Saturday, 5 October 2019
អតីតអ្នកសារព័ត៌មាននិងគ្រួសារ៖ សម្ពាធផ្លូវចិត្ត ជីវភាពកាន់តែលំបាក ខណៈសេរីភាពនៅតែរឹតត្បិត
សេរីភាពសារព័ត៌មាន
អ្នកស្រី ឡាំ ចន្ថា ដែលជាភរិយារបស់សុធារិន្ទ បាននិយាយថា អ្នកស្រីមានការបារម្ភពីស្ថានភាពគ្រួសារ នៅពេលដែលសាលក្រមត្រូវលើកពេលជាលើកទីពីរ។ អ្នកស្រីបាននិយាយថា៖ «អាហ្នឹង កាន់តែអូស[បន្លាយ] កាន់តែពិបាកជីវភាពក្នុងគ្រួសារយើងណា»។
05 តុលា 2019
ខាន់ សុគុំមនោ
voa
លោកយាង សុធារិន្ទ អតីតអ្នកយកព័ត៌មានឲ្យវិទ្យុអាស៊ីសេរី កាន់ដៃកូនស្រីរបស់លោក នៅមុខតុលាការដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)
ភ្នំពេញ — សេចក្តីសម្រេចរបស់ចៅក្រម បង្គាប់ឲ្យធ្វើការស៊ើបអង្កេតសំណុំរឿងរបស់អ្នកកាសែត អាស៊ីសេរី លោក យាង សុធារិន្ទ និងលោក អ៊ួន ឈិន ឡើងវិញ បានទទួលការរិះគន់ជាទូទៅលើសេរីភាពសារព័ត៌មាន ពីក្រុមអង្គការការពារសិទ្ធិមនុស្ស និងអង្គការសង្គមស៊ីវិល។ ហើយក្រុមគ្រួសាររបស់អ្នកទាំងពីរបារម្ភអំពីសុខទុក្ខផ្នែកផ្លូវចិត្តរបស់អ្នកទាំងពីរ ដែលមិនមានសេរីភាពពេញលេញក្នុងការបំពេញកាតព្វកិច្ចជាឪពុក និងជាស្វាមី។
នៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្រុមអ្នកសារព័ត៌មាន ដែលគ្រប់ដៃមានឧបករណ៍ចម្រុះ ម៉ាស៊ីនថតសំឡេង ម៉ាស៊ីនថតរូប ថតវីដេអូ ទូរស័ព្ទអេក្រង់ធំ កូនសៀវភៅ និងប៊ិច ចាប់ផ្តើមចោមរោមសួរសំណួរទៅអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី នៅពេលអ្នកកាសែត និងក្រុមគ្រួសារបង្ហាញខ្លួនពីជ្រុងម្ខាងនៃរបងតុលាការ។
ទោះក្នុងហេតុការណ៍នេះ កុមារីយាង សុជាតា អាយុ ៨ ឆ្នាំ ដែលជានិច្ចកាល គេឃើញដើរគៀកជាប់ឪពុករបស់នាងមកកាន់តុលាការ បង្ហាញទឹកមុខមាំនិងស្រស់ស្រាយ។ ដៃរបស់កុមារីយាង សុជាតា និងដៃឱពុករបស់នាងគឺលោក យាង សុធារិន្ទ កាន់ជាប់គ្នាគ្រប់ពេលដែលពួកគេទៅដល់តុលាការ។ នាងមិនបង្ហាញក្តីបារម្ភ បើទោះម្តងម្កាលសមត្ថកិច្ចមានឯកសណ្ឋានដើរល្បាតក្បែរៗក្រុមអ្នកកាសែត។
លោក យាង សុធារិន្ទ វ័យ ៣៦ ឆ្នាំ និងអ្នកសហការីរបស់លោក គឺលោក អួន ឈិន វ័យ ៥០ ឆ្នាំ ជាអតីតអ្នកសារព័ត៌មានរបស់វិទ្យុអាស៊ីសេរី។ ពួកគេត្រូវបានចាប់ខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោមការចោទប្រកាន់ពីបទចារកម្ម និងផលិតវីដេអូអាសអាភាស។
ប៉ុន្តែពួកគេបានច្រានចោលការចោទប្រកាន់នេះ។ ហើយមេធាវីរបស់ពួកគេបាននិយាយថា ពួកគេបានបំពេញការងាររបស់ពួកគេក្នុងនាមជាអ្នកសារព័ត៌មាន។
អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីទាំងពីរបានចំណាយពេល ជិត១០ខែនៅពន្ធនាគារ បន្ទាប់ពីត្រូវបានចាប់ខ្លួន។ ក្រោយពីដោះលែងឲ្យនៅក្រៅឃុំ ពួកគេតម្រូវឱ្យរាយការណ៍ទៅប៉ូលិសរៀងរាល់ខែ ហើយរដ្ឋាភិបាលបានរឹបអូសលិខិតឆ្លងដែនរបស់ពួកគេ។ វិទ្យុអាស៊ីសេរី ប្រតិបត្តិការក្រោមជំនួយពីរដ្ឋាភិបាលសហរដ្ឋអាមេរិក។
សវនាការរបស់ពួកគេត្រូវបានបញ្ចប់នៅថ្ងៃទី ៩ ខែសីហា ហើយការប្រកាសសាលក្រមត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅថ្ងៃទី ៣០ ខែសីហា ប៉ុន្តែត្រូវបានពន្យាររហូតដល់ថ្ងៃទី៣ ខែតុលា។ ក៏ប៉ុន្តែដល់ថ្ងៃប្រកាសសាលក្រមដែលត្រូវកំណត់ជាលើកទី២នេះ ចៅក្រម អ៊ឹម វណ្ណៈ បានប្រកាសថា សាលក្រមត្រូវលើកទៅពេលក្រោយវិញ ហើយថាព័ត៌មានក្នុងរឿងក្តីនេះមិនទាន់មានគ្រប់គ្រាន់ និងត្រូវការពេលវេលាសម្រាប់បន្តការស៊ើបអង្កេត។
ហេតុដូចនេះហើយក្រោមកំដៅថ្ងៃនាព្រឹកថ្ងៃព្រហស្បតិ៍ យាង សុជាតា និងបងប្រុសរបស់នាងឈ្មោះ យាង សុមេត្តា មានអាយុ១០ ឆ្នាំ ត្រូវសុំច្បាប់អនុញ្ញាតអវត្តមានពីសាលារៀនម្តងទៀត ដើម្បីមកកំដរឪពុករបស់ខ្លួន ដែលឈរឆ្លើយសំណួរអ្នកកាសែតរួមអាជីព។
ខណៈដែលឪពុករបស់ខ្លួន និងលោកអ៊ួន ឈិន ឈរនៅចំពោះមុខចៅក្រមនៅក្នុងបន្ទប់សវនាការ សុជាតា កំពុងស្ថិតនៅក្នុងផ្សារទំនើបទល់មុខនោះ។ នាងនិយាយថា នាងគ្រាន់តែដឹងថា ឪពុករបស់នាងជាអ្នកកាសែត។ ហើយនាងនិយាយថា នាង«មិនសប្បាយចិត្ត» ពេលរំលឹកដល់ពេលឪពុកត្រូវបានឃុំខ្លួនអស់៩ខែ។
«ប៉ាចូលចិត្តស្តាប់វិទ្យុ ស្តាប់ព័ត៌មាន។ រាល់ព្រឹក រាល់ល្ងាច»។
បងប្រុសរបស់នាង យាង សុមេត្តា អាយុ១០ឆ្នាំ បាននិយាយថា គេចង់ធ្វើជាអ្នកកាសែត បើទោះជាដឹងថាឱពុករបស់ខ្លួនកំពុងតែរងគ្រោះដោយសារអាជីពនេះក្តី។
មេត្តានិយាយដោយខ្លីៗថា៖ «បើខ្ញុំស្រឡាញ់ខាងហ្នឹង»។
មេត្តា បានរៀបរាប់ទៀតថា សុជាតា មិនចង់ធ្វើអ្នកកាសែតទេ ហើយចង់បើកហាងលក់នំខេក ដែលអ្នកកាសែតចូលទិញ ហើយពួកគេនិងម្តាយរបស់គេ ក៏នាំគ្នាសើច។
ពេលលោក យាង សុធារិន្ទ និងអ៊ួន ឈិន ចេញសាលមកក្រៅពីបន្ទប់សវនការ សុជាតា ទៅក្បែរឪពុកនាង ដើម្បីកាន់ដៃម្តងទៀត។ អ្នកស្រី ឡាំ ចន្ថា ដែលជាភរិយារបស់សុធារិន្ទ បាននិយាយថា អ្នកស្រីមានការបារម្ភពីស្ថានភាពគ្រួសារ នៅពេលដែលសាលក្រមត្រូវលើកពេលជាលើកទីពីរ។
អ្នកស្រីបាននិយាយថា៖ «អាហ្នឹង កាន់តែអូស[បន្លាយ] កាន់តែពិបាកជីវភាពក្នុងគ្រួសារយើងណា»។
អ្នកស្រី ឡាំ ចន្ថា បន្ថែមថា៖ «វាពិបាកដែរ ដូចថាអារម្មណ៍គាត់អត់មូល វាអត់ជ្រះស្រឡះរឿងអីហ្នឹង គាត់ធ្វើការអត់ស្រួលទេ។ គាត់មានអារម្មណ៍ដូចថាពិបាកណាស់ ដូចមានសម្ពាធអីមួយ»។
អ្នកស្រីបន្តថា សេរីភាពរបស់ប្តីអ្នកស្រីត្រូវបានហ៊ុំព័ទ្ធ។
«ហើយរស់នៅដូចពិបាកណាស់ មិនមែនលែងទេណា។ ហើយដើរទៅណាក៏ [ពិបាក] ដូចថា យើងអត់មានកំហុសអី ចេះតែទុកអញ្ចឹង យើងដូចអត់មានសេរីភាព»។
លោកយាង សុធារិន្ទ អតីតអ្នកយកព័ត៌មានឲ្យវិទ្យុអាស៊ីសេរី ឱបកូនរបស់លោក បន្ទាប់ពីលោកត្រូវបានដោះលែងឲ្យនៅក្រៅឃុំ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨។ (អូន ឆេងប៉រ/VOA)
លោក ហឿ សេធុល គឺជាអ្នកចិត្តវិទ្យាមួយរូប មានជំនាញខាងប្រឹក្សាលើបញ្ហាគ្រួសារ និងជាអ្នកនិយមតាមដានព័ត៌មានសង្គម និងតាមដានលើករណីអតីតអ្នកកាសែតទាំងពីរនេះជារឿយៗ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម និងសារព័ត៌មាន។ លោកបានសម្តែងក្តីបារម្ភថា ការអូសបន្លាយរឿងក្តីក្តាំលើប្រព័ន្ធតុលាការមានការប៉ះពាល់ដល់សុខមាលភាពគ្រួសារ ជាទូទៅហើយពិសេសសុខភាពផ្លូវចិត្តក្មេងៗដែលជាកូន។
«អញ្ចឹងហើយនៅពេលដែលខ្ញុំឃើញដែរ ឃើញគាត់ទៅណា កូនគាត់ទៅតាមជាប់រហូត។ អញ្ចឹងអាហ្នឹងជាផ្នែកមួយនៅពេលដែលគេបាននៅជិតឪពុកគេ គេចាប់ផ្តើមមានអារម្មណ៍មានសុវត្ថិភាពឡើយវិញ។ ហ្នឹងជាផ្នែកមួយដែលក្មេងៗត្រូវការ ដើម្បីឲ្យផ្នែកផ្លូវចិត្តរបស់គេមានភាពរឹងមាំ ដើម្បីឲ្យគេមានអារម្មណ៍ថាមានសុវត្ថិភាព ដើម្បីឲ្យគេមានអារម្មណ៍ថាគេទទួលបានការការពារ»។
នៅយប់ថ្ងៃក្រោយសេចក្តីសម្រេចរបស់តុលាការលើកពេលប្រកាសសាលក្រមជាលើកទីពីរ លោក អ៊ួន ឈិន បានថតបទចម្រៀងខារ៉ាអូខេមួយបទដែលលោកបានច្រៀងលេង និងបង្ហោះលើគណនីហ្វេសប៊ុករបស់លោក។ លោកបានផ្ញើទៅអ្នកសារព័ត៌មានមួយក្រុមនៅតាមសារអេឡិចត្រូនិចរួម។ ក្រុមអ្នកសារព័ត៌មានទាំងនេះតែងផ្ញើរសារការគាំទ្រផ្នែកអារម្មណ៍ទៅដល់អ្នកសារព័ត៌មានទាំងពីរ។
រូបឯកសារ៖ លោក អ៊ួន ឈិន (ឆ្វេង) និងលោក យាង សុធារិន្ទ ពេលត្រូវបានដោះលែងពីពន្ធនាគារព្រៃស កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨។
អ្នកស្រី ខេង ស៊ីណា វ័យ៤៩ គឺជាភរិយារបស់លោកអ៊ួន ឈិន ហើយអ្នកទាំងពីរមានកូនពីរនាក់។ អ្នកស្រីបានឲ្យដឹងថា លោកអ៊ួន ឈិន តែងតែច្រៀងលេងដើម្បីបន្លប់អារម្មណ៍តានតឹង។
«គាត់រាល់ថ្ងៃ ជួនណាគាត់ពិបាកចិត្តអញ្ចឹងទៅ គាត់ច្រៀងនៅផ្ទះ ដាក់ខារ៉ាអូខេ។ ចំថ្ងៃណាគាត់ពិបាកចិត្តខ្លាំងពេក គាត់ស្មុគ្រគាត់ខ្លាំងពេក ពិបាកចិត្តនឹងគាត់ដែរ ឃើញគាត់អញ្ចឹង។ ខ្ញុំខ្លាចគាត់មានបញ្ហាសុខភាពអញ្ចឹងទៅ»។
កាលពីថ្ងៃសុក្រ មួយថ្ងៃបន្ទាប់ពីសេចក្តីសម្រេចលើកពេលប្រកាសសាលក្រមជាថ្មីម្តងទៀតរបស់តុលការ អង្គការសង្គមស៊ីវិលកម្ពុជាចំនួន ៣៧ បានចេញសេចក្តីថ្លែងការណ៍មួយរួមគ្នា ថ្កោលទោសចំពោះសេចក្តីសម្រេចរបស់តុលាការថា ការសម្រេចនេះ «ជាការរំលោភសិទ្ធិមានសេរីភាព» និងសិទ្ធិទទួលបានការជនុំជំម្រះដោយយុត្តិធម៌របស់ពួកគេដែលត្រូវបានធានាស្របតាមច្បាប់អន្តរជាតិ និងរដ្ឋធម្មនុញ្ញ»។
ជាមួយគ្នានេះ លោក Shawn Crispin អ្នកតំណាងជាន់ខ្ពស់ប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់គណៈកម្មាធិការដើម្បីការពារអ្នកកាសែត (Committee to Protect Journalists) បាននិយាយក្នុងន័យដើមយ៉ាងដូច្នេះថា៖
«ការស៊ើបអង្កេតថ្មីលើអ្វីដែលជាការចោទប្រកាន់មិនមានអំណះអំណាងច្បាស់គឺមិនអាចទទួលយកបានទេ ហើយវានឹងបន្តជះស្រមោលទៅលើស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាដែលមានស្ថានភាពកំពុងងងឹត»។
ការចាប់ខ្លួនរបស់លោកយាង សុធារិន្ទ និងលោកអ៊ួន ឈិន បានកើតឡើង នៅពេលដែលរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បង្ក្រាបលើសារព័ត៌មានមុនការបោះឆ្នោតជាតិខែកក្កដា ឆ្នាំ២០១៨។ ស្ថានីយ៍វិទ្យុត្រូវបានបិទ ហើយកាសែតជាភាសាអង់គ្លេសខេមបូឌាដេលីត្រូវបានបង្ខំឲ្យបិទ បន្ទាប់ពីទទួលបានវិក្កយបត្រពន្ធចំនួនជាង៦លានដុល្លារ។
ចំណាត់ថ្នាក់ប្រចាំឆ្នាំនៃសេរីភាពសារព័ត៌មានរបស់កម្ពុជា បានធ្លាក់ចុះពី ១៤២ ទៅ ១៤៣ ក្នុងចំណោម ១៨០ប្រទេស នេះបើយោងតាមរបាយការណ៍ចេញផ្សាយកាលពីដើមឆ្នាំនេះដោយអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (RSF)៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment