Tuesday 1 October 2019

អ្នក​វិភាគ​ថា បើ​របប​ក្រុង​ភ្នំពេញ​នៅ​តែ​បង្កើត​លេស​ចង់​កម្ទេច​បក្ស​ប្រឆាំង គឺ​កាន់​តែ​ធ្វើ​ឲ្យ​កម្ពុជា​ជួប​គ្រោះ​ធំ


ដោយ ទីន ហ្សាការីយ៉ា
2019-09-30

លោក គឹម សុខ (ឆ្វេង) អ្នក​វិភាគ​នយោបាយ និង​សង្គម និង​លោក អំ សំអាត នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ លីកាដូ (LICADHO)
លោក គឹម សុខ (ឆ្វេង) អ្នក​វិភាគ​នយោបាយ និង​សង្គម និង​លោក អំ សំអាត នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ លីកាដូ (LICADHO)
 រូប៖ Jeevita/RFA




អ្នក​វិភាគ​នយោបាយ និង​សង្គម​ស៊ីវិល យល់​ថា ប្រសិន​បើ​របប​ក្រុង​ភ្នំពេញ នៅ​តែ​បង្កើត​លេស ផ្សេងៗ ដើម្បី​កម្ទេច​បក្ស​ប្រឆាំង​នោះ គឺ​កាន់​តែ​ធ្វើ​ឲ្យ​កម្ពុជា​ជួប​គ្រោះ​ធំ ដូច​ជា ការ​ប្រឈម​បាត់បង់ ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBA និងGSP ហើយ​ធ្វើ​កម្ពុជា​បែកបាក់​ជាតិ​ថែម​ទៀត។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​មេ​ដឹក​នាំ​លំដាប់​ទី២ នៃ​របប​ក្រុង​ភ្នំពេញ ប្រកាស​ថា របប​សព្វថ្ងៃ មាន​គោល​នយោបាយ ជាក់លាក់​ក្នុង​ការ​កម្ទេច​គណបក្ស​ប្រឆាំង។

អ្នកវិភាគ​នយោបាយ និង​សង្គម លោក គឹម សុខ មានប្រសាសន៍ថា ការ​ដែល​របប​ក្រុង​ភ្នំពេញ ហៅ​គណបក្ស​សង្គ្រោះ​ជាតិ​ថា ជា​ក្រុម​ឧទ្ទាម ឬ​ជា​ក្រុម​ក្បត់​ជាតិ​ជា​ដើម​នោះ គឺ​គ្រាន់​តែ​ជា​លេស ដើម្បី​កម្ទេច និង​ងាយ​បិទ​បាំង​ទង្វើ​អាក្រក់​ខុស​ច្បាប់​របស់​ខ្លួន​ប៉ុណ្ណោះ។ លោក​ថា ទង្វើ​អាក្រក់​របស់​របប​ក្រុង​ភ្នំពេញ​នោះ គឺ​ការ​រំលោភ​សិទ្ធិមនុស្ស និង បំផ្លាញ​ប្រជាធិបតេយ្យ ដែល​សហគមន៍​​អន្តរជាតិ​កំពុង​រិះគន់ និង​ថ្កោល​ទោស៖ «ការ​សម្លាប់​ប្រជាធិបតេយ្យ​ដោយ​របប​ក្រុង​ភ្នំពេញ​កន្លង​មក គឺ​ជា​អំពើ​ខុស​ច្បាប់ ខុស​រដ្ឋធម្មនុញ្ញ ខុស​គោលការណ៍​អន្តរជាតិ ខុស​គោលការណ៍​នៃ សិទ្ធិ​សញ្ញា​ជា​អន្តរជាតិ​រវាង​កម្ពុជា និង​ប្រទេស​លោក​សេរី ម្ល៉ោះ​ហើយ​អំពើ​ខុស​ច្បាប់​ទាំង​នេះ គឺ​ជា​រឿង ដែល​គេ​មិន​អាច​ទទួល​ស្គាល់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ និង​ដោយ​សារ​អំពើ​ខុស​ច្បាប់​របស់​ខ្លួន​ធំ នេះ​ហើយ​ទើប​គណបក្ស​ប្រជាជន​កម្ពុជា បង្កើត​លេស​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ គឺ​ជា​ការ​ប្រឆាំង​នឹង​ក្រុម​ឧទ្ទាម ឬ​ក្រុម​ក្រៅ​ច្បាប់​អ៊ីចឹង​ទៅ។ បង្កើត​លេស​នេះ ដើម្បី​ការពារ​ខ្លួន ដើម្បី​រក​ហេតុផល​នៅ​ក្នុង​ការ ពន្យល់​សហគមន៍​អន្តរជាតិ​អំពី​អំពើ​ខុស​ច្បាប់​របស់​ខ្លួន​ទេ។ បើ​របប​ក្រុង​ភ្នំពេញ មិន​ប្រើ​លេស​បែប​នេះ វា​អត់​មាន​អ្វី​ទៅ​និយាយ​ឲ្យ​បាន​សម​ជាង​នេះ»។



ប្រតិកម្ម​របស់​អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​រូប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង បាន​អះអាង​ប្រាប់​ក្រុម ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អាល្លឺម៉ង់​កាល​ពី​ពេល​ថ្មីៗ នេះ​ថា រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន មាន​គោល​នយោបាយ​ប្រឆាំង​នឹង​ក្រុម ដែល​ចង់​បង្កើត​សង្គ្រាម​ប្រជាជាតិ​សា​ជា​ថ្មី​នៅ​កម្ពុជា។ លោក​ចោទ​ថា ក្រុម​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ផែនការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្របច្បាប់។ ទោះ​យ៉ាង​ណា ប្រមុខ​ផ្នែក​សន្តិសុខ​ជាតិ​នៃ​របប​ក្រុង​ភ្នំពេញ​រូប​នេះ​អះអាង​ថា រដ្ឋាភិបាល​នៅ​តែ​ព្យាយាម​ចរចា ដើម្បី​រក្សា​បាន​នូវ​ការ​អនុគ្រោះ​ពន្ធ​ ពី​សហភាព​អឺរ៉ុប និង​ពី​សហរដ្ឋ​អាមេរិក។ លោក​បញ្ជាក់​ទៀត​ថា កម្ពុជា​នៅ​តែ​មាន​ជំហរ​បន្ត​ទំនាក់ទំនង​ការ​ទូត​ល្អ​ជាមួយ​អឺរ៉ុប និង​អាមេរិក​ដដែល។

លោក គឹម សុខ យល់ថា ប្រសិន​បើ​របប​ក្រុង​ភ្នំពេញ នៅ​តែ​មាន​ទិសដៅ​កម្ទេច​បក្ស​ប្រឆាំង ដោយ ការ​បង្កើត​លេស​ផ្សេងៗ ដើម្បី​រក្សា​អំណាច​នេះ គឺ​កាន់​តែ​ធ្វើ​ឲ្យ​កម្ពុជា​ជួប​គ្រោះ​ធំ​រហូត​ដល់​បែក​បាក់ ជាតិ។ លោក បន្តថា សហគមន៍​អន្តរជាតិ មិន​ចេះ​តែ​ជឿ​ការ​ពន្យល់​របស់​របប​ក្រុង​ភ្នំពេញ​បាន​ទេ ប្រសិន​បើ​បក្ស​កាន់​អំណាច មិន​ព្រម​ស្ដារ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​តាម​រយៈ​ការ ដោះលែង លោក កឹម សុខា ផ្តល់​នីតិសម្បទា​ដល់​គណបក្ស​សង្គ្រោះ​ជាតិ និង​រៀបចំ​ការ​បោះ​ឆ្នោត ឡើង​វិញ​ជា​ដើម​នោះ៖ «ប្រើ​សិន​បើ​ដំណោះ​ស្រាយ​ណា​មួយ​មិន​អាច​ចូល​ទៅ​ខិត​ជិត​គ្នា ដើម្បី​ជជែក​គ្នា​ទម្លុះ​ទម្លាយ​ភាព​ទាល់​ច្រក​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ គឺ​ស្ថានការណ៍ ប្រទេស​ជាតិ​អាក្រក់​មែនទែន។ មិន​ត្រឹម​តែ​បាត់ EBA របស់​សហភាព​អឺរ៉ុប និងGSPរបស់​អាមេរិក​នោះ​ទេ វា​បាត់​មុខ​មាត់​ជា​អន្តរជាតិ ហើយ​ប្រទេស​កម្ពុជា ធ្លាក់​ទៅ​ជា​ប្រទេស​ផ្ដាច់​ការ​ស្ទើរ​តែ​ឯ​កោ ហើយ​មាន​ទំនាក់ទំនង​តែ​ជាមួយ ប្រទេស​កុម្មុយនិស្ត។

រី​ឯ​នាយក​រង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​ លី​កាដូ​ (LICADHO​)លោក​ អំ​ សំអាត វិញ មានប្រសាសន៍ថា ការ​ចោទ​ប្រកាន់​បក្ស​ប្រឆាំង​ថា ចង់​បង្ក​សង្គ្រាម គឺ​មិន​សម​ហេតុផល​ឡើយ ព្រោះ គណបក្ស​នេះ​គ្មាន​អាវុធ​នោះ​ទេ ហើយ​ពួក​គេ​គ្រាន់​តែ​ចង់​ឲ្យ​កម្ពុជា​មាន​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ពេញលេញ​ដូច​គ្នា​នឹង​ការ​ចង់​បាន​របស់​សហគមន៍​អន្តរជាតិ​ដែរ។ ទន្ទឹម​គ្នា​នេះ លោក អំ សំអាត វាយ​តម្លៃ​ថា ស្ថានភាព​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា មិន​ទាន់​មាន​ការ​ប្រែប្រួល​ទៅ​តាម​លក្ខខណ្ឌ​របស់​សហគមន៍​អន្តរជាតិ​ឡើយ។ ផ្ទុយ​ទៅ​វិញ​លោក​សង្កេត​ឃើញ​ថា រដ្ឋាភិបាល កាន់តែ​បង្កើន​ការ​វាយប្រហារ​កាន់តែ​ខ្លាំង​លើ​ក្រុម​អ្នក​គាំទ្រ និង​សកម្មជន​បក្ស​ប្រឆាំង​តាម​មូលដ្ឋាន បន្ទាប់​ពី​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​កំណត់​ថ្ងៃ​ជាក់លាក់​ក្នុង​ការ​វិល​ត្រឡប់​មក​កម្ពុជា​វិញ៖ «បើ​និយាយ​ពី​សង្គ្រាម យើង​ឃើញ​ថា វា​អត់​មាន​សង្គ្រាម​ស៊ីវិល​អី​ដូច​លើក​មុន​ទេ ព្រោះ​យើង​ឃើញ​ថា អតីត​គណបក្ស​សង្គ្រោះ​ជាតិ ប្រហែល​ជា​គ្មាន​អាវុធ គ្មាន​អី​ក្នុង​ការ​ធ្វើ​សង្គ្រាម ហើយ​ចេតនា គឺ​ដូច​ជា​គ្មាន​អី​ធ្វើ​សង្គ្រាម​ទេ  ប៉ុន្តែ​បើ​សង្គ្រាម​ខ្ញុំ​ឃើញ​បែប​នេះ​វិញ គឺ​សង្គ្រាម​ពាក្យ​សម្ដី​នៃ​ការ​ទាមទារ​នូវ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស។ នេះ​គឺ​ជា​សង្គ្រាម​ចិត្តសាស្ត្រ»។

មន្ត្រី​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស​រូប​នេះ អំពាវនាវ​ដល់​អ្នកនយោបាយ​បក្ស​កាន់អំណាច និង​បក្ស​ប្រឆាំង ងាក​មក​រក​តុ​ចរចា​វិញ ដើម្បី​រក​ដំណោះ​ស្រាយ​បញ្ចប់​វិបត្តិ​នយោបាយ​ដែល​អូស​បន្លាយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​។ លោក​បន្ថែម​ មានតែ​ដំណោះស្រាយ​នយោបាយ​ទេ ទើប​អាច​ស្ដារ​ស្ថានការណ៍​​ស្រុកទេស​ឡើងវិញ​បាន និង​អាច​ជួយ​ឱ្យ​កម្ពុជា​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​លើ​ទីផ្សារ​អឺរ៉ុប និង​អាមេរិក​បន្ត​ទៅ​ទៀត៕

No comments: