Sunday, 3 February 2019

ស្ថានទូត​អាមេរិក និង​ចិន​នៅ​កម្ពុជា​បង្ហោះ​សារ​ចោទ​ប្រកាន់​គ្នា​រឿង​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា


ដោយ ថន ថារ៉ូ
2019-02-02 

អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៧។
អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៧។
Photo: RFA



ស្ថានទូត​សហរដ្ឋអាមេរិក និង​ស្ថានទូត​ចិន​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ បង្ហោះ​សារ​ចោទ​គ្នា​ទៅវិញទៅមក ពី​រឿង​លូកដៃ​ចូល​បង្កើត​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា ក្នុង​ចន្លោះ​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៩។ អ្នក​សិក្សា​ស្រាវជ្រាវ​ការអភិវឌ្ឍន៍​សង្គម ថា មហាអំណាច​ទាំងពីរ សុទ្ធតែ​ជាប់​ពាក់ព័ន្ធ​នៅ​ពី​ក្រោយខ្នង​នៃ​ការ​បង្កើត​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​ដូចគ្នា។

អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី អះអាង​ថា ទាំង​ចិន និង​សហរដ្ឋអាមេរិក សុទ្ធតែ​បាន​រួម​ចំណែក​គាំទ្រ​ជា​សព្វាវុធ ស្បៀង អាហារ នយោបាយ​ការទូត ឱ្យ​អ្នកនយោបាយ​ខ្មែរ នៅ​ទសវត្សរ៍​ឆ្នាំ​១៩៧០ ដល់​១៩៧៩​។ បណ្ឌិត មាស នី ថា ក្រៅពី​ការ​កត់ត្រា​ក្នុង​ប្រវត្តិសាស្ត្រ លោក​បាន​ឃើញ​ផ្ទាល់​ភ្នែក គឺ​យោធា​ចិន បាន​ដឹង​សព្វាវុធ និង​ស្បៀង​ជាច្រើន ឆ្លងកាត់​ពី​កំពង់ផែ ខេត្ត​ព្រះសីហនុ ឆ្លងកាត់​តាម​ខេត្ត​ស្វាយរៀង ដើម្បី​ជួយឧបត្ថម្ភ​ដល់​ក្រុម​វៀតណាម និង​អ្នកជំនាញការ​ចិន ជាច្រើន ដែល​មាន​វត្តមាន​នៅ​តាម​ការដ្ឋាន និង​ទំនប់​ធំៗ ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ ខ្មែរក្រហម។ លោក មាស នី ថា សហរដ្ឋអាមេរិក​វិញ​ក៏​បាន​ជួយ​សព្វាវុធ និង​ជ្រោមជ្រែង​ខ្លាំង​ដល់​រដ្ឋអំណាច​សេនាប្រមុខ លន់ នល់៖ «អ៊ីចឹង​!!​ខ្ញុំ​គិត​ថា អ្នកដឹកនាំ​ខ្មែរ​យើង​នេះ គឺ​មិនមែន​ត្រឹម តែ​ក្នុង​ជំនាន់​សព្វថ្ងៃ ដែល​យើង​ឃើញ​ថា ម្ខាង​រត់​ទៅ​រក​ចិន ម្ខាង​រត់​ទៅ​រក​សហរដ្ឋ​អាមេរិក​នេះ​។ នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​៦០ (១៩៦០) ក៏​យើង​ឃើញច្បាស់​ណាស់​ហើយ​។ ការណ៍​ដែល​យើង​ធ្វើ​ស្អី មាន​ជម្លោះ គ្នាឯង ហើយ​រត់​ទៅ​រក​អ្នកជិតខាង​នេះ គឺ​សុទ្ធតែ​អ្វី​ដែល​យើង​ជំពាក់​គុណ​គេ (​បរទេស​) បាទ»។



ការ​លើកឡើង​របស់​អ្នក​តាមដាន​សង្គម​នេះ ក្រោយពេល​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​កម្ពុជា បាន​បង្ហោះ​សារ លើ​ទំព័រ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ផ្លូវការ​ខ្លួន កាលពី​ថ្ងៃ​ទី​៣០ មករា ថា សហរដ្ឋអាមេរិក​មិន​បាន​ពាក់ព័ន្ធ នៅ​ក្នុង​រដ្ឋប្រហារ នាំ​ឱ្យ​លោក លន់ នល់ ឡើង​កាន់​អំណាច​ទេ។ ស្ថានទូត​អាមេរិក សរសេរ​ថា ផ្ទុយទៅវិញ មាន​ភស្តុតាង​យ៉ាង​ច្រើន ដែល​បង្ហាញ​ថា រដ្ឋាភិបាល​ចិន បាន​គាំទ្រ​យ៉ាងសកម្ម ដល់​របប​ខ្មែរក្រហម ពី​ឆ្នាំ ១៩៧៥ ដល់​ឆ្នាំ ១៩៧៩ និង​ក្នុង​រយៈកាល ក្រោយពី​នោះ​មក។

ចំណែក​ស្ថានទូត​ចិន ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ​វិញ កាលពី​ថ្ងៃ​ទី១ កុម្ភៈ បាន​ឆ្លើយតប​វិញ​ដែរ​ថា ក្នុង​ពេល​ថ្មីៗ​នេះ ស្ថានទូត​ប្រទេស​មហាអំណាច​មួយ​ប្រចាំ​កម្ពុជា​បាន​លើកឡើង​ជា​សាធារណៈ​ថា ប្រទេស​ខ្លួន​មិន​មាន​ជាប់​ទាក់ទង​អ្វី ជាមួយ​រដ្ឋប្រហារ​សម័យ លន់ នល់ នៅ​ក្នុង​ប្រទេស​កម្ពុជា កាលពីដើម​ទសវត្សរ៍​ទី​៧០​ទេ។ ស្ថានទូត​ចិន អះអាង​ថា រដ្ឋប្រហារ​ដែល​នាំ​ឱ្យ​កម្ពុជា​ធ្លាក់​ក្នុង​ភ្លើង​សង្គ្រាម​រ៉ាំរ៉ៃ អស់​រយៈពេល​យ៉ាង​យូរ គឺ​ដោយសារតែ ទីភ្នាក់ងារ​សំងាត់​អាមេរិក ស៊ី​.​អាយ​.​អេ “CIA”​។

ការ​ចោទ​គ្នា​រវាង​ស្ថានទូត​ទាំងពីរ​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ការិយាល័យ​របស់​ប្រធាន​កិច្ចការ​សម្ងាត់​អាមេរិកាំង (Office of the Director of National Intelligence) ដែល​ជា​បណ្ដុំ​ភ្នាក់ងារ​កិច្ចការ​សម្ងាត់​អាមេរិកាំង​ចំនួន ១៧​ស្ថាប័ន ក្នុង​នោះ​រួម​ទាំង​ភ្នាក់ងារ ស៊ី​.​អាយ​.​អេ (CIA) ផង បាន​ចេញ​របាយការណ៍​វាយតម្លៃ ការ​គំរាមកំហែង ជា​សាកល​ប្រចាំ​ឆ្នាំ ២០១៩ ដោយ​វាយតម្លៃ​ថា ការ​រអិល​ធ្លាក់​របស់​កម្ពុជា​ចូល​ទៅ​ក្នុង​របប​គ្រប់គ្រង​បែប​ផ្ដាច់ការ​និយម បណ្ដាល​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា គ្រប់គ្រង​បាន​ទាំងស្រុង​នូវ​អំណាច​នីតិប្បញ្ញត្តិ​របស់​ប្រទេស​នេះ​។ គណបក្ស​កាន់អំណាច​នឹង​អាច ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដែល​អាច​បណ្ដាល​ឱ្យ​មាន​វត្តមាន​យោធា​ចិន នៅ​ក្នុង​ប្រទេស​នេះ​បាន។ របាយការណ៍​នេះ ត្រូវ​បាន​មន្ត្រី​របប​ក្រុងភ្នំពេញ បដិសេធ​ចោល​ភ្លាមៗ​។ ក្រសួង​ការពារជាតិ​កម្ពុជា​ក៏បាន​អញ្ជើញ​ឱ្យ​សហរដ្ឋអាមេរិក​មក​ស៊ើបអង្កេត​នៅ​កម្ពុជា​ជុំវិញ​បញ្ហា​មូលដ្ឋាន​កងទ័ព​បរទេស​នៅ​កម្ពុជា។

អាស៊ីសេរី មិនទាន់​អាច​ទាក់ទង​មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​អាមេរិក និង​ចិន ជុំវិញ​បញ្ហា​ចោទ​គ្នា​ទៅវិញទៅមក​បាន​នៅឡើយ​ទេ នៅ​ថ្ងៃ​ទី​២ កុម្ភៈ​នេះ។

បណ្ឌិត មាស នី យល់ថា មូលហេតុ​ដែល​នាំ​ឱ្យ​ស្ថានទូត​មហាអំណាច​ទាំងពីរ​នេះ រុញច្រាន​កំហុស​ដាក់គ្នា ដោយសារតែ​ការ​ចេញ​របាយការណ៍​របស់​ភ្នាក់ងារ​កិច្ចការ​សម្ងាត់​អាមេរិក​ថ្មីៗ នេះ រក​ឃើញ​ភាព​មិន​ប្រក្រតី​កើតឡើង​នៅ​កម្ពុជា។ បណ្ឌិត មាស នី បារម្ភ​ថា នេះ​ជា​សញ្ញា​នៃ​ការ​ងើបឡើង​វិញ នៃ​សង្គ្រាមត្រជាក់​នៅ​កម្ពុជា រវាង​ប្រទេស​មហាអំណាច​ទាំងពីរ៕

No comments: