ដោយ ទីន ហ្សាការីយ៉ា
2019-01-01

អ្នកឃ្លាំមើលបញ្ហានយោបាយ និងសង្គម លោកបណ្ឌិត មាស នី (ឆ្វេង) និង លោក គឹម សុខ។ RFA
Photo: RFA
អ្នកវិភាគលើកឡើងផ្ទុយពីមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ដែលចោទលោក សម រង្ស៊ី ជាមនុស្សកំសាក មិនហ៊ានចូលស្រុកនោះថា ជារឿងមិនពិតឡើយ ផ្ទុយទៅវិញ អ្នកដែលភ័យខ្លាចនោះ គឺគណបក្សកាន់អំណាចទៅវិញទេ ដែលភ័យខ្លាចវត្តមានលោក សម រង្ស៊ី វិលចូលស្រុក។ បញ្ហានេះហើយ ដែលមេដឹកនាំរបបក្រុងភ្នំពេញ គំរាមចាប់ខ្លួនលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្ស សង្រ្គោះជាតិ ម្ដងហើយម្ដងទៀតនោះ។
ក្រុមអ្នកវិភាគលើកឡើងថា វត្តមានរបស់លោក សម រង្ស៊ី នៅក្នុងប្រទេសកម្ពុជា នឹងធ្វើឲ្យមេដឹកនាំគណបក្សកាន់អំណាចបច្ចុប្បន្ននឹងបាត់បង់អំណាច បើសិនជាបើកឲ្យមានការបោះឆ្នោតត្រឹមត្រូវ និងយុត្តិធម៌នោះ។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោក បណ្ឌិត មាស នី មានប្រសាសន៍កាលពីថ្ងៃទី៣១ ធ្នូថា ថ្វីដ្បិតតែលោក សម រង្ស៊ី មិនសូវមានវត្តមាននៅក្នុងប្រទេស ក៏ប៉ុន្តែមេដឹកនាំគណបក្សប្រឆាំងរូបនេះ នៅតែមានអ្នកគាំទ្រច្រើន ពិសេស ការមិនបែកបាក់សម្ព័ន្ធមិត្តជាមួយលោក កឹម សុខា ក៏កាន់តែធ្វើឲ្យបក្សប្រឆាំងមានប្រជាប្រិយភាព និងធ្វើឲ្យគណបក្សកាន់អំណាចបច្ចុប្បន្នភ័យខ្លាច៖ «»។
លោក សុខ ឥសាន្ត បានសរសរនៅលើប្រព័ន្ធតេឡេហ្រ្គាម (Telegram) របស់លោក កាលថ្ងៃទី៣១ ធ្នូ ដោយហៅលោក សម រង្ស៊ី ថា ជាមនុស្សកំសាក នឹងមិនហ៊ានចូលស្រុកឡើយ។ លោក សុខ ឥសាន បានដាក់ជាសំណួរថា តើនឹងមានអ្វីកើតឡើង បើសិនជាលោក សម រង្ស៊ី ចូលស្រុក?
លោក សុខ ឥសាន បានឆ្លើយនឹងសំណួរនេះពីរចំណុច គឺទី១ លោក សម រង្ស៊ី មិនហ៊ានអើតក្បាលចូលស្រុកទេ ដោយសារជាមនុស្សកំសាក និយាយបោកបញ្ឆោតអ្នកគាំទ្រខ្លួនយក តែរួចខ្លួនមួយពេលៗ ដូចធ្លាប់ភូតកុហកច្រើនដងនាពេលកន្លងមក ហើយចោទលោក សម រង្ស៊ី ថា ជាមនុស្សខ្លាច ភូតកុហក។
ទី២ លោក សុខ ឥសាន បញ្ជាក់ថា លោក សម រង្ស៊ី ប្រថុយចូលមកក្នុងស្រុកនោះ គឺដោយនឹកគិតថា នឹងមានប្រជាជនច្រើនមកស្វាគមន៍ នឹកគិតថា នឹងមានបរទេសជួយឈឺឆ្អាលខ្លួន មានបាតុកម្មធំគាំទ្រ ដើម្បីយកអំណាចឲ្យខ្លួន។ លោកអះអាងថា លោក សម រង្ស៊ី គិតដូច្នេះ ទើប លោកហ៊ានចូលមកក្នុងស្រុក។ តែលោក សុខ ឥសាន អះអាងថា គ្មានបរទេសណាចេញមុខឈឺឆ្អាលជាមួយ សម រង្ស៊ី ឡើយ។ យ៉ាងច្រើនអាចនឹងមានមតិពីអ្នកវិភាគខ្លះប៉ុណ្ណ្ណោះ។
ទោះជាយ៉ាងនេះក្ដី លោក សម រង្ស៊ី បានប្ដេជ្ញាចិត្តថា លោកនឹងវិលចូលកម្ពុជាវិញនៅក្នុងខែមិនា ឆ្នាំ២០១៩ ខាងមុខ ហើយលោកថែមទាំងបានភ្នាល់ជាមួយលោក ហ៊ុន សែន ទៀត អំពីផែនការវិលចូលស្រុកវិញនេះ។ លោក សម រង្ស៊ី ក៏លើកឡើងដែរថា លោក ហ៊ុន សែន ភ័យខ្លាចស្លន់ស្លោ និងព្រួយបារម្ភអំពីវត្តមានរបស់លោកទៅកម្ពុជាវិញ ដែលនឹងធ្វើឲ្យរង្គោះរង្គើអំណាចរបស់ក្រុមមេដឹកនាំកុម្មុយនិស្តផ្ដាច់ការ។
ឆ្លើយតបនឹងការលើកឡើងនេះ លោក សុខ ឥសាន បានអះអាងថា មហាជនទូទៅ មានការងឿងឆ្ងល់ថា បើលោក ហ៊ុន សែន ភ័យស្លន់ស្លោលោក សម រង្ស៊ី និយាយមែននោះ វាជាឱកាសល្អសម្រាប់លោក សម រង្សី ហើយក្នុងការវិលចូលទៅកម្ពុជាវិញ នៅដើមឆ្នាំ២០១៩ នេះ ឬអាចចូលមុនដាច់ឆ្នាំ២០១៨ ក៏បាន។
លោក សុខ ឥសាន អះអាងថា មហាជននៅទូទាំងប្រទេសរង់ចាំមើលលោក សម រង្សី ហ៊ានចូលទៅក្នុងប្រទេសកម្ពុជានាពេលឆាប់ៗ ខាងមុខ តាមការប្រកាសរបស់ខ្លួនដែរ ឬយ៉ាងណា។ ផ្ទុយទៅវិញ បើសិនជាមិនឃើញវត្តមានលោក សម រង្ស៊ី ទេ ដើមឆ្នាំថ្មីនេះ អាចចាត់ទុកលោក សម រង្ស៊ី មិនមែនជាមនុស្សទេ បានតែនិយាយចោល ហើយគ្មានការទទួលខុសត្រូវ។
នៅទន្ទឹមនឹងនេះ ទាំងលោក សុខ ឥសាន ទាំងចៅហ្វាយនាយរបស់លោក គឺលោក ហ៊ុន សែន បានគំរាមថា នៅពេលលោក សម រង្ស៊ី ទៅដល់កម្ពុជាសមត្ថកិច្ចនឹងចាប់វ៉ៃខ្នោះភ្លាមមិនបង្អង់យូរ ហើយបញ្ជូនទៅដាក់នៅពន្ធនាគារណាមួយក្នុងប្រទេស។ លោក ហ៊ុន សែន ដែលកាលពីមុនធ្លាប់ ហាមមិនឲ្យក្រុមហ៊ុនអាកាសចរណ៍ដឹកលោក សម រង្ស៊ី វិលចូលស្រុកវិញនោះ បែរជាឥឡូវបានអំពាវនាវឲ្យក្រុមហ៊ុនអាកាសចរណ៍ដឹកលោក សម រង្ស៊ី ចូលស្រុកវិញ តែលោកគំរាមថា ដល់កម្ពុជាពេលណាកងកម្លាំងលោក នឹងទៅចាំនាំខ្លួននៅពេលនោះ៖ «»
អ្នកវិភាគនយោបាយ លោក គឹម សុខ លើកឡើងថាការប្រកាសរបស់លោក ហ៊ុន សែន នេះ ជាការបង្ហាញឲ្យឃើញកាន់តែច្បាស់ថា លោក ហ៊ុន សែន កំពុងតែភ័យខ្លាច លោក សម រង្ស៊ី វិល ចូលស្រុកវិញ។ លោក គឹម សុខ បញ្ជាក់ថា លោក ហ៊ុន សែន ប្រកាសបែបនេះ គឺជាការប្រកាស ដើម្បីបន្លំប្រជាពលរដ្ឋ និងបន្លាចលោក សម រង្ស៊ី តែប៉ុណ្ណោះ៖ «»
លោក បណ្ឌិត មាស នី បន្ថែមថា ពន្យល់ថា ចំពោះវត្តមានលោក សម រង្ស៊ី វិលចូលស្រុកវិញ ហើយអាជ្ញាធរចាប់ខ្លួននោះ មិនមែនជារឿងសំខាន់ទេ ប៉ុន្តែសំខាន់នយោបាយនៅកម្ពុជាខុសពីនៅប្រទេសភូមា ដែលមេដឹកនាំយោធាធ្លាប់បានចាប់ខ្លួនមេបក្សប្រឆាំងឃុំខ្លួននៅក្នុងផ្ទះនោះ ព្រោះថា កម្ពុជាអាចមានប្រទេសទីបីនៅក្រោយខ្នង ដែលនឹងធ្វើអាយុជីវិតរបស់លោក សម រង្ស៊ី ស្ថិតនៅក្នុងស្ថានភាពផុយស្រួយ៖ «»
អ្នកវិភាគអះអាងថា របបក្រុងភ្នំពេញបានសម្ពោធវិមានឈ្នះឈ្នះ សម្រាប់ជាកាដូឆ្នាំថ្មីនេះ គ្មានន័យអ្វីសម្រាប់ប្រជាពលរដ្ឋជាទូទៅ និងជានិមិត្តរូបនៃសន្តិភាពពិតប្រាកដឡើយ ខណៈពលរដ្ឋកំពុងរស់នៅក្នុងប្រទេសដែលកំពុងមានការគាបសង្កត់រឹតត្បិតសិទ្ធិសេរីភាព ហើយសន្តិភាពពុំមែនមានន័យថា ប្រទេសគ្មានសង្គ្រាមដូចដែលមេដឹកនាំរបបលោក ហ៊ុន សែន អះអាងឡើយ ពីព្រោះថា មេដឹកនាំបច្ចុប្បន្នមិនអាចធ្វើឲ្យមានការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ ដែលការបែកបាក់នេះ បានបន្តពីមួយជំនាន់ទៅមួយជំនាន់ ហើយក្រុមអ្នកឈ្នះនោះ មានតែក្រុមមនុស្សមួយក្រុម គឺក្រុមនៃមេដឹកនាំគណបក្សកាន់អំណាច មិនមែនឈ្នះតំណាងឲ្យប្រជាជាតិទាំងមូលឡើយ៕
No comments:
Post a Comment