Khmer Circle: The Vietnamese may get tired eventually from putting up tents on Cambodian land by the time their Xmer authorities get their act together!
🔺🔺🔺
ដោយ ជីវិតា
2020-07-06
នគរបាលខេត្តកណ្ដាល ចុះទៅប្រាប់ទាហានវៀតណាមឱ្យរុះរើតង់ស្នាក់នៅចំនួន ៩កន្លែង បោះនៅចំណុចដំបូកចែវ ខេត្តកណ្ដាល នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ដែលជាតំបន់សមិនទាន់បានឯកភាពគ្នាវាស់ចែកខណ្ឌសីមា និងបោះបង្គោលនៅឡើយ។
រូប៖ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល
ប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង ឱ្យអាស៊ីសេរីដឹងថ្ងៃទី៥ ខែកក្កដាថា លោកមិនទាន់អាចចុះទៅទីតាំងដែលវៀតណាមបោះតង់បានទេ បើក្រសួងមហាផ្ទៃមិនទាន់ប្រគល់ឯកសារ ឬផែនទីនៃទីតាំងដែលវៀតណាមបោះតង់។ លោកថា លោកក៏មិនដឹងពីមូលហេតុដែលក្រសួងមហាផ្ទៃមិនទាន់ប្រគល់ឯកសារទាំងនោះដែរ៖ «ក្រសួងមហាផ្ទៃបានឆ្លើយនឹងសំណួរប្អូនបាន ខាងមហាផ្ទៃគ្រប់គ្រងចៅហ្វាយខេត្ត ចៅហ្វាយខេត្តមិនធ្វើឱ្យលឿន ខ្ញុំម៉េចដឹងទៅជ្រៀតជ្រែកការងារលោកម៉េចបាន»។
សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន យល់ថា អាជ្ញាធរដែនដី ឬ ក្រសួងមហាផ្ទៃហាក់ដូចជាមិនបានពន្យឿនរបាយការណ៍ស្ដីពីករណីវៀតណាមបោះតង់នៅលើទឹកដីកម្ពុជានោះទេ។ លោកបន្តថា ក្នុងនាមលោកជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានឹងចុះទៅអង្កេតនៅកន្លែងវៀតណាមបោះតង់ទាំងនោះ បញ្ជាក់ថា នឹងចុះអង្កេតករណីនេះក្នុងពេលឆាប់ៗខាងមុខនេះ៖ «គួរតែធ្វើម៉េចឱ្យបានឆាប់រហ័សប្រសើរជាងទុកពេលវេលាអូសបន្លាយកាន់តែយូរៗ នេះជាការគំរាមកំហែងមកលើអធិបតេយ្យភាពនៃកម្ពុជាយើង»។
រីឯចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ហៅកាត់ជាភាសាអង់គ្លេសថា SMD ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានដាក់ញត្តិ កាលពីខែមិថុនា ទៅស្ថានទូតវៀតណាមនៅក្រៅប្រទេស និងដាក់ទៅប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជំរុញឱ្យវៀតណាមដកតង់ចេញពីទឹកដីកម្ពុជា ទោះយ៉ាងណាមិនទាន់មានឆ្លើយតបណាមួយចំពោះញត្តិនេះនៅឡើយទេ។
ក្នុងពេលមានផ្ទុះឡើងនៃករណីជំងឺកូវីដ-១៩ (Covid-19) កាលពីខែមីនា មក អាជ្ញាធរវៀតណាមបានបោះតង់ដោយឯកតោភាគីចំនួន ២៥៦កន្លែង នៅតាមព្រំប្រទល់វៀតណាម។ គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះផ្សាយក្រោយមានការតវ៉ាពីអាជ្ញាធរមូលដ្ឋានកម្ពុជា អាជ្ញាធរវៀតណាមបានរើតង់ចេញខ្លះ។
កាលពីដើមខែមិថុនា លោក វ៉ា គឹមហុង អះអាងថា លោកនឹងចុះទៅពិនិត្យមើលទីតាំងដែលវៀតណាមបានបោះតង់ទាំងនោះ ប៉ុន្តែត្រូវការផ្ដល់ឯកសារបន្ថែមពីក្រសួងមហាផ្ទៃជាមុនសិន។អ្នកវិភាគនយោបាយ និងសង្គមដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស លោក គឹម សុខ យល់ថា បញ្ហាវៀតណាមបោះតង់នេះ មិនមែនត្រឹមកម្រិតលោក វ៉ា គឹមហុង អាចដោះស្រាយបាននោះទេ។ លោកយល់ថា បញ្ហានេះអាចទាក់ទងនឹងជម្លោះរឿងសមុទ្រចិនខាងត្បូងរវាងចិន និងវៀតណាម។ លោកថា វៀតណាមនៅតែយល់ថាខ្លួនមានឥទ្ធិពលលើរដ្ឋាភិបាលលោក ហ៊ុន សែន ទើបហ៊ានដាក់ពង្រាយទ័ព និងបោះតង់នៅលើទឹកដីកម្ពុជាដូច្នេះ៖ «ស្របពេលយួនបោះតង់យើងឃើញហើយចិនក៏ដឹកឡានទាហានចូលប្រមាណ ៥២០គ្រឿងឯណោះ ដូច្នេះជាការជាការសាកឥទ្ធិពលគ្នារវាងយួននិងចិនក្នុងការចង់កាន់កាប់ភូមិសាស្ត្រទឹកដីកម្ពុជា នៅពេលជម្លោះយួនចិននៅសមុទ្រខាងត្បូងឡើងជិតដល់៧០អង្សា»។
ក្រសួងការបរទេសកម្ពុជា កាលពីខែមីនាបានផ្ញើកំណត់ទូតតវ៉ាអំពីការបោះតង់នៅតំបន់មិនទាន់ឯកភាពព្រំដែនដែលរួមមាន៖ នៅស្រុកលើកដែក និងស្រុកកោះធំ ខេត្តកណ្ដាល ទៅវៀតណាមទាមទារឱ្យភាគីវៀតណាមរុះរើតង់យោធាទាំងអស់ចេញ និងបញ្ឈប់សកម្មភាពនានាដើម្បីរក្សាស្ថានភាពដើមនៅក្នុងតំបន់នោះ។ ប៉ុន្តែក្រសួងការបរទេសវៀតណាមបានឆ្លើយតបកាលពីចុងខែឧសភាថា ការបោះតង់ទាំងនោះមិនមានផលប៉ះពាល់ដល់ខណ្ឌសីមា និងបោះបង្គោលព្រំដែននៃប្រទេសទាំងពីរនោះទេ ។ ប៉ុន្តែរហូតមកដល់ពេលនេះរដ្ឋាភិបាលកម្ពុជា ហាក់នៅទ្រឹងស្ងៀមស្ងាត់ទៅវិញ៕
No comments:
Post a Comment