Khmer Circle:
Why not? Most of the mountains in the country have been chopped and chipped for commercial profit and so that their destroyers can live the life of millionaires abroad...
🔺🔺🔺
ដោយ ទីន ហ្សាការីយ៉ា
2020-07-06

ក្រុមជនជាតិដើមភាគតិចព្នងខេត្តមណ្ឌលគិរី តវ៉ាទាមទារអាជ្ញាធរឱ្យបញ្ឈប់ការឈូសឆាយព្រៃលើខ្នងភ្នំរ៉ាដាង កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។
រូប៖ សហគមន៍
ជនជាតិដើមភាគតិចព្នងរាប់រយគ្រួសារ រស់នៅសង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីរិះគន់អាជ្ញាធរពាក់ព័ន្ធខេត្តនេះថា គ្មានឆន្ទៈការពារដីព្រៃសាធារណៈរបស់រដ្ឋ ស្របតាមបទបញ្ជារបស់រដ្ឋាភិបាលនោះទេ។ ការរិះគន់នេះធ្វើឡើង ក្រោយពីអ្នកមានអំណាចម្នាក់ ដែលពួកគេមិនស្គាល់អត្តសញ្ញាណ បានយកគ្រឿងចក្រឈូសឆាយ ទន្ទ្រានរំលោភយកដីភ្នំរ៉ាដាងទាំងមូល ដើម្បីកាន់កាប់ជាសម្បត្តិបុគ្គល បង្កឱ្យប៉ះពាល់ប្រភពទឹកអូរច្បា ដែលអ្នកស្រុករាប់ពាន់គ្រួសារ អាស្រ័យផល។
ក្រុមជនជាតិដើមភាគតិចព្នង (ពូនង) រស់នៅភូមិពូលូង សង្កាត់រមនា ឱ្យដឹងនៅថ្ងៃទី៦ កក្កដាថា ភ្នំរ៉ាដាង ដែលជាកន្លែងអ្នកភូមិគោរពបូជាតាំងពីបុរាណមក កំពុងទទួលរងការឈូសឆាយ ទន្ទ្រាន និងកានកាប់ជាសម្បត្តិឯកជនបែបអនាធិបតេយ្យ ក្លាយជាវាលអស់មួយផ្នែកធំ។ អ្នកភូមិថា សកម្មភាពឈូសឆាយនោះ ក្រុមឈ្មួញបានព្យាយាមលាក់ឈ្មោះមិនឱ្យពលរដ្ឋដឹង ថែមទាំងជួលនគរបាលមូលដ្ឋាន យាមគ្រឿងចក្រទាំងនោះ ដើម្បីហាមមិនឱ្យពលរដ្ឋងើបតវ៉ា និងទប់ស្កាត់នោះទេ។
តំណាងជនជាតិដើមភាគតិចព្នង លោកស្រី រឿន ហែង ថ្លែងថា ឈ្មួញបានប្រើគ្រឿងចក្រឈូសឆាយឬអេស្កាវ៉ាទ័រ ១គ្រឿង ឈូសឆាយព្រៃ លើខ្នងភ្នំរ៉ាដាងអស់ ៦ហិកតារហើយ រយៈពេលជាង ១សប្តាហ៍ចុងក្រោយនេះ បង្កប៉ះពាល់តំបន់ប្រពៃណីវប្បធម៌របស់ពួកគាត់។ លោកស្រីថា ទឹកអូរច្បាជាប្រភពទឹកសំខាន់ ហូរ ឆ្ពោះទៅស្រុកកោះញែក នឹងរីងស្ងួត ហើយពលរដ្ឋរាប់ពាន់គ្រួសារ នឹងបាត់បង់ទីកន្លែងអាស្រ័យផលតាំងពីបុរាណមក ខណៈឈ្មួញនៅតែបន្តសកម្មភាពឈូសឆាយ៖ «ខ្ញុំរស់នៅទីនេះ ហើយកន្លែងហ្នឹងជាប្រភពទឹកដែលពលរដ្ឋប្រើប្រាស់ មិនត្រឹមតែខ្ញុំទេ ពលរដ្ឋទាំងអស់គ្នា ក៏គាត់ប្រើប្រាស់ទឹកហ្នឹងដែលមិនថា តែខែភ្លៀង ឬខែប្រាំងទេ។ កាលណាគាត់ឈូសឆាយហ្នឹង ទឹកហ្នឹងវានឹងរីង ចង់និយាយថា ភ្នំ និងកន្លែងទឹកហ្នឹងវាជាប្រភពទឹកតែមួយ។ សហគមន៍ចង់ទៅតវ៉ាអត់ឱ្យគាត់ឈូសឆាយ ហើយគាត់បានគំរាមកំហែងថា បើហ៊ានមក គេនឹងចាប់ ពលរដ្ឋក៏គាត់អត់ហ៊ានទៅដែរ ដោយសារតែគេដាក់ប៉ូលិស និងទាហានឱ្យយាមឱ្យមើល»។
កាលពីចុងខែមិថុនាកន្លងទៅ ជនជាតិដើមភាគតិចព្នងជាង ២០នាក់ បានលើកគ្នាតវ៉ា នៅលើភ្នំរ៉ាដាង ស្នើឱ្យលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន អន្តរាគមន៍ ទប់ស្កាត់ជនខិលខូច លក់ និងឈូសឆាយដីភ្នំរ៉ាដាង ដែលជាប្រភពទឹកអូរច្បា និងជាអណ្តូងទឹកសមូហភាព ដែលសហគមន៍ប្រើប្រាស់ប្រចាំថ្ងៃ។ អ្នកភូមិថា ប្រភពទឹកនេះ មិនចេះរីងស្ងួតទាំងរដូវប្រាំង និងវស្សា។
ក្រុមពលរដ្ឋដែលលើកគ្នាតវ៉ានោះ សោកស្តាយ ចំពោះការបំផ្លាញធនធានធម្មជាតិនេះ និងចង់ឱ្យអាជ្ញាធររក្សាតំបន់នោះ ជាកន្លែងអភិរក្សសុខដុមរមនារបស់អ្នកស្រុក៖ «សូមមេត្តាជួយដីហ្នឹង កុំឱ្យឈូសឆាយ ព្រោះការឈូសឆាយអស់អាលីងហើយ»។
ចៅសង្កាត់រមនា លោក ភី ងូក បដិសេធមិនបំភ្លឺរឿងនេះទេ ដោយលោកបានចុចផ្តាច់ទូរសព្ទ និងឈប់ទទួលទូរសព្ទ នៅថ្ងៃទី៦ កក្តដា។
ចំណែកអ្នកនាំពាក្យសាលាខេត្តមណ្ឌលគិរី លោក សុក សេរ៉ា ថ្លែងថា អាជ្ញាធរមូលដ្ឋាន នៅមិនទាន់រាយការណ៍ករណីនេះ មកអាជ្ញាធរខេត្តនៅឡើយទេមកទល់ពេលនេះ។ លោកថា ការឈូសឆាយភ្នំនេះ ប្រសិនបើរដ្ឋបាលខេត្តដឹង នឹងចុះអន្តរាគមន៍ចាត់វិធានការ ព្រោះអភិបាលខេត្តបានបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យអាជ្ញាធរពាក់ព័ន្ធ យកចិត្តទុកដាក់ ការពារដីព្រៃសាធារណៈរបស់រដ្ឋ ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល៖ «អាជ្ញាធរខេត្តមិនទាន់បានទទួលព័តមានហ្នឹងទេ បើបានទទួលពាក្យបណ្តឹង ពីអាជ្ញាធរមក ឬក៏យ៉ាងម៉េចឃាត់ គេមិនស្តាប់ម៉េច? ប៉ុន្តែខ្លាចក្រែងឈូសឆាយនោះ មានច្បាប់ទម្លាប់ គ្រាន់តែមានច្បាប់ទម្លាប់ ប៉ុន្តែនិយាយរួមខេត្តអត់ទាន់ដឹងទេ បើខេត្តដឹង ខេត្តនឹងចាត់វិធានការ ព្រោះប៉ុន្មានថ្ងៃនេះ អភិបាលខេត្តលោកដាក់វិធានការខ្លាំងណាស់ ធ្ងន់ណាស់ សម្រាប់អ្នកឈូសព្រៃរដ្ឋ គ្រប់គ្រងដីរដ្ឋខុសច្បាប់ ទន្ទ្រានដីរដ្ឋមកធ្វើជាកម្មសិទ្ធិគឺខេត្តមានវិធានការក្តៅបំផុត»។
សមាជិកបណ្ដាញសហគមន៍ជនជាតិដើមភាគតិចព្នង ខេត្តមណ្ឌលគិរី លោក គ្រើង តុលា ចាត់ទុកការឈូសឆាយនេះ ជាទង្វើរំលោភសិទ្ធិជនជាតិដើមភាគតិចធ្ងន់ធ្ងរ
និងបំផ្លាញទីកន្លែងជំនឿសាសនារបស់អ្នកភូមិ។ លោកថា ព្រៃឈើដែលដុះតាមជម្រាលភ្នំ ខ្នងភ្នំ និងចង្កោះភ្នំមានសារៈសំខាន់ណាស់ ជួយរក្សាប្រភពទឹកអូរច្បា ហើយសិនបើវាបាត់បង់ ទឹកអូរធម្មជាតិមួយនេះ នឹងរីងស្ងួត ប៉ះពាល់ជីវភាពពលរដ្ឋរាប់ពាន់គ្រួសារ ដែលរស់នៅខ្សែទឹកខាងក្រោម៖ «និយាយចំក្បាលអូរហ្មងកន្លែងហ្នឹងកាលណាអស់ព្រៃកន្លែងហ្នឹងគឺ ទឹកនឹងរីង ព្រោះទឹកហ្នឹងជាកន្លែងអូរច្បាធំមែនទែនទឹកហ្នឹង ហើយហូរពីក្រុងសែនមនោរម្យ រហូតដល់កោះញែក ហើយពលរដ្ឋទូទាំងស្រុកកោះញែកគឺ ប្រើទឹកហ្នឹងទាំងអស់។ តំបន់ហ្នឹងគឺជាតំបន់ដែលពលរដ្ឋ ព្រៃតំណម រហូតដល់បច្ចុប្បន្នគេគោរពបូជា លើភ្នំហ្នឹង ពលរដ្ឋអត់ហ៊ានប៉ះពាល់ទេភ្នំហ្នឹងអ៊ីចឹង»។
សហគមន៍ថា ភ្នំរ៉ាដាងមានទំហំប្រមាណ ២០ហិកតារ ជាតំបន់ប្រើប្រាស់សមូហភាព និងជាទីតាំងរក្សាប្រភពទឹកអូរច្បាយ៉ាងសំខាន់ មានទឹកផុសចេញពីក្នុងដី ហើយក៏ជាតំបន់ដែលអ្នកស្រុកសែនព្រេន បែបជំនឿសាសនាជនជាតិដើមភាគតិចជារៀងរាល់ឆ្នាំ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តមណ្ឌលគិរី លោក អ៊ាង ម៉េងលី ចាត់ទុកការឈូសឆាយភ្នំនេះ ជាទង្វើល្មើសច្បាប់។ លោកថា អាជ្ញាធរខេត្តគួរតែចាត់វិធានការ ស៊ើបអង្កេតករណីនេះ ឱ្យមានប្រសិទ្ធភាព និងត្រូវអនុវត្តច្បាប់ចំពោះអាជ្ញាធរមូលដ្ឋាន ឃុបឃិតជាមួយឈ្មួញ រំលោភដីព្រៃរបស់រដ្ឋខុសច្បាប់៖ «អាជ្ញាធរខេត្តប្រសិនបើដឹងព័តមាន ពីបញ្ហាអស់ហ្នឹងហើយ ត្រូវតែចុះទៅស៊ើបអង្កេតប្រមូលព័តមាន តើដូចអ្វីដែលពលរដ្ឋលើកឡើងដែលឬទេ? ប្រសិនបើរកឃើញថា វាជារូបភាពមួយ រងគ្រោះពិតប្រាកដមែន ត្រូវតែចាត់វិធានការទប់ស្កាត់ករណីហ្នឹងជាបន្ទាន់ ចៀសវាងការរំលោភបំពានកាន់តែធ្ងន់ធ្ងរទៅ ហើយពលរដ្ឋកាន់តែរងគ្រោះថែមទៀតអ៊ីចឹង»។
កាលពីថ្ងៃទី១៩ ខែមិថុនា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានចេញបញ្ជាជាថ្មីទៀត ឱ្យមន្ទីរជំនាញ ចាត់វិធានការបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើ និងការកាប់រាន ដុត និងឈូសឆាយ ដីព្រៃឈើគ្រប់ប្រភេទ។ លោក វេង សាខុន ស្នើឱ្យអភិបាលខេត្តនីមួយៗ ពង្រឹងការអនុវត្តច្បាប់ព្រៃឈើ ទប់ស្កាត់បទល្មើសគ្រប់រូបភាព បន្ទាប់ពីលោកពិនិត្យឃើញថា ឈូសឆាយដីព្រៃរដ្ឋខុសច្បាប់ នៅបន្តកើតមានក្នុងខេត្តមួយចំនួន។ ចំណែកមន្ត្រីសង្គមស៊ីវិលសង្កេតឃើញថា អភិបាលខេត្តនីមួយៗ មិនអនុវត្តតាមលិខិតនេះទេ៕
ត្រាក់ទ័រដែលក្រុមជនជាតិដើមភាគតិចព្នងខេត្តមណ្ឌលគិរី អះអាងថា ជារបស់អ្នកមានអំណាច មកឈូសឆាយព្រៃលើខ្នងភ្នំរ៉ាដាង កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។ រូប៖ សហគមន៍
ត្រាក់ទ័រដែលក្រុមជនជាតិដើមភាគតិចព្នងខេត្តមណ្ឌលគិរី អះអាងថា ជារបស់អ្នកមានអំណាច មកឈូសឆាយព្រៃលើខ្នងភ្នំរ៉ាដាង កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។ រូប៖ សហគមន៍
1 comment:
Ah Kaun Mi Chor Kanduoy Meh Vear Knhom Yuon have destroyed all Khmer beauty.
The rivers, the oceans, the rocky mountains, the mountains, the forest,the ocean, the beaches, etc... are so valuable, precious, and present so much opportunities for Cambodia to attract the tourists and give Khmer people a better life.
Why do Ah Kwack Hun Shit keep allowing his cronies to ravage Cambodia ??
Ah Kaun Mi Chor kanh Choy !! Stop destroying Cambodia !!
Post a Comment