Saturday, 5 October 2019
សកម្មជនបក្សប្រឆាំងប្ដេជ្ញាមិនចូលសារភាពតាមការអូសទាញពីរបបក្រុងភ្នំពេញទោះរងការធ្វើទុក្ខបុកម្នេញ
ដោយ ហេង រស្មី
2019-10-05
ទិដ្ឋភាពមុខទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ សង្កាត់ចាក់អង្រែលើ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦។
Photo: RFA
សកម្មជនគណបក្សសង្គ្រោះជាតិ ដែលកំពុងរងការធ្វើទុក្ខបុកម្នេញពីសំណាក់ របបលោក ហ៊ុន សែន ប្ដេជ្ញាថាមិនចូលសារភាព ដើម្បីបានរួចទោសពៃរ៍នោះឡើយ ព្រោះពួកគាត់គ្មានប្រព្រឹត្តខុសដូចការចោទប្រកាន់ទេ។ ជាងនេះទៅទៀត ពួកគាត់សច្ចាថានឹងនៅតែប្ដេជ្ញាដង្ហែរលោក សម រង្ស៊ី វិលចូលមាតុប្រទេសវិញ នៅថ្ងៃទី៩ ខែវិច្ឆិកាខាងមុខនេះ។
ប្រធានក្រុមយុវជនគណបក្សសង្គ្រោះជាតិខេត្តត្បូងឃ្មុំ លោកស្រី យ៉ែម វណ្ណណែត ដែលមានឈ្មោះក្នុងដីកាចោទប្រកាន់របស់តុលាការខេត្តនេះ ប្រាប់អាស៊ីសេរីថា ការអំពាវនាវពីរបបក្រុងភ្នំពេញ មិនអាចធ្វើឱ្យឆន្ទៈរបស់លោកស្រីផ្លាស់ប្ដូរទេ។ លោកស្រីបញ្ជាក់ថា ការចូលរួមសកម្មភាពនយោបាយ គឺជាសិទ្ធិដែលមានធានាក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ហើយសកម្មភាពរបស់អ្នកស្រីកន្លងមក ក៏គ្មានអ្វីពាក់ព័ន្ធទៅរកការផ្ដួលរំលំរបបក្រុងភ្នំពេញនោះដែរ៖ «នាងខ្ញុំមិនទៅចូលសារភាពអីទេ។ ដោយសារតែនាងខ្ញុំមិនមានកំហុសអ្វីផង រឿងអីដែលខ្ញុំចូលទៅសារភាពហើយទី២នោះគឺថាខ្ញុំអត់មានជំនឿទៅលើប្រព័ន្ធតុលាការស្រុកខ្មែរដោយសារតុលាការនៅស្រុកខ្មែរធ្វើទៅតាមគេបញ្ជា។ អ៊ីចឹង! ខ្ញុំអត់ទៅចូលរួមសារភាពអ្វីទេពីព្រោះខ្ញុំអត់មានកំហុស»។
ការបញ្ជាក់ជំហររបស់លោកស្រី យ៉ែម វណ្ណណែត បានកើតមានឡើងក្រោយពីតុលាការខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៤ ខែតុលា បានចោទប្រកាន់សកម្មជនគណបក្សសង្គ្រោះជាតិ ៣នាក់បន្ថែមទៀតពីបទ «រួមគំនិតក្បត់» ដែលនៅក្នុងនោះមានលោកស្រីម្នាក់ផងដែរ។
សកម្មជនគណបក្សសង្គ្រោះជាតិទាំងពីរនាក់ ទៀតដែលតុលាការខេត្តត្បូងឃ្មុំ បានចោទប្រកាន់រួមមាន៖ សមាជិកក្រុមការងារគណបក្សសង្គ្រោះជាតិខេត្តត្បូងឃ្មុំ លោក ស៊ឹម ស៊ាងឡេង ហៅ វេង និងប្រធានក្រុមប្រឹក្សាឃុំដូនតី ស្រុកពញាក្រែក លោកស្រី មាន ឡា។
គ្រាន់តែក្នុងរយៈពេលពីរសប្ដាហ៍ចុងក្រោយនេះ តុលាការបួនខេត្តផ្សេងៗគ្នា រួមមានខេត្តកំពង់ចាម ស្វាយរៀង ប៉ៃលិន និងខេត្តត្បូងឃ្មុំនេះផង បានចេញសេចក្ដីប្រកាសព័ត៌មានជាបន្តបន្ទាប់ ដោយចោទប្រកាន់លើសកម្មជនគណបក្សសង្គ្រោះជាតិ សរុប ៩នាក់ ពីបទរួមគំនិតក្បត់ ដោយសារតែការបង្ហាញជំហរគាំទ្រលោក សម រង្ស៊ី វិលចូលស្រុកវិញ។
តុលាការទាំងបួនខេត្តនេះ ប្រើទម្រង់សេចក្ដីប្រកាសព័ត៌មាន ស្ទើរតែដូចគ្នាទាំងស្រុង ដោយគ្រាន់តែដូរឈ្មោះអ្នកដែលត្រូវបានចោទប្រកាន់ប៉ុណ្ណោះ។ ខុសពីដីកាចោទប្រកាន់លើមន្ត្រីបក្សប្រឆាំងមុនៗ លើកនេះតុលាការទាំងបួន សុទ្ធតែបង្កប់សារអំពាវនាវឱ្យសកម្មជនបក្សប្រឆាំង ចូលសារភាព ដើម្បីជាថ្នូរនឹងការមិនយកទោស។
សារពីស្ថាប័នតុលាការនេះ មានភាពស៊ីសង្វាក់គ្នាជាមួយសាររបស់លោក ហ៊ុន សែន ដែលទើបនឹងថ្លែងកាលពីថ្ងៃទី៣ ខែតុលា ដោយគំរាមផង និងលួងឱ្យចូលសារភាពផង៖ «ហើយអ្នកនៅក្នុងស្រុក កុំព្រហើន! កុំព្រហើន! ហើយបើសិនជាអ្នកបែរជាជ្រុលចូលរួម អ្នកសារភាពឱ្យត្រង់ នឹងរួចទោស»។
អ្នកវិភាគនយោបាយបណ្ឌិត ឡៅ ម៉ុងហៃ ចាត់ទុកសារអំពាវនាវ ឱ្យអ្នកដែលតុលាការមិនទាន់កាត់សេចក្ដីថាមានទោស ទៅចូលសារភាពដូច្នេះ ជាការបង្ខិតបង្ខំមួយ និងជាទម្លាប់មិនគួរយកមកអនុវត្តទាល់តែសោះ ព្រោះវាបង្ហាញឱ្យឃើញការប្រព្រឹត្តខុសរបស់អាជ្ញាធរទៅវិញ។
សារអំពាវនាវឱ្យសកម្មជនគណបក្សសង្គ្រោះជាតិសារភាព និងចុះចូលនេះ របបលោក ហ៊ុន សែន ធ្លាប់ធ្វើដែរ កាលពីក្រោយរម្លាយគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែ មិនបានជោគជ័យទេ។
សមាជិកក្រុមប្រឹក្សាជាប់ឆ្នោតឃុំសង្កាត់របស់គណបក្សសង្គ្រោះជាតិ នៅទូទាំងប្រទេស សុខចិត្តរត់ភៀសខ្លួនទៅក្រៅប្រទេស ឬបន្តជីវភាពជាប្រជាពលរដ្ឋសាមញ្ញ ជាជាងចុះចូលជាមួយគណបក្សកាន់អំណាច ដែលបានរម្លាយគណបក្សខ្លួន។ ជាងនេះទៅទៀត ភាគច្រើនលើសលប់ នៃមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិទាំង ១១៨នាក់ ដែលរងការហាមឃាត់សិទ្ធិនយោបាយ មិនព្រមចុះចូល ឬសំសិទ្ធិនយោបាយ តាមការអំពាវនាវរបស់លោក ហ៊ុន សែន នោះដែរ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment