Thursday 26 September 2019

"លោក សម រង្ស៊ី បង្កើន​សារ​រក​សំឡេង​គាំទ្រ​​ពី​ពលរដ្ឋ​​ដែល​គោរព​ស្រលាញ់​ព្រះមហាក្សត្រ"


ដោយ សេក បណ្ឌិត
2019-09-25

សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី (រូប​កណ្ដាល) ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា យាង​ចូលរួម​ពិធី​ខួប​អនុស្សាវរីយ៍​លើក​ទី៦២ នៃ​បុណ្យ​ឯករាជ្យ​ជាតិ​៩ វិច្ឆិកា នា​វិមានឯករាជ្យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី (រូប​កណ្ដាល) ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា យាង​ចូលរួម​ពិធី​ខួប​អនុស្សាវរីយ៍​លើក​ទី៦២ នៃ​បុណ្យ​ឯករាជ្យ​ជាតិ​៩ វិច្ឆិកា នា​វិមានឯករាជ្យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
RFA



យុវជន និង​អ្នកវិភាគ​ថា ការ​អះអាង​របស់​លោក សម រង្ស៊ី ថា​ចូល​ស្រុក​ដើម្បី​រំដោះ​ព្រះមហាក្សត្រ​ពី​លោក ហ៊ុន សែន ជា​សារ​នយោបាយ​ដើម្បី​រក​សំឡេង​គាំទ្រ​បន្ថែម​ទៀត​ពី​ពលរដ្ឋ​ដែល​គោរព​ស្រលាញ់​ព្រះមហាក្សត្រ។

សារ​ចុងក្រោយ​របស់​លោក សម រង្ស៊ី នេះ ធ្វើឡើង​ក្រោយ​ពេល​តុលាការ និង​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ប្រតិកម្ម​ផ្លូវច្បាប់​ចោទប្រកាន់​លោក​ថា បាន​ប្រមាថ ស្ដេច​ដោយសារ​តែ លោក​អះអាង​ថា ព្រះមហាក្សត្រ​ជា​អាយ៉ង​របស់​លោក ហ៊ុន សែន។

យុវជន​លោក សេង ម៉េងប៊ុនរ៉ុង ដែល​ចូលចិត្ត​តាមដាន​ព្រឹត្តិការណ៍​នយោបាយ បាន​សំដែង​ការ​គាំទ្រ​សារ​របស់​លោក សម រង្ស៊ី៖ «ខ្ញុំ​គិត​ថា នឹង​ទទួល​បាន​ការ​គាំទ្រ​បន្ថែម​ទៀត​ព្រោះ​អ្នកណា​ក៏​មើល​ឃើញ​ដែរ​ថា ព្រះមហាក្សត្រ​សព្វថ្ងៃ​ដែល​យើង​គោរព​ស្រលាញ់​ទាំងអស់​គ្នា​គឺ​ទ្រង់​នៅ​ក្រោម​គំនាប​របស់​គណបក្ស​កាន់អំណាច ហើយ​ខ្ញុំ​នឹង​ចូលរួម​ជាមួយ​គណបក្ស​ប្រឆាំង»។



ចំណែក​ឯ​យុវជន​ម្នាក់ទៀត លោក ច័ន្ទ សុធី សង្កេត​ឃើញ​ថា របប​ក្រុងភ្នំពេញ​សព្វថ្ងៃ កំពុង​ដឹកនាំ​ប្រទេស​តាម​បែប​អំណាច​ប្រមូល​ផ្តុំ​។ លោក​ថា ក្នុងនាម​លោក​ផ្ទាល់​និង​ពលរដ្ឋ​ផ្សេងទៀត​នឹង​ត្រៀមខ្លួន​ជាមួយ​គណបក្ស​សង្គ្រោះជាតិ​ដើម្បី​ទាមទារ​ឱ្យ​មានការ​បែងចែក​អំណាច​ដាច់ដោយឡែក​ពី​គ្នា និង​ការ​គោរព​ព្រះមហាក្សត្រ​ដូចដែល​ច្បាប់​ចែង​ខណៈ​លោក​យល់ថា របប​ក្រុងភ្នំពេញ​មិនបាន​អនុវត្ត​ឱ្យ​ត្រឹមត្រូវ​តាមច្បាប់​ទេ៖ «អ្នក​ដែល​រំលោភបំពាន​ឬក៏​ប្រមាថ​ព្រះមហាក្សត្រ​គឺ​ប្រជាពលរដ្ឋ​ដឹង​គ្រប់គ្នា​ទាំងអស់​ដូច្នេះ​ប្រសាសន៍​របស់​គាត់ (លោក សម រង្ស៊ី​) ខ្ញុំ​គាំទ្រ​ព្រោះ​យើង​ឃើញ​ទិដ្ឋភាព​ជាក់ស្ដែង​ស្រាប់»។

កាលពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា លោក សម រង្ស៊ី ថ្លែង​ពេល​ជួប​អ្នកគាំទ្រ​របស់​ខ្លួន​នៅ វត្ត​ខេមររង្សី នៅ​ទីក្រុង​សាន់ហូស្សេ រដ្ឋ​កាលីហ្វ័រញ៉ា (California) ថា អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នក​គោរព​ស្រលាញ់​ព្រះមហាក្សត្រ​គូរ​រួម​ជាមួយ​នឹង​លោក​នៅ​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា ដើម្បី​រំដោះ​ប្រទេស និង ព្រះមហាក្សត្រ ពី​ក្រញាំ​លោក ហ៊ុន សែន​៖ «អ្នកណា​ដែល​ប្រមាថ​ស្ដេច គឺ​ហ៊ុន សែន​!!! អ្នកណា​ដែល​គំរាម​រំលាយ​របប​រាជានិយម ហ៊ុន សែន​!!! អ្នកណា​ដែរ​ល​គំរាម​រំលាយ​ព្រះរាជ​បល្ល័ង្ក ហ៊ុន សែន !!! អ៊ីចឹង​សូម្បីតែ​អ្នក​ស្រលាញ់​ស្ដេច​ទាំងអស់​ត្រូវតែ​គាំទ្រ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​យើង​ទៅ​ជួយ​ស្ដេច​ឱ្យ​រួច​ផុត​ពី​ក្រញាំ ហ៊ុន សែន»។

អ្នកវិភាគ​បញ្ហា​នយោបាយ​លោក គឹម សុខ ដែល​ហ៊ាន​រិះគន់​លោក ហ៊ុន សែន ឥត​សំចៃ​មាត់ និង បច្ចុប្បន្ន​កំពុង​រស់នៅ​និទ្ទេស​ខ្លួន​នៅ​ប្រទេស​ហ្វាំងឡង់ យល់ថា ដើម្បី​រំដោះ​ព្រះមហាក្សត្រ​លុះវត្រា​អ្នក​នយោបាយ​រួមគ្នា​គោរព​រដ្ឋធម្មនុញ្ញ​។ លោក​បន្ត​ថា ប្រសិនបើ​ព្រះ មហាក្សត្រ ត្រូវ​ពលរដ្ឋ​រំដោះ​បាន​នោះ ព្រះអង្គ​នឹង​សិទ្ធិ​គ្រប់គ្រាន់​ដើម្បី​ជួយ​ដោះស្រាយ​វិបត្តិ​នយោបាយ ស្របតាម រដ្ឋ​ធម្មនុញ្ញ​ដែល​ផ្ដល់​អំណាច​ដល់​ព្រះអង្គ៖ «នៅក្នុង​ការ​បង្ហាញ​អំពី​សារ​ស្មារតី​គោរព​នៃ​ការ​គោរព​រដ្ឋធម្មនុញ្ញ គោរព​ព្រះមហាក្សត្រ​វា​ដូច​ជា​ការ​នាំមុខ​គោរព​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដូច្នេះ​គណបក្សប្រឆាំង​អាច​មាន​ឥទ្ធិពល​នឹង​និយាយ​ជាមួយ​សហគមន៍​អន្តរជាតិ​ទាំង​អង្គការសហប្រជាជាតិ​ជា​ដើម្បី​ដើម្បី​ជំរុញ​ទៅ​គណបក្ស​កាន់អំណាច​ពិចារណា ទៅ​ការ​គោរព​រដ្ឋធម្មនុញ្ញ​និង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស»។

ស្រប​ពេល​ដែល​លោក សម រង្ស៊ី កំពុង​មាន​បំណង​ចង់​រំដោះ​ព្រះមហាក្សត្រ​នោះ គណបក្សប្រឆាំង ក៏បាន​បំផុស​ចលនា​បង្ហាញ​ម្រាមដៃ​៩ ជា​សញ្ញា​គាំទ្រ លោក សម រង្ស៊ី វិល​ចូល​កម្ពុជា​៕

No comments: