ដោយ មួង ណារ៉េត
2019-01-05

ឪពុកម្តាយ និងប្អូនស្រីរបស់យុវជន ខឹម សុផាត ដែលបាត់ខ្លួនក្នុងករណីហិង្សានៅផ្លូវ វេង ស្រេង កាលពីឆ្នាំ២០១៤ ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦។
រូបថត៖ RFA
ម្ដាយឪពុកយុវជនបាត់ខ្លួន ក្នុងអំពើហិង្សាបាញ់សម្លាប់កម្មកររោងចក្រ នៅផ្លូវវ៉េងស្រេង អះអាងថា ពួកគាត់មានបញ្ហាផ្លូវចិត្ត និងបញ្ហាលំបាកក្នុងជីវភាពខ្លាំង ព្រោះគ្មានដំណឹងកូន ក្រោយបាត់ខ្លួនអស់រយៈពេលប្រាំឆ្នាំ មកហើយ តាំងពីដើមខែមករា ឆ្នាំ២០១៤មក។
លោកស្រី អ៊ិន លក្ខិណា និង លោក ខឹម សឿន ដែលជាម្ដាយឪពុករបស់យុវជន ខឹម សុផាត ដែលបាត់ខ្លួន និងបាត់ដំណឹងសូន្យឈឹងនោះ ថ្លែងប្រាប់អាស៊ីសេរី កាលពីថ្ងៃទី៤ ខែមករា ថាគ្រួសាររបស់ពួកគាត់ មិនដឹងរកវិធីណាដើម្បីកាត់ចិត្ត ចំពោះការបាត់បង់កូនដ៏ជាទីស្រលាញ់ និងជាអ្នករកចំណូលក្នុងគ្រួសារ ដ៏សំខាន់មួយនេះ នោះទេ។
កាលពី៥ឆ្នាំមុន នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ កម្មករកម្មការិនីរាប់ម៉ឺននាក់ បានផ្ទុះការតវ៉ានៅផ្លូវវ៉េងស្រេង ទាមទារដំឡើងប្រាក់ឈ្នួល ១៦០ដុល្លារ ក្នុងមួយខែ ដែលបានធ្វើឲ្យកងកម្លាំងចម្រុះរបស់របបលោក ហ៊ុន សែន បើកការបង្ក្រាប ដោយបាញ់គ្រាប់កាំភ្លើងពិត ទៅលើកម្មករ បណ្ដាលឲ្យកម្មករ ៤នាក់ស្លាប់ យុវជន ខឹម សុផាត បាត់ខ្លួន និងរបួសជាង ៤០នាក់។
តាំងពីបាត់កូនប្រុស លោកស្រី អ៊ិន លក្ខិណា បញ្ជាក់បន្ថែមថា ស្ថានភាពផ្លូវចិត្តរបស់លោកស្រី និង ស្វាមី ធ្លាក់ចុះដុនដាបខ្លាំងជាលំដាប់ តាំងពីបាត់កូន និងជាពិសេសនៅពេលដែលពួកគាត់ ឃើញការជួបជុំគ្នាសប្បាយក្អាកក្អាយរបស់ក្រុមគ្រួសារគេ ពេលដល់រដូវបុណ្យទានម្តងៗ។ មិនតែប៉ុណ្ណោះ ឲ្យតែដល់ដើមខែមករា ដែលជាខួប នៃការបាត់យុវជន ខឹម សុផាត នោះរឹតតែធ្វើឲ្យប៉ះទង្គិចផ្លូវចិត្តខ្លាំងថែមទៀត៖ «គេឲ្យពួកខ្ញុំកាត់ចិត្ត! កាត់ចិត្តយ៉ាងម៉េច? ខ្ញុំចង់សួរ ថាបើអ្នកបាត់កូនដូចរូបខ្ញុំ តើអ្នកកាត់បានដែរឬ? បើខ្ញុំកាត់ចិត្តមិនបានទេ។ ថ្ងៃខែណា ក៏ខ្ញុំនៅតែនឹកឃើញ។ ដល់ថ្ងៃទី៣ ខែមករា ខ្ញុំតែងតែស្រក់ទឹកភ្នែករហូត នឹកឃើញ។ បើខែបុណ្យភ្ជុំបិណ្ឌ ឬចូលឆ្នាំ ខ្ញុំតែងតែសោកសៅរហូត មិនអាចរកស៊ី ឬរកអ្វីកើតទេ ព្រោះអីនឹកឃើញតែកូន។ ឃើញកូនគេមក គឺនឹកឃើញ»។
បន្ថែមទៅលើស្ថានភាពលំបាក ផ្នែកផ្លូវចិត្តនេះ លោកស្រីថា ជីវភាពគ្រួសារលោកស្រី កាន់តែយ៉ាប់យ៉ឺនខ្លាំងជាលំដាប់ដែរ ម្យ៉ាងគឺដោយសារតែបាត់បង្គោលគ្រួសារ ព្រោះកាលមិនទាន់បាត់កូន កូនលោកស្រីផ្ញើលុយប្រាក់ខែ បានពីការងារនៅរោងចក្ររាល់ខែ ដើម្បីជួយដោះស្រាយជីវភាពប្រចាំថ្ងៃ។ ប៉ុន្តែ ពេលបាត់យុវជន ខឹម សុផាត ស្វាមីរបស់លោកស្រី ក៏សោកសង្រេង និងមានបញ្ហាសុខភាពប្រចាំកាយដែរ៖ «គ្រួសារខ្ញុំ តាំងពីបាត់កូនហ្នឹងមក ឪវាក៏ឈឺ ទាល់ច្រកដូចបាក់ដៃម្ខាង ព្រោះគ្មាននរណាទីពឹង»។
ទោះក្នុងស្ថានភាពគ្មានទីពឹង និងលំបាកទាំងផ្លូវសេដ្ឋកិច្ច និងផ្លូវចិត្តបែបនេះក្តី ក៏លោកស្រីថាគ្មានអាជ្ញាធរមូលដ្ឋានណាយកចិត្តទុកដាក់ជួយនោះឡើយ។ លោកស្រី ថាលោកស្រី គ្មានអ្វីក្រៅពីម្រាមដៃដប់ អង្វរសុំស្ថាប័នពាក់ព័ន្ធទាំងអស់ ឲ្យជួយរកយុត្តិធម៌ ដល់ក្រុមគ្រួសារលោកស្រីផង៖ «ខ្ញុំសូមសំណូមពរដល់អង្គការគ្រប់ជាន់ថ្នាក់ ក្នុងប្រទេសក្រៅប្រទេស រួមទាំងអង្គការសហប្រជាជាតិផង សូមរកយុត្តិធម៌ឲ្យកូនខ្ញុំ និងអ្នកស្លាប់ផង។ តើយុត្តិធម៌នៅឯណា?»។
យុត្តិធម៌នេះ បើតាមមន្ត្រីសិទ្ធិមនុស្ស គឺនៅឆ្ងាយដូចជើងមេឃឯណោះ។ អ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កេត នៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត ស្នើឲ្យអាជ្ញាធរនៃរបបលោក ហ៊ុន សែន បើកការស៊ើបអង្កេតដោយឯករាជ្យ និងត្រឹមត្រូវមួយ ដើម្បីយ៉ាងហោចណាស់ផ្ដល់ដំណឹង និងភស្តុតាងសមស្រប ដល់ក្រុមគ្រួសាររបស់យុវជនបាត់ខ្លួន ខឹម សុផាត ដើម្បីឲ្យពួកគាត់អស់ចិត្តដែរ។
ប៉ុន្តែ អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ធ្លាប់អះអាងរួចទៅហើយ ថាគណៈកម្មការស្រាវជ្រាវដែលរបបលោក ហ៊ុន សែន បង្កើតដើម្បីពិនិត្យករណីនេះ បានបញ្ចប់ការងាររបស់ខ្លួនទៅហើយ ដោយរកមិនឃើញថា មានករណីបាត់ខ្លួននេះទេ។
ម្ដាយយុវជន ខឹម សុផាត ថាបើកូនលោកស្រីស្លាប់ យ៉ាងហោចណាស់ ក៏លោកស្រីបានទទួលសពកូន យកមកធ្វើបុណ្យដែរ មិនត្រូវស្ងាត់បាត់ឈឹង គ្មានដំណឹងសោះបែបនេះនោះឡើយ ហើយអាជ្ញាធរ ក៏មិនត្រូវព្រងើយកន្តើយ ចំពោះភាពអយុត្តិធម៌របៀបនេះនោះដែរ៕
No comments:
Post a Comment