Sunday 22 September 2019
សាច់ញាតិសកម្មជនបក្សប្រឆាំងដែលជាប់ឃុំមិនបានទៅវត្តដោយសារអត់លុយ និងអវត្តមានបង្គោលគ្រួសារ
ដោយ យន់ សាមៀន
2019-09-21
សកម្មជនគណបក្សសង្គ្រោះជាតិ ខេត្តព្រះសីហនុ លោក ម៉ៃ ហុងស្រៀង។
screenshot
សាច់ញាតិរបស់សកម្មជនបក្សប្រឆាំងកំពុងជាប់ឃុំក្នុងពន្ធនាគារខ្លះ ខកខានទៅវត្តដាក់បិណ្ឌ ដោយសារអត់លុយ និងអវត្តមានបង្គោលគ្រួសារ។ សាច់ញាតិទាំងនោះ ទទូចឱ្យរបបក្រុងភ្នំពេញ ដោះលែងសកម្មជនបក្សប្រឆាំង ឱ្យមានសេរីភាពក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
ប្រពន្ធ កូន បងប្អូន របស់សកម្មជនគណបក្សសង្គ្រោះជាតិ កំពុងជាប់ឃុំក្នុងពន្ធនាគារ សុទ្ធតែសង្ឃឹមថា របបក្រុងភ្នំពេញ នឹងដោះលែង សកម្មជនទាំង២៧នាក់ ឱ្យមានសេរីភាពឡើងវិញ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។
ភរិយារបស់ លោក យ៉ាត ភារម្យ ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ ប្រចាំស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ គឺលោកស្រី មិន មុំ ប្រាប់ថា លោកស្រី និងកូនប្រុសទាំង២ មិនទៅវត្តធ្វើបុណ្យភ្ជុំបិណ្ឌនៅឆ្នាំនេះទេ ដោយសារអវត្តមានបង្គោលគ្រួសារ គឺលោក យ៉ាត ភារម្យ។ លោកស្រីប្រាប់ថា គ្មានអារម្មណ៍ទៅវត្តធ្វើបុណ្យទេ ព្រោះប្ដីកំពុងជាប់ឃុំឃាំង៖ «ខ្ញុំអត់បានទៅវត្តទេ ព្រោះថា ខ្ញុំអត់សប្បាយចិត្តនឹងធ្វើបុណ្យទេ គ្រួសារខ្ញុំកំពុងជួបទុក្ខលំបាក អ៊ីចឹង។ ដូចប្ដីខ្ញុំរងគ្រោះដោយអយុត្តិធម៌អ៊ីចឹង ខ្ញុំពិបាកចិត្តណាស់។ ខ្ញុំគ្មានអារម្មណ៍នឹងទៅធ្វើបុណ្យទេ។ ចង់ឱ្យគេដោះលែងប្ដីខ្ញុំ មកឱ្យឆាប់ៗ ព្រោះគាត់គ្មានកំហុសអ្វីទេ។ ទាល់តែដោះលែងប្ដីខ្ញុំ បានខ្ញុំមានអារម្មណ៍ ចិត្តទៅធ្វើបុណ្យធ្វើទាន ព្រោះខ្ញុំទៅធ្វើបុណ្យអត់សប្បាយចិត្តអ៊ីចឹង ខ្ញុំគ្មានអារម្មណ៍ទៅធ្វើបុណ្យទេ»។
លោកស្រី មិន មុំ ឱ្យដឹងទៀតថា តាំងពីប្ដី ត្រូវបានចាប់ខ្លួនមក លោកស្រី ទើបបានជួបមុខប្ដីម្ដងគត់ គឺ នៅពេលលោកស្រី រត់តាមឡានអាជ្ញាធរដឹកប្ដី ចេញពីសាលាដំបូងខេត្តបន្ទាយមានជ័យ ហើយមិនទាន់បាន ជួបមុខប្ដីនៅក្នុងពន្ធនាគារខេត្តទេ ពីព្រោះ មន្ត្រីពន្ធនាគារមិនទាន់អនុញ្ញាត។ អាជ្ញាធររបបក្រុងភ្នំពេញ បានចាប់ខ្លួនលោក កាលពីថ្ងៃទី១៣ កញ្ញា និងចោទប្រកាន់ពីបទ ទៅទទួលយកផែនការប្រឆាំងសាលដីកាតុលាការកំពូល និងផែនការផ្ដួលរំលំរបបក្រុងភ្នំពេញ ពីលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ នៅប្រទេសម៉ាឡេស៊ី។ ក្រៅពីលោក យ៉ាត ភារម្យ ក៏មានសកម្មជនបក្សប្រឆាំង នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ៥នាក់ទៀត ត្រូវសមត្ថកិច្ចចាប់ខ្លួនពីបទដូចគ្នានេះដែរ កាលពីថ្ងៃទី ១៣ និង១៤ កញ្ញា។
ចំណែកគ្រួសាររបស់សកម្មជនបក្សប្រឆាំងម្នាក់ទៀត នៅខេត្តកំពង់ធំ ក៏ប្រាប់ថា លោកមិនបានទៅវត្តដែរ ដោយសារឪពុកជាជនបង្គោលក្នុងគ្រួសារ កំពុងជាប់ឃុំក្នុងពន្ធនាគារខេត្តកំពង់ធំ។ បងប្រុសរបស់សមាជិកក្រុមប្រឹក្សាជាប់ឆ្នោតឃុំបារាយ លោក ស៊ុន ប៊ុនថុន គឺលោក ស៊ុន ធន់ ឱ្យដឹងថា កូនប្រុសស្រី ទាំង ៣នាក់ របស់លោក ស៊ុន ប៊ុនថុន ក៏គ្មានអារម្មណ៍ទៅវត្តធ្វើបុណ្យដែរ នៅពេលឪពុកពួកគេជាប់ឃុំដូច្នេះ។ លោក ស៊ុន ធន់ ប្រាប់ថា កុំថាឡើយទៅវត្ត សូម្បីជួបមុខឪពុកក្នុងពន្ធនាគារ ក៏ក្មួយទាំង៣របស់លោក មិនទាន់បានជួបមុខឪពុកពួកគេដែរ៖ «កូនតូចទី៣ នៅផ្ទះ។ ធម្មតានៅតូចអ៊ីចឹង គាត់ទៅវត្តតាមគេជិតផ្ទះ ញាតិសន្ដាន ក្បែរខាងទៅ។ ប៉ុន្តែកូនបងគេ ស្រីហ្នឹង ធ្វើកម្មករគេនៅបាវិតនោះ មិនបានទៅវត្តទៅអ្វីទេ ព្រោះថា ខ្ញុំទាក់ទងទៅ គឺថា ថ្ងៃ ២៦ហ្នឹង បានឈប់ បានមកផ្ទះ ភូមិចាក់ត្រឡោកហ្នឹង បានទៅជួបពុក។ ខ្ញុំនឹងនាំវាទៅជួបឪពុកនៅពន្ធនាគារ ព្រោះថា គាត់ផ្ដាំឱ្យនាំទៅជួបគាត់ផងអ៊ីចឹងណា»។
លោក ស៊ុន ប៊ុនថុន និងសកម្មជនបក្សប្រឆាំង២នាក់ទៀត នៅខេត្តកំពង់ធំ គឺលោក នូ ភឿង និងលោក រស់ គឹមស្រៀង ត្រូវចាប់ខ្លួនកាលពីដើមខែកញ្ញា និងត្រូវបានសាលាដំបូងខេត្តកំពង់ធំ បង្គាប់ឱ្យឃុំខ្លួន ពាក់ព័ន្ធនឹងបទចែកចាយសារ តាមបណ្ដាញសង្គមហ្វេសប៊ុក (facebook) ធ្វើឱ្យប៉ះពាល់ដល់របបក្រុងភ្នំពេញ។
ភរិយារបស់សកម្មជនបក្សប្រឆាំងម្នាក់ទៀត នៅខេត្តព្រះសីហនុ ប្រាប់ថា គ្រួសារអ្នកស្រី ទៅវត្តធ្វើបុណ្យដាក់បិណ្ឌទាំងសោះកក្រោះនៅឆ្នាំនេះ ដោយសារគ្មានប្ដីជូនទៅវត្ត។ ប្រពន្ធរបស់សកម្មជនបក្សប្រឆាំង ក្រុងព្រះសីហនុ លោក ម៉ៃ ហុងស្រៀង គឺអ្នកស្រី គា ស៊ីសុគន្ធី ឱ្យដឹងថា អ្នកស្រី និងម្ដាយក្មេក ទៅវត្តក្នុងស្ថានភាពក្រៀមក្រោះ។ តែយ៉ាងណា អ្នកស្រីសង្ឃឹមថា លោក ម៉ៃ ហុងស្រៀង អាចត្រូវតុលាការបានដោះលែងឆាប់ៗ ឱ្យបានមកជួបជុំគ្រួសារឡើងវិញ៖ «បានត្រឹមតែស្ដាយស្រណោះគាត់ ព្រោះអ្វីបុណ្យទាន បានជុំគ្នាជាមួយម្ដាយ ហើយម្ដាយគាត់ បងអើយឡើងស្គម នៅសល់តែ៤១គីឡូ។ ម៉ាក់មួយ កូនមួយទេ។ គាត់កូនទោលតែឯង។ ដល់ហើយ ថា កុំឱ្យពិបាកចិត្តអ្វីពេក ប្រឹងហូប ប្រឹងនេះ ធម្មតាទៅ។ យើងពិបាកចិត្ត ក៏មិនដឹងបានអ្វីមកវិញដែរ បានត្រឹមតែធ្វើបាបខ្លួន។ គាត់ថា គាត់ដេកមិនបាន បាយមិនបាន។ ម៉ាក់ឯងគិតច្រើនម្ល៉េះ ធ្វើបាបតែខ្លួនឯង ស្គមអស់។រាល់ឆ្នាំទៅជុំគ្នាហើយ បានត្រលប់មកវិញ តែឆ្នាំនេះ ខ្ញុំទៅតែឯង»។
ប្រធានផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃសមាគមអាដហុក (Adhoc) លោក នី សុខា យល់ថា ជារឿងគួរឱ្យសោកស្ដាយ ចំពោះគ្រួសារសកម្មជនបក្ស នយោបាយទាំងនោះ។ អ្នកឃ្លាំមើលសិទ្ធិមនុស្ស ធ្លាប់ជាប់ពន្ធនាគារក្នុងរដូវភ្ជុំបិណ្ឌរូបនេះ ថា លោក និងក្រុម គ្រួសារលោកផ្ទាល់ ធ្លាប់ទទួលរងស្ថានភាពបែបនេះ និងយល់ពីអារម្មណ៍ទុក្ខសោករបស់គ្រួសារសកម្មជនបក្សប្រឆាំងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
លោក នី សុខា ទទូចឱ្យរដ្ឋាភិបាល និងតុលាការ ទម្លាក់ចោលបទចោទ ឬអនុញ្ញាតឱ្យសកម្មជនបក្សប្រឆាំងទាំងអស់ បាននៅក្រៅឃុំបណ្ដោះអាសន្ន ដើម្បីឱ្យពួកគេបានចេញមកធ្វើបុណ្យភ្ជុំបិណ្ឌ ជួបជុំក្រុមគ្រួសារវិញ។ សង្គមស៊ីវិលរូបនេះ យល់ថា សកម្មជនបក្សប្រឆាំងទាំងនោះ ត្រូវឃុំឃាំង ដោយសាររឿងនយោបាយ ជាជាងការល្មើសច្បាប់៖ «មានតែទទូចសុំទៅរដ្ឋាភិបាល ជាពិសេសស្ថាប័នតុលាការ ដែលជាស្ថាប័នមួយ ដែលមានសិទ្ធិនៅក្នុងការសម្រេចសេចក្ដីហ្នឹង សុំឱ្យលោកពិចារណា ធ្វើម្ដេចសម្រេច ឱ្យអ្នកទាំងអស់ ដែលជាប់ដោយភាពអយុត្តិធម៌ ដែលយើងមើលទៅឃើញថា មិនមានបញ្ហាអ្វីទាំងអស់ហ្នឹង ហើយសុំឱ្យមានការឱ្យគាត់នៅក្រៅឃុំ នៅក្នុងពេលពិធីបុណ្យភ្ជុំបិណ្ឌហ្នឹងទៅ ដើម្បីឱ្យគាត់អាចមកចូលរួមធ្វើបុណ្យ ធ្វើទាន ជាមួយក្រុមគ្រួសាររបស់គាត់»។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីខាងភាគីរដ្ឋាភិបាល គឺអ្នកនាំពាក្យរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានទេ នៅថ្ងៃទី២១ កញ្ញា ដោយសារ ទូរស័ព្ទរោទ៍គ្មានអ្នកទទួល។ ប៉ុន្តែទាំងលោក ផៃ ស៊ីផាន និងលោក ជិន ម៉ាលីន ធ្លាប់អះអាងថា ការចាប់ខ្លួនសកម្មជនបក្សប្រឆាំងទាំងអស់ សុទ្ធតែជាការអនុវត្តច្បាប់។ ថ្មីៗនេះ រដ្ឋាភិបាល លោក ហ៊ុន សែន បានចោទប្រកាន់មន្ត្រីបក្សប្រឆាំងថា មានគម្រោងធ្វើរដ្ឋប្រហារ តាមរយៈការគាំទ្រ ការវិលត្រឡប់របស់លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ នៅដើមខែវិច្ឆិកាខាងមុខ។
គិតត្រឹមពាក់កណ្ដាលខែកញ្ញា គណបក្សសង្គ្រោះជាតិ អះអាងថា សកម្មជនបក្សប្រឆាំងតាមមូលដ្ឋាន របស់គណបក្សប្រឆាំង ចំនួន២៧នាក់ កំពុងជាប់ពន្ធនាគារ និងជាង១៥០ (១៥៦) នាក់ រងការកោះហៅឡើងតុលាការ និងទៅបំភ្លឺនៅប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់។ តុលាការបានចោទប្រកាន់អ្នកកំពុងជាប់ឃុំទាំង ២៧នាក់ ពីបទញុះញង់ កាប់ទន្ទ្រានដីរដ្ឋ ប្រឆាំងសាលដីកាតុលាការកំពូល និងមានផែនការផ្ដួលរំលំរបបក្រុងភ្នំពេញ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment