Friday, 1 February 2019

"របប​ក្រុងភ្នំពេញ និង​បក្ស​ប្រឆាំង​គួរ​ចរចា​គ្នា​ទើប​អាច​បញ្ចៀស​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​ខ្មែរ"


Khmer Circle:


Well, shedding innocent Khmers' blood has consistently been among this regime's favoured and least fussy options in clinging on to power...

Organised violence and the threat of its use is the CPP's end game. The regime will 'talk' and entertain "dialogue" where and when expedient but don't expect good faith or sincerity in the gesture!

Lest one forgets, the Hun Sen regime came to power and being by means of foreign armed intervention and clear political sponsorship, electing to favour as their stooges groups and clans with the worst human rights record [of course, still much better than that of Pol Pot, another manipulated instrument of Hanoi] and nationally speaking, the most unconscionable as well as being extracted from the country's basest and uncivilised social underclasses.

In short, learn not to trust the crocodile to ferry the sheep to freedom..



%%%


ដោយ មួង ណារ៉េត
2019-01-31
rfa
(ពីឆ្វេង) លោក កឹម សុខា និងលោក សម រង្ស៊ី កាល​ពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៣ លោក ហ៊ុន សែន និងភរិយា លោកស្រី ប៊ុន រ៉ានី កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មុថិនា ឆ្នាំ​២០១៣។
(ពីឆ្វេង) លោក កឹម សុខា និងលោក សម រង្ស៊ី កាល​ពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៣ លោក ហ៊ុន សែន និងភរិយា លោកស្រី ប៊ុន រ៉ានី កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មុថិនា ឆ្នាំ​២០១៣។
RFA



អ្នកវិភាគ​នយោបាយ ផ្ដល់​យោបល់​ឱ្យ​ភាគី​របប​ក្រុងភ្នំពេញ និង​គណបក្ស​សង្គ្រោះជាតិ រិះរក​វិធី​សម្របសម្រួល និង​សម្បទាន​ឱ្យ​គ្នា ដើម្បី​បញ្ចៀស​ការ​បង្ហូរ​ឈាម ឬ​ការ​ប៉ះ​ទង្គិច​គ្នា រវាង​ខ្មែរ និង​ខ្មែរ នៅ​ឆ្នាំ​២០១៩។ ការ​លើកឡើង​នេះ បន្ទាប់ពី​មេ​យោធា​របប​ក្រុងភ្នំពេញ ប្រកាស​កម្ទេច លោក សម រង្ស៊ី បើ​ហ៊ាន​ចូល​ស្រុក នៅ​ខណៈ​ដែល​គណបក្សប្រឆាំង ប្ដេជ្ញា​កៀរគរ​អ្នក​គាំទ្រ​ជូន​ដំណើរ​លោក សម រង្ស៊ី ចូល​ស្រុក​ឱ្យ​ទាល់តែ​បាន នៅ​ឆ្នាំ​២០១៩។

ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង កញ្ញា លី ស្រីស្រស់ យល់​ថា ក្នុង​ស្ថានភាព​សព្វថ្ងៃ​នេះ បើ​មេដឹកនាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ចូល​ស្រុក​ពិតមែន ជា​ប្រការ​គ្រោះថ្នាក់​ខ្លាំង និង​ប្រឈម​វិធានការ​ផ្សេងៗ ពី​របប​ក្រុងភ្នំពេញ។ ប៉ុន្តែ បើ​លោក សម រង្ស៊ី មាន​យុទ្ធសាស្ត្រ​ល្អ ហ៊ាន​ប្រថុយ​ចូល​ប្រទេស​កម្ពុជា ដោយ​គ្មាន​ឧបសគ្គ​រារាំង ជា​រឿង​ជោគជ័យ​បំផុត សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន៖ «លើកទឹកចិត្ត​ថា បើ​សិន​លោក សម រង្ស៊ី មក​បាន​ខ្ញុំ ក៏​ត្រេកអរ​ដែរ ពីព្រោះ​ក្នុង​ស្ថានភាព​បែបនេះ។ ប៉ុន្តែ​ត្រូវតែ​ធ្វើ​ឱ្យ​ប្រាកដ​នៅ​លើ​យុទ្ធសាស្ត្រ​របស់​ខ្លួន​ពាក់ព័ន្ធ​ទៅ​នឹង​ការ​វិល​ត្រលប់​មក​កម្ពុជា។ ធ្វើ​យ៉ាងណា ឱ្យ​មាន​ការចរចា ឬក៏​ការ​ស្រុះស្រួល​គ្នា​ទៅ កុំ​ឱ្យ​មានការ​ឃុំខ្លួន ឬក៏​ការ​ឃុំខ្លួន​អ្វី​ជាដើម ព្រោះ​ការ​ធ្វើ​បែបនេះ វា​អាច​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា កាន់តែ​ដុនដាប ជាពិសេស​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា»។



ទោះ មេដឹកនាំ​របប​ឯក​បក្ស​ក្រុងភ្នំពេញ លោក ហ៊ុន សែន ធ្លាប់​បញ្ជា​ច្រើនដង ឱ្យ​មន្ត្រី​ក្រោម​ឱវាទ ឈប់​ឆ្លងឆ្លើយ ជាមួយ​គណបក្សប្រឆាំង ប៉ុន្តែ ប៉ុន្មាន​ថ្ងៃនេះ មេ​យោធា ជាច្រើន បាន​ប្រើប្រាស់​ប្រព័ន្ធ​ឃោសនា​ស្និត​របប​ក្រុងភ្នំពេញ ឆ្លើយតប​នឹង​ការ​អំពាវនាវ​របស់ លោក សម រង្ស៊ី និង​ប្ដេជ្ញា​ថា កម្ទេច លោក សម រង្ស៊ី បើ​ហ៊ាន​វិល​ត្រលប់​មក​កម្ពុជា។

រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ លោក ទៀ បាញ់ នៅ​ថ្ងៃ​ទី​៣០ មករា ក៏​ត្រូវ​បាន​ប្រព័ន្ធ​ឃោសនា​ដដែល ចុះផ្សាយ​ថា មិន​អនុញ្ញាត​ឱ្យ លោក សម រង្ស៊ី បាន​ស្រែក​ដូរ មិន​ដូរ​នៅ​កម្ពុជា​ដាច់ខាត។ លោក ទៀ បាញ់ ហៅ​សកម្មភាព​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា ជា​ការ​បង្ក​អសន្តិសុខ។

មុន​ពេល​មាន​ប្រតិកម្ម​ពី​មេ​យោធា លោក សម រង្ស៊ី បាន​អំពាវនាវ​ជាថ្មី កុំ​ឱ្យ​កងកម្លាំង​ប្រដាប់អាវុធ​ស្ដាប់​បញ្ជា​ជន​ផ្ដាច់ការ ដែល​អះអាង​ថា ជា លោក ហ៊ុន សែន។ លោក ទៀ បាញ់ ថា លោក​អន់ចិត្ត ព្រោះ​មាន​អ្នក​ខ្លះ នៅ​តែ​ជឿ​សំដី លោក សម រង្ស៊ី។

អ្នកវិភាគ​នយោបាយ បណ្ឌិត ឡៅ ម៉ុងហៃ សរសេរ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក នៅ​ថ្ងៃ​ទី​៣០ មករា ថា បើ លោក សម រង្ស៊ី ត្រឡប់​មក​ខ្មែរ​លើក​នេះ​មែន អាច​មាន​វាសនា​ខុស​ពី លើក​មុន គឺ លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ ដូច​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ។ លោក សម រង្ស៊ី អាច​ត្រូវ​គេ​វាយ​បែក​ក្បាល ដូច មេដឹកនាំ​ជាន់ខ្ពស់​មួយ​រួម ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ គឺ លោក ខៀវ សំផន កាល​ឆ្នាំ​១៩៩១។ លោក សម រង្ស៊ី អាច​ត្រូវ​បាន​សម្លាប់ ដូច សមាជិក​ព្រឹទ្ធសភា ប្រទេស​ហ្វីលីពីន ឈ្មោះ អាគីណូ (Aquino) ដែល​ប្រឆាំង​ប្រធានាធិបតី​ផ្ដាច់ការ ឈ្មោះ ម៉ារកុស (Marcos) ត្រូវ​គេ​បាញ់សម្លាប់ ពេល​ចុះ​ពី​យន្តហោះ ត្រឡប់​ចូល​ប្រទេស​វិញ នៅ​ឆ្នាំ​១៩៨៣។ បណ្ឌិត ឡៅ ម៉ុងហៃ ថា លោក សម រង្ស៊ី ធ្លាប់​រង​ការប៉ុនប៉ង​សម្លាប់​ម្ដង កាលពី​ថ្ងៃ​៣០ ខែ​មីនា ឆ្នាំ១៩៩៧ ក្នុង​ព្រឹត្តិការណ៍​គប់​គ្រាប់បែកដៃ មុខ​មន្ទីរ​រដ្ឋសភា​ចាស់ និង​ជា​ទិសដៅ​សម្រាប់​កម្ចាត់​កម្ទេច នៅ​ពេល​ថ្មីៗ​នេះ។

ទោះ​ដឹង​ស្ថានភាព​បែបនេះ​ក្ដី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី ប្រកាស​ថា នឹង​ដាក់​ជីវិត​ជា​ទុន ដើម្បី​វិល​ទៅ​សង្គ្រោះ​ប្រទេស​កម្ពុជា​វិញ នៅ​ឆ្នាំ​២០១៩។ ចំណែក​អនុប្រធាន​គណបក្សប្រឆាំង លោក អេង ឆៃអ៊ាង ប្រកាស​ប្ដូរផ្ដាច់​ដូរ​គ្នា ថាបើ​នរណា មិន​ហ៊ាន​ចូល​ទៅ​កម្ពុជា ជាមួយ លោក សម រង្ស៊ី នៅ​ឱ្យ​ស្ងៀម ទុក​ឱ្យ​អ្នក​ដែល​ហ៊ាន​ចូល​តតាំង៖ «អ្នកណា​ខ្លាច​នៅ​ម្ដុំ អត់​បញ្ហា​ខ្ញុំ​ប្រាប់​ថា អ្នក​ដែល​ខ្លាច​សូម​កុំ​មាត់ កុំ​បំភ័យ​គ្នាឯង។ ខ្ញុំ​ណែនាំ​ហើយ ទុក​ឱ្យ​អ្នក​ហ៊ាន​ធ្វើ​។ បាទ​! អាហ្នឹង គឺ​អ៊ីចឹង​ហើយ ខ្ញុំ​ចាប់ផ្ដើម​រៀបចំ​មេដឹកនាំ​ខេត្ត ដែល​ដាច់ខាត មេដឹកនាំ​ស្រុក ដែល​ដាច់ខាត មេដឹកនាំ​ឃុំ ដែល​ដាច់ខាត ចងក្រង។ អ៊ីចឹង សូម​ឱ្យ​បងប្អូន​នៅ​ទីនេះ (​រដ្ឋ​កាលីហ្វ័រញ៉ា) ចូលរួម​សហការ​ធ្វើ​សកម្មភាព​បន្ត​ទៀត។ ចរន្ត​វា​ចេញ​ហើយ បងប្អូន​។ អ្នក​ក្នុងស្រុក ថា តោះ​ត្រៀម​ខ្លួន​ទទួល សម រង្ស៊ី​។ យើង​អ្នក​ក្រៅ​ស្រុក តោះ​ត្រៀមខ្លួន​អម​ដំណើរ សម រង្ស៊ី ទៅ​ស្រុក​ខ្មែរ»។

បើ​ទោះ អ្នកវិភាគ​លើកទឹកចិត្ត​ឱ្យ លោក សម រង្ស៊ី វិល​ចូល​កម្ពុជា​វិញ​មែន ប៉ុន្តែ​មិន​ចង់​ឃើញ​បាតុភាព​ប៉ះទង្គិច រវាង​ពលរដ្ឋ និង​កងកម្លាំង​យោធា​ទេ។ កញ្ញា លី ស្រីស្រស់ ថា កូនសោ ដោះស្រាយ​វិបត្តិ​នយោបាយ​ពេលនេះ ស្ថិត​ក្នុង​ដៃ មេដឹកនាំ​របប​ក្រុងភ្នំពេញ ព្រោះ​ដើមចម​នៃ​វិបត្តិ​នេះ បណ្ដាលមកពី​របប​ក្រុងភ្នំពេញ កម្ទេច​លទ្ធិប្រជាធិបតេយ្យ។ តែ​យ៉ាងណា អ្នកវិភាគ​រូប​នេះ យល់ថា ប្រសិនបើ​លោក ហ៊ុន សែន មិន​តម្កល់​ប្រយោជន៍​ជាតិ​ជាធំ ហើយ​ស្រវា​អំណាច​ទុក​ឱ្យ​កូន ត​ជំនាន់ នឹង​ជៀស​មិន​ផុត ពី​ការ​ប៉ះទង្គិច​គ្នា​ឡើយ៕

1 comment:

Anonymous said...

គេថាឆ្កែកន្ទុយខ្វៀនវានៅតែខ្វៀន ដូច្នេះពួកជនពាលដែលដឹកនាំដោយហ៊ុន សែនគ្មានបំណងល្អសំរាប់ខ្មែរទេ ។ យើងឃើញស្រាប់ហើយ ជាង៣០ឆ្នាំកន្លងមកនេះល្បិចពួកវាគឺនៅតែដដែល ពោលគឺចរចារហើយវាយលុក ព្រោះតែចរចារនេះហើយទើបខ្មែរយើងត្រូវពួកនេះជិះជាន់ដល់សព្វថ្ងៃ ព្រោះតែចរចារនេះហើយទើបរលាយហ្វុនសុិនបុិច ព្រោះតែចរចារនេះហើយទើបសង្គ្រោះជាត្តិរត់ចោលស្រុក។ ពួកវាចរចារគឺកគ្រាន់តែសំរាប់ពន្យាពេលដើម្បីវាយលុកប៉ុណ្ណោះ។ មធ្យោបាយគឺមានម៉្យាងទេ គឺកំចាត់ពួកនេះចោលតាមរយះការទូត។