Monday, 7 October 2019
យុវជន និងពលរដ្ឋប្រតិកម្មចំពោះការចុះហត្ថលេខាទទួលស្គាល់បង្គោលព្រំដែន ៨៤ភាគរយ
អាស៊ីសេរី
2019-10-06
បង្គោលព្រំដែនកម្ពុជា-វៀតណាម លេខ១៨៩ ស្ថិតក្នុងភូមិទួលស្ដី ឃុំទួលស្ដី ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ រូបថតថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៥។ RFA
Photo: RFA
មន្ត្រីគណបក្សប្រឆាំង ពលរដ្ឋ និងក្រុមយុវជន ប្រតិកម្មថា ការចុះហត្ថលេខាទទួលស្គាល់បង្គោលព្រំដែនចំនួន ៣១៥ បង្គោល ឬស្មើនិង ៨៤ភាគរយ រវាងរបបក្រុងភ្នំពេញ និងរដ្ឋាភិបាលវៀតណាម ជាការអនុវត្តផ្ទុយពីរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងក្រុងប៉ារីស។ ពួកគេមើលឃើញថា លោក ហ៊ុន សែន បានប្រើអំណាចកំណត់បង្គោលព្រំដែនស្រេចតែចិត្ត ហើយបានមើ់លរំលងក្ដីកង្វល់របស់ពលរដ្ឋ និងមិនបានឆ្លងសេចក្ដីសម្រេចពីរដ្ឋសភាឯកបក្ស។ ចំណែកមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល បដិសេធការចោទប្រកាន់នេះ។
ក្រុមពលរដ្ឋ និងក្រុមយុវជន បង្ហាញការសោកស្ដាយយ៉ាងខ្លាំងចំពោះ ការចុះហត្ថលេខាទទួលស្គាល់បង្គោលព្រំដែនជាផ្លូវការ រវាងរបបក្រុងភ្នំពេញ និងរដ្ឋាភិបាលវៀតណាម កាលពីថ្ងៃទី ០៥ តុលាកន្លងទៅ។ ពួកគេយល់ឃើញថា រដ្ឋាភិបាលកម្ពុជា ពុំមែនជារដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ កាលពីឆ្នាំ ២០១៨នោះទេ ហើយការសម្រេចចិត្តរបស់លោក ហ៊ុន សែន ពេលនេះ មិនឆ្លុះបញ្ចាំង ពីឆន្ទៈនយោបាយរួម រវាងគណបក្សប្រឆាំង គណបក្សកាន់អំណាច និងប្រជាពលរដ្ឋភាគច្រើននោះទេ។
តំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បដិសេធមិនទទួលស្គាល់ការកំណត់បង្គោលព្រំដែន ៨៤ភាគរយនេះទេ។ លោកថា ការកំណត់ខណ្ឌសីមាព្រំដែនរបស់រដ្ឋាភិបាលផ្អែកតាមសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ១៩៨៥ និងឆ្នាំ២០០៥ គឺជាទង្វើ រំលោភរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងក្រុងប៉ារីសឆ្នាំ ១៩៩១។ ទន្ទឹមនឹងនេះ គណបក្សសង្គ្រោះជាតិប្រកាសជំហរថា នឹងសើរើឡើងវិញរាល់បង្គោលព្រំដែនណា ដែលបោះមិនត្រឹមត្រូវ និងប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ និងប្រទេសម្ចាស់ហត្ថលេខីក្រុងប៉ារីស ដើម្បីឱ្យពិនិត្យមើល ការឈ្លានពានទឹកដី ពីសំណាក់ប្រទេសវៀតណាមផ្អែកតាមច្បាប់អន្តរជាតិ៖ «សន្ធិសញ្ញាព្រំដែនឆ្នាំ ១៩៨៥ហ្នឹង ផ្ទុយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងផ្ទុយពីរដ្ឋធម្មនុញ្ញមាត្រា ៥៥ បើគិតពីផ្លូវច្បាប់សន្ធិសញ្ញានេះ ខុសច្បាប់ ត្រូវចាត់ទុកជាមោឃរួចហើយ ដោយកិច្ចព្រមព្រៀងក្រុងប៉ារីស ឆ្នាំ១៩៩១ ហើយលោក ហ៊ុន សែន ធ្វើហ្នឹង វាខុសច្បាប់ហើយ។ ថ្ងៃក្រោយគឺយើងអាចសើរើសន្ធិសញ្ញាហ្នឹងឡើងវិញ រដ្ឋាភិបាលថ្មីអាចឱ្យសភាលុបចោលសន្ធិសញ្ញាឆ្នាំ២០០៥ ហើយយើងសើរើការបោះបង្គោលព្រំដែនជាមួយយួន»។
យុវជនមួយរូបរស់នៅរាជធានីភ្នំពេញ លោក ម៉ា ចិត្រា សោកស្ដាយដែលរដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខាទទួលស្គាល់បង្គោលព្រំដែននេះ ដោយពុំមានការចូលរួម ពីពលរដ្ឋ ក្រុមអង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំង។ លោកថា កន្លងទៅក្រុមយុវជនធ្លាប់ចុះពិនិត្យបង្គោលព្រំដែនមួយចំនួន ក៏ប៉ុន្តែអាជ្ញាធរបែរជារារាំង និងព្យាយាមលាក់បាំងព័ត៌មាន ស្ដីពីការកំណត់បង្គោលព្រំដែនជាមួយវៀតណាម។ លោកយល់ថា រដ្ឋាភិបាលគឺជាអ្នកទទួលខុសត្រូវយ៉ាងសំខាន់ ចំពោះមុខប្រវត្តិសាស្ត្រ៖ «ឱ្យមានការចូលរួមឱ្យបានគ្រប់ភាគីមុននឹងចុះហត្ថលេខា កិច្ចការព្រំដែនណាមួយ។ វាព្រួយចេះតែព្រួយតែដូចខ្ញុំថា អ៊ីចឹងធ្វើម៉េច អ្វីៗវាបានទៅហើយ ពិបាកត្រឡប់ក្រោយព្រោះរដ្ឋាភិបាលគាត់ធ្វើអ៊ីចឹង។ យើងទាមទារមានតែខ្នោះដៃដាក់ខ្លួនឯង។ កន្លងចុះទៅព្រំដែនមិនមែនជាការងាយស្រួលទេ។ គ្រាន់ចុះទៅមើលបង្គោលព្រំដែនមានការរារាំងជាដើម»។
ឆ្លើយតបរឿងនេះ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេសកិច្ចការព្រំដែន លោក វ៉ា គឹមហុង មានប្រសាសន៍ថា រដ្ឋាភិបាល បានកំណត់បង្គោលព្រំដែនសម្រេចបាន ៨៤ភាគរយនេះ គឺស្របតាមកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩១។ លោកបញ្ជាក់ថា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលរដ្ឋាភិបាលប្រើប្រាស់ក្នុងការបោះបង្គោលព្រំដែន មិនបានរំលោភលើអធិបតេយ្យភាពកម្ពុជានោះទេ។ លើសពីនេះ លោកបញ្ជាក់ថា ការកំណត់បង្គោលព្រំដែន ធ្វើឡើងផ្អែកតាមសន្ធិសញ្ញាព្រំដែនរដ្ឋឆ្នាំ ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រួមទាំងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០១៩ គ្មានតំបន់ណាមួយ ប៉ះពាល់អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជានោះទេ៖ «មតិប្រឆាំង និងមតិគាំទ្រវាតែងតែមានហើយ ដូច្នេះយើងទៅរវល់ធ្វើអី បើរដ្ឋាភិបាលធ្វើត្រឹមត្រូវគេធ្វើហើយ។ យើងប្ដឹងគេម៉េចកើត។ អ្វីដែលជាជំហររបស់រដ្ឋាភិបាល បកស្រាយមាត្រា១ ប្រការឌី D យើងអត់មានរំលោភកិច្ចព្រមព្រៀងក្រុងប៉ារីសទេ។ កម្ពុជាមានកាពត្វកិច្ច និងលុបចោលរាល់សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយណា ដែលរំលោភអធិបតេយ្យភាព និងបូរណភាព តែវាអត់រំលោភ យើងមិនឃើញ គណបក្សទាំងអស់រំលោភនៅត្រង់ណា?»។
លោក វ៉ា គឹមហុង បន្ថែមថា រដ្ឋាភិបាលកម្ពុជា គោរពគោលការណ៍ច្បាប់ និងលក្ខណៈបច្ចេកទេសព្រំដែន ហើយតំបន់ណានៅសេសសល់មិនទាន់ឯកភាពគ្នា រដ្ឋាភិបាលបានផ្អាកបោះបង្គោលជាបណ្ដោះអាសន្ន។ លោកថា ផែនទីដែលរដ្ឋាភិបាលប្រើប្រាស់ បានកំណត់និយាមការ និងបង្គោលព្រំដែនលើផែនទីច្បាស់លាស់ ហើយ រដ្ឋាភិបាលបានប្រឹងប្រែងធ្វើកិច្ចការងារនេះអស់រយៈពេលជាង ១៣ឆ្នាំមកហើយ៖ «អត់មានលក់ឡាយឡុយ បូរណភាពខ្មែរទេ បងប្អូនចង់ធ្វើប័ណ្ណប្រកាសចង់ធ្វើអីធ្វើទៅ ខ្ញុំអត់ហាមឃាត់ទេ ជាសិទ្ធិសេរីភាពលោក។ តែកុំគិតថា រដ្ឋាភិបាលលោកធ្វើឡាយឡុង បូរណភាពទឹកដីរបស់ប្រទេសយើងឱ្យសោះ ហើយកុំគិតថា អ្នកធ្វើរឿងព្រំដែនអត់ស្រឡាញ់ជាតិយើងកុំគិតថា គេស្រឡាញ់មិនស្រឡាញ់ជាតិ គេស្រឡាញ់ដូចតែលោក តែអ្វីដែលយើងមានតួនាទីភារកិច្ចធ្វើ យើងធ្វើឱ្យល្អ និងការពារបូរណភាពទឹកដី ១០០ភាគរយឱ្យទាល់តែបាន»។
ទោះជាយ៉ាងណា សមាជិកក្រុមការងារ ១០០រាត្រី លោក មួង សូនី យល់ឃើញថា បើទោះបីជារដ្ឋាភិបាលបានចុះហត្ថលេខាទទួលស្គាល់ បង្គោលព្រំដែន ៨៤ភាគរយរួចហើយក្ដី ក៏មិនអាចធានា ថា នឹងគ្មានការរំលោភបំពានទឹកដីបន្ថែមទៀតពីសំណាក់អាជ្ញាធរវៀតណាមដែរ។ លោកថា តំបន់មួយចំនួនរដ្ឋាភិបាលកម្ពុជា និងវៀតណាម បានឯកភាពគ្នាបោះបង្គោលព្រំដែនរួចរាល់ហើយ ក៏ប៉ុន្តែអាជ្ញាធរវៀតណាមនៅតែឈ្លានពានដូចជា តំបន់ថ្មបីដុំ និងភូមិប៉ាក់ណាមជាដើម។ រីឯតំបន់មួយចំនួនទៀត ដែលមិនទាន់ឯកភាពកំណត់ខណ្ឌសីមាព្រំដែន លោកថា អាជ្ញាធរវៀតណាមកំពុងគ្រប់គ្រងទាំងស្រុងដូចជា តំបន់អូរហ៊ុច នៅខេត្តមណ្ឌលគិរី ជាដើម៖ «យើងមើលតំបន់មួយចំនួនដែលបោះបង្គោលហើយក្តីហ្នឹង មានពលរដ្ឋវៀតណាមគេចូលមកនៅដូចជា ថ្មបីដុំ និងប៉ាក់ណាមជាដើម។ យើងអត់ទាន់មានវិធីសាស្ត្រ ដើម្បីការពារដីដែលបង្គោលហើយហ្នឹងទេ។ ទោះជាយើងចុះហត្ថលេខាហើយក្តី ក៏យើងនៅតែមិនធានាដែលយើងអាចការពារដី ដែលបានបោះបង្គោលហើយហ្នឹងដែរ មានន័យថា វៀតណាមនៅតែឈ្លានពានកម្ពុជា។ ចំណុចដែលការពារព្រំដែនពិតប្រាកដ ទី១ យើងត្រូវមានច្បាប់ បទដ្ឋានគតិយុត្តិ ទី២ ការអភិវឌ្ឍតាមព្រំដែនឱ្យមានពលរដ្ឋរស់នៅតាមបណ្ដោយព្រំដែន ទី៣ គឺកម្លាំងការពារព្រំដែនខ្លាំង»។
រដ្ឋធម្មនុញ្ញមាត្រា ២ និងមាត្រា ៥៥ ចែងថា បូរណភាពទឹកដីព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបានដាច់ខាត ក្នុងព្រំដែនរបស់ខ្លួនដែលមានកំណត់ក្នុងផែនទីខ្នាត ១/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ ១៩៣៣-១៩៥៣ ។ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយណា ដែលមិនស្របនឹងឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិ ត្រូវលុបចោល។
កម្ពុជាមានព្រំដែនជាប់នឹងប្រទេសវៀតណាមចំនួន ១.២៤៥ គីឡូម៉ែត្រ ដែលត្រូវបោះបង្គោលព្រំដែនសរុបចំនួន ៣៧១បង្គោល។ បច្ចុប្បន្នប្រទេសទាំងពីរបានបោះបង្គោលរួចរាល់ចំនួន៣១៥ បង្គោល ឬស្មើនិង ៨៤ភាគរយហើយ នៅសេសសល់ បង្គោលចំនួន ៥៦ ទៀត ឋិតនៅខេត្តរតនគិរី មណ្ឌលគិរី ត្បូងឃ្មុំ ស្វាយរៀង ខេត្តកណ្ដាល និងខេត្តតាកែវ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment