Sunday 22 September 2019
ប្រធានក្រុមអង្គរក្សលោក សម រង្ស៊ី ត្រូវជនមិនស្គាល់មុខពីរនាក់វាយបែកក្បាលរងរបួសធ្ងន់
ដោយ អាស៊ីសេរី
2019-09-22
សកម្មជនគណបក្សប្រឆាំងនិង ជាប្រធានក្រុមអង្គរក្សលោក សម រង្ស៊ី លោក ពូក ចន្តា ដែលត្រូវជនមិនស្គាល់ពីរនាក់ វាយពីក្រោយចំក្បាលបណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរនៅថ្ងៃទី២២ ខែកញ្ញា ២០១៩។
Photo Provided
សកម្មជនគណបក្សប្រឆាំងនិង ជាប្រធានក្រុមអង្គរក្សលោក សម រង្ស៊ី ត្រូវជនមិនស្គាល់ពីរនាក់យកដំបងដែកលួច វាយពីក្រោយចំក្បាលបណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរនៅថ្ងៃទី២២ ខែកញ្ញានេះ។ សង្គមស៊ីវិល និងមន្ត្រីបក្សប្រឆាំង ស្នើទៅសមត្ថកិច្ចស្រាវជ្រាវករណីនេះ ដោយកុំប្រកាន់និន្នាការ នយោបាយ។
ប្រធានក្រុមអង្គរក្សលោក សម រង្ស៊ី លោក ពូក ចន្ដា ដែលរងការវាយធ្វើបាប ចាត់ទុកករណីនេះ ជាការប៉ុនប៉ងធ្វើឃាតលើរូបលោក។ ហេតុការណ៍ហិង្សានេះ កើតឡើងនៅចម្ងាយប្រមាណ ១០០ ម៉ែត្រពីទីស្នាក់ការគណបក្សសង្គ្រោះជាតិ ដែលស្ថិតសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក ពូក ចន្តា ប្រាប់អាស៊ីសេរីថា ជនមិនស្គាល់មុនទាំងនោះ បានលួចវាយលោក ពេលលោកដើរពីផ្សារបម្រុងទៅផ្ទះ រួចពួកគេក៏នាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់អស់ទៅ។ លោកថា របួសនេះធ្វើឱ្យលោកដេរអស់ប្រាំថ្នេរ។ លោកឱ្យដឹងទៀតថា ក្រោយកើតហេតុ លោកបានប្តឹងទៅអាជ្ញាធរមូលដ្ឋានរួចរាល់អស់ហើយ៖ «វាយតែមួយដំបងទេ វាយរួចហើយគេជិះម៉ូតូរត់ទៅ ពេលអ៊ីចឹងទៅយើងត្រូវដាក់ប្ដឹងទៅប៉ូលិសដឹងសិន ខ្ញុំប្ដឹងពីបទមនុស្សឃាត ខ្ញុំថាខ្មែរដូចមិនត្រូវលួចធ្វើឃាត ឬលួចវាយពីក្រោយខ្នងទេ»។
លោក ពួក ចន្តា បញ្ជាក់ថា លោកមិនដែលមានជម្លោះជាមួយអ្នកណាទេ ហើយសព្វថ្ងៃលោកក៏មិនបានធ្វើសកម្មអ្វីទាក់ទងនឹងរឿងនយោបាយឡើយ។ លោកថា សព្វថ្ងៃនេះ លោកគ្រាន់តែអ្នកជួយមើលថែផ្ទះឲ្យលោក សម រង្ស៊ី ប៉ុណ្ណោះ។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោក ឆាយ គឹមខឿន ប្រាប់អាស៊ីសេរីថា នៅពេលកើតមានមានបញ្ហានេះ គឺសមត្ថកិច្ចនឹងដោះស្រាយ។ នៅពេលមានការចោទសួរហេតុអ្វីករណីបង្កហិង្សាលើសកម្មជនគណបក្សប្រឆាំង នៅរយៈពេលចុងក្រោយសមត្ថកិច្ចមិនទាន់រកឃើញជនប្រព្រឹត្ត អ្នកនាំពាក្យរូបនេះអះអាងថា សំណុំរឿងតិចណាស់ដែលសមត្ថកិច្ច មិនទាន់ស្វែងរកជនប្រព្រឹត្តឃើញ៖ «កងកម្លាំងមានសមត្ថកិច្ចត្រូវតែដោះស្រាយ ប៉ុន្តែលោកយកពីរបីករណីទៅប្រៀបធៀបមួយពាន់ករណី ក្នុងមួយឆ្នាំអីចឹងទៅមិនអាចឆ្លើយបានទេ»។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត យល់ថា បើសមត្ថកិច្ចនៅតែមិនអាចស្វែងរកជនប្រព្រឹត្តមកផ្ដន្ទាទោសបាននោះទេ សាធារណជន នឹងរិះគន់ថា ករណីហិង្សានេះគឺជា ការធ្វើទុក្ខបុកម្នេញ និងជាការគំរាមកំហែងលើសកម្មជនគណបក្សប្រឆាំង។ លោកជំរុញឱ្យសមត្ថកិច្ចស្វះស្វែងចាប់ជនប្រព្រឹត្តយកមកផ្ដន្ទាទោសតាមច្បាប់ ដោយកុំប្រកាន់និន្នាការនយោបាយ៖ «អ៊ីចឹងអាជ្ញាធរត្រូវតែផ្ដល់កិច្ចការពារផ្ដល់ការស្រាវជ្រាវដើម្បីរកជនដៃដល់ទៅផ្ដន្ទាទោសតាមផ្លូវច្បាប់ដើម្បីជាយុត្តិធម៌ក្នុងសង្គម»។
ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ លោក ម៉ន ផល្លា ចោទប្រកាន់ថា ករណី ហិង្សាលើសកម្មជនគណបក្សសង្គ្រោះជាតិម្ដងហើយម្ដងទៀតបែបនេះ គឺជារឿងនយោបាយ។ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិរូបនេះ ស្នើឱ្យអាជ្ញាធរក្រុងភ្នំពេញ ស្រាវជ្រាវ និងស៊ើបអង្កេតករណីនេះដោយចិត្តទុកដាក់ និងស្នើទៅអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិជួយឃ្លាំមើលករណីនេះ៖ «ខ្ញុំសូមឲ្យរបបក្រុងភ្នំពេញចាប់វែកមុខជនដៃដល់ចាប់មកផ្ដន្ទាទោសនិងសូមបញ្ឈប់ជាបន្ទាន់នូវការគំរាមកំហែងបំភិតបំភ័យគ្រប់រូបភាពលើសកម្មជនគណបក្សសង្គ្រោះជាតិ»។
នៅរយៈពេលចុងក្រោយនេះ ករណីជនមិនស្គាល់មុខលួចវាយធ្វើបាប សកម្មជនគណបក្សសង្គ្រោះជាតិនៅរាជធានីភ្នំពេញ កើតឡើងជាង ១០ករណីហើយ។ ក្នុងនោះ មានបីករណីជនប្រព្រឹត្តសុទ្ធតែវាយសំដៅចំក្បាលសកម្មជនគណបក្សសង្គ្រោះជាតិ។ រហូតមកដល់ពេលនេះ សមត្ថកិច្ចរបបក្រុងភ្នំពេញមិនទាន់វែកមុខចាប់បានជនប្រព្រឹត្តណាម្នាក់យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់នៅឡើយទេ ស្របពេលសកម្មជនបក្សប្រឆាំងចំនួន ២៧នាក់ ត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនក្នុងពន្ធនាគារ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment