Tuesday, 1 October 2019
ពលករខ្មែរមួយក្រុមនៅថៃធ្វើយុទ្ធនាការស្នើពលករចូលរួមអមដំណើរលោក សម រង្ស៊ី វិលចូលស្រុក
ដោយ សុ ជីវី
2019-10-01
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ធ្វើដំណើរតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីឆ្ពោះទៅរមណីយដ្ឋានវត្តភ្នំ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៤។
RFA
ពលករខ្មែរមួយក្រុមធ្វើការនៅប្រទេសថៃនាំគ្នាធ្វើយុទ្ធនាការអំពាវនាវឱ្យពលករទៅចូលរួមអមដំណើរ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី វិលចូលស្រុកវិញនៅពេលខាងមុខឱ្យបានច្រើនកុះករ។ ពួកគេសង្ឃឹមថា នៅពេលលោក សម រង្ស៊ី វិលចូលស្រុកនឹងមានដំណោះស្រាយនយោបាយជាមិនខានឡើយ។
ពលករខ្មែរធ្វើនៅរោងចក្រអេឡិចត្រូនិកនៅខេត្តជាប់ទីក្រុងបាងកកប្រទេសថៃ លោក ជីម ផាត ប្រាប់អាស៊ីសេរី នៅថ្ងៃទី៣០ កញ្ញា ថា ពលករខ្មែរនៅប្រទេសថៃរាប់ម៉ឺននាក់ពុះកញ្ជ្រោលចង់ត្រឡប់ទៅស្រុកកំណើតវិញជាមួយលោក សម រង្ស៊ី ដើម្បីទៅទាមទារអំណាចពីរបបលោក ហ៊ុន សែន ជូនពលរដ្ឋវិញ និងទៅស្ដារមុខមាត់របស់កម្ពុជា នៅលើឆាកអន្តរជាតិឱ្យបានប្រសើរឡើងវិញ។ ពលកររូបនេះបន្ថែមទៀតថា ប្រមាណ ១ ខែមកនេះ គឺពួកលោកបានចុះជួបពលករខ្មែរនៅថៃ និងបានថ្លែងសាររួមគ្នាតាមហ្វេសប៊ុក បំផុសដល់ពលករដទៃទៀតឱ្យត្រៀមខ្លួនវិលទៅកម្ពុជាវិញទាំងអស់គ្នា។ លោកបញ្ជាក់ថា ពលករនៅថៃភាគច្រើនសប្បាយចិត្ត នឹងបន់ឱ្យឆាប់ដល់ថ្ងៃកំណត់របស់លោក សម រង្ស៊ី វិលចូលស្រុកវិញ ដើម្បីពួកគេទៅទទួលលោក ឱ្យមកជួយដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា៖ «ខ្ញុំចង់ដាស់តឿនធ្វើម៉េចកុំគាត់ភ្លេចថ្ងៃភ្លេចខែ ព្រោះនេះជាពេលចុងនៃការប្ដូរមេដឹកនាំផ្ដាច់ការនេះហើយ។ ខ្ញុំក៏បានលើកជាឧទាហរណ៍ជាច្រើនថា នៅក្នុងប្រទេសនិមួយៗបើយើងចង់បញ្ចប់របបផ្ដាច់ការបាន ទាល់តែប្រើអំណាចពលរដ្ឋដូចជាប្រទេសមួយចំនួននៅលើពិភពលោក ហើយខ្ញុំជឿជាក់ថា លោក ហ៊ុន សែន នៅពេលប្រហែល ៤១ថ្ងៃនេះ បើមិនព្រមបន្ទន់ឥរិយាបថដើរតាមគន្លងប្រជាធិបតេយ្យទេ គឺវាសនារបស់គាត់មិនខុសអីនឹងមេដឹកនាំផ្ដាច់ការនៅលើពិភពលោកនោះទេ»។
លោកបន្តថា ពួកលោកមានគ្នា ១០នាក់ បានរួមគ្នាធ្វើយុទ្ធនាការចុះជួបពលករខ្មែរនៅថៃប្រទេសថៃជាច្រើនកន្លែងមកហើយ ដើម្បីត្រៀមខ្លួនវិលចូលស្រុកវិញនៅពេលខាងមុខ ។ កាលពីថ្ងៃទី២៩ កញ្ញា កន្លងទៅ ពួកលោកបានប្រមូលផ្ដុំពលករខ្មែរប្រមាណ ៤០នាក់ នៅខេត្តទីក្រុងបាងកក ប្រកាសរួមគ្នាទៅអមដំណើរលោក សម រង្ស៊ី វិលចូលស្រុកវិញដោយមិនខ្លាចអាជ្ញាធរធ្វើទុក្ខបុកម្នេញឡើយ។
ចំណែកពលការិនីធ្វើការនៅថៃម្នាក់ទៀត លោកស្រី ស្ងួន សុខុម ថ្លែងថា មូលហេតុដែលលោកស្រីចូលរួមធ្វើយុទ្ធនាការជំរុញឱ្យពលករត្រៀមខ្លួនទៅអមដំណើរលោក សម រង្ស៊ី វិលចូលស្រុកវិញ គឺដោយសារស្អប់ខ្ពើមរបបដឹកនាំសព្វថ្ងៃ ធ្វើបាបពលរដ្ឋទន់ខ្សោយ ចាប់ពលរដ្ឋដាក់គុកច្រវាក់ ដោយគ្រាន់តែពួកគេសម្ដែងមតិឈឺឆ្អាលរឿងនយោបាយដែលច្បាប់កម្ពុជាអនុញ្ញាត។ លោកស្រីបន្តថា ពលរដ្ឋខ្លះនាំគ្នាតវ៉ាឱ្យអាជ្ញាធរជួយដោះស្រាយទំនាស់ដីធ្លី ដើម្បីបានដីដាំដុះចិញ្ចឹមគ្រួសារ ប៉ុន្តែអាជ្ញាធរបែរជាបានចោទប្រកាន់ពួកគេថា ជាក្រុមឧទ្ទាមក្រៅច្បាប់ទៅវិញ។ លោកស្រីបញ្ជាក់ថា ដើម្បីឱ្យពលរដ្ឋខ្មែររួចផុតពីរបបផ្ដាច់ការនេះ គឺមានតែកម្លាំងប្រជាពលរដ្ឋនៅក្នុង និងក្រៅស្រុករួមគ្នាអមដំណើរថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិវិលចូលស្រុកវិញឱ្យបានច្រើនកុះករទេ ទើបអាចស្ដារប្រជាធិបតេយ្យនៅកម្ពុជាបាន ពីព្រោះអាជ្ញាធរមិនអាចចាប់ពលរដ្ឋរាប់លាននាក់ដាក់គុកបានទេ ហើយលោក ហ៊ុន សែន នឹងយល់ព្រមចរចាជាមួយគណបក្សប្រឆាំងតាមការចង់បានរបស់ពលរដ្ឋជាមិនខាន៖ «អីចឹងធ្វើប្អូនរឹតតែមានកម្លាំង ព្រោះយើងជាប្រជាពលរដ្ឋខ្មែរដល់ពេលឃើញប្រទេសដទៃគេធ្វើបានគ្រប់យ៉ាង គេមានសិទ្ធិសេរីភាព គេមិនគំរាមពលរដ្ឋខ្លួន អីចឹងពួកគាត់ជាពលរដ្ឋខ្មែរក៏ចង់បានភាពយុត្តិធម៌ដូចគ្នាដែរ ចង់ក្លាហានចង់បានប្រទេសមានសេរីភាព ដែលមេដឹកនាំស្រលាញ់ពលរដ្ឋខ្លួន មិនយកជនជាតិដទៃចូលមករស់នៅក្នុងប្រទេស ហើយជួយមើលថែពលរដ្ឋ មិនមែនដូចសព្វថ្ងៃ នេះគឺពិបាកនឹងមើល»។
លោក សម រង្ស៊ី បានប្រកាសម្ដងហើយម្ដងទៀតថា លោក និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដែលរស់នៅក្រៅប្រទេស នឹងធ្វើមាតុភូមិនិវត្តន៍ទៅកម្ពុជាវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខ។ ទោះជាយ៉ាងណាក្ដី របបក្រុងភ្នំពេញបានបញ្ជាក់ម្ដងហើយម្ដងទៀតអំពីវិធានការលើលោក សម រង្ស៊ី និងអ្នកហែហម ប្រសិនបើហ៊ានវិលចូលកម្ពុជាតាមកាលកំណត់មែននោះ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន មានប្រសាសន៍ថា លោកមិនជឿថា លោក សម រង្ស៊ី នឹងវិលត្រលប់មកស្រុកខ្មែរវិញទេ។ លោកបន្ថែមថា កន្លងមកប្រធានស្ដីទីគណបក្សប្រឆាំងរូបនេះ ប្រកូកប្រកាសជាច្រើនដងរួចមកហើយ តែលោកមិនបានចូលស្រុកដូចការសន្យានោះទេ។ ទោះជាយ៉ាងណាលោកគំរាមថា ពលរដ្ឋដែលទៅអមដំណើរក្រុមបក្សប្រឆាំងនោះ អាចប្រឈមបញ្ហាផ្លូវច្បាប់ ព្រោះលោក សម រង្ស៊ី ជាទណ្ឌិតមានដីកាចាប់ខ្លួនពីតុលាការ៖ «ហើយទី២ ទណ្ឌិតដែលទៅនឹងក្នុងនាមខ្លួនឯងជាប្រធានស្ដីទីគណបក្ស អីចឹងគណបក្សនឹងត្រូវរំលាយរួចហើយ វាអត់មានត្រូវច្បាប់ទេ ពីព្រោះយើងដឹងថា សាលដីការបស់តុលាការកំពូលជាសាលដីកាស្ថាពរ និងបិទផ្លូវតវ៉ា ដូច្នេះរាល់អ្នកណាគាំទ្រជនណាដែលមានដីកាពីតុលាការជននោះគឺ ផ្ទុយពីសាលដីកាតុលាការហើយ»។
អ្នកសម្របសម្រួល និងអង្កេតអង្គការ ខុមហ្វ្រែល (comfrel) លោក កន សាវាង្ស លើកឡើងថា ការចូលរួមកិច្ចការនយោបាយ គឺជាសិទ្ធិសេរីភាពរបស់ពលរដ្ឋម្នាក់ៗ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ ទោះជាយ៉ាងណាមន្ត្រីអង្គការសង្គមស៊ីវិលរូបនេះ ទទូចឱ្យមេដឹកនាំគណបក្សកាន់អំណាចនិងគណបក្សប្រឆាំងរកផ្លូវចរចាត្រូវរ៉ូវគ្នា ដើម្បីស្ដារប្រជាធិបតេយ្យឡើងវិញ ប្រសើរជាងទាស់ទែងគ្នានាំឱ្យខាតបង់ដល់ប្រយោជន៍ជាតិ៖ «គឺមានតែអ្នកនយោបាយទេដែលលោកអាចធ្វើការជជែក ជាពិសេសយើងមើលឃើញហើយការទាមទាររបស់សហគមន៍ជាតិនិងអន្តរជាតិ ទាក់ទងលើការងាររឿងសិទ្ធិមនុស្ស និងរឿងសិទ្ធិនយោបាយអីជាដើមនឹងដែលត្រូវគិតពិចារណាឡើងវិញ»។
ក្រុមពលករអះអាងថា ពួកគេនឹងបន្តធ្វើយុទ្ធនាការអំពាវនាវដល់ពលករខ្មែរនៅប្រទេស ឱ្យទៅចូលរួមអមដំណើរលោក សម រង្ស៊ី វិលចូលស្រុកវិញ រហូតដល់ដើមខែវិច្ឆិកាខាងមុខ។ ពួកគេក៏សង្ឃឹមថា នៅពេលដែលលោក សម រង្ស៊ី វិលចូលស្រុក ពេលនោះនឹងមានដំណោះស្រាយនយោបាយជាក់ជាមិនខាន។ លោក ជិម ផាត យល់ថា លោក ហ៊ុន សែន មិនហ៊ានចាប់ខ្លួនលោក សម រង្ស៊ី ដូចការព្រមានឡើយ ពីព្រោះប្រទេសប្រជាធិបតេយ្យ ដូចជា សហរដ្ឋអាមេរិកនិង សហភាពអឺរ៉ុប ជាដើម បានយល់ច្បាស់អំពីស្ថានការណ៍នយោបាយនៅកម្ពុជា ហើយប្រទេសទាំងនោះនឹងដាក់សម្ពាធផ្នែកសេដ្ឋកិច្ច និងការទូតលើរបបក្រុងភ្នំពេញ ប្រសិនបើរបបនេះចាប់ខ្លួនលោក សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្សប្រឆាំងមែននោះ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment