Saturday, 29 December 2018

មន្រ្តីឃ្លាំមើលកម្ពុជា បារម្ភប្រវត្តិសាស្រ្ត វិលជាន់ដានចាស់ បើលោក ហ៊ុន សែន មិនព្រមស្តារប្រជាធិបតេយ្យឡើងវិញ


មួង ណារ៉េត
2018-12-29 
rfa

លោក ហ៊ុន សែន ថ្លែងក្នុង​ពិធី​សម្ពោធ​វិមាន​ឈ្នះ-ឈ្នះ នៅសង្កាត់​ជ្រោយចង្វារ ថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៨។
លោក ហ៊ុន សែន ថ្លែងក្នុង​ពិធី​សម្ពោធ​វិមាន​ឈ្នះ-ឈ្នះ នៅសង្កាត់​ជ្រោយចង្វារ ថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៨។
 Screencapture



មន្រ្តីក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សម្តែង​ក្តីបារម្ភ ថាប្រវត្តិសាស្រ្ត​ នឹង​វិលជាន់ដានចាស់ បើ​លោក ហ៊ុន សែន មិនព្រម​ស្តារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើងវិញ ទៅតាមការ​ចង់បាន​របស់​សហគមន៍អន្តរជាតិ។

តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន ថ្លែងប្រាប់​អាស៊ីសេរី នៅថ្ងៃសៅរ៍ទី ២៩ ខែ ធ្នូនេះ ថា​ដើម្បីបញ្ចៀស​សង្គ្រាម​ខ្ទេចខ្ទាំ ហិនហោចស្ទើរ​គ្មានសល់ ដោយសារ​ជម្លោះផ្ទៃក្នុង និង​ការ​ដាក់ទណ្ឌកម្ម ​ពី​សហគមន៍អន្តរជាតិ ដែល​ធ្វើឲ្យ​ខ្មែរ​បែកបាក់ ឈ្លោះកាប់ចាក់គ្នា​រាប់ទសវត្សន៍តទៅទៀតនោះ គឺទាល់តែ​របបសព្វថ្ងៃនេះ ពង្រឹងទំនាក់ទំនង​ល្អ ជាមួយប្រទេស​ទាំងអស់​នៅលើពិភពលោក ជាពិសេស​ប្រទេស​ប្រជាធិបតេយ្យ​សេរី ដែលជាដង្ហើមសេដ្ឋកិច្ច និង ការអភិវឌ្ឍដ៏សំខាន់​របស់​កម្ពុជា <<គួរ​តែ​កសាង​ទំនាក់ទំនង​ល្អ ជាមួយ​សហភាព​អឺរ៉ុប និង សហរដ្ឋអាមេរិក ពីព្រោះប្រទេសទាំងអស់នោះ ជាប្រទេសទីផ្សារ​កម្ពុជា។ កម្ពុជា​មានកំណើន​សេដ្ឋកិច្ច​ ដោយសារ​សហភាព​អឺរ៉ុប និង អាមេរិក​ហ្នឹង​ឯង>>។



ប្រតិកម្ម​របស់​មន្រ្តីក្រុមប្រឹក្សា​ឃ្លាំមើលកម្ពុជារូបនេះ ធ្វើឡើង​ក្រោយ​លោក ហ៊ុន សែន បាន​ថ្លែងសារ​ព្រមានសហគមន៍អន្តរជាតិ កុំឲ្យ​ដាក់ទណ្ឌកម្ម​កម្ពុជា។ ​លោក ហ៊ុន សែន ដែល​តែង​តែ​​ថ្លែងសារ​ប្រកាសអួត ថាកម្ពុជា​រស់ខ្លួនឯងបាន​ មិនខ្ចី​ពឹងជំនួយអន្តរជាតិ និង ថា​កម្ពុជាមិនឱនក្បាលចំពោះបរទេសជាដាច់ខាត​នោះ នៅក្នុង​ពិធី​សម្ពោធវិមានឈ្នះ-ឈ្នះ នៅថ្ងៃទី ២៩ ខែ ធ្នូនេះ លោក​ទទួល​ ស្គាល់ថា ទណ្ឌកម្មអន្តរជាតិមកលើ​របបលោក ​មិនមែនជារឿង​ល្អទេ។ លោក ថា​ទណ្ឌកម្ម​ណាមួយ នឹង​ធ្វើឲ្យ​កម្ពុជាធ្លាក់ចូលក្នុង​វិបត្តិ​ ដូច​កាលអតីតកាលជាក់ជាមិនខាន។ លោក ហ៊ុន សែន ចាត់ទុកការ​ដាក់ទណ្ឌកម្ម​កម្ពុជា ជាកំហុស​អន្តរជាតិ និង​ ព្រមានអន្តរជាតិ កុំ​សាង​កំហុស​ដដែលៗម្តងទៀត <<សូមឲ្យអ្នកទាំងឡាយក្តាប់ឲ្យជាប់មេរៀនពីអតីតកាល។ ប្រទេសមួយចំនួនក្តាប់ឲ្យជាប់មេរៀនពីអតីតកាល កុំកសាងកំហុសលើកទី៣។ កំហុសលើកទី១ អ្នកតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ តែអ្នកបានគាំទ្ររដ្ឋប្រហារយោធា តើនោះជាលទ្ធិប្រជាធិបតេយ្យ ឬក៏ជាលទ្ធិយោធានិយម? ឯទី២ អ្នកធ្លាប់បានគាំទ្រ ប៉ុល ពត ដែលសម្លាប់មនុស្ស ដោយគ្មានបានគិតគូរអំពីសិទ្ធិមនុស្សនោះទេ។ ដូច្នេះសង្ឃឹមថា ប្រទេសទាំងនោះ នឹងមិនធ្វើកំហុសលើកទី៣ ដែលដាក់ទណ្ឌកម្ម >>។

ទោះបីជាលោក ហ៊ុន សែន ព្រមានអន្តរជាតិ កុំឲ្យយកលេសសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ មក​ដាក់ទណ្ឌកម្មលើ​របបលោកយ៉ាងណាក្តី សហគមន៍អន្តរជាតិ ជាពិសេស​សហរដ្ឋអាមេរិក និង សហភាពអឺរ៉ុប ដែលមាន​ ២៨ ប្រទេស បាន​ដាក់ទណ្ឌកម្ម​របបនេះជាបណ្តើរៗ​រួមមកហើយ និង ព្រមានដាក់ទណ្ឌកម្ម​បន្ថែមទៀត រួមទាំងការដកការអនុគ្រោះពន្ធ EBA ផង។

អ្វីដែលសហគមន៍អន្តរជាតិ ចង់បាន គឺចង់ឃើញពលរដ្ឋកម្ពុជា មាន​សិទ្ធិសេរីភាព​ពេញលេញ មានការគោរពសិទ្ធិមនុស្ស​ត្រឹមត្រូវ មាន​លទ្ធិប្រជាធិបតេយ្យ​ពិតប្រកដ ដោយមានប្រព័ន្ធប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌ ស្របតាម​ឆន្ទៈរបស់​ពលរដ្ឋខ្មែរទាំងអស់ មិន​មែន​សម្រាប់​តែ​ក្រុម ឬ បក្សពួកមន្រ្តីបក្សកាន់អំណាច​នោះឡើយ។

លោក រ៉ុង​ ឈុន យល់ថា លោក ហ៊ុន សែន គួរ​ធ្វើតាមសំណូមពរ​របស់​សហគមន៍អន្តរជាតិ ដែលស្នើឲ្យស្តារ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើង​វិញ វាប្រសើរ​ជាង​ព្រមានប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងនោះ ព្រោះការ​ព្រមានណាមួយ​របស់​លោក ហ៊ុន សែន គ្មានចំណេញ​អ្វីដល់​កម្ពុជានោះឡើយ។ ផ្ទុយទៅវិញ វា​នឹង​រឹតតែធ្វើ​ឲ្យ​របបនេះ ចៀសមិនផុតពីការដាក់ទណ្ឌកម្ម​ទាំងនោះ នៅពេលដ៏ខ្លី​ខាង​មុខ​តែប៉ុណ្ណោះ << គេ​មិន​មែន​ចេះតែចោទប្រកាន់ មក​រដ្ឋាភិបាលកម្ពុជាយើង​ទេ។ តាមពិត​កម្ពុជាយើង​មានការ​រំលោភសិទ្ធិមនុស្ស ជាបន្តបន្ទាប់។ រឿង​គេលើក​ឡើង​ហ្នឹង គ្រាន់តែគេចង់​ឲ្យ​យើង​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ ហើយ​មានការ​គោរព​សិទ្ធិមនុស្ស។ ដូចជាការ​ករណីចាប់​ប្រធានគណបក្សសង្គ្រោះជាតិ​លោក កឹម សុខា ដាក់ពន្ធនាគារ ការ​រម្លាយ​គណបក្សសង្គ្រោះជាតិ ដែល​ប្រជាពលរដ្ឋ​កន្លះនគរ​បោះឆ្នោតឲ្យជាដើម គឺជាការ​រំលោភឆន្ទៈរាស្រ្ត​។ នោះជាការពិត។ អ្វីដែលគេលើកឡើង​ គួរ​យកមកពិនិត្យ​មើល ហើយ​កែលម្អ ជាជាង​ការ​ព្រមានគេ ព្រោះ​ការព្រមានគេ​ គ្មានអ្វី​ចំណេញទេ​ សម្រាប់​កម្ពុជាយើង​>>។

លោក រ៉ុង ឈុន ដែលជា​ប្រធាន​សហភាព​សហជីពកម្ពុជាដែរនោះ​ មិនជឿថា​ សហគមន៍អន្តរជាតិ ចង់ធ្វើបាប​ ឬ ដាក់សម្ពាធ​ខ្មែរនោះទេ ប្រសិនបើ​របបនេះ មិន​ប្រព្រឹត្តរំលោភសិទ្ធិមនុស្ស និង បំផ្លាញប្រជាធិបតេយ្យ ដូចអ្វី​ដែលអន្តរជាតិ​ កំពុង​តែថ្កោលទោសនោះ << គេមិនចង់​ដាក់ទណ្ឌកម្មអីមកលើកម្ពុជាយើង​ទេ ព្រោះទណ្ឌកម្ម​ ឬ ដកប្រព័ន្ធអនុគ្រោះពន្ធ EBA អ្នកដែលរងទុក្ខគឺប្រជាពលរដ្ឋ និង កម្មករខ្មែរទាំងអស់។ គេ​ក្រើនរម្លឹក​ម្តងហើយ​ម្តង​ទៀត ឲ្យកែ បើមិនកែ គេនឹងដាក់ទណ្ឌកម្ម។ ដូច្នេះ ខ្ញុំ​ថាយកល្អ គួរ​តែ​កែខ្លួន ជាជាង​ឌឺដងឲ្យគេ ព្រោះការ​ឌឺដង​នេះ គ្មានចំណេញអ្វីដល់ពលរដ្ឋខ្មែរយើងទេ>>។

របបលោក ហ៊ុន សែន នៅសល់ពេលមិនដល់បីខែទៀតទេ ដែលត្រូវ​ស្តារ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើងវិញ មុននឹង​សហភាព​អឺរ៉ុបចាប់​ផ្តើម ដកការ​អនុគ្រោះពន្ធ ដំណាក់កាលដំបូង។ សហភាព​អឺរ៉ុប បាន​ជូនដំណឹង​ទៅ​របបលោក ហ៊ុន សែន កាលពីដើម​ខែ តុលា ថា​របបនេះមានរយៈពេល ៦ខែ ចាប់ពីខែតុលា ឆ្នាំ ២០១៨ ដើម្បីបង្ហាញថា​ បានស្តារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើងវិញ បើ​មិនដូច្នេះទេ ទណ្ឌកម្មនឹងចាប់ផ្តើមអនុវត្ត ក្នុង​អំឡុង​ខែ មីនា ឆ្នាំ ២០១៩។

រយៈពេលប៉ុន្មានខែ ចុងឆ្នាំនេះ របបលោក ហ៊ុន សែន ហាក់ដូចជាបង្ហាញ​ជំហរ​ទន់ភ្លន់ខ្លះ ក្រោយការ​ព្រមាន​ពីអន្តរជាតិនេះ។ របបនេះបាន​ដោះលែង​អ្នកទោស​នយោបាយ សកម្មជនដីធ្លី ពន្លឿននីតិវិធី​ជម្រះក្តីមេដឹកនាំសហជីព ធ្វើច្បាប់​ដើម្បី​លើបម្រាម ដែលហាមប្រាមសិទ្ធិនយោបាយមន្រ្តីបក្សប្រឆាំង និង សន្យា​ថា​បើក​ចំហរ​សេរីភាព​ឡើងវិញជាដើម។ ប៉ុន្តែ អ្នកវិភាគមើលឃើញទាំងនេះ គ្រាន់តែជាការ​ធ្វើ​បង្គ្រប់កិច្ច ដើម្បីលួង​ចិត្ត​សហគមន៍អន្តរជាតិ ប៉ុណ្ណោះ ព្រោះជាក់ស្តែង​របបនេះ នៅតែបន្ត​រឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋ​នៅមូលដ្ឋាន ដដែល។ ប្រការនេះ ធ្វើ​ឲ្យ​អ្នកវិភាគ យល់ឃើញថា កម្ពុជានឹង​ចៀសមិនផុតពីទណ្ឌកម្ម​អន្តរជាតិនោះឡើយ ហើយ​លោក ហ៊ុន សែន និង​ មន្រ្តីរបបនេះ ត្រូវ​ទទួល​ខុសត្រូវនៅចំពោះមុខ​ប្រវត្តិសាស្រ្ត ដែល​ដឹកនាំ​ប្រទេស នាំ​ឲ្យ​អន្តរជាតិ​ដាក់ទណ្ឌកម្ម​បែបនេះ៕

2 comments:

Anonymous said...

Hun Shit's legacy Win Win :

Win Win = Nguyen Nguyen = Viet Viet = Cambodia
will be a province of the evil Vietnam


Chbab in Cambodia is also known as Chbab Kdor
Ah Hun Sen.

The evil Vietnam wanted to swallow Cambodia because Vietnam knew that there were some cheap Khmers who will implement Vietnam's plan in exchange for money and power. Vietnam has found a perfect one named Hun Sen.

To Khmer people, Ah Prett Hun Sen is the worst Khmer traitor in history because he will lead Cambodia to extinction.

Anonymous said...

Ah Roleuy Hun Sen's picture will shorten people's life span.