ដោយ សុ ជីវី
2018-12-21
rfa

ប្រធានគណបក្ស សម រង្ស៊ី លោក គង់ គាំ ថ្លែងក្នុងពិធីរំឭកខួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លើកទី២៤ នាទីស្នាក់ការគណបក្សសង្គ្រោះជាតិ ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៣ តុលា ឆ្នាំ២០១៥។
RFA/Brach Chev
អតីតប្រធានគណបក្ស សម រង្ស៊ី គង់ គាំ នៅតែបន្តលើកឡើងថា សម្ព័ន្ធភាពនៃមេដឹកនាំគណបក្សសង្រ្គោះជាតិគឺរវាងលោក សម រង្ស៊ី និងលោក កឹម សុខា រង្គោះរង្គើកាន់តែខ្លាំង ហើយក៏នាំអោយមានការបែកបាក់។ អតីតមន្រ្តីដដែលនោះអះអាងថា ការបែកបាក់នោះបង្ហាញតាមទង្វើរបស់មនុស្សក្នុងបក្ស ដែលបែងចែងជា ២ក្រុមរួចទៅហើយ រួមនឹងការងាកមកដឹកនាំបក្សនេះឡើងវិញរបស់លោក សម រង្ស៊ី។ ការលើកឡើងនេះត្រូវរិះគន់ថា ធ្វើដើម្បីប្រយោជផ្ទាល់ខ្លួន នៅពេលដែលលោក សម រង្ស៊ី នៅតែអះអាងដដែលៗ ថា លោក និងលោក កឹម សុខា គឺតែមួយ។ ចំណែក លោក កឹម សុខា វិញកាលលោកនៅមានសេរីភាពក៏លើកឡើងថា ការរួមគ្នាតែ១ គឺជាកម្លាំង ដែលនាំទៅរកជោគជ័យ។
លោក គង់ គាំ ប្រាប់អាស៊ីសេរីថា សញ្ញានៃការបែកបាក់គ្នារវាង សម រង្ស៊ី និង កឹម សុខា គឺបង្ហាញតាមរយៈទង្វើរបស់លោក សម រង្ស៊ី និងក្រុមអ្នកគាំទ្រលោក កឹម សុខា។ លោកបន្តថា តាមការសង្កេតរបស់លោកកត្តាចម្បងនៃការបែកបាក់គ្នានោះគឺការវិលទៅដឹកនាំគណបក្សសង្រ្គោះជាតិ ក្នុងឋានៈជាប្រធានស្ដីទី ដោយពុំមានការយល់ស្របពីក្រុមម្ខាងទៀតគឺក្រុមអ្នកគាំទ្រ លោក កឹម សុខា។ លោកថាការសម្រេចរបស់ក្រុមលោក សម រង្ស៊ី ត្រូវបានរិះគន់ពីក្រុមម្ខាងទៀតដែលគាំទ្រលោក កឹម សុខា រួមទាំងកូនស្រីរបស់លោក គឺកញ្ញា កឹម មនោវិទ្យា៖ «អ្វីដែលធ្វើបន្ទាប់មកទៀត គឺវេទិកាសាធារណៈ នៅប្រទេសបារាំងក៏នៅតែខ្វែងគំនិតគ្នាដែរ ដូច្នេះគឺចាប់តាំងពីការដាក់ កឹម សុខា ជាវត្ថុភ្នាល់ជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មកគឺខ្ញុំសន្និដ្ឋានមិនខុសទេថា អ្នកទាំង២មិនរួមគ្នាទៀតទេ»។
ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មានថេរដីកា ថាការព្យាយាមលើកឡើងពីការបែកបាក់រវាង សម រង្ស៊ី និង កឹម សុខា គឺដើម្បីតែប្រយោជន៍បុគ្គល សម្រាប់អ្នកនយោបាយដែលតែងបត់បែនចុះឡើងដោយមើលឃើញតែប្រយោជន៍ជាធំ៖ «អាត្មាមិននិយាយថាបក្សចាស់ទេ ប៉ុន្តែអាត្មានិយាយថាក្រោលចាស់ពីព្រោះ គង់ គាំ ជាក្របីចាស់ព្រោះត្រូវវិលទៅក្រោលចាស់របស់ខ្លួន ព្រោះអតីតភាពរបស់គាត់ គឺពាក់កណ្ដាលជីវិតរបស់កាត់កឺមានបទពិសោធន៍ សិក្សារៀនសូត្រជាមួយពួកកុម្មុយនិស្ត។ រីឯការវិលមកចូលរួមជាមួយអាជីពជាមួយអ្នកប្រជាធិបតេយ្យគ្រាន់តែជាការំកិលរកទីតំាងរកផលប្រយោជន៍តែប៉ុណ្ណោះ ហើយការវិលចូលទៅរកក្រោលចាស់របស់គាត់នេះ គឺដើម្បីការពារផលប្រយោជន៍របស់គាត់ដែរ។ បើយើងប្រៀបធៀបជាទូទៅក្របីត្រពាំងណាមានពើកវាទៅស៊ីត្រពាំងហ្នុងហើយ»។
ស្ថាបនិកគណបក្សប្រឆាំងលោក សម រង្ស៊ី ត្រូវបានសន្និបាទពិភពលោកនៃក្រុមអ្នកគាំទ្រគណបក្សសង្រ្គោះជាតិនៅក្រៅប្រទេស កាលពីចុងខែវិច្ឆិកាកន្លងទៅ ជ្រើសរើសឲ្យធ្វើជាប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ នៅពេលដែលប្រធានគណបក្សនេះគឺលោក កឹម សុខា កំពុងជាប់ឃុំនៅក្នុងផ្ទះ ដែលគណបក្សនេះពិពណ៌នាថា លោក កឹម សុខា កំពុងឋិតជាចំណាប់ខ្មាំងរបស់មេដឹកនាំរបបក្រុងភ្នំពេញ គឺលោក ហ៊ុន សែន។ ប៉ុន្តែការវិលមករកតួនាទីគ្រប់គ្រងបក្សឡើងវិញនេះ រងការរិះគន់ថា មិនបានធ្វើឲ្យស្របតាមច្បាប់ផ្ទៃក្នុងបក្ស ឬថាជាការដណ្ដើមអំណាចក្នុងបក្ស ហើយនាំឲ្យមានការបែកបាក់។ ប៉ុន្តែក៏មានការវិភាគថាការណ៍នេះត្រឹមត្រូវនៅពេលដែលបក្សនេះគ្មានអ្នកដឹកនាំរឹងមាំជាបង្គោល ហើយថាជាការជ្រោមជ្រែងដំណើរការបក្សនេះឡើងវិញ។
បើទោះជាយ៉ាងណាក្ដី លោក សម រង្ស៊ី ថ្លែងជាញឹកញយហើយថា ការពុំមែនជាការបែកបាក់ទេ គឺលោក នៅតែប្រកាន់យកគោលការណ៍ កឹម សុខា និង សម រង្ស៊ី គឺតែមួយ៖ «អ្វីដែល សម រង្ស៊ី នឹងធ្វើដូចអ្វីដែល កឹម សុខា បានធ្វើគឺថាទី១ប្រឆាំង ហ៊ុន សែន ក្បត់ជាតិ ទី២អត់ខ្លាចការសំឡុតពី ហ៊ុន សែន ទី៣ អត់ចង់បានលុយ ហ៊ុន សែនអត់ចង់បានតំណែងថោកទាបពី ហ៊ុន សែន ទេ»។
ទាក់ទិននឹងទស្សនៈនៃការរួមគ្នាក្នុងផ្ទៃក្នុងបក្សនេះ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ កាលលោកនៅមានសេរីភាព លោកបានទទួលស្គាល់ថា ភាពរឹងមាំ ការកើនឡើងនូវប្រជាប្រិយភាព និងជោគជ័យរបស់គណបក្សប្រឆាំងអាចសម្រេចបាន គឺមានតែការរួបរួមគ្នារវាងគណបក្សទាំង២ គឺ សម រង្ស៊ី និងសិទ្ធិមនុស្ស។ ពោលគឺ ការរួមគ្នារវាង សម រង្ស៊ី និង កឹម សុខា។ លោកក៏ផ្ដាំផ្ញើអោយសមាជិក និងអ្នកគាំទ្រឲ្យត្រៀមខ្លួន ចំពោះការព្យាយាមបំបែកបំបាក់ពីគណបក្សកាន់អំណាច៖ «បងប្អូនជ្រាបហើយថាមានអ្វីដែល បងប្អូនមើលអោយដិតដល់ ហើយថាលទ្ធផលនៃ ការងើបឈរឡើងរបស់ប្រជាពលរដ្ឋខ្មែរ ដែលគាំទ្រគណបក្សសង្គោ្រះជាតិ ដោយសារអី? ដោយសារការរួបរួមគ្នា។គឺបើអត់មានការរួបរួមគ្នារវាង សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សទេ គ្មានថ្ងៃហ្នឹងទេគ្មានប្រជារាស្រ្តក្រោកឈរទូទាំងប្រទេសទេ។ គណបក្សអំណាចភ័យខ្លាចជាងគេគឺបញ្ហាបង្រួបបង្រួមនេះ។ បើសិនណាពួកយើងខ្ញុំគ្រាន់តែមានទស្សនៈនយោបាយខុសគ្នាបែកបាក់គ្នាដោយសាររឿងហ្នឹង យើងចាញ់មុនប្រយុទ្ធ។ ពួកយើងខ្ញុំ សុខចិត្តអត់ធ្មត់ សុខចិត្តលេបគ្រួសលេបថ្មបន្តការរួបរួមនេះអោយរឹងមាំ មិនអោយចាញ់កលល្បិច របស់ពួកកាន់អំណាចផ្ដាច់ការឡើយ»។
ទស្សនៈរបស់អ្នកនយោបាយប្រឆាំងទាំង ២រូបនេះក៏មិនខុសពីការលើកឡើងរបស់អ្នកវិភាគនយោបាយ ដែលមើលឃើញថា ល្គិកណាតែអ្នកទាំង ២នេះបែកបាក់ នោះនឹងនាំអោយជីវិតនយោបាយពួកគេពិបាកនឹងបានជោគជ័យ៕
1 comment:
Ah Ong Ya Kong Korm, his sons, and Ah Chrouk Mao Monivann became a piece of shit after they have responded favorably to Ah Prett Hun Sen's appeal for the CNRP's MPs to beg for pardon from him.
Post a Comment