Thursday 26 September 2019
បក្សប្រឆាំងថា របបភ្នំពេញកំពុងយកលំនាំខ្មែរក្រហមករណីធ្វើទុក្ខបុកម្នេញសកម្មជនរបស់ខ្លួន
ដោយ ថន ថារ៉ូ
2019-09-26
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ ក្នុងកិច្ចប្រជុំនៅសហរដ្ឋអាមេរិក ជាមួយថ្នាក់ដឹកនាំបក្សនេះ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩។
RFA/Sorn Chanratha
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានចោទប្រកាន់ថា របបក្រុងភ្នំពេញកំពុងយកលំនាំតាមរបបខ្មែរក្រហមរឿងធ្វើទុក្ខបុកម្នេញ មកលើសកម្មជនគណបក្សប្រឆាំងនៅតាមមូលដ្ឋានកាន់តែខ្លាំងឡើង ស្របពេលលោក សម រង្ស៊ី ដាក់គម្រោងចូលមាតុប្រទេសវិញនៅក្នុងដើមខែវិច្ឆិកាខាងមុខ។ មន្ត្រីគណបក្សកាន់អំណាចបដិសេធនឹងការចោទប្រកាន់នេះ។ ការចោទប្រកាន់របស់មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងនេះបានកើតមានឡើងក្រោយពីលោក ម៉ក់ សោ ប្រធានក្រុមប្រឹក្សាស្រុកទ្រាំង ខេត្តតាកែវ ត្រូវប្រធានឃុំខាងគណបក្សកាន់អំណាចកោះហៅមកសាកសួរ ក្រោយពីលោកបានចូលរួមកាន់បិណ្ឌ១២ និងសកម្មជនគណបក្សសង្គ្រោះជាតិ ២នាក់ផ្សេងទៀត នៅក្នុងខេត្តកណ្ដាលរងនៅការគំរាមកំហែងជាបន្តបន្ទាប់ ពីអាជ្ញាធររបបក្រុងភ្នំពេញ។
លោក អេង ឆៃអ៊ាង ចាត់ទុកការគំរាមនេះថា ប្រៀបបីដូចជារបបខ្មែរក្រហមក៏ប៉ុន្តែខុសគ្នាបន្តិចត្រង់ថាមិនបានកោះហៅមនុស្សយកទៅសម្លាប់ តែទម្រង់នៃការគាបសង្កត់សេរីភាពមកលើសកម្មជនគណបក្សប្រឆាំងមានរូបភាពដូចគ្នា។
ប្រធានក្រុមប្រឹក្សាស្រុកទ្រាំខេត្តតាកែវ ខាងគណបក្សសង្គ្រោះជាតិ លោក ម៉ក់ សោ បញ្ជាក់ថា លោកបានឃើញលិខិតកោះអញ្ជើញរួចហើយ តែលោកមិនតក់ស្លុតនោះទេ។ លោកបញ្ជាក់ថា លោកនឹងចូលរួមបំភ្លឺដោយសារតែលោកមិនបានប្រព្រឹត្តិអ្វីខុសច្បាប់ទេ៖ «សូមអំពាវនាវដែរជាការព្រួយបារម្ភរបស់ខ្ញុំ បើអស់លោកណាអាចជួយឃ្លាំមើលអំពីបញ្ហាខ្ញុំបាន»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាមិនមានគោលការណ៍ណាមួយបង្កើតវប្បធម៌គំរាមកំហែង ឬបំភិតបំភ័យប្រជាពលរដ្ឋនោះទេ។ តែផ្ទុយទៅវិញ មានតែខិតខំថែរក្សាសណ្ដាប់ធ្នាប់ សន្តិសុខ និងសុវត្ថិភាពជូនពលរដ្ឋប៉ុណ្ណោះ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment