Monday, 7 October 2019
ប៉ូលិសច្រកប៉ោយប៉ែតឃាត់ខ្លួនសកម្មជនបក្សប្រឆាំងខេត្តត្បូងឃ្មុំម្នាក់
ដោយ អាស៊ីសេរី
2019-10-06
rfa
អ្នកស្រី មាន ឡា ជាសមាជិកក្រុមប្រឹក្សាឃុំដូនតីជាប់ឆ្នោតមកពីគណបក្សសង្គ្រោះជាតិ ត្រូវនគរបាលចាប់ នៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត កាលពីព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩។
រូប៖ សកម្មជនគណបក្សសង្គ្រោះជាតិ
អាជ្ញាធររបបក្រុងភ្នំពេញបានចាប់ខ្លួនមន្ត្រីបក្សប្រឆាំងខេត្តត្បូងឃ្មុំម្នាក់ នៅពេលសកម្មជនរូបនោះព្យាយាមឆ្លងដែនទៅរកកន្លែងមានសុវត្ថិភាពនៅប្រទេសថៃ តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ។ មន្ត្រីអង្គការសង្គមស៊ីវិលហៅការចាប់ខ្លួននេះថា ជាការគំរាមកំហែងបំភិតបំភ័យផ្នែកនយោបាយលើប្រជាពលរដ្ឋ ដើម្បីរារាំងកុំឱ្យពួកគាត់ទៅគាំទ្រប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី វិលចូលស្រុកវិញនៅពេលខាងមុខ។
មន្ត្រីគណបក្សប្រឆាំងខេត្តត្បូងឃ្មុំ និយាយថា ប៉ូលិសបានចាប់ខ្លួនសមាជិកក្រុមប្រឹក្សាឃុំដូនតីជាប់ឆ្នោតមកពីគណបក្សសង្គ្រោះជាតិ អ្នកស្រី មាន ឡា នៅព្រឹក ថ្ងៃទី៦ តុលា នៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយមិនដឹងមូលហេតុ។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិខេត្តត្បូងឃ្មុំ លោក ឈួន លីហេង ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី៦តុលាថា មន្ត្រីប៉ូលិសចាប់ខ្លួនអ្នកស្រី មាន ឡា ដោយអយុត្តិធម៌ ពីព្រោះសកម្មជនបក្សប្រឆាំងរូបនេះមិនបានប្រព្រឹត្តខុសច្បាប់នោះឡើយ។លោកបញ្ជាក់ថា ប៉ូលិសខេត្តត្បូងឃ្មុំជាច្រើននាក់បានទៅឡោមព័ទ្ធផ្ទះ រកចាប់អ្នកស្រី មាន ឡា ម្ដងរួចហើយកាលពីថ្ងៃទី៥តុលា ប៉ុន្តែរកមិនឃើញ ដោយសារអ្នកស្រីបានរត់គេចខ្លួនរកកន្លែងមានសុវត្ថិភាពតាំងពីថ្ងៃទី៤តុលា៖ គាត់មានកំហុសអីសោះគ្រាន់តែពាក្យអីចឹងក៏ឃាត់ខ្លួនគាត់ដែរ។ខ្ញុំឃើញគាត់បង្ហោះក្នុងហ្វេសប៊ុកថា ថ្ងៃទី៩វិច្ឆិកា អញ្ជើញបងប្អូនទៅញាំអំបុកនៅភ្នំពេញ គាត់និយាយតែប៉ុណ្ណឹងតើ។គ្រាន់តែប៉ុណ្ណឹងអាជ្ញាធរទៅធ្វើបាបគាត់ ប្រើអំណាចតុលាការទៅគាបសង្កត់គាត់វាដូចអយុត្តិធម៌សម្រាប់ពួកគាត់ណាស់»។
អាស៊ីសេរីមិនអាចទាក់ទងនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន្តច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត លោក ខឹម ចិត្រា ដើម្បីអត្ថាធិប្បាយជុំវិញការចាប់ខ្លួនសកម្មជនបក្សប្រឆាំងនេះបានទេ នៅថ្ងៃទី៦តុលា ដោយទូរស័ព្ទចូលជាច្រើនដង ពុំមានអ្នកទទួល។
រីឯនាយរងប៉ុស្តិ៍នគរបាលអន្តោប្រវេសន្តប៉ោយប៉ែត លោក សំ សីហា ប្រាប់អាស៊ីសេរីយ៉ាងខ្លីថាលោកពុំបានដឹងពីការចាប់ខ្លួនសកម្មជនបក្សប្រឆាំងនេះទេ ពីព្រោះលោកមិនបានប្រចាំនៅកន្លែងធ្វើការ៖ «អូ! ខ្ញុំអត់ដឹងផងបង ខ្ញុំអត់បាននៅកន្លែងផង ខ្ញុំដាក់ច្បាប់ឈប់សម្រាក»។
សាលាដំបូងខេត្តត្បូងឃ្មុំបានចោទប្រកាន់សកម្មជនគណបក្សសង្គ្រោះជាតិខេត្តត្បូងឃ្មុំបីនាក់ រួមមានលោក ស៊ឹម ស៊ាងឡេង ហៅ វេង អ្នកស្រី យ៉ែម វណ្ណណែត និងអ្នកស្រី មាន ឡា ពីបទរួមគំនិតក្បត់ជាតិ។ តុលាការបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី៤ តុលាថា សកម្មជនទាំងបីនាក់ និងមនុស្សមួយចំនួនទៀត បានកៀរគរបំផុសប្រជាពលរដ្ឋ និងមានផែនការដឹកនាំក្រុមរបស់ខ្លួនធ្វើដំណើរមកក្រុងភ្នំពេញ ដើម្បីចាំទទួលលោក សម រង្ស៊ី ដែលគ្រោងវិលចូលមកកាន់មាតុប្រទេសវិញ នៅថ្ងៃទី៩ ខែវិច្ឆិកាខាងមុខ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ការចាប់ចងសកម្មជនបក្សប្រឆាំងនេះ គឺជាគំរាមកំហែងបំភិតបំភ័យផ្នែកនយោបាយដល់អ្នកគាំទ្រគណបក្សប្រឆាំង ច្រើនជាងការអនុវត្តច្បាប់។មន្ត្រីសង្គមស៊ីវិលរូបនេះ បន្តថា ការបង្ហោះសារឈឺឆ្អាលរឿងនយោបាយគឺជាសិទ្ធិសេរីភាពក្នុងការសម្ដែងមតិរបស់ប្រជាពលរដ្ឋដោយស្របច្បាប់ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។លោកហៅវិធានការរបស់សមត្ថកិច្ចនេះ ថាជាចេតនារបស់អាជ្ញាធរ ដើម្បីរារាំងកុំឱ្យប្រជាពលរដ្ឋទៅចូលរួមអមដំណើរលោក សម រង្ស៊ី វិលចូលស្រុកវិញនៅពេលខាងមុខ៖ «ហើយមួយទៀតការធ្វើនេះគឺបង្ហាញថាយើងកំពុងតែរឹតត្បិតសេរីភាព អីចឹងវាហាក់ដូចជាមានការរឹតបន្តឹងជាពិសេសទៅលើអតីតសកម្មជនបក្សប្រឆាំង។អីចឹងយើងថាទង្វើទាំងអស់នេះវាអាចធ្វើឱ្យអន្តរជាតិជាពិសេសសហគមន៍អឺរ៉ុបដែលលក្ខខណ្ឌEBA ដែលជិតដល់ពេលដំបូងនៃការធ្វើរបាយការណ៍នឹងគេអាចមើលឃើញទិដ្ឋភាពទាំងអស់នេះ ដែលយើងមិនទាន់បានមានឆន្ទៈប្រាកដប្រជាក្នុងការស្ដារឡើងវិញនូវប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សទេ»។
គិតត្រឹមថ្ងៃទី៦ តុលា មានសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ៣១នាក់ហើយ ត្រូវរបបលោក ហ៊ុន សែន ចាប់ខ្លួននិងឃុំឃាំងក្នុងពន្ធនាគារ ហើយមានសកម្មជនចំនួន១៦៨នាក់ផ្សេងទៀត ត្រូវបានកោះហៅទៅបំភ្លឺ ដោយគ្មានមូលដ្ឋានច្បាប់ច្បាស់លាស់។ ក្រៅពីនេះក៏មានសកម្មជនបក្សប្រឆាំងជាច្រើននាក់ទៀត បានរត់ភៀសខ្លួនរកកន្លែងមានសុវត្ថិភាព ដើម្បីគេចចេញពីការតាមយាយី និងការធ្វើទុក្ខបុកម្នេញពីអាជ្ញាធររបបក្រុងភ្នំពេញ ដោយសារពួកគេឈឺឆ្អាលរឿងនយោបាយ។
លោក អំ សំអាត យល់ថា ការធ្វើទុក្ខបុកម្នេញមកលើមន្ត្រីបក្សប្រឆាំងឥតស្រាកស្រាន្តនេះ ពុំមែនជាដំណោះស្រាយនយោបាយទេ ផ្ទុយទៅវិញ គឺកាន់តែធ្វើឱ្យប្រជាពលរដ្ឋដែលអ្នកគាំទ្រគណបក្សប្រឆាំងជិតកន្លះនគរ កាន់តែក្ដៅក្រហាយ ហើយពួកគាត់អាចនឹងនាំគ្នាងើបតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលនៅថ្ងៃខាងមុខ។ មន្ត្រីសង្គមស៊ីវិលរូបនេះ ទទូចដល់មេដឹកនាំគណបក្សកាន់អំណាច និងគណបក្សប្រឆាំងឱ្យគិតគូរពីប្រយោជន៍ជាតិជាធំ ហើយងាកមករកតុចរចាគ្នាបញ្ចប់វិបត្តិនយោបាយនៅកម្ពុជាឱ្យបានឆាប់ ប្រសើរជាងការឈ្លោះគ្នានាំឱ្យខាតបង់ដល់សេដ្ឋកិច្ចជាតិ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment