Friday, 4 October 2019
កម្មកររោងចក្រថា ការដំឡើងថ្លៃផ្ទះជួលនៅតែកើតមាន ទោះរដ្ឋាភិបាលហាមក្ដី
ដោយ ម៉ៅ សុធានី
2019-10-03
កម្មករកាត់ដេរនៅក្នុងរោងចក្រមួយក្នុងទីក្រុងភ្នំពេញ។
AFP Photo
កម្មកររោងចក្រមួយចំនួន លើកឡើងថា ការដំឡើងថ្លៃផ្ទះ ឬបន្ទប់ជួលស្រេចតែចិត្តរបស់ម្ចាស់ផ្ទះ នៅតែកើតមានដដែល ទោះបីជារដ្ឋាភិបាលបានអំពាវនាវ និងបានបង្កើតច្បាប់ទប់ស្កាត់ការដំឡើងថ្លៃជួលផ្ទះក្តី។ សង្គមស៊ីវិលជំរុញរបបលោក ហ៊ុន សែន ឲ្យពង្រឹងការអនុវត្តច្បាប់កិច្ច សន្យាផ្ទះជួល និងខិតខំរកវិធីសាស្ត្ររក្សាប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប និងអាមេរិក ដើម្បីប្រយោជន៍ធំធេងសម្រាប់កម្មករក្នុងវិស័យកាត់ដេរ។
កម្មករក្នុងវិស័យកាត់ដេរ គាំទ្រចំពោះមេដឹកនាំរបបក្រុងភ្នំពេញ ដែលអំពាវនាវកុំឲ្យម្ចាស់ផ្ទះដំឡើង ថ្លៃឈ្នួលស្រេចតែចិត្ត ប៉ុន្តែពួកគេអះអាងថា មានម្ចាស់ផ្ទះជួលមួយចំនួនតូច នៅតែឆ្លៀតឱកាសដំឡើងថ្លៃផ្ទះ និងបន្ទប់ជួលដដែល ក្នុងពេលកម្មករឡើងប្រាក់ខែបណ្តើៗ នោះ។
កម្មកររោងចក្រ ដាប់ប៊ែលយូ អែន ឌី (W&D) នៅខណ្ឌមានជ័យ លោកស្រី សំ សុខស្រីមុំ ប្រាប់អាស៊ីសេរីថា វាជារឿងល្អមួយ ដែលរដ្ឋាភិបាលអំពាវនាវបន្ថែមកុំឲ្យដំឡើងថ្លៃផ្ទះ ឬបន្ទប់ជួល ព្រោះកន្លងមកករណីនេះនៅតែកើតមានខ្លះដែរ។ ទោះយ៉ាងណាក្តី សម្រាប់ផ្ទះជួលដែលលោកស្រី កំពុងស្នាក់នៅ មិនទាន់មានដំណឹងពីការដំឡើងថ្លៃនៅឡើយ។ លោកស្រីយល់ថា ប្រសិនបើម្ចាស់ផ្ទះរក្សាតម្លៃបន្ទប់ត្រឹម ៣៥ដុល្លារក្នុងមួយខែ គឺសមរម្យអាចទទួលយកបាន៖ «និយាយទៅកន្លែងផ្ទះជួលខ្ញុំ គេអត់ទាន់ឡើងថ្លៃ ឬមិនទាន់និយាយអីទាំងអស់។ តម្លៃនៅដដែល រាល់ថ្ងៃនេះ ៣៥ដុល្លារ បន្ទប់រស់នៅគ្នា ២នាក់ ហើយសមរម្យអាចទទួលយកបាន»។
កម្មករមួយរូបទៀត លោក ស្រេង វាសនា លើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលហាក់ដូចជារឹតបន្តឹងខ្លាំង រឿងថ្លៃផ្ទះជួលនេះ ដូច្នេះសព្វថ្ងៃមានម្ចាស់ផ្ទះជួលតិចតួចប៉ុណ្ណោះ ដែលបន្តដំឡើង ថ្លៃតាមអំពើចិត្ត។ លោកបារម្ភថា ប្រសិនបើរដ្ឋាភិបាលមិនត្រួតពិនិត្យតាមដានជាប្រចាំទេ ករណីដំឡើងថ្លៃបន្ទប់ជួលរបស់កម្មករ អាចនឹងកើតមានច្រើនឡើងវិញ៖ «បើនៅភ្នំពេញចាប់ពីតម្លៃ ៥០ដុល្លារយ៉ាងទាបដល់ ១០០ដុល្លារ តែបើនៅជាយក្រុងត្រឹមកាណាឌីយ៉ាអី អាចមាន ៥០ ទៅ ៤០ និង ៣៥ដុល្លារជាដើម។ តាមពិតឥឡូវគេមិនឲ្យផ្ទះជួលឡើងទេ តែមានផ្ទះជួលខ្លះឡើង។ កម្មករមិនដឹងផ្លាស់ប្ដូរទៅណាអ៊ីចឹងទៅ ក៏ចេះតែរស់នៅទៀតទៅ»។
ការលើកឡើងនេះ គឺបន្ទាប់ពីមេដឹកនាំរបបក្រុងភ្នំពេញ បានប្រកាសអំពាវនាវដល់ម្ចាស់ផ្ទះ និង បន្ទប់ជួលកុំឱ្យដំឡើងថ្លៃ ហើយបើឡើងថ្លៃ កុំឱ្យលើសពី ២ដុល្លារ ខណៈដែលកម្មករនឹងត្រូវដំឡើងប្រាក់ខែគោលសម្រាប់ឆ្នាំ២០២០ ឡើងត្រឹម ៨ដុល្លារ ពោលគឺពី ១៨២ដុល្លារ ដល់ ១៩០ដុល្លារ។លោក ហ៊ុន សែន ក៏បានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងការងារសហការជាមួយអាជ្ញាធរ ក្នុងរាជធានីភ្នំពេញ និង តាមបណ្ដាខេត្ត ធ្វើការជាមួយម្ចាស់ផ្ទះ កុំឱ្យដំឡើងថ្លៃ។ ការអំពាវនាវផ្ទាល់មាត់នេះ ធ្វើឡើងតាម រយៈសន្ទរកថាមួយ កាលពីព្រឹកថ្ងៃទី២ ខែតុលា ក្នុងពិធីចែកសញ្ញាប័ត្រជូននិស្សិត នៅរាជធានីភ្នំពេញ៖ «អ្វីដែលខ្ញុំចង់អំពាវនាវនៅទីនេះ សូមឲ្យម្ចាស់ផ្ទះឈ្នួលទាំងឡាយ មេត្តាកុំដំឡើងថ្លៃជ្រុលហួស។ កាលពីឆ្នាំ២០១៧ និង ២០១៨ ខ្ញុំបានស្នើសុំម្ដងហើយ កុំដំឡើងថ្លៃផ្ទះ ។ ឥឡូវជាថ្មីម្ដងទៀត បើសិនជាឡើង សូមកុំឲ្យលើស ២ដុល្លារ ក្នុងមួយបន្ទប់ ព្រោះប្រាក់ខែគ្នាឡើង ត្រឹមតែ ៨ដុល្លារប៉ុណ្ណោះ បើផ្ទះជួលឡើងដល់ ២០ដុល្លារ ១០ដុល្លារ ឬ ៥ដុល្លារ វាមិនងាប់គ្នាហើយ»។
ទន្ទឹមគ្នានេះ មេដឹកនាំរបបក្រុងភ្នំពេញ ក៏អំពាវនាវឲ្យរឹតត្បិតតម្លៃទំនិញលើទីផ្សារកុំឱ្យឡើងខ្ពស់ ព្រមទាំងត្រូវពិនិត្យមើលឲ្យបានជាប់លាប់ នូវតម្លៃអគ្គិសនី និងតម្លៃទឹកសម្រាប់កម្មករ កម្មការិនីផង ដែរ។
ប្រធានសហភាពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា មានប្រសាសន៍ថា នៅឆ្នាំនេះសហជីព របស់លោកនៅតែមិនទាន់ទទួលបានព័ត៌មានពីក្រុមកម្មករស្ដីពីការដំឡើងថ្លៃផ្ទះ និងបន្ទប់ជួល ដូចឆ្នាំមុនៗ ឡើយ បន្ទាប់ពីបិទបញ្ចប់ការចរចាដំឡើងប្រាក់ឈ្នួលជូនកម្មករ។ ប៉ុន្តែលោកជឿថា នៅតំបន់ខ្លះ នៅតែមានម្ចាស់ផ្ទះជួលឆ្លៀតដំឡើងថ្លៃដែរ។ បន្ថែមពីលើការអំពាវនាវរបស់រដ្ឋាភិបាល នោះ តំណាងកម្មកររូបនេះ ជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ គួរតែពង្រឹងការអនុវត្តច្បាប់ភតិសន្យាពិសេស ឬហៅថាច្បាប់កិច្ចសន្យាជួលផ្ទះ ដែលត្រូវបានអនុម័ត កាលពីឆ្នាំ២០១៥ ដើម្បីបញ្ចៀសការដំឡើងថ្លៃផ្ទះជួលនានាស្រេចតែចិត្ត៖ «ប្រសិនបើគាត់ចង់ឲ្យប្រព័ន្ធគ្រប់គ្រងផ្ទះជួលប្រកបដោយប្រសិទ្ធភាព លុះត្រាតែអាជ្ញាធរពង្រឹងតាមរយៈការចុះធ្វើការស្រាវជ្រាវ។ ដូច្នេះយើងអាចរកឃើញ ហើយអាចទប់ស្កាត់បានហើយ»។
លោក ប៉ាវ ស៊ីណា កត់សម្គាល់ឃើញថា ក្រោយច្បាប់ភតិសន្យាពិសេស ត្រូវបានអនុម័តនោះ គឺ ម្ចាស់ផ្ទះជួលធំៗ ហាក់ដូចជាមិនសូវហ៊ានដំឡើងថ្លៃតាមអំពើចិត្តទៀតឡើយ ប៉ុន្តែនៅតែទាមទារឲ្យ មានការពង្រឹងច្បាប់នេះបន្ថែមទៀត។
រីឯប្រធានអង្គការសម្ព័ន្ធគណនេយ្យសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា នៅពេល ដែលរដ្ឋាភិបាលចេញមុខអំពាវនាវម្ដងហើយម្ដងទៀតនេះ គឺបង្ហាញថា ច្បាប់ភតិសន្យាពិសេស ប្រហែលជាមិនមានឥទ្ធិពលលើម្ចាស់ផ្ទះជួល ឬការអនុវត្តមិនទាន់បានតឹងរ៉ឹងល្អ ទើបបញ្ហានៅតែ មាន។ ម្យ៉ាងវិញទៀត លោក យល់ថា ប្រសិនបើរដ្ឋាភិបាលយកចិត្តទុកដាក់លើកម្មកររោងចក្រមែននោះ គឺត្រូវតែពិចារណាដោះស្រាយនូវការដាក់លក្ខខណ្ឌរបស់អាមេរិក និងសហភាពអឺរ៉ុប ដែលគ្រោងដកប្រព័ន្ធអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្មជាមួយកម្ពុជា ព្រោះបើកើតឡើងមែន វាធ្វើឲ្យប៉ះពាល់ ធំធេងដល់កម្មករ ជាងរឿងថ្លៃផ្ទះជួលទៅទៀត៖ «គ្រាន់តែយើងមើលវិស័យកាត់ដេរមួយទេ ចុះវិស័យផ្សេងៗ ទៀត ដែលពាក់ព័ន្ធនឹងការនាំចូលទំនិញទៅទីផ្សារអឺរ៉ុបដោយការលើកលែងពន្ធ អ៊ីចឹងវាមានទម្រង់មួយធំធេងណាស់។ដូច្នេះការយកចិត្តទុកដាក់លើសុខទុក្ខកម្មករជាផ្នែកមួយ តែការយកចិត្តទុកដាក់ផលប្រយោជន៍ចម្បង របស់កម្មករតាមរយៈផលប្រយោជន៍ EBA គឺរឿងធំបំផុត»។
សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានយកប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្មដាក់សម្ពាធលើរដ្ឋាភិ បាល លោក ហ៊ុន សែន ឲ្យស្ដារស្ថានភាពសិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យឡើងវិញ តាមរយៈ ការដោះលែង លោក កឹម សុខា និងឱ្យគណបក្សប្រឆាំងដំណើរការឡើងវិញជាថ្នូរនឹងការរក្សាទុក ប្រព័ន្ធអនុគ្រោះពន្ធEBA និងGSP។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានអះអាងថា ការដកហូត EBA នឹងប៉ះពាល់ដល់ពលរដ្ឋខ្មែរជិត ៤លាននាក់ ដែលទទួលផលប្រយោជន៍ពីវិស័យកាត់ដេរ។ GMAC បញ្ជាក់ទៀតថា ការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA នឹងធ្វើឱ្យបាត់បង់ការងារទ្រង់ទ្រាយធំក្នុងវិស័យកាត់ដេរនៅកម្ពុជា ហើយមិនអាចជួយឱ្យកម្ពុជាកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍប្រកបដោយចិរភាពបានឡើយ។
កន្លងទៅ កម្មកររោងចក្រកាត់ដេរតែងតែរអ៊ូរទាំ អំពីម្ចាស់ផ្ទះជួលមួយចំនួន បានដំឡើងថ្លៃឈ្នួលស្រេចតែចិត្ត ខណៈប្រាក់ឈ្នួលរបស់កម្មករត្រូវបានដំឡើង។ នៅកម្ពុជា មានមនុស្សរាប់ម៉ឺនគ្រួសារកំពុងរស់នៅក្នុងផ្ទះជួលនៅទីក្រុង និងទីប្រជុំជននានា ដើម្បីស្នាក់នៅពេលបំពេញការងារក្នុងវិស័យកាត់ដេរ និងការងារវិស័យផ្សេងៗ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment