Saturday, 5 October 2019

សង្គម​ស៊ីវិល និង​ពលរដ្ឋ​បារម្ភ​ពី​ឃាតកម្ម​ប្រព្រឹត្ត​ដោយ​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ


ដោយ អូន ភាព
2019-10-05
rfa
ជន​រងគ្រោះជា​ជនជាតិ​ចិន ត្រូវ​ជន​ដៃដល់​ជា​ចិន​ដូចគ្នា បាញ់​សម្លាប់ នៅ​ខេត្ត​ព្រះសីហនុ កាល​ពីថ្ងៃ​ទី ៦ ឧសភា ២០១៩។
ជន​រងគ្រោះជា​ជនជាតិ​ចិន ត្រូវ​ជន​ដៃដល់​ជា​ចិន​ដូចគ្នា បាញ់​សម្លាប់ នៅ​ខេត្ត​ព្រះសីហនុ កាល​ពីថ្ងៃ​ទី ៦ ឧសភា ២០១៩។
រូប​គេហទំព័រ​អគ្គស្នងការនគរបាលជាតិ



មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ កំពុង​មាន​ក្តី​បារម្ភ​ពី​សុវត្ថិភាព សន្តិសុខ និង​សណ្ដាប់ធ្នាប់​សង្គម បន្ទាប់​ពី​មាន​ឃាតកម្ម​ជា​បន្តបន្ទាប់ រួម​ទាំង​ករណី​ឃាតកម្ម​គួរ​ឱ្យ​ព្រឺ​ខ្លាច ដែល​បង្ក​ដោយ​ជនជាតិ​ចិន នៅ​ក្នុង​សប្តាហ៍​នេះ តែ​អាជ្ញាធរ​ខេត្ត​អះអាង​ថា ឃាតកម្ម​និង​បទល្មើស​ផ្សេងៗ មិនមែន​សុទ្ធតែ​ជនជាតិ​ចិន ជា​អ្នក​បង្កឡើង​នោះ​ទេ វា​ក៏​មាន​ជាតិ​សាសន៍​ផ្សេងៗ និង​ប្រជាពលរដ្ឋ​ខ្មែរ ជា​អ្នក​ប្រព្រឹត្ត​ផង​ដែរ។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (Adhoc) នៅ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី មាន​ប្រសាសន៍ថា អាជ្ញាធរ​ខេត្ត​គួរតែ​ពង្រឹង​ច្បាប់ និង​ចាត់វិធានការ​ទៅលើ​ជនជាតិ​ចិន​ឱ្យ​បាន​តឹងរ៉ឹង បើ​ទោះ​បី​ជនជាតិ​ចិន​ទាំងនោះ​ប្រព្រឹត្ត​បទល្មើស ទៅលើ​ជនជាតិ​ចិន​ដូចគ្នា​ក៏​ដោយ។ អ្នកស្រី​បន្ថែម​ថា ទង្វើ​ទាំងនេះ បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ មានការ​ភ័យខ្លាច ក្នុង​ការ​រស់នៅ និង​ការ​ប្រកប​របរ​រកស៊ី​ផ្សេងៗ​របស់​ពួកគាត់។



អ្នកស្រី​បន្ថែម​ថា បច្ចុប្បន្ន​នេះ ខេត្ត​ព្រះសីហនុ​មាន​កាស៊ីណូ​ច្រើន ហើយ​ថា ទីណា​មាន​ល្បែងស៊ីសង មាន​បទល្មើស​កើតឡើង​ច្រើន ព្រោះ​អ្នកលេង​ល្បែង​មិន​ខ្លាច​ប្រព្រឹត្ត​បទល្មើស​ទេ នៅ​ពេល​ពួកគេ​ចាញ់​ល្បែង។ អ្នកស្រី​ថា កាលពីមុន​ខេត្ត​ព្រះសីហនុ មិន​សូវ​មាន​ឃាតកម្ម ឬ​បទល្មើស​ផ្សេងៗ​ដូច​សព្វថ្ងៃ​ទេ ប៉ុន្តែ​បន្ទាប់ពី​មាន​អ្នក​វិនិយោគ​ជនជាតិ​ចិន​ចូល​មក​ច្រើន បទល្មើស​និង​ឃាតកម្ម​ក៏​កើតមាន​ច្រើន​ដែរ៖ «អា​រឿង​និយាយ​ពី​ចិន​ហ្នឹង ត្រូវ​និយាយ​ដោយ​ប្រយ័ត្ន​ជាទីបំផុត សព្វថ្ងៃ​ទៅ​កន្លែង​ណា​ក៏ដោយ អត់​មាន​អ្នក​និយាយ​ពី​រឿង​ចិន​ទេ សូម្បីតែ​មន្ត្រី​រដ្ឋាភិបាល​ខេត្ត​ព្រះសីហនុ​គ្មាន​ហ៊ាន​និយាយ​ពី​រឿង​ចិន​ទេ ហី​ឥឡូវ​តែ​មាន​រឿង​ចិន​គេ​បិទ​ហើយ»។

ការ​លើកឡើង​នូវ​កង្វល់​របស់​អ្នកស្រី​នៅ​ពេល​នេះ បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ម្នាក់ ពី​បទ​មនុស្សឃាត​ក្នុង​អំពើ​ប្លន់​យក​លុយ​៧​ម៉ឺន​ដុល្លារ​ពី​ជនរងគ្រោះ​ដែល​ជា​ជនជាតិ​ចិន​ដូចគ្នា​។ ជនសង្ស័យ​ជា​ជនជាតិ​ចិន​ឈ្មោះ ហ៊ូ យ៉ាយន់ (ZHOU YA YUN) អាយុ​២៩​ឆ្នាំ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១ ខែ​តុលា ហើយ​អាជ្ញាធរ​គ្រោង​នឹង​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​សៅរ៍​នេះ។ ចំណែក​ជនរងគ្រោះ​ជា​ជនជាតិ​ចិន​ដូចគ្នា​ឈ្មោះ វូ ចេងហ៊ី (WU CHENGHUI) ត្រូវ​បាន​ជនល្មើស​សម្លាប់​ដោយ​កាំបិត​ប៉ឹង​តោ កាលពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ហើយ​សាកសព​ត្រូវ​បាន​កាត់​ជា​កំណាត់​ៗ។អ្នកភូមិ​ម្នាក់​រស់នៅ​ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ លោក ផាន់ សុខា បាន​ប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃ​សុក្រ​ទី ៤ ខែ​តុលា ថា ជនជាតិ​ចិន​ដែល​មក​រក​ស៊ី​នៅ​ខេត្ត​នេះ ភាគច្រើន​មាន​ចារឹក​ឈ្លើយ ច្រងេងច្រងាង មិន​សូវ​គោរព​ច្បាប់ទម្លាប់​នៅ​ស្រុក​ខ្មែរ​ទេ តាំងពី​ការ​បើកបរ និង ការ​បាញ់បោះ​​សេរី​។ ដូច្នេះ​រូបភាព​ទាំងអស់​នេះ បង្ហាញ​ឱ្យ​ឃើញ​ថា ជនជាតិ​ចិន​មិនបាន​ផ្ដល់​តម្លៃ​ឱ្យ​ម្ចាស់​ស្រុក​ខ្មែរ​ទេ៖ «ខ្ញុំ​ចូល​ហូបបាយ ហូប​កាហ្វេ ខ្ញុំ​តែងតែ​លឺ​សូរ​ពួកគាត់​និយាយ​ពី​ចារឹក ឫក្សពារ​របស់​ជនជាតិ​ចិន​ហ្នឹង បើកបរ​មិនសូវ​គោរព​ច្បាប់ ហើយ​ការ​បាញ់​បោះ ការ​ជួញដូរ​គ្រឿងញៀន ការ​ចាប់​ជំរិត​អី​ហ្នឹង គាត់​មាន​ការ​ព្រួយបារម្ភ​ច្រើន»។

មន្ត្រី​ខេត្ត​ព្រះសីហនុ មិន​បាន​បដិសេធ ពី​អំពី​ការ​កើនឡើង នៃ​អំពើ​ឃាតកម្ម នៅ​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ​នោះ​ឡើយ។ ទោះជា​យ៉ាង​នេះ​ក្តី អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ លើកឡើង​ថា មិនមែន​ឱ្យ​តែ​អំពើ​ឃាតកម្ម គឺ​ជនជាតិ​ចិន​ជា​អ្នក​ប្រព្រឹត្ត​ទាំងអស់​នោះ​ដែរ៖ «បើកាលណា​យើង​សង្កត់ធ្ងន់ តែ​ទៅលើ​ជនជាតិ​ចិន​ហ្នឹង មាន​ន័យ​ថា ការ​បកស្រាយ​ការ​លើកឡើង​នោះ វា​អត់​ទាន់​មាន​លក្ខណ​:​ទូលំទូលាយ​ដែល​គួរ​ឱ្យ​ទទួលយក​បានទេ»។

ទោះជា​យ៉ាង​នេះ​ក្តី លោក​អះអាង​ថា បទល្មើស​ផ្សេងៗ មាន​ការ​ថយ​ចុះ រយៈពេល​ចុងក្រោយ​នេះ ទោះ​លោក​មិន​អាច​ប្រាប់​ពី​ចំនួន​នៃ​ការ​ថយ​ចុះ​នៃ​បទល្មើស​នោះ​បាន​នៅ​ពេល​នេះ ព្រោះ​លោក​មិន​មាន​ឯកសារ​នៅ​ក្នុង​ដៃ​ក៏ដោយ​។ ជាមួយ​គ្នា​នេះ លោក​ទទួលស្គាល់​ថា នៅ​មាន​បទល្មើស​កើតឡើង​មួយៗ ដែល​បង្ក​ដោយ​ជនជាតិ​ចិន​ដែរ ប៉ុន្តែ​លោក​អះអាង​ថា អាជ្ញាធរ​ខេត្ត​តែងតែ​បាន​បង្ក្រាប​ជន​ដែល​បាន​ប្រព្រឹត្ត ហើយ​យក​មក​ផ្ដន្ទាទោស​តាមច្បាប់។

ករណី​ឃាតកម្ម ដែល​ប្រព្រឹត្ត​ដោយ​ជនជាតិ​ចិន​នេះ​ដែរ បាន​កើត​ឡើង​នៅ​ខេត្ត​ព្រះសីហនុ កាលពី​ដើម​ខែ​ឧសភា ដោយ​ជនជាតិ​ចិន​ម្នាក់ ត្រូវ​បាន​ជនជាតិ​គ្នាឯង បាញ់​នៅ​ក្នុង​រថយន្ត រួច​ធ្លាក់​មក​ដី ដេក​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​បាញ់​នោះ។

អតីត​អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន ធ្លាប់​បាន​ធ្វើ​របាយការណ៍​មួយ​ជូន​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ហើយ​លោក​បាន​លើក​ឡើង​ពី​ការ​ព្រួយបារម្ភ​អំពី​ការ​កើន​ឡើង​នៃ​វត្តមាន​របស់​ជនជាតិ​ចិន​នៅ​ក្នុង​ខេត្ត​នេះ។ លោក យន្ត មីន មាន​ប្រសាសន៍​ថា ជនជាតិ​ចិន​មួយ​ចំនួន​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ ហើយ​បាន​ចូលរួម​ក្នុង​ការ​ចាប់ជំរិត​យក​ប្រាក់​ពី​អ្នក​វិនិយោគ និង​ពលករ​បរទេស ហើយ​ជន​ជាតិ​ចិន​ភាគច្រើន កំពុង​ឈ្លោះប្រកែក​ជាមួយ​អ្នកស្រុក៕

No comments: