Saturday 28 September 2019

អ្នក​វិភាគ​វាយ​តម្លៃ​ថា កម្ពុជា​ទទួល​ផល​តិចតួច ចំពោះ​កិច្ច​សហ​ប្រតិបត្តិការ​ជា​មួយ​ចិន​


ដោយ អូន ភាព
2019-09-28


ទង់ជាតិតំណាងមិត្ដភាពកម្ពុជា-ចិន
ទង់ជាតិតំណាងមិត្ដភាពកម្ពុជា-ចិន
 អាស៊ីសេរី



អ្នកវិភាគ​នយោបាយ និង​សង្គម​ និង​អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​ថា ប្រទេស​កម្ពុជា ​និង​ប្រជា​ពលរដ្ឋ​ខ្មែរ ​​មិន​បាន​ទទួល​ផល​ប្រយោជន៍​ជា​ដុំ​កំភួន​ពី​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ចិន​នោះ​ទេ។ លោក​ថា មាន​តែ​ក្រុម​លោក​​​ ហ៊ុន សែន ប៉ុណ្ណោះ ​ដែល​បាន​ឈ្នះ​ពី​កិច្ច​សហប្រតិបត្តិការ​នេះ​​ ហើយ​ផ្ដល់​ផលប្រយោជន៍​ធំ​​ទៅ​ឲ្យ​ប្រទេស​​​ចិន​។

ការ​ព្រួយ​បារម្ភ​របស់​បញ្ញវន្ត​ខ្មែរ​ទាំង​នេះ ធ្វើ​ឡើង​ក្រោយ​ប្រទេស​ចិន នៅ​តែ​រក្សា​ជំហរ​គាំទ្រ​ចំណាត់​ការ​របស់​របប​ក្រុង​ភ្នំពេញ ដែល​សហគមន៍​អន្តរជាតិ​រិះគន់​ជុំ​ទិស​ថា ​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ។

អ្នកវិភាគ​នយោបាយ និង សង្គម ដែល​ហ៊ាន​រិះគន់​លោក ហ៊ុន សែន ឥត​សំចៃ​មាត់​លោក គឹម សុខ ថា ក្រុម​លោក​ហ៊ុន សែន​ ​បាន​ឈ្នះ​ដល់​គោល​ដៅ​មួយ​ ព្រោះ​យក​ចិន​ជា​បង្អែក​បានសម្រេច នៅ​ក្នុង​ការ​ទប់​អំណាច​របស់​ខ្លួន​ ​ហើយ​ទង្វើ​នេះ​បា​ន​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ ត្រូវ​ធ្លាក់​ក្នុង​គោល​ការណ៍​មិន​គោរព​សិទ្ធិមនុស្ស ហើយ​និង​សម្លាប់​ប្រជាធិបតេយ្យ ហើយ​កិច្ច​សហប្រតិបត្តិការ​នេះ ​​បាន​ដើរ​បញ្ច្រាស​ទៅ​នឹង​ការ​ចង់​បាន​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ចង់​បាន​ប្រជាធិបតេយ្យ​ ចង់​ឲ្យ​មាន​ការ​អភិវឌ្ឍ​​ប្រកប​ដោយ​តម្លាភាព​ និង​សមធម៌៖ «កម្ពុជា​នៅ​សល់​មិត្ត​ជិតស្និទ្ធ​ជា​មួយ​ក្រុម​លោក​ ហ៊ុន សែន​ ​និង​ចិន​ ចំណែក​ប្រទេស​ផ្សេងៗ​ទៀត ​ត្រូវ​គេ​ព្រមាន និង​ដាក់​ទណ្ឌកម្ម ​ឬ​ក៏​ដាក់​សម្ពាធ​ផ្សេងៗ ទៀត​ ទាំង​ការ​ទូត ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ ដែល​ប្រជា​ពល​រដ្ឋ​ត្រូវ​ទទួល​បាន​ ដូច្នេះ​ហើយ​វា​ជា​រឿង​កម្ពុជា​ខាត​បង់​ធ្ងន់​ណាស់ ចំពោះ​កិច្ច​សហប្រតិបត្តិការ ដែល​មិន​មាន​តម្លាភាព ​រវាង​ក្រុម​លោក​ហ៊ុន​សែន​និង​ចិន»។



ទោះ​បី​ជា​របប​ក្រុង​ភ្នំពេញ​អះអាង​ថា ប្រទេស​ចិន​បាន​ជួយ​យ៉ាង​ច្រើន​ដល់​ការ​អភិវឌ្ឍ​នៅ​កម្ពុជា ក៏​បញ្ញវន្ត​ខ្មែរ​មួយ​រូប​ទៀត យល់​ថា អ្វី​ដែល​មាន​សព្វថ្ងៃ​នេះ គឺ​ដោយសារ​តែ​ការ​ជួយ​ជ្រោមជ្រែង​ពី​សហគមន៍​អន្តរជាតិ ជាពិសេស ​ប្រទេស​សេរី ក្រោយ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

អ្នក​ជំនាញ​​​​វិទ្យាសាស្ត្រ​នយោបាយ​ ​លោក​ ឯម​ សុវណ្ណ​រ៉ា បាន​ប្រាប់​អា​ស៊ី​សេរី​ កាលពី​ថ្ងៃ​សុក្រ ទី២៧​កញ្ញា​ថា​ ភាព​រីក​ចំរើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ មិន​មែន​ដោយសារ​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​ ​ជា​មួយ​​ភាគី​ចិន​ទេ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​មាន​ការ​រីក​ចំរើន​ខ្លាំង​ជាង​គេ​ ដែល​ត្រូវ​ការ​ជួយ​អភិវឌ្ឍ​កម្ពុជា​​ គឺ​មាន​សហគមន៍​អ៊ឺរ៉ុប​ និង​សហរដ្ឋអាមេរិក​ អង់គ្លេស ​ជប៉ុន​​ និង​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត។

លោក ​ឯម​ សុវណ្ណរ៉ា បញ្ជាក់​ថា ​​​ចិន​អាច​រួម​ចំណែក​ជួយ​ប្រទេស​កម្ពុជា ​បាន​ត្រឹម​តែ​ ៣០ ភាគ​រយ​ប៉ុណ្ណោះ៖ «ជា​ទូទៅ​យើង​ឃើញ​ជំនួយ​របស់​ចិន​មាន​ច្រើន​គ្រប់​វិស័យ​ ​គ្រប់​ទិដ្ឋភាព​ទាំង​វិស័យ​យោធា​ នយោបាយ ការទូត ហេដ្ឋារចនាសម្ព័ន្ធ។ ក៏​ប៉ុន្តែ បើ​យើង​មើល​ហេដ្ឋារចនាសម្ព័ន្ធ​ ដែល​ជា​ជំនូន​របស់​​ចិន​​ វា​ក៏​អត់​មាន​បន្សល់​​ឲ្យ​ប្រជា​ពលរដ្ឋ​ប្រើ​ប្រាស់​បាន​រយះ​ពេល​យូរ​ដូច​ជំនួយ​ប្រទេស​ខាង​លេច​ មាន​ជប៉ុន​ អាមេរិក​អី​ ជំនួយ​របស់​គេ​មិន​សូវ​មាន​ទេ​ ប៉ុន្តែ​មួយៗ​គឺ​វា​មាន​គុណភាព​ វា​មាន​និរន្តរភាព​ បាន​ឲ្យ​ពលរដ្ឋ​ប្រើ​ប្រាស់​បាន​យូរ ជាង​ជំនួយ​របស់​ចិន​ផ្នែក​ហេដ្ឋារចនាសម្ពន្ធ ដែល​យើង​មើល​ឃើញ​ទិដ្ឋភាព​ជាក់​ស្ដែង​បាទ»។

អាស៊ីសេរី​ មិន​ទាន់​អាច​ទាក់ទង​មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ជុំវិញ​ការ​លើក​ឡើង របស់​បញ្ញវន្ត​ទាំងនេះ បាន​នៅ​ឡើយ​ទេ កាល​ពី​ថ្ងៃ​ទី២៧ ខែ​កញ្ញា។

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នៃ​របប​ឯក​បក្ស មាន​ប្រសាសន៍​នៅ​ក្នុង​សុន្ទរកថា​ក្នុង​​ឱកាស​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី៧០​ នៃ​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​រាត្រី​ថ្ងៃ​ទី២៥ ខែ​កញ្ញា​ថា ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា-ចិន មាន​ភាព​ស្មើ​គ្នា ហើយ​​ជឿជាក់​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ប្រយោជន៍​រួម។

ប៉ុន្តែ​សហគមន៍​អន្តរជាតិ ជាពិសេស​សហរដ្ឋអាមេរិក កំពុង​ព្រួយ​បារម្ភ​ខ្លាំង​ថា ទំនាក់ទំនង​របស់​ប្រទេស​កម្ពុជា និង ចិន អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​ នៃ​សន្តិសុខ​ក្នុង​តំបន់ និង​អធិបតេយ្យ​ជាតិ​ខ្មែរ ដោយសារ​ការ​សង្ស័យ អំពី​ការ​ដាក់​មូលដ្ឋាន​ទ័ព​ចិន​នៅ​កម្ពុជា បើ​ទោះ​ជា​កម្ពុជា​ប្រកែក ចំពោះ​ព័ត៌មាន​នេះ​ក្តី៕

No comments: