Sunday, 23 December 2018

អ្នកឃ្លាំមើល​សង្គម​ថា ការ​វាយ​ប្រហារ​បក្ស​ប្រឆាំង​របស់​លោក គង់ គាំ ដើម្បី​បម្រើ​ប្រយោជន៍​ផ្ទាល់​ខ្លួន គ្មាន​ការ​ពិត


ដោយ សុ ជីវី
2018-12-21 
rfa
ប្រធាន​គណបក្ស សម រង្ស៊ី  លោក គង់ គាំ ថ្លែង​ក្នុង​ពិធី​រំឭក​ខួប​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លើក​ទី​២៤ នា​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​២៣ តុលា ឆ្នាំ​២០១៥។
ប្រធាន​គណបក្ស សម រង្ស៊ី លោក គង់ គាំ ថ្លែង​ក្នុង​ពិធី​រំឭក​ខួប​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លើក​ទី​២៤ នា​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​២៣ តុលា ឆ្នាំ​២០១៥។
RFA/Brach Chev



អតីត​ប្រធាន​គណបក្ស សម រង្ស៊ី គង់ គាំ នៅ​តែ​បន្ត​លើកឡើង​ថា សម្ព័ន្ធភាព​នៃ​មេដឹកនាំ​គណបក្ស​សង្រ្គោះជាតិ​គឺ​រវាង​លោក សម រង្ស៊ី និង​លោក កឹម សុខា រង្គោះរង្គើ​កាន់​តែ​ខ្លាំង ហើយ​ក៏​នាំ​អោយ​មាន​ការបែកបាក់។ អតីត​មន្រ្តី​ដដែល​នោះ​អះអាង​ថា ការបែកបាក់​នោះ​បង្ហាញ​តាម​ទង្វើ​របស់​មនុស្ស​ក្នុង​បក្ស ដែល​បែងចែង​ជា ២​ក្រុម​រួចទៅ​ហើយ រួម​នឹង​ការងាក​មក​ដឹកនាំ​បក្ស​នេះ​ឡើងវិញ​របស់​លោក សម រង្ស៊ី។ ការលើ​កឡើង​នេះ​ត្រូវ​រិះគន់​ថា ធ្វើ​ដើម្បី​ប្រយោជ​ផ្ទាល់​ខ្លួន នៅ​ពេល​ដែល​លោក សម រង្ស៊ី នៅ​តែ​អះអាង​ដដែលៗ ​ថា លោក និង​លោក កឹម សុខា គឺ​តែ​មួយ។ ចំណែក លោក កឹម សុខា វិញ​កាល​លោកនៅ​​មាន​សេរីភាព​ក៏​លើក​ឡើង​ថា ការរួមគ្នា​តែ​១​ គឺ​​ជា​កម្លាំង ដែល​​នាំ​​ទៅ​​រក​​ជោគជ័យ។



លោក គង់ គាំ ប្រាប់​អាស៊ីសេរី​ថា សញ្ញា​នៃ​ការបែកបាក់​គ្នា​រវាង សម រង្ស៊ី និង​ កឹម សុខា គឺ​បង្ហាញ​តាម​រយៈទង្វើ​របស់​លោក សម រង្ស៊ី និង​ក្រុម​អ្នក​គាំទ្រ​លោក កឹម សុខា។ លោក​បន្ត​ថា តាម​ការ​សង្កេត​របស់​លោក​កត្តា​ចម្បង​នៃ​ការ​បែកបាក់​គ្នា​នោះ​គឺ​ការវិល​ទៅ​ដឹកនាំ​គណបក្ស​សង្រ្គោះជាតិ ក្នុង​ឋានៈជាប្រធានស្ដីទី ដោយ​ពុំ​មាន​ការយល់ស្រប​ពី​ក្រុម​ម្ខាង​ទៀត​គឺ​ក្រុម​អ្នកគាំទ្រ លោក កឹម សុខា។ លោក​ថា​ការសម្រេច​របស់​ក្រុម​លោក សម រង្ស៊ី ត្រូវ​បាន​រិះគន់​ពី​ក្រុម​ម្ខាង​ទៀត​ដែល​គាំទ្រ​លោក កឹម សុខា រួម​ទាំង​កូនស្រី​របស់​លោក គឺ​កញ្ញា កឹម មនោវិទ្យា៖ «អ្វី​ដែល​ធ្វើ​បន្ទាប់​​មក​ទៀត​ គឺ​វេទិកា​សាធារណៈ នៅ​ប្រទេស​បារាំងក៏​នៅ​តែ​​ខ្វែង​គំនិត​គ្នា​ដែរ ដូច្នេះ​គឺ​ចាប់តាំង​ពី​ការដាក់ កឹម សុខា ជា​វត្ថុ​ភ្នាល់​ជា​មួយ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន មក​គឺ​ខ្ញុំ​សន្និដ្ឋាន​មិន​ខុស​ទេ​ថា ​អ្នក​ទាំង​២​មិន​រួម​គ្នា​ទៀត​ទេ»។

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មាន​ថេរដីកា ថា​ការព្យាយាម​លើក​ឡើងពី​ការបែកបាក់​រវាង សម រង្ស៊ី និង ​កឹម ​សុខា គឺ​ដើម្បី​តែ​ប្រយោជន៍​បុគ្គល សម្រាប់​អ្នក​នយោបាយ​ដែល​តែង​បត់បែន​ចុះ​ឡើង​ដោយ​មើល​ឃើញ​តែ​ប្រយោជន៍​ជា​ធំ៖ «អាត្មាមិន​និយាយ​ថា​បក្ស​ចាស់ទេ ប៉ុន្តែ​អាត្មា​និយាយ​ថា​ក្រោល​ចាស់ពី​ព្រោះ​ គង់ គាំ ជា​ក្របី​ចាស់​ព្រោះ​ត្រូវវិលទៅ​ក្រោលចាស់​របស់​ខ្លួន ព្រោះ​អតីតភាព​របស់​គាត់ គឺ​ពាក់កណ្ដាល​ជីវិតរបស់​កាត់​កឺ​មាន​បទ​ពិសោធន៍ សិក្សា​រៀនសូត្រ​​​ជាមួយ​ពួក​កុម្មុយនិស្ត។ រីឯការវិល​មកចូលរួម​ជាមួយអាជីព​ជាមួយ​អ្នក​ប្រជាធិបតេយ្យ​គ្រាន់​តែ​ជាការំកិលរកទីតំាង​រក​ផល​ប្រយោជន៍​តែ​ប៉ុណ្ណោះ ហើយ​​ការ​វិល​ចូល​ទៅ​រក​ក្រោល​ចាស់​​របស់​​គាត់​​នេះ គឺ​​ដើម្បី​​ការពារ​​ផល​​ប្រយោជន៍​​របស់​​គាត់​​ដែរ។ បើ​យើង​​ប្រៀបធៀប​​ជា​ទូទៅ​ក្របី​ត្រពាំង​​​ណា​​មាន​​ពើក​​វា​​ទៅ​​ស៊ី​​ត្រពាំង​​ហ្នុង​​ហើយ»។

ស្ថាបនិក​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី ត្រូវ​បាន​សន្និបាទ​ពិភពលោក​នៃ​ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះជាតិ​នៅ​ក្រៅ​ប្រទេស ​កាល​ពី​ចុង​ខែ​វិច្ឆិកា​កន្លង​ទៅ ​ជ្រើសរើស​ឲ្យ​​ធ្វើ​ជា​ប្រធាន​ស្ដីទី​គណបក្ស​សង្រ្គោះជាតិ នៅ​ពេល​ដែល​ប្រធាន​គណបក្ស​​នេះ​គឺ​លោក កឹម សុខា កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ផ្ទះ ដែល​គណបក្ស​នេះ​ពិពណ៌នា​ថា​ លោក កឹម សុខា កំពុង​ឋិត​ជា​ចំណាប់ខ្មាំង​របស់​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ គឺលោក ហ៊ុន សែន។ ប៉ុន្តែ​ការវិល​មក​រក​តួនាទី​គ្រប់គ្រង​បក្ស​ឡើងវិញ​នេះ ​រង​ការ​រិះគន់​​ថា មិន​បាន​ធ្វើ​​ឲ្យ​​ស្របតាម​ច្បាប់​ផ្ទៃក្នុង​បក្ស ឬ​ថា​ជា​ការដណ្ដើម​អំណាច​ក្នុង​បក្ស ហើយ​នាំ​​ឲ្យ​​មាន​ការបែកបាក់។ ប៉ុន្តែ​ក៏​មាន​ការ​វិភាគ​ថា​ការណ៍​នេះ​ត្រឹមត្រូវ​នៅ​ពេល​ដែល​បក្ស​នេះ​គ្មាន​អ្នក​ដឹកនាំ​រឹងមាំ​ជាបង្គោល ហើយ​ថា​ជា​ការជ្រោមជ្រែង​ដំណើរ​ការ​បក្ស​​នេះ​​ឡើង​វិញ។

បើទោះ​ជា​យ៉ាង​ណា​ក្ដី លោក សម រង្ស៊ី ថ្លែង​ជា​ញឹកញយ​ហើយ​ថា ការ​ពុំ​មែន​ជា​ការ​បែក​បាក់​ទេ គឺ​លោក នៅ​តែ​ប្រកាន់​យក​គោលការណ៍ កឹម សុខា និង សម រង្ស៊ី គឺ​តែ​មួយ៖ «អ្វី​ដែល​ សម រង្ស៊ី នឹង​ធ្វើ​ដូចអ្វី​ដែល​ កឹម សុខា បាន​ធ្វើ​គឺថា​ទី១​ប្រឆាំង​ ហ៊ុន ​សែន ក្បត់ជាតិ ទី២​អត់ខ្លាច​ការសំឡុតពី​ ហ៊ុន សែន ទី៣ អត់​ចង់បាន​លុយ​ ហ៊ុន សែន​អត់ចង់​បាន​តំណែង​ថោកទាបពី ​ហ៊ុន សែន ទេ»។

ទាក់ទិន​នឹង​ទស្សនៈ​នៃ​ការរួមគ្នា​ក្នុង​ផ្ទៃ​ក្នុង​បក្ស​នេះ លោក កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះជាតិ កាល​លោក​នៅ​មាន​សេរីភាព លោក​បាន​ទទួល​ស្គាល់​ថា ភាព​រឹងមាំ ការ​កើន​ឡើង​នូវ​ប្រជាប្រិយភាព និង​ជោគជ័យ​របស់​គណបក្ស​ប្រឆាំង​អាច​សម្រេច​បាន​ គឺ​មាន​តែ​ការរួបរួម​គ្នា​រវាង​គណបក្ស​ទាំង​២ គឺ សម​ រង្ស៊ី និង​សិទ្ធិ​មនុស្ស។​ ពោល​គឺ​ ការ​រួម​គ្នា​រវាង សម រង្ស៊ី និង កឹម សុខា។ លោក​ក៏​ផ្ដាំ​ផ្ញើ​អោយ​សមាជិក និង​អ្នកគាំទ្រ​​ឲ្យ​​ត្រៀមខ្លួន​ ចំពោះការព្យាយាម​បំបែកបំបាក់​ពី​គណបក្ស​កាន់​អំណាច៖ «បងប្អូន​ជ្រាប​ហើយ​ថា​មាន​អ្វី​ដែល ​បងប្អូនមើល​អោយ​ដិត​ដល់ ហើយ​ថា​លទ្ធផល​នៃ ការ​ងើបឈរឡើង​របស់​ប្រជា​ពលរដ្ឋខ្មែរ​ ដែល​គាំទ្រ​គណបក្ស​សង្គោ្រះជាតិ ដោយ​សារ​អី? ដោយសារ​ការ​រួបរួម​គ្នា។​គឺ​បើ​អត់​មាន​ការរួបរួមគ្នា​រវាង សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​ទេ គ្មាន​ថ្ងៃ​ហ្នឹង​ទេ​គ្មាន​ប្រជា​រាស្រ្ត​ក្រោកឈរទូទាំង​ប្រទេស​ទេ​។ គណបក្ស​អំណាច​ភ័យខ្លាចជាងគេ​គឺ​បញ្ហាបង្រួបបង្រួមនេះ។ បើសិនណា​ពួកយើង​ខ្ញុំ​គ្រាន់តែមាន​ទស្សនៈនយោបាយខុសគ្នា​​បែកបាក់គ្នា​ដោយ​សារ​​រឿង​ហ្នឹង យើងចាញ់​មុន​ប្រយុទ្ធ។ ពួកយើង​ខ្ញុំ​ សុខចិត្ត​អត់​ធ្មត់ សុខចិត្តលេបគ្រួស​លេបថ្មបន្ត​ការរួបរួម​នេះ​អោយរឹង​មាំ មិន​អោយ​ចាញ់​កលល្បិច របស់​ពួក​កាន់អំណាច​ផ្ដាច់ការឡើយ»។

ទស្សនៈ​របស់​អ្នក​នយោបាយ​ប្រឆាំង​ទាំង ​២​រូប​នេះ​ក៏​មិន​ខុស​ពី​ការ​លើក​ឡើង​របស់​អ្នកវិភាគ​នយោបាយ ដែល​មើល​ឃើញ​ថា ល្គិកណា​តែ​អ្នក​ទាំង​ ២​នេះ​បែកបាក់ នោះ​នឹង​នាំ​អោយ​ជីវិត​នយោបាយ​ពួកគេ​ពិបាក​នឹង​បាន​ជោគជ័យ៕

1 comment:

Anonymous said...

Ah Ong Ya Kong Korm, his sons, and Ah Chrouk Mao Monivann became a piece of shit after they have responded favorably to Ah Prett Hun Sen's appeal for the CNRP's MPs to beg for pardon from him.