ដោយ មួង ណារ៉េត
2019-01-10

អ្នកនាំពាក្យនៃទីស្ដីការរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែងក្នុងសន្និសីទកាសែតនាទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៤។
RFA
អ្នកវិភាគថា របបលោក ហ៊ុន សែន កំពុងយីអ៊ុនដាក់អារក្ខជាន់ ដោយសាររំលោភសិទ្ធិមនុស្ស និង បំផ្លាញប្រជាធិបតេយ្យ ក្រោយសមាជិកព្រឹទ្ធសភាអាមេរិក ស្នើច្បាប់ផ្ដាច់ការអនុគ្រោះពន្ធពីកម្ពុជា ស្របពេលសហគមន៍អឺរ៉ុប គ្រោងនឹងដកការអនុគ្រោះពន្ធលើសំលៀកបំពាក់ នៅដើមឆ្នាំនេះ។ ប៉ុន្តែ មន្ត្រីនាំពាក្យរបបនេះ ថាការដាក់ទណ្ឌកម្មណាមួយរបស់សហរដ្ឋអាមេរិក នឹងធ្វើឲ្យអាមេរិកអាម៉ាស់ និងឯកោទៅវិញទេ។
អ្នកវិភាគឯករាជ្យលោកបណ្ឌិត ឡៅ ម៉ុងហៃ ចាត់ទុកស្ថានភាពស៊យជាន់ស៊យរបស់របបលោក ហ៊ុន សែន បែបនេះ គឺមិនមែនជាសំណាងអាក្រក់ ដែលកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែ ជាផលកម្មនៃអំពើរបស់របបនេះ ដែលបានរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ និងនៅតែមិនព្រមស្តារស្ថានការណ៍អាក្រក់នេះ ឲ្យវិលទៅរកសភាពដើមវិញ៖ «ឥឡូវនេះគឺយីអ៊ុនយើងដាក់ អារក្ខកាន់តែធ្វើថែមទៅទៀតទៅ។ អាហ្នឹងមិនមែនកំហុសគេទេ គឺកំហុសយើងទេ»។
លោកបណ្ឌិតបន្តថា ទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប សុទ្ធតែបានបញ្ជាក់ជំហររបស់ខ្លួនច្បាស់លាស់ទៅហើយថា ពួកគេទាមទារឲ្យកម្ពុជា មានការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងគោរពនីតិរដ្ឋ ឲ្យបានត្រឹមត្រូវ។ ជាងនេះទៅទៀត សហរដ្ឋអាមេរិក ដែលជាប្រទេសហត្ថលេខីមួយ ក្នុងចំណោមប្រទេសហត្ថលេខីទាំង១៩ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសផងនោះ គឺមានកាតព្វកិច្ចក្នុងការធានា ឲ្យមានសិទ្ធិមនុស្សពេញលេញនៅកម្ពុជា។
ប្រតិកម្មរបស់លោកបណ្ឌិត ឡៅ ម៉ុងហៃ ធ្វើឡើងក្រោយពីសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកពីររូប បានស្នើច្បាប់ដកការអនុគ្រោះពន្ធពីរបបលោក ហ៊ុន សែន។ សមាជិកព្រឹទ្ធសភា ពីខាងគណបក្សសាធារណរដ្ឋ លោក ថិត គ្រូស (TED Cruz) និងសមាជិកព្រឹទ្ធសភា មកពីខាងគណបក្សប្រជាធិបតេយ្យ លោក គ្រីស ឃូនស៍ (Chris Coons) កាលពីថ្ងៃទី៩ ខែមករា បានដាក់សេចក្តីស្នើច្បាប់មួយ ស្ដីពីពាណិជ្ជកម្មកម្ពុជាឆ្នាំ២០១៩ ដើម្បីឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ពិចារណាឡើងវិញ លើការផ្តល់ការអនុគ្រោះពន្ធទូទៅ (ឬGSP) ដល់របបលោក ហ៊ុន សែន។ ការពិចារណាឡើងវិញនេះ រួមមាន ការដកទាំងស្រុង ព្យួរ ឬ កាត់បន្ថយការផ្ដល់ការអនុគ្រោះពន្ធ ដែលផ្ដល់ដល់កម្ពុជា ដោយសារតែរបបលោក ហ៊ុន សែន រំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យធ្ងន់ធ្ងរ។
នៅក្នុងសេចក្ដីថ្លែងការណ៍ កាលពីថ្ងៃទី៩ ខែមករានោះ សមាជិកព្រឹទ្ធសភា លោក ថិត គ្រូស (TED Cruz) បញ្ជាក់ថា សហរដ្ឋអាមេរិក ចង់ឃើញកម្ពុជាមានប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ទើបផ្ដល់ការអនុគ្រោះពន្ធបែបនេះ។ ប៉ុន្តែ លោក ហ៊ុន សែន បានកេងប្រវ័ញ្ចប្រព័ន្ធការអនុគ្រោះពន្ធនេះ។ លោក ថិត គ្រូស បន្ថែមថា ហ៊ុន សែន មិនបានបំពេញទៅតាមលក្ខខណ្ឌជាមូលដ្ឋាន នៃបទដ្ឋានសិទ្ធិការងារ បំផ្លាញសុចរិតភាពនៃប្រព័ន្ធបោះឆ្នោតនៅកម្ពុជា និងផ្ដេកផ្ដួលខ្លាំងទៅរកប្រទេសចិនកុម្មុយនិស្ត។ លោកបន្តទៀតថា ប្រទេសដែលបំផ្លាញប្រជាធិបតេយ្យ និងរំលោភបទដ្ឋានការងារ និងសិទ្ធិមនុស្សបែបនេះ មិនសមទទួលបានការអនុគ្រោះពន្ធនេះតទៅទៀត។
ទោះបីជារងការរិះគន់ជុំទិស ពីសហគមន៍អន្តរជាតិជុំវិញការធ្វើទុក្ខបុកម្នេញសំឡេងប្រឆាំង ដូចជាការចាប់ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ដាក់ពន្ធនាគារ និងបន្តឃុំខ្លួនក្នុងផ្ទះ និង ការរម្លាយគណបក្សប្រឆាំងរួចហើយ រៀបចំការបោះឆ្នោតក្លែងក្លាយយ៉ាងណាក្តី ក៏លោក ហ៊ុន សែន និងរបបនេះ នៅតែគិតថា ខ្លួនមិនបានរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យធ្ងន់ធ្ងរនោះទេ។ មិនតែប៉ុណ្ណោះ លោក ហ៊ុន សែន ថែមទាំងបន់ផ្គើនឲ្យតែសហគមន៍អន្តរជាតិកាត់ផ្ដាច់ជំនួយឲ្យឆាប់ថែមទៀតផង៖ «ហើយខ្ញុំស្វាគមន៍ណាស់ ស្វាគមន៍អាមេរិកកាត់ជំនួយ។ ហើយយកល្អ អំពាវនាវឲ្យអាមេរិកកាត់ជំនួយទាំងអស់តែម្ដង។ ស្អីឡើងកាត់! ស្អីឡើងកាត់! កាត់! កាត់ទៅ កាត់តែម្ដងទៅ! ចាំបាច់និយាយច្រើនម្ល៉េះ?»។
ប៉ុន្តែ ការមិនចាំបាច់និយាយច្រើននេះ អ្នកវិភាគនយោបាយ និងសង្គម លោក គឹម សុខ ថ្លែងថា សហរដ្ឋអាមេរិក បានបង្ហាញច្បាស់តាមរយៈសកម្មភាពជាក់ស្ដែង ជាបន្តបន្ទាប់រួចមកហើយ រួមទាំងការកាត់ផ្តាច់ជំនួយទាំងស្រុង ដែលធ្លាប់តែផ្ដល់ដល់គ.ជ.ប និងការឈប់ផ្ដល់ជំនួយដល់របបលោក ហ៊ុន សែន លើកលែងតែជំនួយមនុស្សធម៌។ លោក គឹម សុខ បន្ថែមទៀតថា សេចក្ដីស្នើច្បាប់របស់សមាជិកព្រឹទ្ធសភាអាមេរិក ដែលស្នើឲ្យពិចារណាឡើងវិញនូវប្រព័ន្ធការអនុគ្រោះពន្ធទូទៅ ឬ GSP នេះ គឺបញ្ជាក់កាន់តែច្បាស់ថា សហរដ្ឋអាមេរិក មិនអត់ឱនចំពោះការរំលោភបំពានសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យបែបនេះនោះឡើយ៖ «ជាពិសេសចុងក្រោយនេះ វាជាសញ្ញាណថា ឥទ្ធិពលនយោបាយ នៃសមាជិកព្រឹទ្ធសភាអាមេរិក គឺនៅតែផ្ដោតលើការជំរុញការដាក់ទណ្ឌកម្មដដែលទេ ប្រសិនបើក្រុមលោក ហ៊ុន សែន មិនងាកទៅរកដំណើរការប្រជាធិបតេយ្យវិញទេ»។
សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប គឺជាទីផ្សារពាណិជ្ជកម្មដ៏ធំមួយរបស់កម្ពុជា សម្រាប់ការនាំចេញផលិតផលក្នុងស្រុក ដែលកម្ពុជាផលិត ក្នុងនោះមានដូចជា សំលៀកបំពាក់ ស្បែកជើង ផលិតផលធ្វើពីស្បែក ប្លាស្ទិក ម្ហូបអាហារ និងផលិតផលកសិកម្មជាដើម។
ទាំងសហរដ្ឋអាមេរិក និងទាំងសហភាពអឺរ៉ុប សុទ្ធតែបានផ្តល់ឲ្យដល់កម្ពុជា នូវប្រព័ន្ធអនុគ្រោះពន្ធ ឬការមិនគិតពន្ធនេះ។ សហរដ្ឋអាមេរិក ផ្ដល់ការអនុគ្រោះពន្ធដល់កម្ពុជា តាមរយៈប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) តាំងពីឆ្នាំ១៩៩៧។ កម្ពុជាទទួលបានការមិនយកពន្ធសរុបតម្លៃ ៤០០លានដុល្លារ ពីសហរដ្ឋអាមេរិក តាមរយៈការអនុគ្រោះពន្ធនេះ។ ចំណែកឯសហភាពអឺរ៉ុប ក៏ផ្ដល់ការអនុគ្រោះពន្ធ តាមរយៈកម្មវិធីអ្វីៗទាំងអស់ លើកលែងតែអាវុធ (Everything But Arms, EBA) តាំងពីឆ្នាំ២០១២។ ក្នុងមួយឆ្នាំៗ កម្ពុជាទទួលបានការមិនយកពន្ធ សរុបតម្លៃជិត ៧០០លានដុល្លារ ពីសហភាពអឺរ៉ុប។
សហភាពអឺរ៉ុប បានជូនដំណឹងជាផ្លូវការដល់របបលោក ហ៊ុន សែន តាំងពីដើមខែតុលា ឆ្នាំ២០១៨ ថានឹងដកការអនុគ្រោះពន្ធ EBA នៅអំឡុងខែ មីនាឆ្នាំនេះ បើរបបលោក ហ៊ុន សែន មិនស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ។ ចំណែកសហរដ្ឋអាមេរិកវិញ នេះគឺលើកទីមួយហើយ ដែលសមាជិកព្រឹទ្ធសភាអាមេរិក ចាប់ផ្ដើមធ្វើសេចក្ដីស្នើច្បាប់ ដើម្បីកាត់ផ្ដាច់ការអនុគ្រោះពន្ធពីកម្ពុជានេះដែរ បើរបបលោក ហ៊ុន សែន នៅតែមិនស្ដារស្ថានភាពបច្ចុប្បន្ន ឲ្យប្រសើរឡើងវិញ ទៅតាមការចង់បានរបស់អ្នកនិយមប្រជាធិបតេយ្យ និងសហគមន៍អន្តរជាតិ។
ទោះបីលោក ហ៊ុន សែន ធ្លាប់បក់ដៃហៅឲ្យអាមេរិកដាក់ទណ្ឌកម្មឆាប់ ប៉ុន្តែក្រោយមានសេចក្ដីស្នើច្បាប់របស់សមាជិកព្រឹទ្ធសភានេះភ្លាម មន្ត្រីនាំពាក្យរបបលោក ហ៊ុន សែន គឺលោក ផៃ ស៊ីផាន មិនហ៊ានផ្គើនឲ្យអាមេរិកប្រញាប់ផ្ដាច់ការអនុគ្រោះពន្ធទេ។ ផ្ទុយទៅវិញ លោកសង្ឃឹមថា អាមេរិកនឹងមិនហ៊ានដាក់ទណ្ឌកម្មទេ ព្រោះលោកសម្អាងថា គោលនយោបាយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល ត្រាំ (Donald Trump) គឺមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសដទៃ។ លោក ផៃ ស៊ីផាន លើកឡើងបន្ថែមថា ការដាក់ទណ្ឌកម្មណាមួយទៅលើប្រទេសកម្ពុជា គឺគ្មានបានប្រយោជន៍អ្វីដល់សហរដ្ឋអាមេរិកនោះឡើយ ព្រោះអាមេរិកពេលនេះ កំពុងតែរឹតចំណង និង កិច្ចសហប្រតិបត្តិការជាមួយប្រទេសទូទៅ រួមទាំងប្រទេសកុម្មុយនិស្ត ដូចជាប្រទេសកូរ៉េខាងជើងផង។ លោកព្រមានថា សហរដ្ឋអាមេរិក នឹងខ្មាសគេ បើហ៊ានដកការអនុគ្រោះពន្ធនេះ ពីកម្ពុជាមែននោះ៖ «ការដាក់ទណ្ឌកម្មនេះ គឺគ្មានបានប្រយោជន៍អ្វីទេ គ្រាន់តែជាភាពអាម៉ាស់ និងភាពឯកោរបស់អាមេរិកតែប៉ុណ្ណោះ»។
ទោះបីជាលោក ផៃ ស៊ីផាន មានសុទិដ្ឋិនិយមបែបនេះក្តី ក៏កន្លងមករដ្ឋាភិបាលសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោក Donald Trump បានដាក់ទណ្ឌកម្មរបបលោក ហ៊ុន សែន ជាបណ្ដើរៗរួមមកហើយ រួមទាំងការកាត់ផ្តាច់ជំនួយទាំងស្រុង ដែលធ្លាប់ផ្ដល់ទៅគ.ជ.ប ការកាត់ផ្ដាច់ជំនួយទាំងស្រុងទៅរបបនេះ លើកលែងតែជំនួយមនុស្សធម៌ ការបិទទិដ្ឋាការចំពោះមន្ត្រីរបបលោក ហ៊ុន សែន និងការដាក់មន្ត្រីរបបនេះ នៅក្នុងបញ្ជីខ្មៅហាមចូលសហរដ្ឋអាមេរិក និងបង្កកទ្រព្យសម្បត្តិជាដើម ដោយសារតែការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យយ៉ាងធ្ងន់ធ្ងរ ក្នុងរយៈពេលជាងមួយឆ្នាំចុងក្រោយនេះ។
លោក គឹម សុខ ថាការដាក់ទណ្ឌកម្មលើរបបលោក ហ៊ុន សែន ដែលរំលោភសិទ្ធិមនុស្ស និង បំផ្លាញប្រជាធិបតេយ្យ មិនមែនជាការបំបាក់មុខសហរដ្ឋអាមេរិកទេ តែជាការលើកមុខលើកមាត់ប្រទេសមហាអំណាចប្រជាធិបតេយ្យមួយនេះទៅវិញ។ លោកបន្ថែមថា របបលោក ហ៊ុន សែន ឯណោះទៅវិញទេ ដែលរងការអាម៉ាស់ និងឯកោនោះ៖ «រឿងដែលសំខាន់ គឺរឿងអាមេរិកដែលបន្តផ្ដល់ឲ្យទេ ដែលប៉ះពាល់ដល់មុខមាត់អាមេរិក។ ប្រសិនបើអាមេរិកដក ពេលដែលក្រុមលោក ហ៊ុន សែន កំពុងធ្វើបាបពលរដ្ឋកម្ពុជា បិទសិទ្ធិសេរីភាពប្រជាធិបតេយ្យកម្ពុជា នោះគឺជាកិត្តិយសរបស់អាមេរិក»។
ស្របពេល ដែលសមាជិកព្រឹទ្ធសភាអាមេរិក ស្នើច្បាប់ដកការអនុគ្រោះពន្ធនេះ សមាជិករដ្ឋសភាអាមេរិកឯណោះ ក៏គ្រោងនឹងស្នើច្បាប់ដាក់ទណ្ឌកម្មលើលោក ហ៊ុន សែន និង មន្ត្រីរបបនេះសាជាថ្មី នៅដើមឆ្នាំ២០១៩ នេះដែរ។
អ្នកវិភាគ និងមន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស ធ្លាប់បានព្រមានរបបលោក ហ៊ុន សែន រួចហើយថា បញ្ហាយីអ៊ុនដាក់ អារក្ខធ្វើនេះ នឹងនៅតែលងបន្លាចរបបនេះតទៅទៀត ព្រោះមិនអាចគេចផុតពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនោះឡើយ បើលោក ហ៊ុន សែន នៅតែចចេសមិនព្រមស្ដារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យឡើងវិញ តាមសំណូមរបស់ពលរដ្ឋខ្មែរដែលនិយមប្រជាធិបតេយ្យ និងសហគមន៍អន្តរជាតិនោះទេ៕
1 comment:
Sam Rainsy has challenged Hun Sen to charge him with the same treason charge currently charged against Kem Sokha. If Hun Sen is stupid enough to fall into Sam Rainsy's latest trap, he will be made a fool.
There is no evidence to convict Sam Rainsy. That's a brilliant move.
Post a Comment