Thursday 26 September 2019
ADBព្រមានជាថ្មីពីហានិភ័យនៃកំណើនសេដ្ឋកិច្ចកម្ពុជា បើអឺរ៉ុបព្យួរការអនុគ្រោះពន្ធ EBA
ដោយ មាន ឫទ្ធិ
2019-09-25
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
Photo: RFA
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជាថ្មីម្ដងទៀត ព្រមានពីហានិភ័យដល់សេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលខ្លីខាងមុខនេះ ដែលអាចបណ្ដាលមកពីការព្យួរប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់ លើកលែងតែអាវុធ» ឬហៅកាត់ថា EBA របស់សហភាពអឺរ៉ុប។ ការព្រមាននេះ ធ្វើឡើងក្នុងរបាយការណ៍បច្ចុប្បន្នភាព ស្ដីពីទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ឆ្នាំ២០១៩ ទើបនឹងចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា នេះ។
ផ្អែកតាមរបាយការណ៍បច្ចុប្បន្នភាពចុងក្រោយ របស់ធនាគារអភិវឌ្ឍន៍អាស៊ីនេះ ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ កំណើនសេដ្ឋកិច្ចកម្ពុជា កំពុងប្រឈមនឹងហានិភ័យចំនួនពីរ។ ធនាគារ ផ្ដល់អំណះអំណាងថា ហានិភ័យក្រៅស្រុក គឺលទ្ធភាពដែលសហភាពអឺរ៉ុប អាចនឹងព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA របស់ខ្លួន ដោយផ្នែក ឬទាំងស្រុងតែម្ដងពីកម្ពុជា។ រីឯហានិភ័យក្នុងស្រុកវិញ គឺការបន្តការកើនឡើងនៃឥណទានផ្ដល់ឱ្យដល់វិស័យអចលនទ្រព្យ និងធុរកិច្ច។ ធនាគារក៏ព្រមានដែរ អំពីហានិភ័យបង្កឡើងដោយបញ្ហានៃការប្រែប្រួលអាកាសធាតុ។ ធនាគារកត់សម្គាល់ថា ដោយសារគ្រោះរាំងស្ងួតនៅពាក់កណ្ដាលឆមាសទីមួយនៃឆ្នាំ២០១៩នេះ ការណ៍នេះ បានបង្អាក់ទិន្នផលដំណាំកសិផល និងជលផល ដែលតម្រូវឱ្យធនាគារ ត្រូវសើរើឡើងវិញចំពោះការព្យាករណ៍របស់ខ្លួន លើកំណើនក្នុងវិស័យកសិកម្ម ពី ១,៧% មកនៅត្រឹម ១,១% ក្នុងឆ្នាំ២០១៩នេះ។
យ៉ាងណាក៏ដោយ ធនាគារអភិវឌ្ឍន៍អាស៊ី នៅតែបន្តជំហរ រក្សាការព្យាករណ៍របស់ខ្លួន ដូចកាលពីពេលចេញរបាយការណ៍ដំបូងកាលពីខែមេសា ឆ្នាំ២០១៩នេះ ដែលថា កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២០ នឹងធ្លាក់ចុះពី ៧% ក្នុងឆ្នាំ២០១៩នេះ មកនៅត្រឹម ៦,៨% ក្នុងឆ្នាំ២០២០។
នាយកប្រចាំប្រទេសកម្ពុជា របស់ធនាគារអភិវឌ្ឍន៍អាស៊ី អ្នកស្រី ស៊ុននីយ៉ា ដូររានី ចាម៉ាល់ (Sunniya Durrani-Jamal) ផ្តល់អនុសាសន៍ថា ដោយសារតែមានការកើនឡើងនៃភាពមិនប្រាកដប្រជា ក្នុងបរិយាកាសពាណិជ្ជកម្មសាកល និងផលប៉ះពាល់របស់វាមកលើវិស័យសេវាកម្ម ដូចជាវិស័យទេសចរណ៍ កម្ពុជាចាំបាច់ត្រូវផ្ដោតលើការពង្រីកយុទ្ធសាស្ត្រផលិតផល និងសេវាកម្មដែលមានតម្លៃខ្ពស់ និងជាក់លាក់ ជាបន្ទាន់។ អ្នកស្រីពន្យល់ថា ដើម្បីសម្រេចបានយុទ្ធសាស្ត្រនេះ តម្រូវឱ្យមានការកាត់បន្ថយហានិភ័យពីការផ្តល់កម្ចីដល់វិស័យអចលនទ្រព្យហួសហេតុពេក ការអភិវឌ្ឍន៍កម្លាំងការងារជំនាញ និងប្រកបដោយផលិតភាពឱ្យបានច្រើនជាងមុន ដើម្បីសម្របតាមប្រាក់ឈ្នួល និងទាក់ទាញការវិនិយោគប្រកបដោយគុណភាពខ្ពស់ ដែលតម្រូវឱ្យមាននូវអភិបាលកិច្ច និងស្ថាប័នរឹងមាំ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment