Tuesday, 1 October 2019
លោក ហ៊ុន ម៉ាណែត បបួលលោក សម រង្ស៊ី ភ្នាល់បញ្ចប់ជីវិតនយោបាយរឿងសញ្ញាប័ត្រយោធា
ដោយ ទីន ហ្សាការីយ៉ា
2019-09-30
rfa
លោក សម រង្ស៊ី (ឆ្វេង) ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ និងលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។
រូប៖ ហ្វេសប៊ុកលោក សម រង្ស៊ី និងលោក ហ៊ុន ម៉ាណែត
កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត បបួលមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ភ្នាល់បញ្ចប់ជីវិតនយោបាយ ទាក់ទងនឹងរឿងសញ្ញាប័ត្រ ដែលលោកទទួលបានពីសាលាយោធាអាមេរិក។ អ្នកវិភាគថា រឿងសំខាន់នៅពេលនេះ គឺការរកដំណោះស្រាយបញ្ចប់វិបត្តិនយោបាយ មិនមែនជាការភ្នាល់គ្នារឿងឯកជននោះឡើយ។
អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត អះអាងថា ប្រសិនបើលោក សម រង្ស៊ី មានភស្តុតាងគ្រប់គ្រាន់ដែលបង្ហាញថា សញ្ញាប័ត្រដែលលោកទទួលបានពីសាលាយោធា West Point របស់អាមេរិកជាសញ្ញាប័ត្រការទូត ឬជាសញ្ញាប័ត្រក្លែងក្លាយនោះ លោកនឹងលាលែងពីតួនាទីទាំងអស់ក្នុងជួរកងទ័ព ហើយធ្វើជាប្រជាជនស៊ីវិលជារៀងរហូត។ ផ្ទុយទៅវិញ បើលោក សម រង្ស៊ី គ្មានភស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជាក់រឿងនេះ លោកចង់ឱ្យប្រធានស្ដីទីគណបក្សសង្គ្រោះជាតិរូបនេះលាឈប់ពីនយោបាយជារៀងរហូត។
ឧត្ដមសេនីយ៍ផ្កាយ៣ រូបនេះ ប្រកាសភ្នាល់ជាមួយលោក សម រង្ស៊ី លើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) នៅថ្ងៃទី៣០ កញ្ញា។ លោកបញ្ជាក់ថា លោកធ្វើបែបនេះដើម្បីការពារកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់លោក ដោយសារលោក សម រង្ស៊ី បានថ្លែងថា សញ្ញាប័ត្រយោធារបស់លោក ជាសញ្ញាប័ត្រការទូត ទោះជាមិនបាច់ចូលរៀនក៏ជាប់ដែរ។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានថ្លែងប្រាប់ក្រុមអ្នកគាំទ្រនៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី២៨ កញ្ញាថា សញ្ញាប័ត្ររបស់សាលាល្បីៗ នៅសហរដ្ឋអាមេរិក និងប្រទេសបារាំង មានពីរប្រភេទ ដោយមួយប្រភេទសម្រាប់ផ្ដល់ឱ្យសិស្សជាជនជាតិគេផ្ទាល់ ឬសិស្សបរទេសដែលមានកម្រិតសមត្ថភាពប្រហាក់ប្រហែលនឹងសិស្សជនជាតិគេ។ ក៏ប៉ុន្តែ លោកថា សញ្ញាប័ត្រមួយប្រភេទទៀត គឺសម្រាប់ផ្ដល់ឱ្យកូនចៅមេដឹកនាំប្រទេសដទៃ ដើម្បីរក្សាទំនាក់ទំនងល្អ និងសម្រាប់ជាកិត្តិយសប៉ុណ្ណោះ៖ «មិនបាច់រៀនអ្វីក៏បានដែរ ប្រឡងចេញ ប្រឡងលេងៗ ប៉ុន្តែគេឱ្យសញ្ញាប័ត្រដូចគ្នា ឈ្មោះ West Point ដូចគ្នាអ៊ីចឹង ប៉ុន្តែគេអត់ទទួលស្គាល់នៅស្រុកគេទេ។ ចង់ធ្វើមេទ័ពនៅអាមេរិក ឱ្យមកបំពេញតួនាទីដូចជនជាតិស្បែកស ដែលគេទទួលសញ្ញាប័ត្រដែរនោះ គេអត់ឱ្យទេ។ គេថា អ្នកឯងយកទៅស្រុកអ្នកឯង អ្នកឯងយកទៅបង្អួតទៅ សញ្ញាប័ត្រប្រភេទទីពីរនោះណា។ អាហ្នឹងជាកិច្ចការទូត នយោបាយ គេចង់មានទំនាក់ទំនងល្អ គេឱ្យទៅកូននាយករដ្ឋមន្ត្រីនេះ កូនប្រធានាធិបតីនោះ ឱ្យយកសញ្ញាប័ត្រក្លែងក្លាយ ប្រភេទទីពីរនោះយកទៅបង្អួតនៅស្រុកខ្លួនទៅ។”
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា ប្រសិនបើលោក សម រង្ស៊ី មិនហ៊ានភ្នាល់ ឬគ្មានភស្តុតាងការពារប្រសាសន៍របស់ខ្លួនទេ នោះមេបក្សប្រឆាំងរូបនេះនឹងក្លាយជាអ្នកនយោបាយដែលគ្មានការទទួលខុសត្រូវ និងគ្មានភាពជាគំរូដល់យុវជនជំនាន់ក្រោយ។
ដោយឡែក មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន វិញ បានចេញមុខគាំទ្រកូនរបស់លោកថា នេះជាការចេញវាយបង្ក្រាបចោរក្បត់ជាតិ ដែលបានមួលបង្កាច់កូនរបស់លោក។
អាស៊ីសេរីមិនទាន់អាចទាក់ទងប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដើម្បីសុំប្រតិកម្មតបទៅនឹងការបបួលភ្នាល់របស់លោក ហ៊ុន ម៉ាណែត នេះបាននៅឡើយទេ នៅថ្ងៃទី៣០ កញ្ញា។
ទោះជាយ៉ាងណា អ្នកតាមដានស្ថានការណ៍នយោបាយ មិនគាំទ្រការភ្នាល់គ្នាបែបនេះឡើយ។
អនុប្រធានសមាគមបណ្ដាញយុវជនកម្ពុជា និងជាអ្នកសិក្សាផ្នែកសិទ្ធិមនុស្សអន្តរជាតិ លោក ស ម៉ូរី ថ្លែងថា ក្នុងឋានៈជាមេទ័ពជាតិមួយរូប លោក ហ៊ុន ម៉ាណែត គួរតែព្យាយាមនិយាយឱ្យតិចបំផុតទាក់ទងនឹងរឿងនយោបាយ ជាពិសេសពាក់ព័ន្ធនឹងរឿងផ្ទាល់ខ្លួន។ លោកបន្តថា លោកមិនបានដឹងរឿងសញ្ញាប័ត្ររបស់លោក ហ៊ុន ម៉ាណែត ទេ ក៏ប៉ុន្តែប្រសិនបើមេទ័ពជើងគោករូបនេះ ចង់ការពារកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ខ្លួនមែន លោកយល់ថា លោក ហ៊ុន ម៉ាណែត គួរតែពន្យល់លម្អិតអំពីរឿងនេះ អមជាមួយនឹងភស្តុតាងនានា ហើយទុកឱ្យសាធារណជនជាអ្នកវាយតម្លៃវិញ៖ «លោក ហ៊ុន ម៉ាណែត មិនគួរទៅធ្វើការភ្នាល់ជាមួយលោក សម រង្ស៊ី ពាក់ព័ន្ធនឹងការបញ្ចប់ជីវិតនយោបាយនោះទេ។ ខ្ញុំមើលឃើញថា វាអត់មានផលចំណេញអ្វីសម្រាប់ខ្លួនគាត់ផ្ទាល់ ហើយអត់មានផលចំណេញអ្វីសម្រាប់ការស្ដារ ការផ្សះផ្សាផ្នែកនយោបាយនៅក្នុងសង្គមកម្ពុជាទេ។ វាមិនមែនជាការបង្កើតគំរូនៃវប្បធម៌នយោបាយមួយសម្រាប់យុវជនកម្ពុជាទេ»។
នេះជាលើកដំបូងហើយដែលលោក ហ៊ុន ម៉ាណែត បបួលមេបក្សប្រឆាំងលោក សម រង្ស៊ី ភ្នាល់គ្នាជាសាធារណៈបែបនេះ ស្របពេលដែលឪពុករបស់លោក គឺលោក ហ៊ុន សែន បានភ្នាល់គ្នាជាមួយលោក សម រង្ស៊ី ជាច្រើនដងរួចមក ហើយទាក់ទងនឹងរឿងនយោបាយស្រុកទេស។
អ្នកតាមដានស្ថានការណ៍សង្គម និងនយោបាយ លោក ស ម៉ូរី យល់ថា ការភ្នាល់គ្នាជាលក្ខណៈឯកជនរវាងក្រុមមេដឹកនាំបក្សកាន់អំណាច និងបក្សប្រឆាំង មិនមានផលចំណេញអ្វីសម្រាប់ជាតិនោះឡើយ។ លោកបន្ថែមថា គូបដិបក្ខនយោបាយទាំងពីរគួរតែដល់ពេលត្រូវជជែកគ្នារកដំណោះស្រាយវិបត្តិនយោបាយ ជាជាងបង្កើនការវាយប្រហារដោយពាក្យសម្ដីដាក់គ្នាបែបនេះ៕
Subscribe to:
Post Comments (Atom)
1 comment:
Hun Manet says Sam Rainey is irresponsible politician if he cannot back his claim about his West Point accreditation. Hun Manet should say that to his father instead and looks at deeply at himself in the mirror and ask himself a question. Do I genuinely deserve to be three stars general? . A true man would say no. Anyway in all front , he is a sore loser.
Post a Comment