក ហើយនិងបន្តកិច្ចសហប្រតិបត្តិការដោះស្រាយបញ្ហាប្រឈមនានា។ ហើយជាធម្មតាទេ ប្រទេសដែលគេមិនសប្បាយចិត្តនឹងយើង គេតែងតែយករឿងតូចតាចបំប៉ោងជារឿងធំ តែតាមការពិតជាក់ស្ដែងការវិនិយោគធំបែបនេះ បាននាំមកនូវផលប្រយោជន៍ទាំងសម្រាប់ប្រទេសចិន និងកម្ពុជា»។
ទោះជាយ៉ាងណា អ្នកវិភាគនយោបាយ និងអ្នកឃ្លាំមើលសង្គម ច្រានចោលការលើកឡើងដែលថា ព័ត៌មានស្ដីពីមូលដ្ឋានកងទ័ពរបស់ចិន និងបញ្ហាជនជាតិចិននៅកម្ពុជា ជារឿងតូចតាច។
អ្នកវិភាគនយោបាយលោក គឹម សុខ អះអាងថា រឿងទាំងពីរនេះសុទ្ធសឹងតែជារឿងធំ និងអាចប៉ះពាល់ដល់សន្តិសុខជាតិរបស់កម្ពុជា។ លោកយល់ថា សាររបស់ឯកអគ្គរដ្ឋទូតថ្មីរបស់ចិននេះ ជាការលើកទឹកចិត្តឱ្យរបបក្រុងភ្នំពេញ យកកម្ពុជាទៅប្រឈមមុខនឹងក្រុមប្រទេសលោកខាងលិច ដែលបានជួយជ្រោមជ្រែងកម្ពុជាអស់រយៈពេលជិត ៣០ឆ្នាំ ក្នុងការស្ដារសេដ្ឋកិច្ច និងរៀបចំប្រទេសឡើងវិញតាមគន្លងប្រជាធិបតេយ្យ។ លោកជឿជាក់ថា ប្រទេសចិនមិនអាចជួយឱ្យកម្ពុជាមានមុខមាត់លើឆាកអន្តរជាតិនោះទេ ព្រោះប្រទេសចិនខ្លួនឯងមិនទាន់ទទួលបានទំនុកចិត្តក្នុងភាពជាដៃគូជាមួយសហគមន៍អន្តជាតិនៅឡើយ។ ម្យ៉ាងវិញទៀត ប្រទេសចិនមិនមែនជាទីផ្សារនាំចេញផលិតផលរបស់កម្ពុជា ដូចសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកនោះឡើយ៖ «កុម្មុយនិស្តតែងតែចាត់ទុកសេរីភាព សុវត្ថិភាព ជារឿងតូចតាច ហើយរឿងធំដែលកុម្មុយនិស្តគេគិត គឺការពង្រឹងអំណាចដ៏រឹងមាំ។ សម្រាប់ខ្ញុំ រឿងទាំងពីរនេះអាចដុតកម្ទេចប្រទេសទាំងពីរបាន។ ឧទាហរណ៍រឿងផែសមុទ្រទឹកជ្រៅហ្នឹង ប្រសិនបើជាការបង្កើតនូវអសន្តិសុខតំបន់ តាមរយៈការឃុបឃិតគ្នារវាងចិន និងក្រុមលោក ហ៊ុន សែន វាជារឿងដែលត្រូវធ្វើអន្តរាគមន៍ដោយអាវុធ ដោយកម្លាំងនៃបណ្ដាប្រទេសមួយចំនួនទៀត ដែលគេមិនអាចឈរមើលបានទេ។ ចំណុចទីពីរ រឿងជនជាតិចិនមកប្រទេសកម្ពុជា បង្កើតភាពអានាធិបតេយ្យ ដូចជា ការវិនិយោគមិនត្រឹមត្រូវ ជនជាតិចិនខ្លះមកធ្វើជាចោរ ឆក់ ប្លន់ រៀបចំបណ្ដាញចោរតាមអ៊ីនធឺណិត រកស៊ីរបៀបពេស្យាចារអាក្រក់នៅក្នុងប្រទេសកម្ពុជា នេះជាការបញ្ឆេះកំហឹងពលរដ្ឋ។ វាអាចផ្ទុះឡើងនូវការតវ៉ាធំ»។
កាលពីដើមខែវិច្ឆិកា កន្លងទៅ អនុប្រធានសភាតំណាងប្រជាជនចិន លោក លោក ចាង ឈុនស៊ាន (Zhang Chunxian) បានប្រាប់ទៅលោក ហ៊ុន សែន ថា ប្រទេសចិនមានទីផ្សារធំណាស់ ដូច្នេះលោកនឹងប្រាប់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងថ្នាក់ដឹកនាំចិនដទៃទៀត ឱ្យខិតខំជួយពង្រីកទីផ្សារចិនសម្រាប់ទំនិញកម្ពុជា ខណៈកម្ពុជាកំពុងប្រឈមនឹងដាក់ទណ្ឌកម្មដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប។ ក៏ប៉ុន្តែមកទល់នឹងពេលនេះ មិនទាន់ឃើញមានកិច្ចព្រមព្រៀងពាណិជ្ជកម្ម ឬការបញ្ជាទិញផលិតផលសំខាន់ៗរបស់កម្ពុជាពីប្រទេសចិននៅឡើយ។ ផ្ទុយទៅវិញមហាអំណាចកុម្មុយនិស្តមួយនេះ បែរជាបានផ្តល់ជំនួយ និងកម្ចីជាង ២ រយលានដុល្លារបន្ថែមទៀតដល់របបក្រុងភ្នំពេញ ដែលធ្វើឱ្យកម្ពុជាជំពាក់បំណុលចិនកាន់តែច្រើន។
របបក្រុងប៉េកាំងបានក្លាយជាខ្នងបង្អែកដ៏រឹងមាំរបស់របបក្រុងភ្នំពេញ ដែលកំពុងប្រឈមនឹងទណ្ឌកម្មពីក្រុមប្រទេសលោកខាងលិច ដោយសារតែទង្វើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងការបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា។ ក្រុងប៉េកាំងបានប្រកាសគាំទ្រចំណាត់ការលើលោក កឹម សុខា និងការរំលាយគណបក្សសង្គ្រោះជាតិ ព្រមទាំងបានទទួលស្គាល់ការបោះឆ្នោតបែបបង្គ្រប់មុនគេទៀតផង។ មហាអំណាចកុម្មុយនិស្តមួយនេះក៏បានផ្តល់ជំនួយ និងកម្ចីយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់របបលោក ហ៊ុន សែន ព្រមទាំងហាមប្រាមប្រទេសដទៃ ពិសេសប្រទេសប្រជាធិបតេយ្យលោកខាងលិច កុំឱ្យលូកដៃជ្រៀតជ្រែកកិច្ចការងារផ្ទៃក្នុងរបស់កម្ពុជាទៀតផង។
ចំណែករបបក្រុងភ្នំពេញវិញ បានប្រកាសគាំទ្រឥតងាករេចំពោះគោលនយោបាយចិនតែមួយ និងបានផ្តល់សម្បទានដីសេដ្ឋកិច្ច និងរ៉ែឱ្យទៅក្រុមហ៊ុនចិនយ៉ាងច្រើនផងដែរ។ សំខាន់ជាងនេះ របបលោក ហ៊ុន សែន បានជួយសម្រួលដល់អ្នករកស៊ី និងជនជាតិចិនដែលមានចំនួនកាន់តែច្រើនឡើងៗនៅកម្ពុជា។ លោក ហ៊ុន សែន ថែមទាំងបានចេញមុខការពារជនជាតិចិនទាំងនោះផងដែរថា ពួកគេជាកម្មករជំនាញដែលមកធ្វើការតាមការដ្ឋានធំៗ ហើយលោកបានប្រាប់ទៅពលរដ្ឋ កុំឱ្យបារម្ភរឿងនេះ៖ «បងប្អូនខ្លះកង្វល់ពីចិននៅកំពង់សោម។ បងប្អូនអើយ! សំណង់ច្រើនណាស់ យើងផ្ដល់កម្មករឱ្យគេមិនគ្រប់ ជំនាញមិនគ្រប់ អ៊ីចឹងត្រូវធ្វើដូចម្ដេច? ត្រូវបើកឱកាសដើម្បីឱ្យគេយកកម្មករមកសាងសង់ទៅលើសំណង់ ដូចជា ស្ពាន ដូចជាអ្វីមួយចំនួននៃបច្ចេកទេស ដែលយើងមិនទាន់ទៅដល់។ ពេលគេកសាងហើយ គេមិននៅស្រុកខ្មែរនោះទេ។ គេទៅស្រុកគេវិញហើយ កុំឆ្ងល់ពេក ហើយយើងក៏គ្មានច្បាប់អនុញ្ញាតឱ្យគេនៅដែរ»។
ទោះជាយ៉ាងណា តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាអតីតសមាជិក គ.ជ.ប លោក រ៉ុង ឈុន ថ្លែងថា សព្វថ្ងៃនេះ តំបន់ដែលសម្បូរជនជាតិចិនស្នាក់នៅ ច្រើនមានបញ្ហាអសន្តិសុខ និងគ្មានសណ្ដាប់ធ្នាប់ និងជាកន្លែងប្រមូលផ្តុំការប្រព្រឹត្តបទល្មើសផ្សេងៗ។ លោកជឿជាក់ថា ក្រុមជនជាតិចិនទាំងនោះ មិនមែនជាកម្មករជំនាញនោះទេ ដូច្នេះលោកទាមទារឱ្យអាជ្ញាធររបបក្រុងភ្នំពេញយកចិត្តទុកដាក់ឱ្យបានខ្លាំងជាងនេះចំពោះរឿងជនអន្តោប្រវេសន៍ចិន៖ «ដូចជានៅខេត្តព្រះសីហនុក្តី ធ្វើឱ្យប៉ះពាល់សណ្ដាប់ធ្នាប់ ធ្វើឱ្យមានអសន្តិសុខ ប៉ះពាល់ដល់អ្នកទេសចរក្នុងស្រុក ក្រៅស្រុកក្តី ក៏ដូចធ្វើឱ្យប៉ះពាល់ដល់មុខរបរ និងការងាររបស់ប្រជាពលរដ្ឋ។ នេះហើយដែលយើងមានក្តីព្រួយបារម្ភ ហើយយើងចង់ឱ្យរដ្ឋាភិបាលត្រូវធ្វើយ៉ាងម៉េចរឹតបន្តឹង មានវិធានការទប់ទល់នឹងការហូរចូលនៃជនអន្តោប្រវេសន៍ចិន»។
គិតត្រឹមចុងឆ្នាំ ២០១៨ នេះ កម្ពុជាជំពាក់បំណុលចិនជាង ៤ពាន់លានដុល្លារអាមេរិក ក្នុងចំណោមបំណុលបរទេសសរុបជាង ៩ពាន់លានដុល្លារ។ របបក្រុងភ្នំពេញបានបន្ថែមថវិកាជាតិដល់រហូតដល់ ៦ ពាន់ ៧ រយលានដុល្លារ កើនឡើងជាង ១១ភាគរយ លើសឆ្នាំចាស់ ដើម្បីបង្គ្រប់ការចំណាយសម្រាប់ឆ្នាំ២០១៩ ខាងមុខ ខណៈចំណូលជាតិមានត្រឹមតែជាង ៥ពាន់លានដុល្លារប៉ុណ្ណោះ។ របបនេះគ្រោងនឹងខ្ចីបំណុលពីដៃគូអភិវឌ្ឍន៍ប្រមាណ ២ពាន់លានដុល្លារបន្ថែមទៀតនៅឆ្នាំ ២០១៩ ហើយប្រភពកម្ចីធំជាងគេទំនងជាប្រទេសចិន ដោយសារក្រុងភ្នំពេញមានទំនាក់ទំនងជិតស្និទ្ធខ្លាំងនឹងក្រុងប៉េកាំង។ និន្នាការបែបនេះ ត្រូវបានអ្នកជំនាញវាយតម្លៃថា មិនមែនជារឿងល្អឡើយ ព្រោះវាអាចធ្វើឱ្យកម្ពុជាជាប់អន្ទាក់បំណុលចិនដោះស្រាយមិនរួច។
អ្នកវិភាគ និងអ្នកឃ្លាំមើលសង្គមយល់ថា របបក្រុងភ្នំពេញនៅមានឱកាសកែប្រែស្ថានការណ៍នេះ ដោយគ្រាន់តែរបបនេះស្ដារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ ព្រមទាំងសម្រួលទំនាក់ទំនងជាមួយក្រុមប្រទេសប្រជាធិបតេយ្យលោកខាងលិច ដើម្បីធានាថា កម្ពុជានឹងមិនរងទណ្ឌកម្មណាមួយពីអន្តរជាតិនោះឡើយ៕
1 comment:
Hun Shit's legacy Win Win :
Win Win = Nguyen Nguyen = Viet Viet = Cambodia
will be a province of the evil Vietnam
Chbab in Cambodia is also known as Chbab Kdor
Ah Hun Sen.
The evil Vietnam wanted to swallow Cambodia because Vietnam knew that there were some cheap Khmers who will implement Vietnam's plan in exchange for money and power. Vietnam has found a perfect one named Hun Sen.
To Khmer people, Ah Prett Hun Sen is the worst Khmer traitor in history because he will lead Cambodia to extinction.
Post a Comment