2019-01-02
rfa

គ្រួសារលោក រ៉ាត់ រត្នមុនី និងពលរដ្ឋមួយចំនួន ចូលរួមលើកបដាទាមទារឱ្យស្ថានទូតរុស្ស៊ីជួយអន្តរាគមន៍ឱ្យមានការដោះលែងរូបលោកឱ្យមានសេរីភាពវិញ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៩។
រូបថត៖ អ្នកស្រី ឡុង គីមហ៊ាង
ក្រុមគ្រួសារ លោក រ៉ាត់ រត្នមុនី និងសកម្មជនមួយចំនួន បានប្រមូលផ្តុំគ្នាជាថ្មីទៀត នៅមុខស្ថានទូតរុស្ស៊ីក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២ មករា ដើម្បីស្នើសុំឱ្យរដ្ឋាភិបាលរុស្សីជួយអន្តរាគមន៍ឱ្យមានការដោះលែងរូបលោក។ មន្ត្រីសិទ្ធិមនុស្សយល់ថា តុលាការគួរដោះលែងសកម្មជនសិទ្ធិការងាររូបនេះឱ្យបាននៅក្រៅឃុំបណ្តោះអាសន្ន ព្រោះលោកត្រូវទទួលបន្ទុកចិញ្ចឹមគ្រួសារ និងមើលថែទាំកូនតូចរបស់គាត់។
ការតវ៉ាជាលើកទីពីររបស់ក្រុមគ្រួសារ លោក រ៉ាត់ រត្នមុនី និងពលរដ្ឋនេះ ដោយសារពួកគាត់មិនទទួលបានការឆ្លើយតបពីស្ថានទូត និងពីមន្ត្រីរដ្ឋាភិបាលរុស្សីអស់រយៈពេលជាង២ សប្ដាហ៍ទៅហើយ បន្ទាប់ពីការដាក់ញត្តិសុំអន្តរាគមន៍ តាមសារអេឡិចត្រូនិក ឬអ៊ីមែល កាលពីថ្ងៃទី១៨ ធ្នូ ឆ្នាំ ២០១៨ កន្លងទៅ។ ក៏ប៉ុន្តែការតវ៉ាលើកនេះ ក៏ដូចលើកមុនដែរ គឺមិនមានមន្ត្រីស្ថានទូតរុស្ស៊ីណាម្នាក់ចេញមកសាកសួរ ឬអើពើចំពោះការទាមទារនេះឡើយ។
ភរិយារបស់លោក រ៉ាត់ រត្នមុនី អ្នកស្រី ឡុង គីមហ៊ាង សម្ដែងការខកចិត្តនឹងភាពព្រងើយកន្តើយរបស់ស្ថានទូតរុស្ស៊ីនេះ។ អ្នកស្រីថ្លែងថា រុស្ស៊ីត្រូវតែចេញមុខជួយអន្តរាគមន៍ករណីនេះ ដោយសារក្រុងមូស្គូជាអ្នកគាំទ្រសារព័ត៌មាន RT (Russia Today) ខណៈស្វាមីរបស់អ្នកស្រីគ្រាន់តែជាអ្នកបកប្រែ និងជួយផលិតភាពយន្តឯកសារ “ម្ដាយខ្ញុំ លក់ខ្ញុំ” ឱ្យសារព័ត៌មាន RT ប៉ុណ្ណោះ។ អ្នកស្រីអះអាងថា អ្នកស្រី និងក្រុមគ្រួសារ រួមទាំងពលរដ្ឋដែលស្រឡាញ់យុត្តិធម៌សង្គម នឹងតវ៉ានៅមុខស្ថានទូតរុស្ស៊ីជាបន្តទៀត រហូតទាល់តែមន្ត្រីស្ថានទូត ឬមន្ត្រីរដ្ឋាភិបាលរុស្សីឆ្លើយតបនឹងសំណើរបស់ពួកគាត់៖ «រដ្ឋាភិបាលខ្មែរមិនបានហៅ ឬក៏សួរនាំទៅខាងកាសែតរុស្ស៊ីម្ដងណានោះទេ ប៉ុន្តែបែរជាមកចាប់ប្ដីខ្ញុំដាក់ពន្ធនាគារទៅវិញ ហើយរហូតដល់មិនអនុញ្ញាតឱ្យប្ដីរបស់ខ្ញុំបាននៅក្រៅឃុំទៀត។ ហើយខ្ញុំខកចិត្តចំពោះរដ្ឋាភិបាលរុស្សី និងស្ថានទូតរុស្ស៊ីនៅទីក្រុងភ្នំពេញ ដែលព្រងើយកន្តើយ និងមាក់ងាយដល់ពួកខ្ញុំ។ ខ្ញុំចង់ប្រាប់ទៅរដ្ឋាភិបាលរុស្ស៊ី និងស្ថានទូតរុស្ស៊ីថា ពួកយើងនឹងមិនបញ្ឈប់ការតវ៉ាទេ។ ពួកខ្ញុំនឹងទៅតវ៉ា ដើម្បីឱ្យរដ្ឋាភិបាលរុស្សីទទួលខុសត្រូវលើករណីប្ដីខ្ញុំ ដែលត្រូវបានចាប់ខ្លួនដោយសារតែជួយផលិតភាពយន្តឯកសារស្តីពីការជួញដូរផ្លូវភេទនៅកម្ពុជានេះ»។
អាស៊ីសេរីបានទាក់ទងទៅស្ថានទូតរុស្ស៊ីប្រចាំរាជធានីភ្នំពេញ តាំងពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨មកម្ល៉េះ ដើម្បីសាកសួរអំពីរឿងនេះ ប៉ុន្តែមិនទទួលបានការឆ្លើយតបណាមួយឡើយគិតត្រឹមម៉ោងផ្សាយនេះ។
ប្រធានសហព័ន្ធសហជីពកម្មករសំណង់កម្ពុជា លោក រ៉ាត់ រត្នមុនី បានជាប់ឃុំក្នុងពន្ធនាគារព្រៃសអស់រយៈពេលជិត ១ខែទៅហើយ ដោយរងការចោទប្រកាន់ពីបទ “ញុះញង់ឱ្យមានការរើសអើង”។ បទចោទនេះ អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ៣ ឆ្នាំ ប្រសិនបើតុលាការសម្រេចថា លោកពិតជាមានទោសមែននោះ។ អាជ្ញាធររបបលោក ហ៊ុន សែន បានអះអាងថា ភាពយន្តឯកសារ “ម្ដាយខ្ញុំ លក់ខ្ញុំ” ដែលបង្ហាញពីស្ត្រីខ្មែរវ័យក្មេង ៣នាក់ ត្រូវបានលក់ឱ្យបម្រើផ្លូវភេទ ដើម្បីដោះស្រាយជីវភាពគ្រួសារនោះ ជាវីដេអូបែបប្រឌិត ប៉ះពាល់ដល់កិត្តិយសស្ត្រីខ្មែរ និងបំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជា។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានថ្លែងថា ការប្រមូលផ្ដុំតវ៉ាឱ្យមានការដោះលែងលោក រ៉ាត់ រត្នមុនី គឺជាសិទ្ធិរបស់ក្រុមគ្រួសារ ក៏ប៉ុន្តែសំណុំរឿងនេះកំពុងស្ថិតក្នុងដៃតុលាការ ដូច្នេះគ្មានភាគីណាមួយ អាចដាក់សម្ពាធឱ្យតុលាការដោះលែងជនសង្ស័យបានឡើយ។ លោកបន្តថា ប្រសិនបើតុលាការរកមិនឃើញពីពិរុទ្ធភាពរបស់លោក រ៉ាត់ រត្នមុនី ទេនោះ តុលាការនឹងដោះលែងរូបលោកឱ្យមានសេរីភាពវិញ៖ «តុលាការកំពុងស៊ើបអង្កេតរឿងហ្នឹង ហើយវាស្ថិតនៅក្នុងដំណើរការនីតិវិធីរបស់តុលាការ ដែលជាស្ថាប័នឯករាជ្យ ហើយមិនមានភាគីណាមួយអាចអន្តរាគមន៍ ឬក៏ដាក់សម្ពាធឱ្យមានការ ឬក៏មិនដោះលែងនោះបានទេ។ ការស្នើសុំ និងការតវ៉ារបស់ក្រុមគ្រួសារ គឺជារឿងធម្មតាទេ ក៏ប៉ុន្តែនីតិវិធីរបស់តុលាការ គឺជារឿងមួយដោយឡែក»។
អ្នកនាំពាក្យសមាគម អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ជំរុញឱ្យតុលាការអនុញ្ញាតឱ្យលោក រ៉ាត់ រត្នមុនី បាននៅក្រៅឃុំជាបណ្ដោះអាសន្ន ពីព្រោះសកម្មជនរូបនេះ មានកូនប្រុសតូចដែលត្រូវមើលថែទាំ និងត្រូវរកចំណូលផ្គត់ផ្គង់គ្រួសារ ហើយម៉្យាងលោកជឿជាក់ថា ការដោះលែងឱ្យគាត់បាននៅក្រៅឃុំ នឹងមិនប៉ះពាល់ដល់ដំណើរការរឿងក្តីនេះឡើយ៖ «ដើម្បីរកភាពយុត្តិធម៌ ត្រូវតែអញ្ជើញ ឬក៏កោះហៅភាគីពាក់ព័ន្ធទាំងអស់មកបំភ្លឺ បើរកឃើញថា មានភស្តុតាងដាក់បន្ទុក ឬក៏បទល្មើស នោះយើងចាត់វិធានការតាមផ្លូវច្បាប់ទៅ វាមិនមានអ្វីខុសទាស់នោះទេ។ ប៉ុន្តែដរាបណា យើងចាត់វិធានការលើតែជនត្រូវចោទមួយរូប ដែលគេសង្ស័យថា រឿងទាំងអស់ហ្នឹងគាត់មិនបានប្រព្រឹត្តនោះដូចការចោទប្រកាន់នោះ អ៊ីចឹងអំពើអយុត្តិធម៌ហ្នឹង វាត្រូវធ្លាក់ទៅលើជនដែលគាត់រងគ្រោះហ្នឹង។ អ៊ីចឹងក្នុងនាមជាអ្នកអនុវត្តច្បាប់ ត្រូវតែអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ»។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បានចាត់ទុកចំណាត់ការលើលោក រ៉ាត់ រត្នមុនីនេះ ថា ជារឿងមិនសមហេតុផលទាល់តែសោះ។ អង្គការនេះបន្តថា របបក្រុងភ្នំពេញគួរតែអរគុណ លោក រ៉ាត់ រត្នមុនី និងអ្នកសារព័ត៌មាន RT វិញទើបត្រឹមត្រូវ ព្រោះពួកគេហ៊ានផ្សព្វផ្សាយរឿងពិតស្ដីពីការជួញដូរផ្លូវភេទលើកុមារ មិនមែនជាការដាក់ទោសបែបនេះឡើយ។ យូមែន រ៉ៃត៍ វ៉ច្ឆ ទាមទារឱ្យអាជ្ញាធររបបក្រុងភ្នំពេញទម្លាក់ចោលបទចោទប្រកាន់ប្រឆាំងលោក រ៉ាត់ រត្នមុនី និងដោះលែងរូបលោកឱ្យមានសេរីភាពវិញ៕
No comments:
Post a Comment