Saturday 28 September 2019
ក្រុមសិទ្ធិមនុស្សរបបក្រុងភ្នំពេញបដិសេធអនុសាសន៍អ្នកស្រី រ៉ូណា ស្មីត ទាក់ទងនឹងបក្សសង្គ្រោះជាតិ
ដោយ មាន ឫទ្ធិ
2019-09-27
(ឆ្វេង) អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា និងលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា របស់រដ្ឋាភិបាលលោក ហ៊ុន សែន។
រូប៖ ហ្វេសប៊ុកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC)
គណៈកម្មាធិការសិទ្ធិមនុស្សរបបក្រុងភ្នំពេញ បដិសេធរាល់អនុសាសន៍ទាំងឡាយរបស់អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលពាក់ព័ន្ធនឹងគណបក្សសង្គ្រោះជាតិ ក៏ប៉ុន្តែស្វាគមន៍អនុសាសន៍លើទិដ្ឋភាពមួយចំនួន។ សង្គមស៊ីវិលថា របបក្រុងភ្នំពេញគួរតែពិចារណាលើអនុសាសន៍ទាំងនោះ ព្រោះអ្នកជំនាញអង្គការសហប្រជាជាតិមានចេតនាលើកស្ទួយការគោរពសិទ្ធិមនុស្ស និងជួយរកដំណោះស្រាយវិបត្តិនយោបាយនៅកម្ពុជា។
គណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃទី២៧ កញ្ញាថា អនុសាសន៍របស់អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ទាក់ទងនឹងគណបក្សសង្គ្រោះជាតិ និងក្រុមមេដឹកនាំបក្សប្រឆាំងនេះ មានចរិតនយោបាយ និងមិនអាចអនុវត្តបានឡើយ។ ស្ថាប័នដដែលនេះបញ្ជាក់ទៀតថា រដ្ឋាភិបាលកម្ពុជាទទួលយកតែអនុសាសន៍ណាដែលផ្អែកលើទិដ្ឋភាពបច្ចេកទេស ក្នុងការកែលម្អស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើងប៉ុណ្ណោះ។ ស្ថាប័ននេះទទូចដល់គ្រប់ស្ថាប័ន និងយន្តការនានា ឱ្យគោរពតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍នៃសន្ធិសញ្ញាអន្តរជាតិ ចៀសវាងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
ស្ថាប័នសិទ្ធិមនុស្សនៃរបបក្រុងភ្នំពេញ បញ្ចេញប្រតិកម្មបែបនេះ គឺឆ្លើយតបទៅនឹងការលើកឡើងរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត នៅក្នុងសម័យប្រជុំលើកទី៤២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៥ កញ្ញាកន្លងទៅ។
អ្នកស្រី រ៉ូណា ស្មីត បានរាយការណ៍យ៉ាងលម្អិតអំពីការធ្លាក់ដុនដាបនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ជាពិសេស ការរំលោភបំពានសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ព្រមទាំងការរឹតត្បិតលំហប្រជាធិបតេយ្យ សង្គមស៊ីវិល និងសេរីភាពសារព័ត៌មានឯករាជ្យ។ អ្នកស្រីមានកង្វល់ជាខ្លាំងទាក់ទងនឹងការកើនឡើងករណីចាប់ខ្លួន និងការយាយីផ្នែកនយោបាយលើសកម្មជនបក្សប្រឆាំងពីសំណាក់អាជ្ញាធររបបក្រុងភ្នំពេញ។
អ្នកស្រី រ៉ូណា ស្មីត បានអំពាវនាវជាថ្មីម្ដងទៀតដល់របបក្រុងភ្នំពេញឱ្យទម្លាក់ចោលបទប្រកាន់ និងដោះលែងប្រធានគណបក្សសង្គ្រោះជាតិ គឺលោក កឹម សុខា និងសកម្មជនបក្សប្រឆាំងដទៃទៀត ដែលត្រូវអាជ្ញាធរចាប់ឃុំខ្លួនតាមទំនើងចិត្ត ក្នុងនោះក៏រួមទាំងករណីលោក សម រង្ស៊ី ផងដែរ។ អ្នកស្រីបញ្ជាក់ថា ដំណោះស្រាយចំពោះវិបត្តិនៅកម្ពុជា គឺកិច្ចសន្ទនានយោបាយ ដែលតម្រូវឱ្យគ្រប់ភាគីពាក់ព័ន្ធមានឆន្ទៈពិតប្រាកដក្នុងការចូលរួម។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (LICADHO) លោក អំ សំអាត ពិនិត្យឃើញថា ការលើកឡើងរបស់អ្នកស្រី រ៉ូណា ស្មីត ឆ្លុះបញ្ចាំងអំពីស្ថានភាពជាក់ស្ដែងនៅកម្ពុជា។ លោកជឿជាក់ថា អាណត្តិការងាររបស់អ្នកជំនាញសិទ្ធិមនុស្សអន្តរជាតិរូបនេះ គឺដើម្បីលើកកម្ពស់ការគោរពសិទ្ធិមនុស្សនៅកម្ពុជា ហើយអ្វីដែលអ្នកស្រីបានលើកឡើង គឺដើម្បីជំរុញឱ្យមានដំណោះស្រាយវិបត្តិកម្ពុជា។ លោកបន្តថា ជារឿងមិនត្រឹមត្រូវឡើយ ដែលតំណាងរដ្ឋាភិបាលចាត់ទុកអនុសាសន៍របស់អ្នកជំនាញអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិថា ជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនោះ ពីព្រោះកម្ពុជាជាភាគីហត្ថលេខីនៃសន្ធិសញ្ញា និងអនុសញ្ញាអន្តរជាតិជាច្រើនទាក់ទងនឹងរឿងសិទ្ធិមនុស្ស៖ «វិបត្តិហ្នឹង វាចេះតែធ្ងន់ធ្ងរទៅទៀតហើយ អ៊ីចឹងអ្នកនយោបាយទាំងអស់ហ្នឹង គួរតែងាករកការជជែកគ្នា សន្ទនាគ្នា ចរចាគ្នា ដើម្បីឱ្យមានឯកភាព សាមគ្គីភាពខ្មែរតែមួយ ហើយនាំគ្នាអភិវឌ្ឍប្រទេសដើម្បីផលប្រយោជន៍ជាតិ។ អាហ្នឹង ខ្ញុំគិតថា វាផ្ដល់ផលចំណេញច្រើនជាង»។
សហគមន៍អន្តរជាតិបានវាយតម្លៃថា ស្ថានការណ៍សិទ្ធិមនុស្ស និងប្រជាធិបតេយ្យកម្ពុជាធ្លាក់ចុះដុនដាបខ្លាំង ដោយសារតែរបបក្រុងភ្នំពេញចាប់មេបក្សប្រឆាំងដាក់ពន្ធនាគារ រំលាយគណបក្សសង្គ្រោះជាតិ និងហាមប្រាមសិទ្ធិនយោបាយរបស់មន្ត្រីបក្សនេះចំនួន ១១៨នាក់។ បន្ថែមពីលើនេះ របបក្រុងភ្នំពេញបានយកអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ និងតំណាងរាស្ត្ររបស់បក្សប្រឆាំងទៅចែកគ្នាកាន់កាប់ ព្រមទាំងរៀបចំការបោះឆ្នោតបែបបង្គ្រប់កិច្ច កាលពីចុងខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ។
ក្នុងដំណាក់កាលចុងក្រោយនេះវិញ របបលោក ហ៊ុន សែន បានបង្កើនការធ្វើទុក្ខបុកម្នេញលើមន្ត្រីបក្សប្រឆាំងឥតត្រាប្រណី បន្ទាប់ពីប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ប្រកាសពីគម្រោងវិលចូលកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកាខាងមុខ។ ការធ្វើទុក្ខបុកម្នេញទាំងនោះ មានជាអាទិ៍ ការកោះហៅ ការចោទប្រកាន់ ការចាប់ខ្លួន និងការឃុំខ្លួនមន្ត្រីបក្សប្រឆាំងរាប់រយនាក់ ក្រោមបទចោទរួមគំនិតក្បត់ជាតិ ស្របពេលសកម្មជនបក្សប្រឆាំងជាច្រើននាក់ នៅរាជធានីភ្នំពេញ ត្រូវជនមិនស្គាល់មុខលួចវាយប្រហារបណ្ដាលឱ្យរងរបួសធ្ងន់ ជាបន្តបន្ទាប់៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment