Saturday, 12 January 2019

"របប​ភ្នំពេញ​យីអ៊ុន​ដាក់​អារក្ខ​ជាន់​ដោយសារ​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ"


ដោយ មួង ណារ៉េត
2019-01-10 

អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​រដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៤។
អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​រដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៤។
RFA



អ្នកវិភាគ​ថា របប​លោក ហ៊ុន សែន កំពុង​យីអ៊ុន​ដាក់​អារក្ខ​ជាន់ ដោយសារ​រំលោភ​សិទ្ធិ​មនុស្ស និង បំផ្លាញ​ប្រជាធិបតេយ្យ ក្រោយ​សមាជិក​ព្រឹទ្ធសភា​អាមេរិក ស្នើ​ច្បាប់​ផ្ដាច់ការ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា ស្រប​ពេល​សហគមន៍​អឺរ៉ុប គ្រោង​នឹង​ដក​ការ​អនុគ្រោះ​ពន្ធ​លើ​សំលៀកបំពាក់ នៅ​ដើម​ឆ្នាំនេះ។ ប៉ុន្តែ មន្ត្រី​នាំ​ពាក្យ​របប​នេះ ថា​ការ​ដាក់​ទណ្ឌកម្ម​ណាមួយ​របស់​សហរដ្ឋអាមេរិក នឹង​ធ្វើ​ឲ្យ​អាមេរិក​អាម៉ាស់ និង​ឯកោ​ទៅវិញ​ទេ។

អ្នកវិភាគ​ឯករាជ្យ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ ចាត់​ទុក​ស្ថានភាព​ស៊យ​ជាន់​ស៊យ​របស់​របប​លោក ហ៊ុន សែន បែបនេះ គឺ​មិនមែន​ជា​សំណាងអាក្រក់ ដែល​កើតឡើង​ដោយ​ចៃដន្យ​នោះ​ទេ ប៉ុន្តែ ជា​ផលកម្ម​នៃ​អំពើ​របស់​របប​នេះ ដែល​បាន​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ និង​នៅតែ​មិន​ព្រម​ស្តារ​ស្ថានការណ៍​អាក្រក់​នេះ ឲ្យ​វិល​ទៅ​រក​សភាព​ដើម​វិញ៖ «ឥឡូវនេះ​គឺ​យីអ៊ុន​យើង​ដាក់ អារក្ខ​កាន់តែ​ធ្វើ​ថែម​ទៅទៀត​ទៅ។ អាហ្នឹង​មិនមែន​កំហុស​គេ​ទេ គឺ​កំហុស​យើង​ទេ»។



លោក​បណ្ឌិត​បន្ត​ថា ទាំង​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប សុទ្ធតែ​បាន​បញ្ជាក់​ជំហរ​របស់​ខ្លួន​ច្បាស់លាស់​ទៅ​ហើយ​ថា ពួកគេ​ទាមទារ​ឲ្យ​កម្ពុជា មាន​ការ​គោរព​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​គោរព​នីតិរដ្ឋ ឲ្យ​បាន​ត្រឹមត្រូវ។ ជាង​នេះ​ទៅ​ទៀត សហរដ្ឋអាមេរិក ដែល​ជា​ប្រទេស​ហត្ថលេខី​មួយ ក្នុង​ចំណោម​ប្រទេស​ហត្ថលេខី​ទាំង​១៩ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ផង​នោះ គឺ​មាន​កាតព្វកិច្ច​ក្នុង​ការ​ធានា ឲ្យ​មាន​សិទ្ធិមនុស្ស​ពេញលេញ​នៅ​កម្ពុជា។

ប្រតិកម្ម​របស់​លោក​បណ្ឌិត ឡៅ ម៉ុងហៃ ធ្វើឡើង​ក្រោយពី​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​ពីរ​រូប បាន​ស្នើ​ច្បាប់​ដក​ការ​អនុគ្រោះ​ពន្ធ​ពី​របប​លោក ហ៊ុន សែន។ សមាជិក​ព្រឹទ្ធសភា ពី​ខាង​គណបក្ស​សាធារណរដ្ឋ លោក ថិត គ្រូស (TED Cruz) និង​សមាជិក​ព្រឹទ្ធសភា មកពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក គ្រីស ឃូនស៍ (Chris Coons) កាលពី​ថ្ងៃ​ទី៩ ខែ​មករា បាន​ដាក់​សេចក្តី​ស្នើ​ច្បាប់​មួយ ស្ដីពី​ពាណិជ្ជកម្ម​កម្ពុជា​ឆ្នាំ​២០១៩ ដើម្បី​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ពិចារណា​ឡើងវិញ លើ​ការ​ផ្តល់​ការ​អនុគ្រោះ​ពន្ធ​ទូទៅ (​ឬGSP) ដល់​របប​លោក ហ៊ុន សែន។ ការ​ពិចារណា​ឡើងវិញ​នេះ រួមមាន ការ​ដក​ទាំងស្រុង ព្យួរ ឬ កាត់បន្ថយ​ការ​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ ដែល​ផ្ដល់​ដល់​កម្ពុជា ដោយសារតែ​របប​លោក ហ៊ុន សែន រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍ កាលពី​ថ្ងៃទី៩ ខែ​មករា​នោះ សមាជិក​ព្រឹទ្ធសភា លោក ថិត គ្រូស (TED Cruz) បញ្ជាក់​ថា សហរដ្ឋអាមេរិក ចង់​ឃើញ​កម្ពុជា​មាន​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស ទើប​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​បែបនេះ។ ប៉ុន្តែ លោក ហ៊ុន សែន បាន​កេងប្រវ័ញ្ច​ប្រព័ន្ធ​ការ​អនុគ្រោះ​ពន្ធ​នេះ។ លោក ថិត គ្រូស បន្ថែម​ថា ហ៊ុន សែន មិនបាន​បំពេញ​ទៅតាម​លក្ខខណ្ឌ​ជា​មូលដ្ឋាន នៃ​បទដ្ឋាន​សិទ្ធិ​ការងារ បំផ្លាញ​សុចរិត​ភាព​នៃ​ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា និង​ផ្ដេកផ្ដួល​ខ្លាំង​ទៅ​រក​ប្រទេស​ចិន​កុម្មុយនិស្ត។ លោក​បន្ត​ទៀត​ថា ប្រទេស​ដែល​បំផ្លាញ​ប្រជាធិបតេយ្យ និង​រំលោភ​បទដ្ឋាន​ការងារ និង​សិទ្ធិមនុស្ស​បែបនេះ មិន​សម​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​នេះ​តទៅទៀត។

ទោះបីជា​រង​ការរិះគន់​ជុំ​ទិស ពី​សហគមន៍​អន្តរជាតិ​ជុំវិញ​ការ​ធ្វើទុក្ខបុកម្នេញ​សំឡេង​ប្រឆាំង ដូចជា​ការ​ចាប់​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា ដាក់​ពន្ធនាគារ និង​បន្ត​ឃុំខ្លួន​ក្នុង​ផ្ទះ និង ការ​រម្លាយ​គណបក្សប្រឆាំង​រួចហើយ រៀបចំ​ការបោះឆ្នោត​ក្លែងក្លាយ​យ៉ាង​ណាក្តី ក៏​លោក ហ៊ុន សែន និង​របប​នេះ នៅតែ​គិត​ថា ខ្លួន​មិន​បាន​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​នោះ​ទេ។ មិនតែប៉ុណ្ណោះ លោក ហ៊ុន សែន ថែមទាំង​បន់​ផ្គើន​ឲ្យ​តែ​សហគមន៍​អន្តរជាតិ​កាត់ផ្ដាច់​ជំនួយ​ឲ្យ​ឆាប់​ថែម​ទៀត​ផង៖ «ហើយ​ខ្ញុំ​ស្វាគមន៍​ណាស់ ស្វាគមន៍​អាមេរិក​កាត់​ជំនួយ។ ហើយ​យក​ល្អ អំពាវនាវ​ឲ្យ​អាមេរិក​កាត់​ជំនួយ​ទាំងអស់​តែម្ដង។ ស្អី​ឡើង​កាត់​! ស្អី​ឡើង​កាត់​! កាត់​! កាត់​ទៅ កាត់​តែម្ដង​ទៅ​! ចាំបាច់​និយាយ​ច្រើន​ម្ល៉េះ?»។

ប៉ុន្តែ ការ​មិន​ចាំបាច់​និយាយ​ច្រើន​នេះ អ្នកវិភាគ​នយោបាយ និង​សង្គម លោក គឹម សុខ ថ្លែង​ថា សហរដ្ឋអាមេរិក បាន​បង្ហាញ​ច្បាស់​តាមរយៈ​សកម្មភាព​ជាក់ស្ដែង ជា​បន្តបន្ទាប់​រួចមក​ហើយ រួម​ទាំង​ការ​កាត់​ផ្តាច់​ជំនួយ​ទាំងស្រុង ដែល​ធ្លាប់តែ​ផ្ដល់​ដល់​គ.ជ.ប និង​ការ​ឈប់​ផ្ដល់​ជំនួយ​ដល់​របប​លោក ហ៊ុន សែន លើកលែងតែ​ជំនួយ​មនុស្សធម៌។ លោក គឹម សុខ បន្ថែម​ទៀត​ថា សេចក្ដី​ស្នើ​ច្បាប់​របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក ដែល​ស្នើ​ឲ្យ​ពិចារណា​ឡើងវិញ​នូវ​ប្រព័ន្ធ​ការ​អនុគ្រោះ​ពន្ធ​ទូទៅ ឬ GSP នេះ គឺ​បញ្ជាក់​កាន់តែ​ច្បាស់​ថា សហរដ្ឋអាមេរិក មិន​អត់ឱន​ចំពោះ​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​បែបនេះ​នោះ​ឡើយ៖ «ជាពិសេស​ចុងក្រោយ​នេះ វា​ជា​សញ្ញាណ​ថា ឥទ្ធិពល​នយោបាយ នៃ​សមាជិក​ព្រឹទ្ធសភា​អាមេរិក គឺ​នៅតែ​ផ្ដោត​លើ​ការ​ជំរុញ​ការ​ដាក់​ទណ្ឌកម្ម​ដដែល​ទេ ប្រសិនបើ​ក្រុម​លោក ហ៊ុន សែន មិន​ងាក​ទៅ​រក​ដំណើរការ​ប្រជាធិបតេយ្យ​វិញ​ទេ»។

សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប គឺជា​ទីផ្សារ​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​របស់​កម្ពុជា សម្រាប់​ការនាំចេញ​ផលិតផល​ក្នុងស្រុក ដែល​កម្ពុជា​ផលិត ក្នុង​នោះ​មាន​ដូចជា សំលៀកបំពាក់ ស្បែកជើង ផលិតផល​ធ្វើ​ពី​ស្បែក ប្លាស្ទិក ម្ហូបអាហារ និង​ផលិតផល​កសិកម្ម​ជាដើម។

ទាំង​សហរដ្ឋអាមេរិក និង​ទាំង​សហភាព​អឺរ៉ុប សុទ្ធតែ​បាន​ផ្តល់​ឲ្យ​ដល់​កម្ពុជា នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ឬ​ការ​មិន​គិត​ពន្ធ​នេះ។ សហរដ្ឋអាមេរិក ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា តាមរយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) តាំងពី​ឆ្នាំ១៩៩៧។ កម្ពុជា​ទទួល​បាន​ការ​មិន​យកពន្ធ​សរុប​តម្លៃ ៤០០​លាន​ដុល្លារ ពី​សហរដ្ឋអាមេរិក តាមរយៈ​ការ​អនុគ្រោះ​ពន្ធ​នេះ។ ចំណែក​ឯ​សហភាព​អឺរ៉ុប ក៏​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ តាមរយៈ​កម្មវិធី​អ្វីៗ​ទាំងអស់ លើកលែងតែ​អាវុធ (Everything But Arms, EBA) តាំងពី​ឆ្នាំ២០១២។ ក្នុង​មួយឆ្នាំៗ កម្ពុជា​ទទួល​បាន​ការ​មិន​យកពន្ធ សរុប​តម្លៃ​ជិត ៧០០​លាន​ដុល្លារ ពី​សហភាព​អឺរ៉ុប។

សហភាព​អឺរ៉ុប បាន​ជូនដំណឹង​ជា​ផ្លូវការ​ដល់​របប​លោក ហ៊ុន សែន តាំងពី​ដើម​ខែ​តុលា ឆ្នាំ២០១៨ ថា​នឹង​ដក​ការ​អនុគ្រោះ​ពន្ធ EBA នៅ​អំឡុង​ខែ មីនា​ឆ្នាំនេះ បើ​របប​លោក ហ៊ុន សែន មិន​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ។ ចំណែក​សហរដ្ឋអាមេរិក​វិញ នេះ​គឺ​លើកទីមួយ​ហើយ ដែល​សមាជិក​ព្រឹទ្ធសភា​អាមេរិក ចាប់ផ្ដើម​ធ្វើ​សេចក្ដី​ស្នើ​ច្បាប់ ដើម្បី​កាត់ផ្ដាច់​ការ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​នេះ​ដែរ បើ​របប​លោក ហ៊ុន សែន នៅតែ​មិន​ស្ដារ​ស្ថានភាព​បច្ចុប្បន្ន ឲ្យ​ប្រសើរ​ឡើងវិញ ទៅតាម​ការ​ចង់​បាន​របស់​អ្នក​និយម​ប្រជាធិបតេយ្យ និង​សហគមន៍​អន្តរជាតិ។

ទោះបី​លោក ហ៊ុន សែន ធ្លាប់​បក់ដៃ​ហៅ​ឲ្យ​អាមេរិក​ដាក់​ទណ្ឌកម្ម​ឆាប់ ប៉ុន្តែ​ក្រោយ​មាន​សេចក្ដី​ស្នើ​ច្បាប់​របស់​សមាជិក​ព្រឹទ្ធសភា​នេះ​ភ្លាម មន្ត្រី​នាំ​ពាក្យ​របប​លោក ហ៊ុន សែន គឺ​លោក ផៃ ស៊ីផាន មិន​ហ៊ាន​ផ្គើន​ឲ្យ​អាមេរិក​ប្រញាប់​ផ្ដាច់ការ​អនុគ្រោះ​ពន្ធ​ទេ។ ផ្ទុយទៅវិញ លោក​សង្ឃឹម​ថា អាមេរិក​នឹង​មិន​ហ៊ាន​ដាក់ទណ្ឌកម្ម​ទេ ព្រោះ​លោក​សម្អាង​ថា គោលនយោបាយ​របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល ត្រាំ (Donald Trump) គឺ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ដទៃ។ លោក ផៃ ស៊ីផាន លើកឡើង​បន្ថែម​ថា ការ​ដាក់​ទណ្ឌកម្ម​ណាមួយ​ទៅលើ​ប្រទេស​កម្ពុជា គឺ​គ្មាន​បាន​ប្រយោជន៍​អ្វី​ដល់​សហរដ្ឋអាមេរិក​នោះ​ឡើយ ព្រោះ​អាមេរិក​ពេលនេះ កំពុងតែ​រឹតចំណង និង កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ទូទៅ រួម​ទាំង​ប្រទេស​កុម្មុយនិស្ត ដូចជា​ប្រទេស​កូរ៉េខាងជើង​ផង។ លោក​ព្រមាន​ថា សហរដ្ឋអាមេរិក នឹង​ខ្មាស​គេ បើ​ហ៊ាន​ដក​ការ​អនុគ្រោះ​ពន្ធ​នេះ ពី​កម្ពុជា​មែន​នោះ៖ «ការ​ដាក់​ទណ្ឌកម្ម​នេះ គឺ​គ្មាន​បាន​ប្រយោជន៍​អ្វី​ទេ គ្រាន់តែ​ជា​ភាព​អាម៉ាស់ និង​ភាព​ឯកោ​របស់​អាមេរិក​តែប៉ុណ្ណោះ»។

ទោះបីជា​លោក ផៃ ស៊ីផាន មាន​សុទិដ្ឋិនិយម​បែបនេះ​ក្តី ក៏​កន្លងមក​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ក្រោម​ការដឹកនាំ​របស់​លោក Donald Trump បាន​ដាក់​ទណ្ឌកម្ម​របប​លោក ហ៊ុន សែន ជា​បណ្ដើរៗ​រួម​មក​ហើយ រួម​ទាំង​ការ​កាត់​ផ្តាច់​ជំនួយ​ទាំងស្រុង ដែល​ធ្លាប់​ផ្ដល់​ទៅ​គ.ជ.ប ការ​កាត់ផ្ដាច់​ជំនួយ​ទាំងស្រុង​ទៅ​របប​នេះ លើកលែងតែ​ជំនួយ​មនុស្សធម៌ ការ​បិទ​ទិដ្ឋាការ​ចំពោះ​មន្ត្រី​របប​លោក ហ៊ុន សែន និង​ការ​ដាក់​មន្ត្រី​របប​នេះ នៅ​ក្នុង​បញ្ជី​ខ្មៅ​ហាម​ចូល​សហរដ្ឋអាមេរិក និង​បង្កក​ទ្រព្យសម្បត្តិ​ជាដើម ដោយសារតែ​ការរំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​យ៉ាង​ធ្ងន់ធ្ងរ ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំ​ចុងក្រោយ​នេះ។

លោក គឹម សុខ ថា​ការ​ដាក់​ទណ្ឌកម្ម​លើ​របប​លោក ហ៊ុន សែន ដែល​រំលោភ​សិទ្ធិមនុស្ស និង បំផ្លាញ​ប្រជាធិបតេយ្យ មិនមែន​ជា​ការ​បំបាក់​មុខ​សហរដ្ឋអាមេរិក​ទេ តែ​ជា​ការ​លើកមុខ​លើក​មាត់​ប្រទេស​មហាអំណាច​ប្រជាធិបតេយ្យ​មួយ​នេះ​ទៅវិញ​។ លោក​បន្ថែម​ថា របប​លោក ហ៊ុន សែន ឯណោះ​ទៅវិញ​ទេ ដែល​រង​ការ​អាម៉ាស់ និង​ឯកោ​នោះ៖ «រឿង​ដែល​សំខាន់ គឺ​រឿង​អាមេរិក​ដែល​បន្ត​ផ្ដល់​ឲ្យ​ទេ ដែល​ប៉ះពាល់​ដល់​មុខមាត់​អាមេរិក។ ប្រសិនបើ​អាមេរិក​ដក ពេល​ដែល​ក្រុម​លោក ហ៊ុន សែន កំពុង​ធ្វើបាប​ពលរដ្ឋ​កម្ពុជា បិទ​សិទ្ធិ​សេរីភាព​ប្រជាធិបតេយ្យ​កម្ពុជា នោះ​គឺជា​កិត្តិយស​របស់​អាមេរិក»។

ស្រប​ពេល ដែល​សមាជិក​ព្រឹទ្ធសភា​អាមេរិក ស្នើ​ច្បាប់​ដក​ការ​អនុគ្រោះ​ពន្ធ​នេះ សមាជិក​រដ្ឋសភា​អាមេរិក​ឯណោះ ក៏​គ្រោង​នឹង​ស្នើ​ច្បាប់​ដាក់ទណ្ឌកម្ម​លើ​លោក ហ៊ុន សែន និង មន្ត្រី​របប​នេះ​សាជាថ្មី នៅ​ដើម​ឆ្នាំ២០១៩ នេះ​ដែរ។

អ្នកវិភាគ និង​មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស ធ្លាប់​បាន​ព្រមាន​របប​លោក ហ៊ុន សែន រួចហើយ​ថា បញ្ហា​យីអ៊ុន​ដាក់ អារក្ខ​ធ្វើ​នេះ នឹង​នៅតែ​លង​បន្លាច​របប​នេះ​តទៅទៀត ព្រោះ​មិន​អាច​គេច​ផុត​ពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​នោះ​ឡើយ បើ​លោក ហ៊ុន សែន នៅតែ​ចចេស​មិន​ព្រម​ស្ដារ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើងវិញ តាម​សំណូម​របស់​ពលរដ្ឋ​ខ្មែរ​ដែល​និយម​ប្រជាធិបតេយ្យ និង​សហគមន៍​អន្តរជាតិ​នោះ​ទេ៕

1 comment:

Anonymous said...

Sam Rainsy has challenged Hun Sen to charge him with the same treason charge currently charged against Kem Sokha. If Hun Sen is stupid enough to fall into Sam Rainsy's latest trap, he will be made a fool.

There is no evidence to convict Sam Rainsy. That's a brilliant move.