Khmer Circle: What constitution legitimising all these looting and destruction in broad day light?!
$$$
ដោយ យន់ សាមៀន
2019-02-03

សកម្មភាពដឹកជញ្ជូនឈើពីក្នុងឧទ្យានជាតិវីរជ័យ ក្នុងខេត្តរតនគិរី ប្រទេសកម្ពុជា ទៅប្រទេសវៀតណាម កាលពីខែកុម្ភៈ ឆ្នាំ២០១៧។ Photo courtesy of EIA
Photo courtesy of EIA
កម្មជនបរិស្ថាន និងសហគមន៍ការពារព្រៃឈើ ខេត្តមណ្ឌលគិរីអះអាងថា អ្នកមានលុយនិងមានអំណាចម្នាក់ ដែលល្បីនាំឈើទៅលក់នៅក្រៅប្រទេស បានឈូសឆាយធ្វើផ្លូវ ដើម្បីនាំឈើចេញពីព្រៃអភិរក្ស ទៅលក់នៅប្រទេសវៀតណាម។ ពួកគេស្នើឱ្យអាជ្ញាធរជាតិស៊ើបអង្កេតជំនួញឈើខុសច្បាប់ខ្នាតធំនេះ។
ការដឹកជញ្ជូនឈើឆ្លងដែនទៅកាន់ប្រទេសវៀតណាម តាមម៉ូតូ និងរថយន្តយីឌុប នៅតែកើតមានកើតឡើងជាបន្តបន្ទាប់ តាមច្រករបៀងត្រពាំងស្រែ ស្រុកស្នូល ខេត្តក្រចេះ និងច្រករបៀងមួយចំនួនទៀត។ ឈើទាំងនោះក្រុមឈ្មួញបានប្រមូលពីដែនជម្រកសត្វព្រៃភ្នំព្រេច ខេត្តមណ្ឌលគិរី និងព្រៃសហគមន៍ផ្សេងទៀត។ នេះបើតាមការអះអាងរបស់សកម្មជនបរិស្ថាន។
សកម្មជនបរិស្ថានដែលចុះតាមដានរឿងនេះ លោក ហេង ស្រស់ ប្រាប់អាស៊ីសេរីនៅថ្ងៃទី ០២ កុម្ភៈថា អ្នកមានអំណាចខ្លះទៀត នៅតែធ្វើសកម្មភាពនាំឈើចេញទៅប្រទេសវៀតណាម គ្មានស្ថាប័នណាមួយ អនុវត្តច្បាប់តាមបញ្ជាប្រមុខដឹកនាំរដ្ឋនោះទេ។ លោកថា អ្នកមានប្រាក់ម្នាក់ បានឈូសឆាយផ្លូវនាំឈើចេញដោយខ្លួនឯង ឋិតក្នុងស្រុកស្នូលខេត្តក្រចេះ និងបានប្រើអំណាចកាងឈើឱ្យឈ្មួញផ្សេងៗទៀត៖ «តាំងពីដើមអើយថា ឧកញ៉ា គង់ ក្រឹង គឺជាមេខ្លោងមួយ និងជាអ្នកកាងឈើ ចេញពីកម្ពុជា ទៅប្រទេសវៀតណាម។ ការអំពាវនាវរបស់ខ្ញុំ គឺឱ្យធ្វើទៅតាមអ្វីមាត់គាត់បាននិយាយ គាត់ថា ទោះបីមន្ត្រីសក្ដិប៉ុណ្ណាក៏ដោយ ត្រូវតែដកដំណែង និងត្រូវតែដាក់ពិន័យ ត្រូវតែផ្ដន្ទាទោសទៅគាត់។ ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន គួរតែដាក់ទោសមន្ត្រីរបស់ខ្លួន ដែលប្រព្រឹត្តបទល្មើសឧក្រិដ្ឋកម្មព្រៃឈើ»។
សកម្មជនបរិស្ថានរូបនេះរកឃើញថា ក្រុមឧកញ៉ា និងអ្នកមានអំណាចខ្លះទៀត បានឈូសឆាយផ្លូវចំនួន ៣ខ្សែ ដើម្បីងាយស្រួលដឹកជញ្ជូនឈើពីកម្ពុជា ទៅប្រទេសវៀតណាម ហើយផ្លូវដែលសកម្មនាំឈើចេញច្រើនជាងគេឋិតក្នុងស្នូលខេត្តក្រចេះ។ លោកថា អ្នកដឹកឈើតាមម៉ូតូទៅលក់នៅច្រកព្រំដែនកម្ពុជា-វៀតណាម ត្រូវបង់លុយឱ្យឧកញ៉ាម្នាក់ដែលធ្វើផ្លូវ ដោយក្នុងមួយម៉ូតូ ៥ម៉ឺនរៀល។ ចំណែករថយន្តយីឌុបមួយគ្រឿង ត្រូវបង់ប្រាក់រាប់ពាន់ដុល្លារ៖ «យើងទទួលបានព័ត៌មានចំពោះឡាន ដែលដឹកឈើពីកម្ពុជាទៅកាន់ប្រទេសវៀតណាម ឆ្លងកាត់ផ្លូវគាត់ឈូសឆាយចេញពីកម្ពុជាវៀតណាម ក្នុងមួយឡានមួយម៉ែត្រគូប ត្រូវតែបង់ប្រាក់ឱ្យគាត់ ៥០ដុល្លារ»។
កន្លងទៅ លោក ហ៊ុន សែន ធ្លាប់ព្រមានអភិបាលខែត្រត្បូងឃ្មុំ និងអភិបាលខែត្រមួយចំនួនទៀត រឿងបទល្មើសព្រៃឈើឆ្លងដែនទៅប្រទេសវៀតណាម។ ក្រោយពីការព្រមានរួច ការនាំឈើទៅក្រៅប្រទេសបានស្ងប់ស្ងាត់មួយរយៈខ្លី និងកម្រើកឡើងវិញជាច្រើនខែមកហើយ មិនឃើញលោក ហ៊ុន សែន បញ្ជាឱ្យមន្ត្រីខ្លួនទប់ស្កាត់ទៀតទេ។
សេចក្ដីរាយការណ៍របស់សហគមន៍ការពារព្រៃឈើ ឱ្យដឹងថា ជារៀងរាល់ថ្ងៃ មានម៉ូតូ ចាប់ពី ៣ រយ ទៅ ៤ រយគ្រឿង ដឹកឈើលក់ឱ្យឈ្មួញក្នុងស្រុក។ ចំណែកសមត្ថកិច្ច និងមន្ត្រីជំនាញនៅទីនោះ មិនហ៊ានចេញមុខអនុវត្តច្បាប់ព្រៃឈើនោះទេ ព្រោះខ្លាចបាត់បង់តំណែង និងតួនាទី។ អាជ្ញាធរនៃរបបលោក ហ៊ុន សែន អះអាងថា នឹងចាត់វិធានការបញ្ហានេះ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ លោក អេង ហ៊ី មានប្រសាសន៍ថា ស្ថាប័នពាក់ព័ន្ធ ដឹកនាំដោយមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងបើកកិច្ចប្រជុំមួយ នៅពេលឆាប់ៗនេះ ដើម្បីជំរុញបង្ក្រាបបទល្មើសព្រៃឈើ ផ្អែកតាមអនុសាសន៍ប្រមុខដឹកនាំ។ ចំពោះសំនួររបស់ អាស៊ីសេរីថា តើគណៈកម្មការនេះ នឹងស៊ើបអង្កេតឧកញ៉ាម្នាក់ ដែលល្បីខាងជួញដូរឈើទៅប្រទេសវៀតណាមដែរឬទេ? អ្នកនាំពាក្យរូបនេះឆ្លើយថា ការស៊ើបអង្កេតមិនអាចប្រាប់នរណាបាននោះទេ។ លោកបញ្ជាក់ថា គណៈកម្មាធិការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ នឹងអនុវត្តការងារនេះឱ្យមានប្រសិទ្ធភាព បន្ទាប់ពីប្រជុំរួចនៅថ្ងៃទី៤ ខែកុម្ភៈខាងមុខនេះ៖ «នាយឧត្ដមសេនីយ៍ សៅ សុខា និងដឹកនាំមេបញ្ជាការរង៣ រូបកាន់តាមទិស។ យើងនឹងធ្វើកិច្ចការងារនេះឱ្យមានប្រសិទ្ធភាព។ កោះអញ្ជើញអភិបាលខេត្តទាំង ២៥នាក់ និងមេបញ្ជាការកងរាជអាវុធហត្ថខេត្តចូលរួម ដើម្បីពង្រឹងសេចក្ដីសម្រេចនេះបន្តទៀត»។
សហគមន៍ការពារព្រៃឈើខេត្តមណ្ឌលគិរី លោក ក្រើង តុលា ឱ្យដឹងថា ឈើដែលឈ្មួញដឹកឆ្លងដែនទៅប្រទេសវៀតណាមភាគច្រើន នាំចេញពីដែនជម្រកសត្វព្រៃភ្នំព្រេច ដែនជម្រកសត្វព្រៃលំផាត់ និងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។ លោកថា ឈ្មួញបានឈូសឆាយផ្លូវខ្វាត់ខ្វែង បំណងងាយស្រួលនាំឈើទៅប្រទេសវៀតណាមនៅតាមច្រករបៀងតូចៗ។ លោកបារម្ភថា កម្លាំងសហគមន៍មិនអាចទប់ទល់ឈ្នះ ក្រុមឧកញ៉ាជួញដូរឈើ ទាំងនោះបានទេ ហើយបច្ចុប្បន្នការកាប់ និងដឹកជញ្ជូននៅតែកើតមានឥតឈប់ឈរ៖ «គឺគោរពតាមបញ្ជាទេ បេសកកម្ម បើចប់បេសកកម្មគឺគ្មានពីណាគោរពច្បាប់។ បេសកកម្មទប់ស្កាត់បទល្មើសព្រៃឈើ គេមានលុយរបស់គេ។ នេះជាចំណុចដែលខ្ញុំឃើញកន្លងមក»។
សកម្មជនការពារព្រៃឈើ សង្កេតឃើញថា ឧកញ៉ាម្នាក់ បានបើកការដ្ឋានប្រមូលទិញឈើ និងកាងឈើធ្វើអាជីវកម្មនៅតំបន់នោះរួច នាំចេញទៅលក់ឱ្យឈ្មួញវៀតណាម តាមច្រកព្រំដែនលេខ ៧៣ ។ ឈ្មួញឈើ តែងដឹកឈើចេញពីឃ្លាំងនៅខាងក្រោយផ្ទះរបស់ខ្លួន យកទៅស្តុកក្នុងឃ្លាំងវៀតណាម ចំណុចច្រកទ្វាវ៉ាលឺ ជាប់ច្រកទ្វាអន្តរជាតិស្រុកស្នូល ខេត្តក្រចេះ៕
No comments:
Post a Comment