Tuesday 1 October 2019
មន្ត្រីបក្សប្រឆាំងថា របបក្រុងភ្នំពេញបញ្ជូនមនុស្សជិត ២០០នាក់ ទៅទិញទឹកចិត្ត និងគំរាមកំហែងពលករនៅប្រទេសថៃ
ដោយ ទីន ហ្សាការីយ៉ា
2019-09-30
rfa
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ ប្រចាំប្រទេសថៃ ក្នុងពេលជួបជុំគ្នា នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩។
មន្រ្តីបក្សប្រឆាំង និងសកម្មជនគណបក្សសង្គ្រោះជាតិ ដែលកំពុងលាក់ខ្លួននៅឯប្រទេសថៃ អះអាងថា របបក្រុងភ្នំពេញបញ្ជូនមនុស្សជិត ២០០នាក់ ដើម្បីទិញទឹកចិត្ត គំរាមកំហែង និងព្រមានពលករមិនឲ្យចូលរួមគាំទ្រគណបក្សសង្គ្រោះជាតិ និងអមដំណើរការធ្វើមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី។ អ្នកនាំពាក្យរបបក្រុងភ្នំពេញថា លោកមិនបានដឹងរឿងនេះទេ។
មេដឹកនាំគណបក្សសង្គ្រោះជាតិ ប្រចាំប្រទេសថៃ ចោទប្រកាន់ថា អ្នករៀបចំផែនការ ទិញទឹកចិត្ត គំរាមកំហែង និងព្រមានពលករមិនឲ្យចូលរួមគាំទ្រគណបក្សសង្គ្រោះជាតិ គឺកូនប្រុសច្បងលោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត និងអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ។ ពួកគេថា អ្នកទាំងពីររូបនេះ ជាមនុស្សសំខាន់ដើរពង្រឹងកម្លាំងគណបក្សកាន់អំណាច និងបំបែកកម្លាំងគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស។
ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិប្រចាំប្រទេសថៃ លោក លី រតនរស្មី ឱ្យអាស៊ីសេរីដឹង កូនប្រុសច្បងលោក ហ៊ុន សែន បានប្រើយុទ្ធសាស្ត្រផ្សេងៗ គ្នាក្នុងបំបែកសំឡេងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅប្រទេសថៃ។ លោកបញ្ជាក់ថា ចំពោះថ្នាក់ដឹកនាំពលករ គេប្រើលុយទិញទឹកចិត្តអ្នកទាំងនោះ។ លោកឲ្យដឹងទៀតថា ក្រៅពីនេះក៏មានក្រុមមនុស្សផ្សេងទៀត ចុះជួបផ្ទាល់នឹងពលករនៅតាមមូលដ្ឋានដោយញុះញង់ មិនឲ្យពលករធ្វើសកម្មភាពជាប់ពាក់ព័ន្ធគណបក្សសង្គ្រោះជាតិ និងលោក សម រង្ស៊ី ផងដែរ៖ «ពួកនេះគេមក ដើម្បីនិយាយជាមួយបងប្អូនពលករកុំឲ្យនិយាយរឿងនយោបាយ រឿងទៅទទួលលោក សម រង្ស៊ី ពួកគេកំពុងសម្រុកខ្លាំងអំពីបញ្ហាហ្នឹង»។
លោក លី រតនរស្មី ឲ្យដឹងទៀតថា សូម្បីរូបលោកផ្ទាល់ក៏ត្រូវក្រុមលោក ហេង សួរ មកទាក់ទងទិញទឹកចិត្តដែរ។ លោកថាពេលនេះ អ្នកដឹកនាំពលករជាប្រធានតំបន់ម្នាក់ ត្រូវក្រុមលោក ហេង សួរ ទិញទឹកចិត្តបាន និងកំពុងដើរគំរាមកំហែងក្រុមពលករផ្សេងទៀត។
ដូចគ្នានេះដែរ សកម្មជនគណបក្សសង្គ្រោះជាតិកំពុងលាក់ខ្លួននៅប្រទេសថៃ លោក តោ និមល ឲ្យដឹងថា តាមព័ត៌មានដែលលោកទទួលបាននៅរយៈពេលចុងក្រោយនេះ គឺរបបក្រុងភ្នំពេញបញ្ជូនកម្លាំងសម្ងាត់ជិត ២០០នាក់ តាមឃ្លាំមើល និងតាមចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងនៅប្រទេសថៃ ដែលកំពុងជាប់ឈ្មោះនៅក្នុងបញ្ជីរបស់ពួកគេ។ លោកថា សកម្មភាពបែបនេះ គឺរបបក្រុងភ្នំពេញមានចេតនាបំបាក់ស្មារតីសកម្មជនគណបក្សសង្គ្រោះជាតិនៅប្រទេសថៃ មិនឲ្យចូលរួមអមដំណើរលោក សម រង្ស៊ី ទៅប្រទេសកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកាខាងមុខ៖ «ឮថាគេបញ្ជូនមនុស្សជាង ២០០នាក់ផ្សេងទៀតមកសហការជាមួយក្រុមហ៊ុន តូ ជា មេក្រុមម៉ាហ្វៀ នៅប្រទេសថៃហ្នឹង តាមពិតទៅភ័យមែនបារម្ភមែន ប៉ុន្តែមិនដឹងរកផ្លូវណាច្រកណាកើត បើភ័យមានតែលាក់ខ្លួន»។
អាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺរឿងនេះពីលោក ហ៊ុន ម៉ាណែត បានទេ រីឯអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ វិញ ក៏មិនអាចសុំការបំភ្លឺបានដែរ ដោយទូរស័ព្ទចូលជាច្រើនដងគ្មានអ្នកទទួលនៅថ្ងៃទី២៩ ខែកញ្ញា។
អ្នកនាំពាក្យរដ្ឋាភិបាលនៃរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ប្រាប់អាស៊ីសេរីថា លោកមិនបានដឹងពីរឿងនេះទេ។ ប៉ុន្តែលោកថ្លែងថា កម្លាំងអាជ្ញាធរត្រៀមខ្លួនជានិច្ច ដើម្បីប្រឆាំងសកម្មភាពទាំងឡាយណា ដែលលោកហៅថា ជាការប៉ុនប៉ងធ្វើរដ្ឋប្រហារ៖ «ខ្ញុំមិនដឹងរឿងហ្នឹងថា គេចោទប្រកាន់ក៏ពិបាកថា ព្រោះមិនដឹងរឿង ក៏ប៉ុន្តែកម្លាំងអាជ្ញាធរគេថែរក្សាសុវត្ថិភាពក្នុងបុណ្យភ្ជុំបិណ្ឌ ហើយច្បាស់ណាស់ គេប្រឆាំងសកម្មភាពណា ដែលចង់ធ្វើរដ្ឋប្រហារនោះឯង»។
ទាក់ទងនឹងការធ្វើទុក្ខបុកម្នេញលើសកម្មជនគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសនេះដែរ កាលពីពេលកន្លងទៅ មានខ្សែអាត់សំឡេងបែកធ្លាយមួយ ដែលគេសង្ស័យថា ជាសំឡេង លោក ហេង សួរ បានបញ្ជាឲ្យបក្ខពួករបស់ខ្លួនវាយធ្វើបាបអ្នក ដែលហ៊ានងើបតតាំងនឹងលោក ហ៊ុន សែន តាមរយៈការជួលក្រុមជើងកាងឲ្យវាយធ្វើបាបអ្នកប្រឆាំងទាំងនោះ ឬរៀបចំសម្លាប់ក្រោមលេសគ្រោះថ្នាក់ចរាចរ ប្រសិនបើជននោះហ៊ានចូលមកស្រុកខ្មែរវិញ៖ «ត្រូវចាប់ផ្ដើមធ្វើដូចនៅកូរ៉េអ៊ីចឹង រកជើងកាងមួយចំនួន មើលមុខសញ្ញា ដែលចាំយកជើងកាងទៅវាយវាទៅ»។
ពលករខ្មែរនៅប្រទេសថៃ និងសកម្មជនគណបក្សសង្គ្រោះជាតិដែល កំពុងភៀសខ្លួន នៅប្រទេសនេះ តែងតែចេញប្រកាសគាំទ្រ និងអមដំណើរលោក សម រង្ស៊ី បន្ទាប់ពីលោកបានបញ្ជាក់ពីពេលវេលាវិលចូលស្រុកវិញនៅថ្ងៃទី៩ វិច្ឆិកាខាងមុខ។ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បាននិយាយថា ប្រទេស ឡាវ និងប្រទេសវៀតណាម មិនជាប្រទេសលោក សម រង្ស៊ី ត្រូវធ្វើដំណើរឆ្លងកាត់ ដើម្បីចូលប្រទេសកម្ពុជាទេ ប៉ុន្តែលោកក៏មិនបានលើកឡើងពីប្រទេសថៃដែរ។
របបក្រុងភ្នំពេញបានព្រមានថា អ្នកដែលអមដំណើរលោក សម រង្ស៊ី ចូលស្រុកវិញ គឺជាអ្នក ចូលរួមធ្វើរដ្ឋប្រហារ ហើយពួកគេនឹងប្រឈមការផ្ដន្ទាទោស។ ប៉ុន្តែពលករ និងពលរដ្ឋខ្មែរនៅក្រៅស្រុកផ្សេងទៀតថា ពួកគេមិនខ្លាចការព្រមាននេះទេ។ មេដឹកនាំគណបក្សសង្គ្រោះជាតិ ប្រចាំប្រទេសថៃ លោក លី រតនរស្មី អះអាងថា ពេលនេះមានពលករជិត ២២ម៉ឺននាក់នៅក្នុងប្រទេសថៃ គ្រោងអមដំណើរលោក សម រង្ស៊ី វិលចូលស្រុកវិញ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment