Friday 27 September 2019
មន្ត្រីបក្សប្រឆាំងនៅថៃថា ពលករជិត ២២ម៉ឺននាក់យល់ព្រមអមដំណើរលោក សម រង្ស៊ី ទៅកម្ពុជា
ដោយ យន់ សាមៀន
2019-09-26
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ធ្វើដំណើរតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីឆ្ពោះទៅរមណីយដ្ឋានវត្តភ្នំ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៤។
RFA
មេដឹកនាំគណបក្សសង្គ្រោះជាតិ ប្រចាំប្រទេសថៃអះអាងថា ពេលនេះមានពលករជាច្រើនម៉ឺននាក់គ្រោងអមដំណើរលោក សម រង្ស៊ី វិលចូលស្រុកវិញ។ ប៉ុន្តែអ្នកនាំពាក្យរបបក្រុងភ្នំពេញមិនជឿថា ពលករទាំងបោះបង់ចោលការងាររបស់ខ្លួន ដើរតាមលោក សម រង្ស៊ី នោះទេ។
ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិប្រចាំប្រទេសថៃ លោក លី រតនរស្មី ឱ្យអាស៊ីសេរីដឹងថ្ងៃទី២៦ ខែកញ្ញា ថា គណបក្សនេះ បានស្រង់ចំនួនពលករ បានជាច្រើនម៉ឺននាក់ ជិតមួយរយតំបន់ទូទាំងប្រទេសថៃ ដើម្បីទៅអមដំណើរលោក សម រង្ស៊ី ចូលស្រុក៖ «ដោយសារយើងចង់បានទិន្នន័យឱ្យពិតប្រាកដគឺបានចង់បានតែអ្នកទៅដល់អ៊ីចឹងយើងសង្ឃឹមថា ក្នុងខែ១០នេះ គឺយើងនឹងទទួលបានការគិតទុក និងគម្រោងគិតទុករបស់ក្រុមការងារតែម្ដង»។
លោក លី រតនរស្មី ឱ្យដឹងទៀតថា ក្រុមការងារលោកនឹងបង្ហាញតួលេខផ្លូវការនៅពាក់កណ្ដាលខែតុលាខាងមុខ ប៉ុន្តែលោករំពឹងថា នឹងមានពលករច្រើនម៉ឺននាក់ថែមទៀត នឹងស្ម័គ្រចិត្តអមដំណើរលោក សម រង្ស៊ី។ ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីអ្នកនាំពាក្យរដ្ឋាភិបាលថា ការលើកឡើងរបស់មន្ត្រីបក្សប្រឆាំង ជារឿងប្រឌិត។
អ្នកនាំពាក្យរដ្ឋាភិបាលនៃរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ប្រាប់អាស៊ីសេរីថា លោកមិនជឿថា ពលករខ្មែរសុខចិត្តលះបង់ចោលការងារ ឪពុកម្ដាយ និងគ្រួសារ ដើរតាមលោក សម រង្ស៊ី ឡើយ៖ «អនាគតគាត់មិននៅជាមួយ សម រង្ស៊ី ទាំងម៉ែទាំងឪគាត់ គាត់ទៅធ្វើការក្រៅប្រទេសដើម្បីចិញ្ចឹមម៉ែឪបងប្អូនគាត់មិនមែនទៅធ្វើនយោបាយទេ»។
ទោះមានការព្រមានយ៉ាងនេះក្តី ពលករនៅប្រទេស និងពលរដ្ឋនៅក្រៅប្រទេសមួយចំនួនដែលមានគម្រោងអមដំណើរលោក សម រង្ស៊ី ទៅស្រុកវិញលើកឡើងថា ពួកគេមិនខ្លាចបាត់បង់ការងារនោះទេ និងចាត់ទុកចូលស្រុកនេះ ដើម្បីស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ មិនមែនជាការផ្តួលរំលំរដ្ឋាភិបាលនោះទេ។
សមាជិកអ្នកវិភាគវ័យក្មេងលោក ហេង ច័ន្ទរស្មី មិនទាន់ទុកចិត្តលោក សម រង្ស៊ី នឹងចូលស្រុក តាមការសន្យានោះទេ។ លោកបន្តថា លោក សម រង្សី មិនទាន់បង្ហាញគោលជំហរជាក់លាក់ក្នុងការត្រឡប់ចូលស្រុកនៅឡើយទេ៖ «អ្វីដែលគួរឱ្យកត់សម្គាល់គឺភាគីម្ខាងហាក់បីដូចមិនព្យាយាម ឬបង្ហាញភ្លើងចរចាណាមួយដល់គណបក្សសង្គ្រោះជាតិ ដោយសារយើងសង្កេតឃើញគណបក្សកាន់តែប្រើប្រាស់កម្លាំងប្រដាប់អាវុធ និងហិង្សាផ្នែកនយោបាយ»។
លោក សម រង្ស៊ី បានអំពាវនាវទៅអ្នកគាំទ្រលោក ជាពិសេសពលករខ្មែរនៅប្រទេសថៃ កូរ៉េខាងត្បូង ជប៉ុន និងប្រទេស ម៉ាឡេស៊ី ជាដើមត្រៀមខ្លួនទៅផ្ទះវិញជាមួយលោក នៅថ្ងៃទី៩ វិច្ឆិកា ខាងមុខ។ មេដឹកនាំគណបក្សសង្គ្រោះជាតិរូបនេះ បានអំពាវនាវឱ្យមន្ត្រីអង្គការសហប្រជាជាតិ និងតំណាងរាស្ត្រ សហគមន៍អឺរ៉ុប និងអាមេរិកអមដំណើរមាតុភូមិនិវត្តន៍របស់លោកដែរ។ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិអះអាងថា គណបក្សនេះ នឹងបង្ហាញព័ត៌មានលំអិតជុំវិញដំណើររបស់លោក សម រង្ស៊ី ទៅកម្ពុជាវិញនៅប៉ុន្តែថ្ងៃមុនថ្ងៃទី៩ វិច្ឆិកា៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment