ដោយ ហេង រស្មី
2020-07-12

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងកូនប្រុសច្បង គឺលោក ហ៊ុន ម៉ាណែត (សងខាង) ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) (រូបកណ្ដាល) នាទីក្រុងប៉េកាំង កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០។
រូបពីហ្វេសប៊ុក លោក ហ៊ុន ម៉ាណែត
អ្នកវិភាគព្រមានថា ការរក្សាទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសចិននិងកម្ពុជា ជារបត់នយោបាយដ៏គ្រោះថ្នាក់បំផុតសម្រាប់ប្រទេសកម្ពុជានៅក្នុងពេលអនាគត ខណៈដែលកម្ពុជាបានបែរខ្នងមិនចង់រក្សាទំនាក់ទំនងជាមួយប្រទេសលោកខាងលិចដូចជាសហរដ្ឋអាមេរិកជាដើម។
កម្ពុជា និងប្រទេសចិនបានចាប់ផ្តើមបង្កើតទំនាក់ទំនងការទូតជាផ្លូវការរបស់ខ្លួន កាលពីថ្ងៃទី១៩ខែកក្កដា ឆ្នាំ១៩៥៨។ ចាប់តាំងពីមានចំណងទាក់ទងការទូតរយៈពេលជាង ៦០ឆ្នាំកន្លងមកនេះ ចិនកំពុងមានឥទ្ធិពលលើកម្ពុជា ទាំងវិស័យការទូត និងយោធា ដោយសារតែកម្ពុជាបច្ចុប្បន្នត្រូវបានគេមើលឃើញថា កំពុងតែរស់ដោយពឹងផ្អែកដង្ហើមសេដ្ឋកិច្ចរបស់ចិនជាសំខាន់។ អ្នកវិភាគនយោបាយវិញលើកឡើងថា មាគ៌ានយោបាយរបស់ប្រទេសចិនគឺចង់គ្រប់គ្រងកម្ពុជាផ្តាច់មុខ និងប្រើប្រាស់ជាទីតាំងកណ្ដាលសម្រាប់ទប់ស្កាត់បញ្ហាជម្លោះសមុទ្រចិនខាងត្បូង។
លោកថា ចិនបានប្រើកម្ពុជាឱ្យធ្វើតាមខ្សែពាក់របស់ប្រទេសចិន ក្នុងក្របខ័ណ្ឌអាស៊ាន អង្គការសកលផ្សេងៗ និងការពង្រីកឥទ្ធិពលយោធាចិននៅកម្ពុជា ដែលជាហេតុរុញច្រានកម្ពុជាឱ្យមានអរិភាពជាមួយបណ្ដាប្រទេសជាច្រើនដែលកំពុងមានជម្លោះជាមួយចិន ហើយនេះគឺជាគ្រោះអាសន្នធំណាស់សម្រាប់កម្ពុជា។
លោកបញ្ជាក់ថា អន្ទាក់ដ៏គួរឱ្យខ្លាចបំផុតគឺជំហានចង់អោបក្រសោបកម្ពុជាដោយចំណងបំណុលពុតត្បុតរបស់ប្រទេសចិន។ លោកនិយាយថា រឿងទាំងអស់នេះបន្តិចម្តងៗ ប្រទេសចិននឹងទាក់កកម្ពុជាមិនឱ្យរើរួចពីវិបត្តិខ្វះចិនមិនបាន ស្របពេលដែលរបបលោក ហ៊ុន សែន កំពុងប្រឈមនឹងអរិភាពជាមួយបណ្ដាប្រទេសលោកខាងលិច ដែលប្រកាន់នូវលទ្ធិប្រជាធិបតេយ្យសេរី៖ «ទីបំផុតទៅកម្ពុជាមិនអាចងាកចេញរួចពីឥទ្ធិពលចិនក្នុងលក្ខខណ្ឌជាចៅហ្វាយនិងអាយ៉ងនឹងគ្មានជម្រើសអ្វីក្រៅពីពឹងបង្អែកចិនតែមួយគត់។ នេះមិនមែនជាដំណើរគ្រោះថ្នាក់តូចតាចទេចំពោះប្រទេសកម្ពុជា។ កម្ពុជាអាចជាផ្នែកមួយក្រោមមាគ៌ាត្រួតត្រានយោបាយផ្ដាច់មុខរបស់ចិន ប្រសិនបើចិនដណ្តើមបានមុនយួន»។
អង្កការទិន្នន័យអំពីការអភិវឌ្ឍន៍ បានឱ្យដឹងថា ប្រទេសចិនក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ បានផ្តល់ជំនួយដល់កម្ពុជា បានកើនឡើងដល់ជាង ៤.០០០លានដុល្លារ (៤.២៩៧លានដុល្លា)។ ជំនួយដែលផ្ដល់នេះ គិតចាប់ពីឆ្នាំ២០០១ ដល់ខែមីនា ឆ្នាំ២០១៧ មានទាំងជំនួយហិរញ្ញប្បទានឥតសំណង ឥណទានឥតការប្រាក់ ដើម្បីយកមកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធនៅកម្ពុជា និងសម្ភារៈយោធាផងដែរ។
ទន្ទឹមនឹងការផ្តល់ជំនួយពីប្រទេសចិន កម្ពុជាក៏ជំពាក់បំណុលវ័ណ្ឌក ពីប្រទេសចិនផងដែរ។ គិតត្រឹមឆ្នាំ២០១៧ កម្ពុជាបានជំពាក់បំណុលចិនសរុបជិត ៣ពាន់លានដុល្លា(២.៨១៨,៣៧) លានដុល្លារអាមេរិក។
ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា រដ្ឋាភិបាលកម្ពុជា ជំពាក់បំណុលប្រទេសចិន ច្រើនជាងប្រទេសណាៗទាំងអស់។ តួលេខដដែលឱ្យដឹងទៀតថា សរុបត្រឹមឆ្នាំ២០១៦ រដ្ឋទូទាត់បំណុលសងទៅប្រទេសចិន វិញ បានសរុបចំនួនជិត ២៦០លានដុល្លារអាមេរិក។
ដោយសារជំនួយ និងបំណុលដែលកម្ពុជាជំពាក់ពីចិនសងមិនរួចនេះហើយ នឹងតម្រូវឱ្យកម្ពុជាតបស្នងប្រទេសចិនវិញ។ នៅក្នុងឆ្នាំ២០១២ ពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានកម្ពុជាបានបរាជ័យក្នុងការចេញសេចក្តីថ្លែងការណ៍រួម ទាក់ទិននឹងបញ្ហាសមុទ្រចិនខាងត្បូងដែលធ្វើឱ្យមានការរិះគន់ពីអន្តរជាតិចំពោះជំហរកម្ពុជាដែលងាករេទៅកាន់ប្រទេសកុម្មុយនិស្តចិន។
មិនត្រឹមតែ បរាជ័យក្នុងការចេញសេចក្តីថ្លែងការណ៍រួមទាក់ទិននឹងរឿងសមុទ្រចិនខាងត្បូង នឹងដើម្បីបង្ហាញពីភក្ដីភាពរបស់ខ្លួនថា ជាមិត្តដែកថែបជាមួយប្រទេសចិននោះ។ សារព័ត៌មានបរទេសបានផ្សាយថា កម្ពុជាបានចុះហត្ថលេខាដោយសម្ងាត់ជាមួយប្រទេសចិនដើម្បីអនុញ្ញាតកងទ័ពចិនប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹករបស់ខ្លួនក្នុងដែនសមុទ្ររាម ក្នុងខេត្តព្រះសីហនុ។
កាសែត ឌឹ វ៉លស្ទី្រត ជ័រណល(The Wall Street Journal) កាលពីឆ្នាំ២០១៩ បានសរសេរថា ប្រទេសកម្ពុជានិងចិនបានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងនោះកាលពីនិទាឃៈរដូវកន្លងទៅ តែភាគីទាំងពីរមិនទាន់បានបញ្ចេញឱ្យដឹងជាសាធារណៈនៅឡើយទេ។
កិច្ចព្រមព្រៀងនោះគឺកម្ពុជាផ្ដល់ឱ្យភាគីចិននូវសិទ្ធិផ្តាច់មុខ ធ្វើជាមូលដ្ឋានទាហានជើងទឹក ចិនមួយផ្នែកនៅឈូងសមុទ្រខ្មែរ ហើយនៅជិតអាកាសយានដ្ឋានធំមួយ ដែលកសាងដោយចិន។អ្នកនាំពាក្យក្រសួងការពារជាតិលោក ឈុំ សុជាត ធ្លាប់ចាត់ទុកថា ព័ត៌មានខាងលើហាក់ដូចជាមានចេតនាចង់បំផ្លាញសុខសន្តិភាពក្នុងប្រទេសកម្ពុជាក៏ដូចជាទំនាក់ទំនងរវាងកម្ពុជា និងប្រទេសជិតខាងផងដែរ។
ជុំវិញឥទ្ធិពលចិននៅកម្ពុជានេះ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក បណ្ឌិត ឯម សុវណ្ណារ៉ា បានផ្តល់យោបល់ថា កម្ពុជាគួរតែរក្សាអត្ថប្រយោជន៍ជាតិ ជាធំបើទោះបីជាបានក្លាយជាមិត្តដែកថែបរបស់ប្រទេសចិនក៏ដោយ។
លោកបញ្ជាក់ថា កម្ពុជាគួរតែរក្សាគោលនយោបាយរវាងលោកខាងលិច និងលោកខាងកើតឱ្យស្មើគ្នា នោះទើបកម្ពុជាអាចមានសុវត្ថិភាពទាំងនយោបាយ និងសេដ្ឋកិច្ចនៅក្នុងតំបន់ ព្រមទាំងរក្សានូវអត្ថប្រយោជន៍ជាតិបាន៖ «កាលណាកម្ពុជាងាកលម្អៀងទៅរកចិនពេក។ កម្ពុជាអាចបាត់បង់អត្ថប្រយោជន៍ទំនាក់ទំនងជាមួយលោកខាងលិចដែលមានសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក»។
ក្រៅពីជំនួយផ្នែកសេដ្ឋកិច្ចប្រទេសចិន បានជួយប្រទេសកម្ពុជាផ្នែកការការពារសន្តិសុខផងដែរ។កាលពីឆ្នាំ២០១៣ រដ្ឋាភិបាលទីក្រុងប៉េកាំងបានផ្តល់កាំភ្លើងធំជាង ១.០០០ដើម និងគ្រាប់ចំនួន ៥ម៉ឺនគ្រាប់។
ប្រទេសចិនក៏បានផ្តល់រថយន្តយោធាចំនួន២៦គ្រឿង និងឯកសណ្ឋានយោធាចំនួន៣.០០០ កំប្លេដល់ប្រទេសកម្ពុជា។ កាលពីពាក់កណ្តាលខែមិថុនាកន្លងទៅនេះ កម្ពុជាបានទិញរថយន្តយោធាចំនួន ២៩០គ្រឿង ពីប្រទេសចិន។
រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានប្រកាសទំហំថវិកាប្រើប្រាស់សម្រាប់ទិញរថយន្តយោធានោះទេ ប៉ុន្តែថា លុយបានទៅទិញរថយន្តបានមកពីសប្បុរសជនទៅវិញ។
បើទោះបីជាមានការរិះគន់ពីជំនួយរបស់ប្រទេសចិនផ្តល់ជូនប្រទេសកម្ពុជាកន្លងមកសុទ្ធ សឹងជាអន្ទាក់យ៉ាងណាក៏ដោយ ក៏អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន នៅតែថ្លែងការពារថា កម្ពុជាសព្វថ្ងៃ បានរក្សាទំនាក់ទំនងស្មើភាពគ្នា ទាំងប្រទេសចិន និងបណ្ដាប្រទេសលោកខាងលិច។
លោកនិយាយថា សម្រាប់អ្នកវិភាគនៅតែមើលមិនឃើញពីបំណងល្អរបស់រដ្ឋាភិបាល ដោយសារតែពួកគេមិនចូលចិត្ត និងមានចរិតមិនគាំទ្រប្រទេសចិន។
លោកនិយាយថា អ្នកវិភាគកំពុងយកខ្មែរជាសត្រូវជាមួយសហរដ្ឋអាមេរិក តែប្រហែលជាមិនអាចទទួលយកបានទេ។ លោកបញ្ជាក់ថា ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចកម្ពុជាប្រកាន់និន្នាការរក្សាទំនាក់ទំនងល្អជាមួយបណ្ដាប្រទេសនានាទាំងអស់នៅលើពិភពលោក ហើយកម្ពុជាមិនលូកលាន់បញ្ហាផ្ទៃក្នុងនៅក្នុងបណ្ដាប្រទេសទាំងនោះទេ៖ «ដូចជារឿងជំហរនៅក្នុងបញ្ហាសមុទ្រចិនខាងត្បូងហ្នឹងយើងបានជម្រាបជូនដល់អាស៊ានទាំងមូល ឱ្យយកចិត្តទុកដាក់ និងគាំទ្រនូវគំនិតហ្នឹងថាយើងមិនប្រកាន់ខាងណាទេ។ យើងចង់ឱ្យមានការចរចាគ្នាដើម្បីរកដំណោះស្រាយ»។
ក្នុងរយៈពេលជាង ៦០ឆ្នាំចុងក្រោយនេះ ដោយសារតែឥទ្ធិពលចិននៅកម្ពុជាបន្តចាក់ស្រេះ បានធ្វើឱ្យលំហូរប្រជាជនចិនមកកាន់ប្រទេសកម្ពុជាកាន់តែច្រើនជាពិសេសនៅក្នុងទីក្រុងកំពង់ផែខេត្តព្រះសីហនុ នៅភ្នំពេញ និងតាមខេត្តមួយចំនួនទៀត។
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃលោក សុខ ផល ធ្លាប់អះអាងថា ជនជាតិចិនមកស្នាក់នៅប្រទេសកម្ពុជាបានកើនឡើងរហូតដល់ជាង ២១ ម៉ឺននាក់ ដោយចំនួននេះបានកើនឡើងខ្ពស់ជាងឆ្នាំ ២០១៧ ដែលជនជាតិចិនមានតែជាង ១០ ម៉ឺននាក់ក្នុងនោះមានជាង ៧៨.០០០ នាក់កំពុងរស់នៅខេត្តព្រះសីហនុ ហើយមានប័ណ្ណការងារត្រឹមត្រូវតែជាង ២ ម៉ឺននាក់ប៉ុណ្ណោះ។
វត្តមានជនជាតិចិននេះ ភាគច្រើនបានបង្កភាពចលាចលនៅក្នុងសង្គម ជាច្រើនដូចជាការប្រើប្រាស់អំពើហិង្សាចោរកម្ម ជាប់ពាក់ព័ន្ធគ្រឿងញៀន និងចាប់ជំរិតទារប្រាក់ជាដើម។
អ្នកវិភាគថា បន្តិចម្តងៗកម្ពុជានឹងត្រូវប្រទេសចិនកាន់កាប់ផ្ដាច់មុខ បើនៅបន្តគោលនយោបាយគាំទ្រចិនតែមួយហើយទាត់ចោលទំនាក់ទំនងប្រទេសលោកខាងលិច៕
1 comment:
This crazy dog Hun Sen has been able to stay in power for a long time because he complied to all of his master Yuon's demand.
It looks like he wants his adopted son Hun Baillonette to finish the VIetnamiation of Cambodia for him.
Post a Comment