Friday 27 September 2019

ក្រុម​ប្រទេស​និយម​ប្រជាធិបតេយ្យ​ សម្តែង​ក្តី​បារម្ភ​រួមគ្នា​ អំពី​បញ្ហា​រំលោភ​បំពាន​សិទ្ធិមនុស្ស​កាន់​តែ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​


ដោយ មាន ឫទ្ធិ
2019-09-27

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ ទទួល​បន្ទុក​​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មានកាល​ពី​ថ្ងៃ​ទី១៨ ខែ​សីហា ឆ្នាំ​២០១៧។
អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ ទទួល​បន្ទុក​​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មានកាល​ពី​ថ្ងៃ​ទី១៨ ខែ​សីហា ឆ្នាំ​២០១៧។
Photo: RFA




សហគមន៍​អន្តរជាតិ​ ជាពិសេស​ក្រុម​ប្រទេស​និយម​លទ្ធិប្រជាធិបតេយ្យ​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​អន្តរជាតិ​ នៅ​ឯស​ម័យ​ប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​​សហប្រជាជាតិ​ បាន​សម្តែង​ក្តី​ព្រួយ​បារម្ភ​រួមគ្នា​ អំពី​បញ្ហា​រំលោភបំពាន​សិទ្ធិមនុស្ស​កាន់តែ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។ ពួក​គេ​ផ្តល់​អនុសាសន៍​ឲ្យ​រដ្ឋាភិបាល​ ងាក​មក​ស្តារ​លំ​ហរ​ប្រជាធិបតេយ្យ​ និង​គោរព​សិទ្ធិមនុស្ស​ឲ្យ​បាន​ត្រឹមត្រូវ​ឡើងវិញ​ តាមរយៈ​កិច្ច​សន្ទនា​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ ស្របតាម​កាតព្វកិច្ច​របស់​កម្ពុជា​ជាមួយ​សហគមន៍​អន្តរជាតិ​។ មិន​ខុសពី​លើ​កមុន​ៗ របប​ក្រុងភ្នំពេញ​ បាន​ព្យាយាម​ថ្លែង​ការពារ​ខ្លួន​ចំពោះ​ក្តី​បារម្ភ​ទាំងនេះ​ និង​ថែមទាំង​បាន​ព្រមាន​សហគមន៍​អន្តរជាតិ​ទៅវិញ​ថា​ មិន​គួរ​យក​វេទិកា​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នេះ​ ទៅ​ធ្វើជា​រឿង​នយោបាយ​បម្រើ​ឲ្យ​ក្រុម​ណាមួយ​នោះ​ឡើយ​។

ក្តី​បារម្ភ​ទាំងនេះ​កើតមានឡើង​នៅក្នុង​កិច្ច​សន្ទនា​អន្តរ​សកម្ម​ជាមួយ​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ អ្នកស្រី​ រ៉ូ​ណា​ ស្ម៊ី​ត (Rhona​ Smith) ក្នុង​របៀបវារៈ​ទី១០​ ស្តី​ពី​ការ​ផ្តល់​ជំនួយ​បច្ចេកទេស​ និង​ការ​កសាង​សមត្ថភាព​ នៅ​ឯស​ម័យ​ប្រជុំ​លើក​ទី៤២​ របស់​​​​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ទីក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស​ កាលពី​ថ្ងៃទី២៥​ ខែកញ្ញា។



កិច្ច​សន្ទនា​អន្តរ​សកម្ម​នេះ​ បាន​ឡើង​កម្តៅ​ខ្លាំង នៅ​ពេល​ដែល​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​រូប​នេះ បាន​រាយការណ៍​អំពី​បញ្ហា​ធ្លាក់​​ដុនដាប​នៃ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ​ ជាពិសេស​បញ្ហា​រំលោភបំពាន​សិទ្ធិ​នយោបាយ​ និង​សិទ្ធិពល​រដ្ឋ​ ការ​រឹតត្បិត​លំ​ហរ​ប្រជាធិបតេយ្យ​ សង្គម​ស៊ីវិល​ និង​សេរីភាព​សារព័ត៌មាន​ឯករាជ្យ​នៅ​កម្ពុជា។ អ្នកស្រី​ រ៉ូណា ស្ម៊ីត បាន​សម្តែង​ក្តី​ព្រួយ​បារម្ភ​ ជុំវិញ​​និន្នាការ​ការ​កើន​ឡើង​ករណី​ចាប់​ខ្លួន​ និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ​មក​លើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​សំឡេង​ប្រឆាំង​ពី​សំណាក់​អាជ្ញាធរ​រដ្ឋាភិបាល។​

សំឡេង​អ្នកស្រី​ រ៉ូ​ណា​ ស្ម៊ីត៖ «គិត​មក​ត្រឹម​ព្រឹក​នេះ​ ផ្អែក​តាម​ព័ត៌មាន​ដែល​ខ្ញុំ​មាន​ តួលេខ​នេះ​កើនឡើង​ គឺ​យ៉ាងហោចណាស់​មាន​មនុស្ស​សរុប​ដល់ទៅ​ ១៧៥នាក់។ ក្នុង​នោះ​ យ៉ាងហោចណាស់​មនុស្ស​ ៣១នាក់​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ និង​យ៉ាងហោចណាស់​ ១៣២នាក់​ ត្រូវ​បាន​កោះហៅ​មក​សាកសួរ​ ចាប់​ខ្លួន​ ឬដោះលែង​មកវិញ​ ដោយ​មន្ត្រី​ប៉ូលី​សមូល​ដ្ឋាន​។ តួលេខ​ទាំងនេះ​ មាន​រួមបញ្ចូល​នូវ​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ មន្ត្រី​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ និង​ក្រុម​អ្នកគាំទ្រ​គណបក្ស​នេះ​។ ការ​កោះហៅ​ និង​បទ​ចោទ​ទាំងនេះ​ ជា​រឿយ​ៗ ធ្វើឡើង​ក្នុង​ភាព​មិន​ច្បាស់លាស់​ ហើយ​នាំឲ្យមាន​កង្វល់​ និង​ក្តី​បារម្ភ ​ចំពោះ​សេរីភាព​​នៃ​ការ​បញ្ចេញមតិ​ និង​ការ​ប្រមូល​ផ្តុំ​ និង​សិទ្ធិ​នយោបាយ​ ក៏ដូចជា​សិទ្ធិ​ក្នុង​ការ​ទទួល​បាន​នូវ​ការ​កាត់ក្តី​ដោយ​ស្មើភាព»។

អ្នកស្រី​ រ៉ូ​ណា​ ស្ម៊ី​ត ជាថ្មី​ម្តង​ទៀត​អំពាវនាវ​មានការ​ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹម​ សុខា​ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​សំឡេង​ប្រឆាំង​ដទៃទៀត​ ព្រមទាំង​ទម្លាក់​ចោល​រាល់​បទចោទប្រកាន់​ប្រឆាំង​នឹង​ពួកគេ​ ដែល​ក្នុង​នោះ​ក៏​បូករួម​ទាំង​ករណី​របស់​លោក​ សម​ រង្ស៊ី​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ។

សំឡេង​អ្នកស្រី​ រ៉ូ​ណា​ ស្ម៊ី​ត៖ «ផ្អែក​តាមច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​ ដូចដែល​បាន​បញ្ជាក់​ដោយក្រុម​ការងារ​ស្តី​ពី​ការ​ឃុំខ្លួន​តាម​ទំនើង​ អ្នករាយការណ៍​ពិសេស​ស្តី​ពី​សេរីភាព​នៃ​ការ​បញ្ចេញ​ទស្សនៈ​ និង​សម្តែង​មតិ​ និង​សេរីភាព​នៃ​ការ​ប្រមូល​ផ្តុំ​ និង​ការ​ជួប​ប្រជុំ​ ហើយនឹង​ខ្លួនខ្ញុំ​ផ្ទាល់​ លោក​ កឹម​ សុខា​ នៅតែ​បន្ត​ស្ថិត​ក្រោម​​ការ​ឃុំខ្លួន​បណ្តោះអាសន្ន​។... ការ​ឃុំខ្លួន​បណ្តោះអាសន្ន​នេះ​ គឺ​វា​ហួសពី​រយៈពេល​អនុញ្ញាត​ដោយ​ច្បាប់​ជាតិ​កម្ពុជា​។ ខ្ញុំ​សោក​ស្តាយ​ដែល​ចៅក្រម​ស៊ើប​សួរ​ ជាថ្មី​ម្តង​ទៀត​ បាន​បដិសេធ​សំណើ​របស់ខ្ញុំ​ ដើម្បី​សុំ​ជួប​ជាមួយ​លោក​ កឹម​ សុខា​។ ខ្ញុំ​សូម​គូសបញ្ជាក់​ជាថ្មី​ម្តង​ទៀត​ថា​ ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​មានការ​បិទ​បញ្ចប់​​យ៉ាង​ឆាប់រហ័ស​ នូវ​ការស៊ើបអង្កេត​មក​លើ​រូបលោក​ កឹម​ សុខា​ ទម្លាក់​ចោល​បទចោទប្រកាន់​ប្រឆាំង​​រូបលោក​តែម្តង​ ឬឲ្យ​មានការ​ដោះលែង​លោក​ កឹម​ សុខា​ ភ្លាមៗ និង​ដោយ​ឥត​លក្ខខណ្ឌ។ ក៏​មាន​មនុស្សដទៃ​ទៀត​ កំពុង​ស្ថិត​ក្រោម​ការ​ឃុំខ្លួន​ ឬក៏​ត្រូវ​បាន​ដោះលែង​ តែ​នៅ​បន្ត​មាន​បទ​ចោទ​ ដែល​តុលាការ​មិនទាន់​កាត់​សេចក្តី»។

ក្រៅពី​នេះ​ អ្នកស្រី​ក៏​បង្ហាញ​ក្តី​បារម្ភ​ដូចគ្នា​អំពី​ស្ថានភាព​នៃ​ការ​បន្ត​រឹតត្បិត​លើ​សេរីភាព​សារព័ត៌មាន​ឯករាជ្យ ខណៈ​អ្នកសារព័ត៌មាន​ពាក់ព័ន្ធ​មួយចំនួន​កំពុង​ស្ថិត​ក្រោម​ការ​ឃុំខ្លួន​ ឬមិន​ទាន់​មានការ​ទម្លាក់​បទ​ចោទ​ ហើយ​អ្នកសារព័ត៌មាន​ខ្លះទៀត​ ត្រូវ​បង្ខំចិត្ត​ចាកចេញ​ពី​ប្រទេស​កម្ពុជា​។

ដូច​កាលពី​លើ​កមុន​ៗដែរ​ ឆ្លើយតបទៅនឹង​សេចក្តី​រាយការណ៍​របស់​អ្នករាយការណ៍​ពិសេស​នេះ​ តំណាង​អាជ្ញាធរ​កម្ពុជា ​លោក​ ណី​ សំ​អុល​ បានឡើង​ថ្លែង​ការពារ​មុខមាត់​របស់​របប​ក្រុងភ្នំពេញ​ ដូច​កាលពី​លើ​កមុន​ៗនោះ​ដែរ​។ លោក​ ណី​ សំ​អុល​ ថា​របាយការណ៍​របស់​អ្នកស្រី​ រ៉ូ​ណា​ ស្ម៊ី​ត មិន​ឆ្លុះបញ្ចាំង​ពី​ការពិត​នៅ​កម្ពុជា​ទាំងស្រុង​នោះ​ទេ។

សំឡេង​លោក​ ណី​ សំ​អុល៖ «យើង​កត់សម្គាល់​ចំពោះ​អនុសាសន៍​មួយចំនួន​ បើ​ទោះបីជា​អនុសាសន៍​ខ្លះ​ គឺ​ហួសពី​អាណត្តិ​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​។ ការ​អំពាវនាវ​ឲ្យ​មានការ​ដោះលែង​បុគ្គល​ម្នាក់​ ដែល​ស្ថិត​ក្រោម​ដំណើរការ​ក្តី​របស់​តុលាការ​ មិន​អាច​ធ្វើ​ទៅ​បាន​នោះ​ទេ​។ យើង​រីករាយ​ចំពោះ​ទស្សនៈ​ និង​មតិ​លើក​ឡើង​ ដើម្បី​លើកកម្ពស់​ និង​ការពារ​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​នេះ​។ ក៏ប៉ុន្តែ​ យើង​រក​ឃើញថា​ របាយការណ៍​នេះ​ ខកខាន​មិនបាន​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​ទាំង​ស្រុង​​ឲ្យ​បាន​ទូលំទូលាយ​នៅ​កម្ពុជា​នោះ​ទេ»។

មិនមែន​មានតែ​អ្នករាយការណ៍​ពិសេស​ អ្នកស្រី​ រ៉ូ​ណា​ ស្ម៊ី​ត តែម្នាក់ឯង​ទេ​ដែល​បង្ហាញ​ពី​ក្តី​កង្វល់​នៅ​កម្ពុជា​នេះ​។ តំណាង​សហភាព​អឺរ៉ុប​ឯណោះ​វិញ​ បាន​ជំរុញ​​ឲ្យ​រដ្ឋាភិបាល​ធ្វើឲ្យ​ប្រសើរ​ឡើងវិញ​ដល់​លំ​ហរ​ប្រជាធិបតេយ្យ​ បរិយាកាស​នយោបាយ​ និង​សិទ្ធិ​នានា​ដែល​ខ្លួន​ជាប់​កាតព្វកិច្ច​គោរព​តាម​បទដ្ឋាន​អន្តរជាតិ។

សំឡេង​តំណាង​សហភាព​អឺរ៉ុប៖ «សហភាព​អឺរ៉ុប​នៅតែ​បន្ត​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​រឹតត្បិត​មក​លើ​សង្គម​ស៊ីវិល​ និង​លំហ​រន​យោ​បាយ​... មក​លើ​សេរីភាព​​នៃ​ការ​បញ្ចេញមតិ​ ការ​ប្រមូល​ផ្តុំ​ និង​ការ​ជួប​ប្រជុំ​។ និង​កង្វះ​ការស៊ើបអង្កេត​ប្រកបដោយ​ឯករាជ្យ​នៅ​កម្ពុជា​។ យើង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ ចាត់​វិធានការ​ចាំបាច់​នានា​ ដើម្បី​កសាង​លំ​ហរ​ប្រជាធិបតេយ្យ​ គោរព​សិទ្ធិ​ការងារ​ និង​បង្កើត​ឲ្យ​មាន​ឡើងវិញ​នូវ​បរិយាកាស​នយោបាយ​មួយ​ ដែល​គ្រប់​គណបក្ស​នយោបាយ​ប្រឆាំង​ សង្គម​ស៊ីវិល​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​ អាច​ប្រតិបត្តិ​ការបាន​ដោយសេរី​។ យើង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​ចំណាត់ការ​ជាក់លាក់​ និង​ប្រកបដោយ​អត្ថន័យ​ ក្នុង​ការ​ការពារ​នូវ​សុវត្ថិភាព​របស់​អ្នកសារព័ត៌មាន​ អ្នកការពារ​សិទ្ធិមនុស្ស​ និង​បញ្ឈប់​នូវ​រាល់​ការប្រើ​ប្រាស់​ប្រព័ន្ធ​យុត្តិធម៌​ ធ្វើជា​ឧបករណ៍​ក្នុង​ការ​ធ្វើ​ទុក្ខ​​បុក​ម្នេញ​ និង​បំភិតបំភ័យ​មក​លើ​អ្នកប្រឆាំង​ផ្នែក​នយោបាយ​ សង្គម​ស៊ីវិល​ និង​សកម្មជន​សិទ្ធិ​ការងារ»។

រី​ឯ​តំណាង​ប្រទេស​ជប៉ុន ​ ក៏​ចង់​ឃើញ​រដ្ឋាភិបាល​កែ​លម្អ​ស្ថានភាព​សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ​ ដោយ​ផ្តោត​លើ​កិច្ច​សន្ទនា​ និង​កិច្ច​សហ​ការណ៍​ភាពជា​ដៃគូ​ រវាង​កម្ពុជា​ ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​។

សំឡេង​តំណាង​ប្រទេស​ជប៉ុន៖ «ជប៉ុន​រំពឹង​ចង់​ឃើញ​រដ្ឋាភិបាល​កម្ពុជា​ ធ្វើ​ជំហាន​បន្ថែម​ទៀត​ ដើម្បី​កែ​លម្អ​ស្ថានភាព​សិទ្ធិមនុស្ស​ និង​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​អ្នករាយការណ៍​ពិ​សេ​សស​របស់​អង្គការសហប្រជាជាតិ​ ការិយាល័យ​ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​ និង​សហគមន៍​អន្តរជាតិ​។ ជប៉ុន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ផ្តល់​ការ​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​បែបនេះ។ ... អ្នករាយការណ៍​ពិសេស​ បាន​ផ្តល់​អនុសាសន៍​ ឲ្យ​មានការ​កែប្រែ​វប្បធម៌​នយោបាយ​ ឲ្យ​ផ្តោត​ទៅលើ​បញ្ហា​ ជាជាង​ករណី​បុគ្គល​។ យើង​គាំទ្រ​ទស្សនៈ​នេះ»។

ដូចគ្នា​នេះ​ដែរ​ ចក្រភព​អង់គ្លេស​ ក្រៅពី​សម្តែង​ក្តី​ព្រួយបារម្ភ​ខ្លាំង​របស់​ខ្លួន​ចំពោះ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ ក៏បាន​ឲ្យ​ជំរុញ​ឲ្យ​មាន​នូវ​ការចូលរួម​ដេញដោល​​នយោបាយ​ដោយសេរី​នៅ​កម្ពុជា​ដែរ។

សំឡេង​តំណាង​ចក្រភព​អង់គ្លេស៖ «ចក្រភព​អង់គ្លេស​សម្តែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ យើង​ចូលរួម​ជាមួយនឹង​ក្តី​កង្វល់​របស់​អ្នករាយការណ៍​ពិសេស​ចំពោះ​ដំណើរ​ធាក់ថយក្រោយ​យ៉ាងធ្ងន់ធ្ងរ​នៃ​សិទ្ធិ​នយោបាយ​ និង​សេរីភាព​ ដូចដែល​បានឃើញ​ដោយ​កង្វះ​គណបក្ស​ប្រឆាំង​ដ៏​គួរឲ្យ​ទុកចិត្ត​បាន​ ក្រោយពី​មានការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ២០១៧​... និង​ការ​ហាមប្រាម​មក​លើ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​ឲ្យ​ធ្វើសកម្មភាព​នយោបាយ​។ យើង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ អនុញ្ញាត​ឲ្យ​មាន​នូវ​លទ្ធិប្រជាធិបតេយ្យ​ សេរី​ពហុបក្ស​ ដែល​គួរឲ្យ​ទុកចិត្ត​បាន​ និង​ការចូលរួម​ដេញដោល​ផ្នែក​នយោបាយ​ដោយសេរី​។ យើង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធានា​ថា​ គណបក្ស​ប្រឆាំង​ ក៏ដូចជា​សំឡេង​សង្គម​ស៊ីវិល​ ត្រូវ​បាន​គេ​ស្តាប់​ និង​ដឹងឮ​ និង​ផ្តល់​ជូន​នូវ​តួនាទី​ប្រកបដោយ​អត្ថន័យ​ដល់​ពួកគេ​ក្នុង​ការចូលរួម​ធ្វើ​គោលនយោបាយ​ទាំងអស់គ្នា»។

ដោយ​ឡែក​សម្រាប់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ដែល​ធ្លាប់ធ្វើ​ជា​សហប្រធាន​សន្និសីទ​អន្តរជាតិ​នៃ​ការ​បិទ​បញ្ចប់​ជម្លោះ​នយោបាយ​នៅ​កម្ពុជា​ ឬហៅ​ថា​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​កាលពី​ឆ្នាំ១៩៩១​ ក៏​ចង់​ឃើញ​កម្ពុជា​ចាត់​វិធានការណ៍​បន្ថែម​ទៀត​ក្នុង​ការ​កែ​លម្អ​ការគោរព​សិទ្ធិមនុស្ស​ តាមរយៈ​ការ​បន្ត​ការប្រើ​ប្រាស់​យន្តការ​គណៈ​កម្មា​ការ​សិទ្ធិមនុស្ស​អាស៊ាន។

សំឡេង​តំណាង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី៖ «ឥណ្ឌូ​នេ​ស៊ីលើ​កទឹកចិត្ត​ឲ្យ​កម្ពុជា​បន្ត​ចាត់​ជំហាន​បន្ថែម​ទៀត​ក្នុង​ការ​កែ​លម្អ​ការគោរព​សិទ្ធិមនុស្ស​។ នៅក្នុង​ក្របខណ្ឌ​អាស៊ាន​ និង​គណៈ​កម្មា​ការ​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស​។ ឥណ្ឌូ​នេ​ស៊ី​ធ្វើការ​យ៉ាង​ដិតដល់​ជាមួយ​តំណាង​កម្ពុជា​ ក៏ដូចជា​សមាជិក​អាស៊ាន​ ក្នុង​ការ​កែ​លម្អ​ស្ថានភាព​សិទ្ធិមនុស្ស​ ជាពិសេស​លើ​សិទ្ធិ​អប់រំ​ នៅ​តាម​ថ្នាក់​ជាតិ​ និង​ថ្នាក់​តំបន់។ យើង​ត្រៀម​រួចជាស្រេច​ហើយ​ដើម្បី​បន្ត​ដំណើរ​ការ​នេះ»។

ក្រៅពី​នេះ​ តំណាង​មក​ពី​​ក្រុមប្រទេសនិយម​ប្រជាធិបតេយ្យដទៃ​ទៀតដូចជា​ប្រទេស​​​អ៊ីស្លង់​ (Island​) សាធារណរដ្ឋ​ឆែក (Czech Republic)​ អាល្លឺម៉ង់​ (Germany) បែលហ្សិក (Belgium)​ ក្រូអាត (Croatia)​ ស្វីស (Switzerland)​​ និងបារាំង (France) ​ជាដើម​ ​ព្រមទាំង​​ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​អន្តរជាតិ​ ផ្នែក​សិទ្ធិមនុស្ស​ សុទ្ធតែ​ថ្លែង​គាំទ្រ​របាយការណ៍​របស់​អ្នករាយការណ៍​ពិសេស​ អ្នកស្រី​ រ៉ូ​ណា​ ស្ម៊ី​ត។ ក្រៅពី​ចូលរួម​សម្តែង​ក្តី​ព្រួយបារម្ភ​ខ្លាំង​ និង​ការ​សោក​ស្តាយ​ចំពោះ​បញ្ហា​ទាំងនេះ​ ក្រុម​ប្រទេស​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​អន្តរជាតិ​ទាំងនេះ អំពាវនាវ​ឲ្យ​កម្ពុជា​ បញ្ឈប់​ការ​បន្ត​ផាត់ចោល​សំឡេង​ប្រឆាំង​ធំ​ជាង​គេ​ និង​ការ​ឃុំ​ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង​ បើក​ឲ្យ​មាន​កិច្ច​សន្ទនា​នយោបាយ​ដោយ​ចំហរ​ ព្រម​ទាំង​ដោះ​លែង​អ្នក​ទោស​នយោបាយ​ រួម​ទាំង​អតីត​អ្នក​រាយការណ៍​ព័ត៌មាន​អាស៊ី​សេរី​ផង។ ពួកគេ​​ក៏​បាន​រម្លឹក​ពី​ខ្លឹមសារ​ស្នូល​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ ដែល​ត្រូវ​អនុវត្ត​ស្របតាម​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុ​បក្ខ​ និង​ក៏បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ ដោះស្រាយ​បញ្ហា​បន្ទាន់​នៃ​កិច្ច​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ សិទ្ធិ​ការងារ​ ជាពិសេស​សិទ្ធិ​ដីធ្លី​ គណនេយ្យ​ភាព​ និង​តម្លាភាព​នៃ​ប្រព័ន្ធ​យុត្តិធម៌​ ព្រមទាំង​ការ​សម្រេច​​ឲ្យបាន​ស្របតាម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ដាក់ចេញ​ដោយ​អង្គការសហប្រជាជាតិ​ និង​កម្ពុជា។

ទោះបីជា​មាន​កង្វល់​យ៉ាង​ច្រើន​លើក​ឡើង​ដោយ​ក្រុម​ប្រទេស​លោក​សេរី​ទាំង​នេះ​យ៉ាង​ណា​ក៏​ដោយ​ មាន​តែ​ប្រទេស​ផ្តាច់​ការ​ ឬកុម្មុយនិស្ត​ទេ​ ដែល​ចេញមុខ​ថ្លែង​គាំទ្រ​កម្ពុជា​ ក្នុង​នោះ​មាន​វេណេហ្សុយ​អេ​ឡា (Venezuela) និង​ប្រទេស​ចិន (China) ដែល​បាន​ចោទសួរ​អំពី​អាណត្តិ​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នេះ​ និង​លើក​យក​បញ្ហា​នៃ​ការ​គោរព​សិទ្ធិ​អធិបតេយ្យ​​របស់​រដ្ឋ​សមាជិក។ ខណៈ​នៅ​ប្រទេស​ខ្លួន​ក៏​កំពុង​តែ​ជួបប្រទះ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ផង​ដែរ​នោះ​ ប្រទេស​ចិន​ បែរ​ជា​ធ្វើ​មិន​ដឹង​ឮពី​បញ្ហា​អស់​ទាំង​នេះ។ តំណាង​ប្រទេស​ចិន​ បែរ​ជា​កោត​សរសើរ​កម្ពុជា​ ចំពោះ​ការ​អភិវឌ្ឍន៍​ និង​ការ​លើ​កម្ពស់​សិទ្ធិ​មនុស្ស​ទៅ​វិញ។

សំឡេង​តំណាង​ប្រទេស​ចិន៖ «ចិន​សូម​កោតសរសើរ​កម្ពុជា​ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ និង​ដំណើរ​វិវឌ្ឍន៍​ដែល​បាន​ធ្វើឡើង​នៅក្នុង​ការ​លើកកម្ពស់​ និង​ការពារ​សិទ្ធិមនុស្ស​។ ជា​ការគួរ​ឲ្យ​ពេញចិត្ត​ យើង​កត់សម្គាល់​ថា​ ដោយសារតែ​ក្រោម​ការដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា​ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ ប្រទេស​នេះ​បាន​រក្សា​ឲ្យ​មាន​នូវ​ស្ថិរភាព​នយោបាយ​ និង​កំណើន​សេដ្ឋកិច្ច​ជាប់​ជាបន្តបន្ទាប់​ ក្នុងរយៈពេល៣ទស្ស​វត្ស​ចុងក្រោយ​នេះ​។ ហេដ្ឋារចនាសម្ព័ន្ធ​របស់​ប្រទេស​នេះ​ មានការ​អភិវឌ្ឍន៍​គួរឲ្យ​ចាប់អារម្មណ៍​។ ប្រព័ន្ធ​អប់រំ​ សេវា​សុខភាព​ និង​ស្តង់ដារ​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​ មានការ​កែ​លម្អ​យ៉ាង​ទៀងទាត់។... សិទ្ធិ​ជាច្រើន​ ក៏​ត្រូវ​បាន​ធានា​យ៉ាង​មាន​ប្រសិទ្ធិ​ភាព»។

កិច្ចសន្ទនា​អន្តរ​សកម្ម​នេះ រឹតតែ​កើនឡើង​កម្តៅ​ខ្លាំង​ថែម​ទៀត​ នៅ​ពេល​ដែល​ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​អន្តរជាតិ​ ជាពិសេស​តំណាង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ (Human​ Rights​) ប្រើប្រាស់​ភា​សា​ធ្ងន់ៗ ថា កម្ពុជា​កំពុង​ជួប​វិបត្តិ​សិទ្ធិ​មនុស្ស។

សំឡេង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ៖ «កម្ពុជា​កំពុង​ជួបប្រទះ​នូវ​វិបត្តិ​សិទ្ធិមនុស្ស​ ដោយសារតែ​សេរីភាព​ដែល​ពិបាក​នឹង​ទទួល​បាន​ ដោយ​កិច្ច​ខំប្រឹង​ប្រែង​ខ្លាំង​ ក្នុងរយៈ​ពេល​ទស្ស​វត្ស​ចុងក្រោយ​ កំពុង​រលាយ​បាត់បង់​ទៅ​យ៉ាង​ឆាប់រហ័ស​។ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ ឯកភាព​ជាមួយនឹង​ការវិភាគ​របស់​អ្នករាយការណ៍​ពិសេស​ ដែល​ថា​ ក្នុងរយៈពេល១ឆ្នាំ​នៃ​ការ​រាយការណ៍​នេះ​ រដ្ឋាភិបាល​កម្ពុជា​ បាន​បរាជ័យ​ក្នុង​ការ​ធ្វើ​ចំណាត់ការ​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ ដើម្បី​ធ្វើឲ្យ​ប្រសើរ​ឡើងវិញ​ ចំពោះ​ការ​បង្ក្រាប​យ៉ាង​តឹង​រឹង​មក​លើ​សំឡេង​រិះគន់​ និង​ឯករាជ្យ​ ​ ដែល​កំពុងតែ​រឹតត្បិត​យ៉ាង​ខ្លាំង​មក​លើ​សិទ្ធិ​នយោបាយ​ និង​ពលរដ្ឋ​​កម្ពុជា»។

តំណាង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​រូប​នេះ ​ផ្តល់​អនុសាសន៍​ឲ្យ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ ចាត់​វិធានការណ៍​កាន់តែ​ខ្លាំង​បន្ថែម​ទៀត​ មក​លើ​កម្ពុជា​ ដើម្បី​បង្ការ​កុំ​ឲ្យ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ រឹតតែ​អាក្រក់​ថែមទៀត​នា​ពេល​អនាគត។

សំឡេង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​៖ «សេចក្តី​សម្រេច​ដ៏​ទន់ខ្សោយ​កាលពី​ឆ្នាំ២០១៧​ គួរតែ​​ត្រូវ​ពង្រឹង​ ដើម្បី​តម្រូវឲ្យ​មាន​នូវ​ការ​ឃ្លាំមើល​តាមដាន​ និង​រាយការណ៍​ដោយ​ឧត្តម​ស្នងការ​។ ការ​ធ្វើ​ដូច្នេះ​ នឹង​ផ្ញើ​នូវ​សារ​ច្បាស់លាស់​មួយ​នៃ​ក្តី​បារម្ភ​​របស់សហ​គមន៍អន្តរជាតិ​ និង​អនុញ្ញាត​ឲ្យ​មាន​នូវ​មាន​នូវ​ការ​វាយ​តម្លៃ​ទូលំទូលាយ​ នៃ​ស្ថានភាព​សិទ្ធិមនុស្ស​ និង​ផ្ញើ​នូវ​ការកំណត់​គោល​ស្តង់ដារ​សម្រាប់​រដ្ឋាភិបាល​ត្រូវ​បំពេញ​ឲ្យបាន​ ដើម្បី​អនុលោម​តាម​កាតព្វកិច្ច​អន្តរជាតិ​របស់​ខ្លួន»។

ជាចុងក្រោយ​ កម្ពុជា​ត្រូវ​បាន​ទុក​ឱកាស​ឲ្យ​ឆ្លើយតប​ចំពោះ​កង្វល់​ និង​ការ​លើកឡើង​ពីសំណាក់​ភាគី​អន្តរជាតិ​ និង​ប្រទេស​ពាក់ព័ន្ធ​ទាំងនេះ​។ លោក​ ណី​ សំ​អុល​ ហៅ​កិច្ច​សន្ទនា​ ​ដោយក្រុម​ប្រទេស​លោកខាងលិច​ និង​ក្រុម​និយម​ប្រជាធិបតេយ្យ​ថា​ ជា​ការប្រមាថ​ មើលងាយ​ និង​បម្រើ​ឲ្យ​ប្រយោជន៍​នយោបាយ​ ដែល​កម្ពុជា​មិន​អាច​ស្វាគមន៍​បាន​ឡើយ​។

សំឡេង​លោក ណី សំអុល៖ «យើងខ្ញុំ​ទទួល​ស្តាប់​នូវ​រាល់​កង្វល់​ទាំងឡាយ​ដែល​បាន​លើកឡើង​ ប៉ុន្តែ​កង្វល់​ទាំងនោះ​ គួរ​លើកឡើង​ដោយ​ការគោរព​គ្នា​ទៅ​វិញ​ទៅ​មក​។ រាល់​កិច្ច​សន្ទនា​ណាមួយ​ដែល​មាន​លក្ខណៈ​ប្រមាថ​​មើលងាយ​ បម្រើ​ប្រយោជន៍​នយោបាយ​ ឬជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ មិន​ទទួល​បានការ​ស្វាគមន៍​​​ឡើយ​។ សម័យប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ មិនមែន​ជា​វេទិកា​សម្រាប់​បើក​ការឃោសនា​នយោបាយ​សម្រាប់​ក្រុម​ ឬគណបក្ស​ណាមួយ​ ដើម្បី​វាយ​បំបាក់​​ភាគី​ម្ខាងទៀត​នោះ​ទេ​។ សិទ្ធិមនុស្ស​មិន​ត្រូវ​បាន​គេ​បង្ក​ទៅជា​រឿង​នយោបាយ​ឡើយ​។ សិទ្ធិមនុស្ស​គួរ​ត្រូវ​បាន​អនុវត្ត​ប្រកបដោយ​ភាព​យុត្តិធម៌​ និង​មិន​លម្អៀង»។

យ៉ាង​ណា​ក៏​ដោយ​ កិច្ច​សន្ទនា​អន្តរ​សកម្ម​​អពី​បញ្ហា​នៅ​កម្ពុជា​នេះ​ បិទ​បញ្ចប់​ទៅ​ដោយ​អ្នកស្រី​ រ៉ូ​ណា​ ស្ម៊ី​ត ឆ្លើយ​តប​ចំពោះ​កង្វល់​ និង​សំណូមពរ​នានា​របស់​ប្រទេស​​ពាក់ព័ន្ធ។ អ្នកស្រី​ថា​ ដំណោះស្រាយ​មាន​តែ​មួយ​គត់​ គឺ​កិច្ច​សន្ទនា​នយោបាយ​ ដែល​តម្រូវឲ្យ​មាន​នូវ​ឆន្ទៈ​ពិតប្រាកដ​ពីសំណាក់​គ្រប់​ភាគី​ពាក់ព័ន្ធ។

អ្នកស្រី​ រ៉ូ​ណា​ ស្ម៊ីត៖ «ខ្ញុំ​គិតថា​ ជាដំបូង​ ហើយ​មិន​អាច​ជៀស​បាន​ ចាំបាច់​ត្រូវ​មាន​នូវ​ឆន្ទៈ​ ពីសំណាក់​ភាគី​រដ្ឋាភិបាល​ និង​តួអង្គ​នយោបាយ​ដទៃទៀត​ ក្នុង​ការ​ចូលរួមទាំងអស់គ្នា​ និង​បើកឲ្យមាន​កិច្ច​សន្ទនា​មួយ​ ដោយ​ពួក​គេ​ខ្លួនឯ​ង ឬក៏​មាន​អ្នក​សម្រុះ​សម្រួល​។ អំណាច​ត្រូវតែបូករួម​នូវ​ការទទួលខុសត្រូវ​។ ហើយ​ការ​ទទួល​ខុស​ត្រូវ​​នោះ​ រួមមាន​ ការ​បំពេញការងារ​ជាមួយគ្នា​ ដើម្បី​ធ្វើឲ្យ​ជឿនលឿន​សិទ្ធិមនុស្ស​​នៅ​​កម្ពុជា​​បន្ថែម​ទៀត​។ ខ្ញុំ​គិតថា​ ការ​រក​ទស្សន​រួម​ គឺត្រូវ​ចាក់​រិះ​ពី​ថ្នាក់​​ជាតិ​​រហូត​​ដល់​​​ថ្នាក់​​​មូលដ្ឋាន ក្នុង​​ការ​​ព្យាយាម​ធ្វើការ​ជាមួយគ្នា​ ឆ្ពោះទៅ​រក​គោលដៅ​នោះ»។

ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​នឹង​អនុម័ត​លើ​សេចក្តី​សម្រេច​មួយ​នា​ពេល​បន្ទាប់​ដ៏​ខ្លី​ខាង​មុខ ដើម្បី​ចង​ក្រង​រាល់​អនុសាសន៍​សំ​ខាន់ៗ នានា ដែល​ភាគី​ និង​ប្រទេស​​ពាក់ព័ន្ធ​បាន​លើក​ឡើង​ ដើម្បី​ឲ្យ​កម្ពុជា​យក​ទៅ​ពិចារណា​កែប្រែ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើងវិញ​នូវ​ស្ថានភាព​សិទ្ធិមនុស្ស​ ដែល​ជា​ក្តី​កង្វល់​​អស់​ទាំង​នេះ៕



​(អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ អ្នកស្រី​ រ៉ូ​ណា​ ស្ម៊ី​ត (Rhona​ Smith) នៅ​ឯស​ម័យ​ប្រជុំ​លើក​ទី៤២​ របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ទីក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស​ កាលពី​ថ្ងៃទី២៥​ ខែកញ្ញា ឆ្នាំ២០១៩។ Photo: Screenshot from UN Web TV)



(ស​ម័យ​ប្រជុំ​លើក​ទី៤២​ របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ទីក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស​ កាលពី​ថ្ងៃទី២៥​ ខែកញ្ញា ឆ្នាំ២០១៩។ Photo: Screenshot from UN Web TV)

RFA

No comments: