Friday, 4 October 2019
ខ្មែរនៅអូស្ត្រាលីប្រកាសធ្វើបាតុកម្មជំរុញឱ្យអន្តរជាតិជួយដោះស្រាយជម្លោះនយោបាយកម្ពុជា
ដោយ ថន ថារ៉ូ
2019-10-04
ពលរដ្ឋខ្មែរអូស្ត្រាលីជួបជុំគ្នានៅទីក្រុងស៊ីដនី (Sydney) នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ដើម្បីតវ៉ាប្រឆាំងនឹងវត្តមានរបស់លោកនាយករដ្ឋមន្ត្រី ដែលកំពុងចូលរួមកិច្ចប្រជុំអាស៊ាន-អូស្ត្រាលី នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។
RFA/Chun Chanboth
សហគមន៍ខ្មែរនៅអូស្ត្រាលីប្រកាសធ្វើបាតុកម្មនៅថ្ងៃទី២៣ ខែតុលា ចំថ្ងៃរំលឹកខួបនៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ដើម្បីជំរុញទៅសហគមន៍អន្តរជាតិ ជាពិសេសប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងនេះ ឱ្យរកដំណោះស្រាយជម្លោះនយោបាយនៅកម្ពុជា។ អ្នកវិភាគថា សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ២៣ តុលា នៅតែមានសុពលភាព ដែលអាចធ្វើកម្ពុជាបញ្ចប់វិបត្តិនយោបាយសព្វថ្ងៃនេះបាន។
អ្នកផ្ដួចផ្ដើមការទាមទារនេះម្នាក់ គឺអតីតចៅហ្វាយក្រុងដែនឌឺណុង (Dandenong) នៃប្រទេសអូស្ត្រាលី លោក ជា យូហន ដែលសព្វថ្ងៃលោកមេឃុំប្រចាំនៅតំបន់ ស្ព្រីងវែល និងជាប្រធាន
សមាគមខ្មែរនៅអូស្ត្រាលីផងនោះ មានប្រសាសន៍ឱ្យដឹងថា ការទាមទារនេះនឹងធ្វើនៅទីក្រុង Canberra។ លោកថា របបក្រុងភ្នំពេញសព្វថ្ងៃមិនគោរពសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសទេ
ដូច្នេះ លោកថា ខ្មែរនៅអូស្ត្រាលីនឹងធ្វើការទាមទារនេះ ដើម្បីប្រាប់សភាសហព័ន្ធ និងរដ្ឋាភិបាល របស់អូស្ត្រាលីឱ្យបានដឹងរឿងនេះ ដើម្បីខិតខំរកដំណោះស្រាយឡើងវិញ ដូចដែលអូស្ត្រាលី បានធ្វើដូចកាលពី ២៨ឆ្នាំមុន៖ «យើងនឹងប្រាប់ទៅសភា និងរដ្ឋាភិបាលអូស្ត្រាលីឱ្យបានយល់ប្រហែលជាដល់ពេលដែលអូស្ត្រាលីត្រូវចាប់ធ្វើការឡើងវិញ ធ្វើយ៉ាងម៉េចឱ្យមានការគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីសឡើងវិញ បើមិនអ៊ីចឹងទេ គឺអត់បានការទាំងអស់»។
សហគមន៍ខ្មែរនៅអូស្ត្រាលី ក៏អំពាវនាវដល់ខ្មែរនៅឯនាយសមុទ្រផ្សេងទៀត មានដូចជានៅប្រទេសជប៉ុន កូរ៉េខាងត្បូង កាណាដា បារាំង និងអាមេរិកជាដើម រួមគ្នាធ្វើបាតុកម្មតាមប្រទេសពួកគេរៀងៗ ខ្លួន ដើម្បីស្នើទៅសហគមន៍អន្តរជាតិជំរុញរបបក្រុងភ្នំពេញ គោរពកិច្ចព្រមព្រៀងសន្តិភាពនេះ ឱ្យបានពេញលេញ។
តំណាងចលនាស្ត្រីសង្គ្រោះជាតិបណ្ដាញសកលនៃទីក្រុងម៉ែលប៊ន អ្នកស្រី សៀម អេង អំពាវនាវដល់ពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលីទាំងអស់ចូលរួមបានច្រើនកុះករ៖ «សូមអំពាវនាវដល់បងប្អូនជនរួមជាតិខ្មែរទាំងអស់ចូលរួមធ្វើមហាបាតុកម្មនៅទីក្រុង Canberraហើយបើបងប្អូនចង់ចូលរួមជាមួយទាក់ទងយើងខ្ញុំទាំងអស់គ្នា»។
ទាក់ទងការទាមទាររបស់ពលរដ្ឋខ្មែរនៅក្រៅស្រុកនេះ អាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យរដ្ឋាភិបាលនៃរបបក្រុងភ្នំពេញលោក ផៃ ស៊ីផាន និងអ្នកនាំពាក្យ
គណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានទេ នៅថ្ងៃទី៣ ខែតុលា ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
មេដឹកនាំ និងមន្ត្រីនៃរបបក្រុងភ្នំពេញធ្លាប់លើកឡើងជាញឹកញាប់ថា សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសនៅពេលនេះគ្រាន់តែជានិមិត្តរូបចំពោះកម្ពុជាប៉ុណ្ណោះ ដែលមិនអាចយកមកប្រើប្រាស់បានទៀតទេ ព្រោះកម្ពុជា មានរដ្ឋធម្មនុញ្ញរបស់ខ្លួនហើយ។
អ្នកវិភាគនយោបាយជើងចាស់លោកបណ្ឌិត ឡៅ ម៉ុងហៃ លើកឡើងថា សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស នៅតែមានសុពលដដែល ព្រោះលោកសង្កេតឃើញថា មកដល់ពេលនេះមិនទាន់មានរដ្ឋសភា ឬព្រះមហាក្សត្រ ប្រកាសឈប់ទទួលស្គាល់សន្ធិសញ្ញានេះនៅឡើយទេ។ អ្នកវិភាគរូបនេះបន្តទៀតថា ដើម្បីអាចឱ្យប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងចេញមកអន្តរាគមន៍ពលរដ្ឋខ្មែរនៅគ្រប់ទីកន្លែងគួរនាំគ្នាដាក់ញត្តិទៅបណ្ដាប្រទេសជាហត្ថលេខីទាំងនោះ ឬដាក់ទៅញ្ញត្តិទៅអង្គការសហប្រជាជាតិឱ្យកោះប្រជុំក្រុមប្រទេសទាំងនោះឡើងវិញ ដើម្បីជំរុញទៅរដ្ឋាភិបាល ក្រុងភ្នំពេញ ឱ្យគោរពកិច្ចព្រមព្រៀងសន្តិភាពនេះឱ្យបានពេញលេញ៖ «គឺទៅទាក់ទងប្រទេសហត្ថលេខីសុំឱ្យគេបំពេញកាតព្វកិច្ចរបស់គេនៅក្នុងកិច្ចព្រមព្រៀង មានចំណុចមួយដែលទាក់ទាញឱ្យគេចាប់អារម្មណ៍ហើយបំពេញកាតព្វកិច្ចរបស់គេ គឺត្រង់ចំណុចយន្តការដោះស្រាយការរំលោភបំពានកិច្ចព្រមព្រៀងនោះ»។
កាលពីឆ្នាំ១៩៩១ សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស បានផ្ដល់កំណើតថ្មីដល់ប្រទេសកម្ពុជា ដោយគ្រប់ភាគីសន្យាថា នាំមកនូវលទ្ធិប្រជាធិបតេយ្យក្រោយពីគ្រាំគ្រាដោយសង្គ្រាមជាច្រើនទសវត្ស។ ប្រទេសហត្ថលេខីទាំង១៩ រួមទាំងកម្ពុជា ផងនោះ ប្ដេជ្ញាពីការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងសិទ្ធិមនុស្សនៅកម្ពុជា ឱ្យបានពេញលេញ។
ក្នុងអំឡុងទសវត្សទី៩០ ប្រទេសអូស្ត្រាលីធ្លាប់ដើរតួសំខាន់ ក្នុងការផ្ដួចផ្ដើមឱ្យមានដំណោះស្រាយនយោបាយនៅកម្ពុជា។ អតីតរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី នាសម័យនោះ គឺលោក ហ្គារ៉េត អេវាន គឺជាស្ថាបនិកនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស។ ខ្មែរនៅអូស្ត្រាលីរំពឹងថា អូស្ត្រាលីនៅតែមានតួនាទីសំខាន់ ដើម្បីជំរុញឱ្យមានការអនុវត្តសន្ធិសញ្ញាបានពេញលេញជាថ្មី ខណៈកម្ពុជាកំពុងមានវិបត្តិនយោបាយដូចសព្វថ្ងៃនេះ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment