Sunday 22 September 2019
អ្នកវិភាគថា កងទ័ពអាចស្ដាប់តាមការអំពាវនាវរបស់លោក សម រង្ស៊ី
ដោយ សុ ជីវី
2019-09-21
កងទាហានវីរៈសេនាធំលេខ ង៤២ ចំណុះឲ្យយោធភូមិភាគ១ ដែលពលរដ្ឋចោទថា ទៅបោះជំរុំលើដីកំពុងមានវិវាទ។ រូបថតកាលពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៧។
Photo Provided
អ្នកវិភាគនយោបាយលើកឡើងថា កងកម្លាំងប្រដាប់អាវុធ អាចស្ដាប់តាមការអំពាវនាវរបស់ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដែលឱ្យពួកគេរើបម្រះផ្ដាច់ខ្លួនពីរបបលោក ហ៊ុន សែន ហើយ ចូលរួមជាមួយប្រជាពលរដ្ឋ ដែលនឹងងើបឈរជាធ្លុងមួយ ទាមទារសេរីភាពយុត្តិធម៌ និងលទ្ធិប្រជាធិបតេយ្យ។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ព្រមានថា ផែនការទាំងមូលរបស់លោក សម រង្សី នេះ មិនមែនជារឿងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនោះទេ ប៉ុន្តែជាផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ និងជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរប៉ះពាល់ដល់សន្តិសុខជាតិដែលត្រូវផ្ដន្ទាទោសតាមច្បាប់។
អ្នកវិភាគនយោបាយដែលរបបក្រុងភ្នំពេញតាមចាប់ដាក់ពន្ធនាគារ លោក គឹម សុខ លើកឡើងថា សារអំពាវនាវអំពាវនាវរបស់លោក សម រង្ស៊ី គឺមានឥទ្ធិពលទៅលើកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជ ការស៊ីវិល និងប្រជាពលរដ្ឋ ព្រោះពួកគេសុទ្ធតែមានឆន្ទៈ និងទឹកចិត្តចង់ផ្លាស់ប្ដូរ គ្រាន់តែពួកគេមិនទាន់មានឱកាសប៉ុណ្ណោះ។
លោកបន្តថា សូម្បីតែលោក ហ៊ុន សែន ក៏ដឹងអំពីទឹកចិត្តមេទ័ព និងកងទ័ពដែរ ម្ល៉ោះហើយទើបមួយ រយៈចុងក្រោយនេះ លោក ហ៊ុន សែន តែងតាំងកូនៗ និងមន្ត្រី ដែលលោកជឿជាក់បំផុតជំនួសមេទ័ពចាស់ៗ ពីមុន។ អ្នកវិភាគរូបនេះកត់សម្គាល់ថា ការចិញ្ចឹមចិត្តចង់ផ្លាស់ប្ដូររបបដឹកនាំលោកហ៊ុន សែន នេះ ព្រោះកងទ័ព មើលឃើញថា ការតែងតាំង និងដំឡើងបុណ្យស័ក្ដិបច្ចុប្បន្ន ធ្វើឡើងតាមរយៈសាច់សាលោហិត និងបក្ខពួកនិយមច្រើនជាងគុណបំណាច់ និងសមត្ថភាពជាក់ស្ដែងរបស់យោធាមួយចំនួនធំទៀត ដែលខំតស៊ូបម្រើជាតិរាប់សិបឆ្នាំមកនោះ។ «»
ការលើកឡើងបែបនេះ គឺបន្ទាប់ពីប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ អំពាវនាវទៅកងកម្លាំងប្រដាប់ អាវុធស្នេហាជាតិ ឱ្យរើបម្រះខ្លួន ហើយផ្ដាច់ខ្លួនពីរបបផ្ដាច់ការរបស់លោក ហ៊ុន សែន ដើម្បីទៅចូលរួមជាមួយប្រជាពលរដ្ឋ ដែលនឹងងើបឈរជាធ្លុងមួយ ទាមទារសេរីភាព យុត្តិធម៌ និងលទ្ធិប្រជាធិបតេយ្យ ក្រោមការដឹកនាំរបស់គណបក្សសង្គ្រោះជាតិ ចាប់ពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ តទៅ។ លោក សម រង្ស៊ី បានលើកអំពីបញ្ហាពុករលួយ និងបញ្ហាអយុត្តិធម៌ក្នុងជួរកងកម្លាំងប្រដាប់ អាវុធជាច្រើន មានដូចជា ការកាត់ប្រាក់ខែកងទ័ពពីសំណាក់មេៗ របស់ពួកគេ ការមិនយកចិត្តទុក ដាក់ដំឡើងប្រាក់ខែឱ្យកងទ័ពរស់នៅក្នុងជីវភាពថ្លៃថ្នូរ បណ្ដោយឱ្យគ្រួសារឪពុកម្ដាយប្រព័ន្ធកូន របស់កងទ័ពរស់នៅវេទនាក្រីក្រលំបាកតោកយ៉ាក ហើយការដំឡើងបុណ្យស័ក្ដិ គឺសម្រាប់តែ កូនចៅមន្ត្រីកំពូលៗ ជាដើម។ «»
ថ្មីៗ កន្លងមកនេះ គណបក្សសង្គ្រោះជាតិ ក៏ប្រកាសត្រៀមថវិកាសម្រាប់ជួយដល់កងកម្លាំងប្រដាប់អាវុធដែលផ្ដាច់ខ្លួនពីរបបក្រុងភ្នំពេញមកការពារប្រជាពលរដ្ឋក្នុងពេលដំណើរវិលចូលប្រទេសវិញរបស់លោក សម រង្ស៊ី ដែរ។
ប្រហែលដោយការបារម្ភអំពីសារអំពាវនាវ និងគម្រោងវិលត្រឡប់របស់លោក សម រង្ស៊ី នេះ អ្នកនាំ ពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានចេញសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី២០ ខែកញ្ញាថា ផែនការទាំងមូលនៃការប្រកាសវិលត្រឡប់របស់លោក សម រង្សី នេះ មិនមែនជារឿងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនោះទេ ប៉ុន្តែជាការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដែលជាអំពើវិទ្ធង្សនា និងជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុត ប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ ដែលត្រូវផ្ដន្ទាទោសតាមមាត្រា៤៥១ និង៤៥២ នៃក្រមព្រហ្មទណ្ឌ។ លោក ជិន ម៉ាលីន ព្រមានដែរថា ការចូលរួមគាំទ្រផែនការរបស់លោក សម រង្ស៊ី នេះ ក៏ត្រូវបានកំណត់ថា ជាបទល្មើសរួមគំនិតក្បត់ ដែលត្រូវផ្ដន្ទាទោសតាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ។ មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌រូបនេះ ក៏ឆ្លៀតអំពាវនាវកុំឱ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធស្ដាប់តាមការអំពាវនាវរបស់មេបក្សប្រឆាំងផងដែរ។
ផ្ទុយពីការលើកឡើងនេះ លោក សម រង្ស៊ី ថ្លែងថា ប្រទេសកម្ពុជា បានឈានដល់ដំណាក់កាលមួយ នៃភាពមិនប្រាកដប្រជា និងអស្ថិរភាពជាមួយនឹងហានិភ័យនៃអំពើ ហិង្សាបែបនេះ គឺដោយសារតែលោក ហ៊ុន សែន បានវង្វេងស្មារតីទៅរកអំណាចផ្ដាច់ការដោយរំលាយគណបក្សសង្គ្រោះជាតិ តាមអំពើចិត្ត ដែលជាគណបក្សប្រឆាំងតែមួយគត់ ដែលមានសង្ឃឹមឈ្នះឆ្នោត។
លោកបន្តថា ការអំពាវនាវរបស់លោក ដើម្បីឱ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធឱ្យងើបឈរ តវ៉ាប្រឆាំងលោក ហ៊ុន សែ នេះ នឹងនៅតែបន្តរហូតទាល់តែរបបក្រុងភ្នំពេញប្រគល់សិទ្ធិឱ្យគណបក្សសង្គ្រោះជាតិ ចូលរួមក្នុងជីវិតនយោបាយរបស់ប្រទេស និងបង្កើតឡើងវិញនូវយន្តការប្រជាធិបតេយ្យ ដែលអនុញ្ញាតឱ្យមានបោះឆ្នោតត្រឹមត្រូវពិតប្រាកដមួយ។
មេបក្សប្រឆាំងរូបនេះ បន្តថា ប្រសិនបើ លោក ហ៊ុន សែន បន្តរារាំងគណបក្សសង្គ្រោះជាតិ ដើម្បីរក្សាអំណាច មានន័យថា លោក ហ៊ុន សែន កំពុងលេងជាមួយភ្លើង និងនាំគ្រោះថ្នាក់ឱ្យប្រទេសកម្ពុជា៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment