Monday, 7 October 2019
ក្រសួងការងារអនុញ្ញាតឱ្យជនបរទេសប្រកបមុខរបរដូចធម្មតាវិញ ក្រោយចេញបម្រាមជាង ១ខែ
ដោយ ជី វិតា
2019-10-06
rfa
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ថ្លែងក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ នៅកោះពេជ្រ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០១៨។
រូបថត៖ ហ្វេសប៊ុកក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អនុញ្ញាតឱ្យជនបរទេស អាចប្រកបមុខរបររកស៊ីនៅកម្ពុជាឡើងវិញជាធម្មតា បន្ទាប់ពីចេញបម្រាមហាមឃាត់មិនទាន់បានពីរខែផង។ សង្គមស៊ីវិល និងសហជីព សម្ដែងការសោកស្ដាយចំពោះការសម្រេចចិត្តរបស់ក្រសួងការងារនេះ ព្រោះពួកគេយល់ថា នេះជាការបើកឱកាសឱ្យជនជាតិបរទេសដណ្ដើមការងារពលរដ្ឋខ្មែរ និងធ្វើឱ្យពលរដ្ឋខ្មែរចំណាកស្រុកទៅក្រៅប្រទេសកាន់តែច្រើន។
បន្ទាប់ពីហាមឃាត់បរទេសមិនឱ្យប្រកបមុខរបរមួយចំនួនបានជាង ១ខែ ស្រាប់តែក្រសួងការងារ ប្រកាសអនុញ្ញាតឱ្យជនបរទេសប្រកបមុខរបរគ្រប់ប្រភេទឡើងវិញ។ សេចក្តីជូនដំណឹងរបស់ក្រសួងការងារ ដែលអាស៊ីសេរីទទួលបាននៅថ្ងៃទី៦ ខែតុលា បង្ហាញថា ការអនុញ្ញាតឱ្យជនបរទេសប្រកបមុខរបរគ្រប់ប្រភេទឡើងវិញនេះ ដោយសារតែមានតម្រូវការកម្លាំងពលកម្មជំនាញ និងដើម្បីលើកទឹកចិត្តការវិនិយោគនៅក្នុងប្រទេសកម្ពុជា។
ទោះជាយ៉ាងណា សេចក្តីជូនដំណឹងថ្មីនេះ គឺផ្ទុយពីសេចក្តីប្រកាស កាលពីថ្ងៃទី២៨ ខែសីហាកន្លងទៅ ដែលក្រសួងការងារបានដាក់កំហិតមិនឱ្យជនបរទេសធ្វើការ និងប្រកបមុខរបរចំនួន១០ប្រភេទនៅកម្ពុជា ដើម្បីការពារទីផ្សារការងារដល់ប្រជាពលរដ្ឋកម្ពុជា។ មុខរបរដែលស្ថិតក្នុងបម្រាមទាំងអស់នោះរួមមាន អ្នកបើកបរយានជំនិះគ្រប់ប្រភេទ ជាលក្ខណៈអាជីវកម្ម ការលក់ដូរដោយមធ្យោបាយថ្មើរជើង ឬយានជំនិះគ្រប់ប្រភេទ ម៉ាស្សា និងចាប់សសៃតាមសាធារណៈ កាត់សក់ អ៊ុតសក់ ថែរក្សាសម្ផស្ស សេវាកម្មដេរ និងសម្អាតស្បែកជើង ប៉ះកង់ ជួសជុលយានយន្ត កាត់ដេរ ផលិតវត្ថុអនុស្សាវរីយ៍ខ្មែរ ផលិតឧបករណ៍ភ្លេងខ្មែរ ផលិតបាត្រលោក ព្រះពុទ្ធរូប និងជាងទង និងជាងច្នៃត្បូងពេជ្រ។
អាស៊ីសេរី មិនអាចសុំការពន្យល់បន្ថែមអំពីរឿងនេះ ពីរដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង និងអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានទេនៅថ្ងៃទី០៦ តុលា ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
ប្រធានសហព័ទ្ធសហជីពកម្មករនិយោជិកវិស័យទេសចរណ៍សេវាកម្មកម្ពុជា លោក ម៉ម រិទ្ធី ថ្លែងថា នេះជារឿងគួរឱ្យសោកស្ដាយដែលក្រសួងការងារចេញសេចក្តីសម្រេច គ្មានភាពជាក់លាក់ដូច្នេះ។ លោកបន្ថែមថា ក្តីរំពឹងរបស់ពលរដ្ឋដែលថា នឹងមានមុខរបរសមរម្យ ហើយមិនមានជនបរទេសដណ្ដើមការងារពីពួកគាត់នោះ ត្រូវបានរលាយទៅវិញហើយ តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងការងារនេះ៖ «កន្លងមក យើងមានការបារម្ភថា ករណីនេះធ្វើឱ្យបាត់បង់ ចំណូលនិងបាត់បងមុខរបររកស៊ីរបស់ប្រជាពលរដ្ឋខ្មែរ ហើយនៅពេលដែលក្រសួងហាមឃាត់រួច ហើយបែរជាលុបចោលវិញ។ យើងខកចិត្តខ្លាំងហ្មង ហើយផលប៉ះពាល់មិនមែនតែមួយផ្នែកទេ គឺយើងរាប់ទាំងការងារខាងក្រោមតូចៗ គឺជនបរទេសយកធ្វើឡើងវិញទាំងអស់។ការងារអ៊ុតសក់ កាត់សក់ ធ្វើក្រចក រុញរទេះលក់តាមផ្លូវ សុទ្ធតែជាការងារដែលខ្មែរយើងអាចធ្វើបាន ដូច្នេះហេតុអី បានជាលើកទឹកចិត្តឱ្យប្រជាពលរដ្ឋគេមករកស៊ីមុខរបរទាំងនេះទៅវិញ»។
លោក ម៉ម រិទ្ធី បារម្ភថា ការអនុញ្ញាតឱ្យជនបរទេសប្រកបរបររកស៊ីដោយខ្លួនឯងនេះ គឺជាបើកឱកាសឱ្យជនបរទេសដណ្ដើមការងារពីពលរដ្ឋខ្មែរ ហើយគឺជាផ្នែកមួយធ្វើឱ្យពលរដ្ឋខ្មែរជាច្រើននាក់អត់ការងារធ្វើ និងនាំគ្នាធ្វើចំណាកស្រុកទៅក្រៅប្រទេសទាំងប្រថុយប្រថាន៖ «បាត់មុខរបរទាំងនេះហើយធ្វើឱ្យប្រជាជនចំណាកស្រុកកាន់ តែច្រើនទៅៗ។យើងមើលឃើញនៅប្រទេសថៃវិញ គ្រាន់តែខ្មែរយើងរុញរទេះលក់គេចាប់ភ្លាម គេមិនបើកឱ្យយើងរុញរទេះលក់ទេ គេត្រឹមតែឱ្យយើងទៅធ្វើកម្មករស៊ីឈ្នួលគេទេ ហើយធ្វើការងារ ដែលបានប្រាក់ខែតិចនិងការងារដែលប្រជាជនគេមិនធ្វើថែមទៀត។ហេតុអីទើបគេធ្វើអ៊ីចឹង ព្រោះគេ ចង់ថែរក្សាមុខរបរឱ្យប្រជាជនរបស់គេ ។ចុះយើងហេតុអីមិនធ្វើដូចគេ»។
ប្រធានសហជីពខាងវិស័យទេសចរណ៍រូបនេះ សង្ស័យថា ការអនុញ្ញាតឱ្យជនជាតិបរទេសប្រកបមុខរបរគ្រប់ប្រភេទឡើងវិញនេះ ប្រហែលជារដ្ឋាភិបាលកម្ពុជា ទទួលសំណើពីរដ្ឋាភិបាលចិន ឬរដ្ឋាភិបាលវៀតណាម ដោយសារតែពលរដ្ឋរបស់ប្រទេសទាំងពីរនេះ កំពុងមានវត្តមានរកស៊ីមុខរបរ ស្ទើរគ្រប់ប្រភេទនៅកម្ពុជា។ លោកកត់សម្គាល់ថា តំបន់ដែលពួកគេដណ្ដើមការងារខ្មែរច្រើនជាងគេ មាននៅរាជធានីភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ ដោយសារតំបន់ទាំងនេះសំបូរជនបរទេសរស់នៅ និងមានកំណើនសេដ្ឋកិច្ចគ្រាន់បើជាងគេនៅកម្ពុជា។
រីឯអ្នកសម្របសម្រួលមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ លើកឡើងថា ចំណាត់ការរបស់ក្រសួងការងារកន្លងមក គឺគ្រាន់តែដើម្បីឆ្លើយតបចំពោះប្រតិកម្មរបស់សាធារណជនមួយភ្លែតប៉ុណ្ណោះ គ្មានភាពប្រាកដប្រជានោះទេ។ លោកសង្កេតឃើញថា ជនជាតិបរទេស មិនត្រឹមតែមានសិទ្ធិប្រកបមុខរបរគ្រប់ប្រភេទដូចពលរដ្ឋខ្មែរម្ចាស់ប្រទេសនោះទេ ប៉ុន្តែសូម្បីតែការងារជំនាញផ្សេង ៗក៏ពួកគេមានលក្ខខណ្ឌការងារល្អ និងប្រាក់ខែខ្ពស់ជាងពលរដ្ឋខ្មែរដែរ ទោះបីជាការងារនិងតួនាទី ដូចគ្នាក្ដី។ លោកស្នើសុំឱ្យក្រសួងការងារសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់ ដើម្បីធានារក្សាទី ផ្សារការងារសម្រាប់ពលរដ្ឋម្ចាស់ប្រទេសជាអាទិភាព៖ «យើងត្រូវគិតថា ធម្មតាទីផ្សារសេរីហើយក្នុងបរិបទអាស៊ាន គឺយើងមិនអាចរើសអើងការប្រកបវិជ្ជាជីវៈមុខរបរទេ ប៉ុន្តែយើងត្រូវមានកំណត់លក្ខខណ្ឌបែបណា ប្រភេទមុខរបរណា កុំឱ្យវាប៉ះពាល់នឹងទីផ្សារការងារពលរដ្ឋខ្មែរដែលគាត់មានជំនាញវិជ្ជាជីវៈ ប្រហាក់ប្រហែលនឹងកម្មករបរទេសដែរ។ មិនថាប្រទេសណានោះទេ គឺគេមានកម្រិតលក្ខខណ្ឌមួយ ដើម្បីធានាថា ការងារក្នុងស្រុក ត្រូវប្រគល់ជូនអាទិភាពសម្រាប់ម្ចាស់ស្រុកមិនមែនជនបរទេស នោះទេ»។
របាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈចេញកាលពីខែមីនា ឆ្នាំ២០១៩ បញ្ជាក់ថា ក្នុងឆ្នាំ២០១៨ ក្រសួងបានផ្តល់បណ្ណែ និងសៀវភៅការងារដល់ជនបរទេសជាង ១៣ម៉ឺន ៥ពាន់ (១៣៥.២០១) នាក់។
ប្រជាពលរដ្ឋមួយចំនួន ក៏បានប្រតិកម្មចំពោះការប្រកាសរបស់ក្រសួងការងារនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកដែរ។ ពួកគេលើកឡើងថា គ្មានប្រទេសណាមួយបើកដៃឱ្យជនបរទេសរកស៊ីគ្រប់ ប្រភេទនោះទេ។ ពួកគេ លើកឡើងថា ប្រជាពលរដ្ឋវៀតណាម និងជនជាតិចិន កំពុងតែហូរចូលយ៉ាងគំហុកនៅក្នុងប្រទេសកម្ពុជា ដែលរកស៊ីនិងធ្វើការងារស្ទើរគ្រប់វិស័យ រាប់ចាប់ពីកាស៊ីណូ សណ្ឋាគារ ភោជនីយដ្ឋាន រហូតដល់មុខរបរតូចតាចជាដើម ដែលទាំងអស់នេះ បានបង្កជាក្តីកង្វល់ដល់ប្រជាពលរដ្ឋខ្មែរនៅមូលដ្ឋានដែលប្រកបមុខរបរដូចគ្នា។ ស្របពេលជនបរទេសសម្រុកចូលមកដណ្ដើមការងារនិងមុខរបរនៅកម្ពុជា ពលរដ្ឋខ្មែររាប់សែននាក់ កំពុងស្វែងរកការងារធ្វើនៅបរទេស។ ប្រជាពលករខ្មែរខ្លះ ត្រូវបានថៅកែបរទេស រំលោភបំពានសិទ្ធិការងារ កេងប្រវ័ញ្ចកម្លាំង ពលកម្ម និងរំលោភបំពានផ្លូវភេទ ហើយអ្នកខ្លះត្រូវជាប់គុក និងបាត់បង់ជីវិតនៅស្រុកគេទៀតផង៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment