ដោយ មួង ណារ៉េត
2019-01-02
rfa

រូបភាពលោក សម រង្ស៊ី (អាវសពីស្ដាំទីពីរ) ថតជាមួយអាជីវករតាមផ្សារ ដែលបង្ហោះក្នុងហ្វេសប៊ុក (Facebook) នៅដើមឆ្នាំ២០១៩។
Photo courtesy of Sam Rainsy Facebook
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ចាប់ផ្ដើមទំព័រឆ្នាំថ្មី ដោយបង្ហោះរូបភាពរំលឹកអនុស្សាវរីយ៍ចាស់ ពេលដែលលោកចុះជួបអ្នកគាំទ្រនៅកម្ពុជា ដោយសរសេរសារអមជាមួយថាលោកជឿជាក់ថា លោកនឹងបានជួបពលរដ្ឋខ្មែរ នៅស្រុកខ្មែរ នៅឆ្នាំ២០១៩ នេះ។ នៅក្នុងសារលើទំព័រហ្វេសប៊ុក (Facebook) របស់លោក កាលពីថ្ងៃទី១ ខមករា អមដោយរូបភាពប្រាំមួយសន្លឹក ដែលបង្ហាញថាលោក ចុះសួរសុខទុក្ខពលរដ្ឋខ្មែរតាមផ្សារ លោក សម រង្ស៊ី បញ្ជាក់បំណងនៃការបង្ហោះរូបភាពទាំងនោះ ថាជាការរម្លឹកពីការសប្បាយ ជួបជុំគ្នាជាមួយជនរួមជាតិខ្មែរ នាពេលកន្លងមក។
លោក សម រង្ស៊ី បានប្ដេជ្ញានៅមុនដាច់ឆ្នាំចាស់ ថាលោកនឹងវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ ក្នុងឆ្នាំ២០១៩ នេះ ព្រោះលោកថា កម្ពុជាគឺជាមាតុភូមិរបស់លោក និងប្រជាពលរដ្ឋខ្មែរទូទៅ មិនមែនជាកម្មសិទ្ធិផ្ដាច់មុខរបស់លោក ហ៊ុន សែន និងក្រុមគ្រួសារត្រកូលហ៊ុន និងបក្សពួកអ្នកកាន់អំណាចនោះឡើយ។
ទោះជាយ៉ាងនេះក្តី ការប្រកាសថា នឹងវិលត្រឡប់ទៅប្រទេសកម្ពុជាវិញរបស់លោក សម រង្ស៊ី នេះ ទទួលបានការស្វាគមន៍ភ្លាមៗដែរពីលោក ហ៊ុន សែន និងមន្ត្រីរបបនេះ ប៉ុន្តែ មិនមែនស្វាគមន៍ក្នុងន័យរាក់ទាក់ស្មោះសទេ តែស្វាគមន៍ក្នុងន័យចងអាឃាត ដោយលោក ហ៊ុន សែន ក៏ប្ដេជ្ញាដែរ ថាឲ្យតែលោក សម រង្ស៊ី មកពេលណា ខ្នោះ និងគុក នឹងស្វាគមន៍លោកពេលនោះដែរ។
អ្នកវិភាគថា គំនិតចងអាឃាតគ្នាបែបនេះ គឺផ្ទុយពីអ្វីដែលអ្នកនយោបាយ តែងតែអះអាងថា នឹងប្រកាន់ខ្ជាប់វប្បធម៌ផ្សះផ្សា និងបង្រួបបង្រួមជាតិ៕
No comments:
Post a Comment