Khmer Circle: Royal scoundrels breed scoundrel royalists equal....?...
ដោយ ខែ សុណង
2019-09-22
ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ (ឆ្វេង) ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងលោក ញឹក ប៊ុនឆៃ (ស្ដាំ) ប្រធានគណបក្សរួបរួមជាតិ។
RFA
គណបក្សហ៊្វុនស៊ិនប៉ិច (FUNCINPEC) គ្មានគម្រោងបង្រួបបង្រួមគ្នា ជាមួយគណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ ទេ។ អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច ថា លោក ញឹក ប៊ុនឆៃ ទៅសួរសុខទុក្ខសម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ ជាធម្មតា ហើយមិនបាននិយាយពីការបង្រួមបក្សឡើយ។
អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លោក ណុប សុធារិទ្ធិ ប្រាប់អាស៊ីសេរីថា លោក ញឹក ប៊ុនឆៃ ធ្លាប់បានចូលជួបសម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ មែន គឺប្រហែល១០ថ្ងៃមុន តែលោកថាថ្នាក់ដឹកនាំគណបក្សទាំងពីរ មិនបាននិយាយគ្នាពីរឿងបង្រួបបង្រួមបក្សឡើយ៖ «អត់ទាន់មានទេ លោក (សម្ដេចក្រុមព្រះ) អត់មានបន្ទូលអ្វីទេ លោកអត់មានបន្ទូលអ្វីទេ។ លោកអត់មានបន្ទូលថា មានការចរចាអ្វី ជាមួយ ញឹក ប៊ុនឆៃ បង្រួបបង្រួមអ្វីទេ។ អាហ្នឹងជារឿងរបស់គាត់ (លោក ញឹក ប៊ុនឆៃ) ទេ។ ជារឿងរបស់គាត់ ដែលគាត់ចង់រួបរួមជាមួយគណបក្សហ៊្វុនស៊ិនប៉ិច ប៉ុន្តែសម្ដេចក្រុមព្រះគាត់អត់មានបន្ទូលទេ»។
ប្រធានគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ ប្រាប់សារព័ត៌មានក្នុងស្រុក (RFI) នៅពេលថ្មីៗនេះថា សម្ដេចក្រុមព្រះជាអ្នកមានព្រះរាជបន្ទូលចង់បង្រួបបង្រួមបក្ស នៅពេលលោកចូលជួបទ្រង់ កាលពី១០ថ្ងៃមុន តាមរយៈម្ចាស់ក្សត្រី មារី រណឫទ្ធិ។ តែយ៉ាងណា លោកថា សម្ដេចក្រុមព្រះបានប្រាប់លោកឱ្យរង់ចាំជជែកជាមួយបុត្រារបស់ទ្រង់ គឺព្រះអង្គម្ចាស់ នរោត្តម ចក្រីវុឌ្ឍ ដែលជាប្រធានស្ដីទីគណបក្សហ៊្វុនស៊ិនប៉ិច ដែលនឹងត្រលប់ពីក្រៅប្រទេសវិញជាមុនសិន។ លោក ញឹក ប៊ុនឆៃ អះអាងថា នេះជាការបង្រួបបង្រួមចុងក្រោយបង្អស់រវាងគណបក្សទាំង២។
សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ និង លោក ញឹក ប៊ុនឆៃ បានបែកបាក់គ្នា កាលពីឆ្នាំ២០០៦ ដោយលោក ញឹក ប៊ុនឆៃ នៅដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច ឯសម្ដេចក្រុមព្រះ បានបង្កើតគណបក្សថ្មីជាបន្តបន្ទាប់ ឈ្មោះ គណបក្ស នរោត្តម រណឫទ្ធិ និងគណបក្សសង្គមរាស្ត្ររាជាធិបតេយ្យ។ ក្រោយការបោះឆ្នោតឆ្នាំ២០១៣ គឺនៅឆ្នាំ២០១៥ សម្ដេចក្រុមព្រះ និងលោក ញឹក ប៊ុនឆៃ បានបង្រួបបង្រួមគ្នាឡើងវិញ ដោយតែងតាំងសម្ដេចក្រុមព្រះ ជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។
នៅឆ្នាំ២០១៦ លោក ញឹក ប៊ុនឆៃ បានបែកពីសម្ដេចក្រុមព្រះម្ដងទៀត ទៅបង្កើតគណបក្សខ្មែររួបរួមជាតិ ដល់សព្វថ្ងៃ។ នៅថ្ងៃធ្វើសមាជបង្កើតគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ ចោទថា ការបែកបាក់គ្នាម្ដងទៀត ដោយសារសម្ដេចក្រុមព្រះដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច ដឹកនាំឆ្ពោះទៅរកអំណាចផ្ដាច់មុខ បក្ខពួក គ្រួសារនិយម និងអំពើពុករលួយ ក្នុងផ្ទៃក្នុងបក្ស៖ «ខ្ញុំកំពុងតែឃើញថា អាចនឹងឈានទៅមានអំពើពុករលួយ។ អ៊ីចឹង ដែលខ្ញុំសង្ឃឹមថា គណបក្សនយោបាយ បើយើងមានអំពើពុករលួយពីហ្នឹងហើយ បើឈានទៅដឹកនាំជាតិ ក៏វាធ្វើឱ្យជាតិហ្នឹង ខ្ទេចខ្ទីដែរ។ អ៊ីចឹង ដែលខ្ញុំអត់ពេញចិត្តទេ បក្ខពួកនិយម ហើយ គ្រួសារនិយមថែមទៀត។ សំណួរអំបាញ់មិញប្រហែលជាគ្រួសារនិយមច្រើនជាង ស្ដាប់ទៅដឹងហើយ។ អ៊ីចឹង បានខ្ញុំអត់ពេញចិត្តចំណុចហ្នឹង ដែលខ្ញុំបង្ខំចិត្តថា បង្កើតគណបក្ស»។
អាស៊ីសេរីមិនអាចសុំការបញ្ជាក់រឿងនេះពីខាងភាគីគណបក្សខ្មែររួបរួមជាតិបានទេ នៅថ្ងៃទី២២ កញ្ញា ដោយសារ អ្នកនាំពាក្យគណបក្ស គឺលោក រុន នេត្រា និងអគ្គលេខាធិការគណបក្ស លោក សុខ វិសាល សុទ្ធតែប្រាប់ថា ពួកលោកមិនបានដឹងពីជំនួបរវាង លោក ញឹក ប៊ុនឆៃ និងសម្ដេចក្រុមព្រះ។ ចំណែកទូរស័ព្ទរបស់ លោក ញឹក ប៊ុនឆៃ មិនអាចទាក់ទងបាន។
អ្នកតាមដានស្ថានការណ៍នយោបាយយុវជន វ៉ន ចាន់ឡូត យល់ថា គណបក្សទាំង២ នៅតែមិនទាន់មានភាពប្រាកដប្រជាជាមួយគ្នានៅឡើយ។ លោកជឿជាក់ថា ទោះជាមានការរួបរួមគ្នាឡើងវិញនៅពេលនេះក៏ដោយ ក៏គណបក្សនេះមិនអាចទទួលបានការគាំទ្រពីពលរដ្ឋដែរ។
លោក វ៉ន ចាន់ឡូត បន្តទៀតថា ទោះរួបរួមគ្នាឡើងវិញក្រោមឈ្មោះគណបក្សហ៊្វុនស៊ិនប៉ិចតែមួយក៏ដោយ ក៏មិនអាចស្ដារប្រជាប្រិយបក្សនេះវិញបានដែរ ព្រោះគណបក្សហ៊្វុនស៊ិនប៉ិច ដែលធ្លាប់មានស្នាដៃពីមុន ត្រូវអស់ប្រជាប្រិយភាព ដោយសារអ្នកនយោបាយក្នុងបក្សនេះ បំផ្លាញចោល ធ្វើជាគំរូមិនល្អឱ្យអ្នកជំនាន់ក្រោយ គ្មានគោលនយោបាយច្បាស់លាស់ ធ្វើនយោបាយកំដរបក្សកាន់អំណាច ដឹកនាំតាមបែបបុគ្គលជាធំ និងកេងចំណេញនយោបាយពីអ្នកជំនាន់មុនជាដើម៖ «ទោះបីជាមានការបង្រួបបង្រួមក៏ដោយ ក៏មិនអាចធ្វើឱ្យគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានការគាំទ្រពីមហាជនដែរ។ ដូច្នេះគណបក្សនេះ បើរួបរួមក្នុងកាលៈទេសៈបច្ចុប្បន្ន ដោយមិនមានការផ្លាស់ប្ដូរនូវរបៀបនៃការដឹកនាំទេ និងរបៀបនៃការធ្វើការទេ ខ្ញុំមើលឃើញថា មិនអាចយូរអង្វែងទេ ការរួបរួមនៃខ្មែររូបរួមជាតិ និងហ៊្វុនស៊ិនប៉ិចហ្នឹង»។
ទន្ទឹមនឹងការបដិសេធថា សម្តេចក្រុមព្រះ បានមានបន្ទូលពីរឿងបង្រួបបង្រួមជាមួយក្រុមលោក ញឹក ប៊ុនឆៃ អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លោក ណុប សុធារិទ្ធិ ប្រាប់ថា គណបក្សរាជានិយមមួយនេះ នៅតែស្វាគមន៍គ្រប់គណបក្សនយោបាយ ដែលចង់បង្រួបបង្រួមជាមួយគណបក្សហ៊្វុនស៊ិនប៉ិច៕
1 comment:
The useless prince and the useless general. Hollywood can make a movie about these two dinosaurs.
Post a Comment