Khmer Circle: Intersting. How long has it taken the "analyst" to reach this conclution that the outcome of Kem Sokha's case and its development will be determined by Hun Sen?!
If it's not Xamdaach who decides most cases - especially, cases of political nature - who else might it be?
🔺🔺🔺
ដោយ វ៉ែន សុមេធ
2020-07-05 rfa
ជំនួបរវាងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីគោរពវិញ្ញាណក្ខន្ធសពម្ដាយក្មេកលោក ហ៊ុន សែន នៅល្ងាចថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក Chantha Muth
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា យល់ថា ដំណើរការក្តីលោក កឹម សុខា មានការផុសផុលខ្លាំងកាលពីប៉ុន្មានខែមុន ដោយសារតែរដ្ឋាភិបាលកម្ពុជាចង់បង្ហាញឱ្យសហភាពអឺរ៉ុបមើលឃើញថា រដ្ឋាភិបាលកំពុងស្តារស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ ដើម្បីផ្តល់ការអនុគ្រោះពន្ធទាំងស្រុងដល់កម្ពុជាបន្តទៀត។ ម្យ៉ាងវិញទៀត ការពន្លឿនរឿងក្តីនៅពេលនោះ គឺដើម្បីងាយស្រួលឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចចិត្តថា តើត្រូវលើកលែងទោសឱ្យលោក កឹម សុខា ឬមួយមានសេណារីយ៉ូផ្សេងទៀត។
សាលាដំបូងរាជធានីភ្នំពេញបានចាប់ផ្តើមជំនុំជម្រះក្តីលោក កឹម សុខា ពាក់ព័ន្ធនឹងបទចោទត្រូវរ៉ូវគ្នាជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាល កាលពីពាក់កណ្តាលខែមករា ឆ្នាំ២០២០។ សវនាការធ្វើឡើងជាប្រចាំរៀងរាល់សប្ដាហ៍ តែមកដល់ចុងខែមីនា ចៅក្រមក៏បានប្រកាសផ្អាកការជម្រះក្តីនេះវិញ តាមសំណើរបស់ក្រុមមេធាវី ដែលបារម្ភខ្លាចឆ្លងជំងឺកូវីដ-១៩ ក្នុងបន្ទប់សវនាការ។
ទោះជាយ៉ាងណា នៅពេលស្ថានភាពកូវីដ-១៩ ហាក់បានធូរស្បើយហើយក៏ដោយ ក៏តុលាការមិនបានប្រញាប់ប្រញាល់លើករឿងនេះមកជម្រះឡើងវិញនោះដែរ។
អាស៊ីសេរីបានទាក់ទងសុំការបញ្ជាក់រឿងនេះពីអ្នកនាំពាក្យតុលាការក្រុងភ្នំពេញ លោក អ៊ី រិន្ទ មិនបានទេ នៅថ្ងៃទី០៥ កក្កដា ដោយទូរស័ព្ទចូល ពុំមានអ្នកទទួល។
ស្របពេលដំណើរការក្តីលោក កឹម សុខា ហាក់ស្ងប់ស្ងាត់ ប្រព័ន្ធឃោសនារបស់លោក ហ៊ុន សែន បានចាប់ផ្ដើមយកខ្សែអាត់សំឡេងសន្ទនារវាងលោក កឹម សុខា និងលោក ហ៊ុន សែន កាលពីមុន យកមកផ្សព្វផ្សាយឡើងវិញ។
អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត យល់ថា នេះជាយុទ្ធសាស្ត្របំបែកសំឡេងគណបក្សសង្គ្រោះជាតិជាពីរ រវាងក្រុមនិយមលោក សម រង្ស៊ី និងក្រុមនិយមលោក កឹម សុខា។ លោកជឿថា សំណុំរឿងលោក កឹម សុខា នេះ មិនអាចដោះស្រាយតាមផ្លូវតុលាការបានទេ ព្រោះជាករណីនយោបាយ ដែលកូនសោរស្ថិតនៅក្នុងដៃលោក ហ៊ុន សែន៖ «អ្នកនយោបាយដែលបង្កើតសេណារីយ៉ូហ្នឹង គាត់ចង់ឱ្យបំភ្លេចចោលនូវការរំលាយគណបក្សសង្គ្រោះជាតិទាំងបំពានហ្នឹង និងការដកយកកៅអីទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរបស់សង្គ្រោះជាតិហ្នឹង។ អ៊ីចឹង យើងឃើញថា ដោយសារតែអត់មានអ្វីចោទដាក់បន្ទុកបន្ថែមលើលោក កឹម សុខា ហើយវិធីសាស្ត្រក៏នៅតែញុះញង់ឱ្យអ្នកទាំងអស់ហ្នឹងមានការឈ្លោះទាស់ទែងគ្នា ប៉ុន្តែគោលបំណងគឺចង់ឱ្យបំភ្លេចចោលនូវទង្វើដែលខ្លួនឯងធ្វើទាំងបំពានហ្នឹង។ អ៊ីចឹងជារួមមក រឿងហ្នឹងវាត្រូវការការដោះស្រាយតាមផ្លូវនយោបាយ»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បដិសេធការលើកឡើងនេះ ដោយលោកអះអាងយ៉ាងខ្លីថា ដំណើរការក្តីលោក កឹម សុខា ធ្វើឡើយផ្អែកលើមូលដ្ឋានច្បាប់។
ទោះជាមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលព្យាយាមបកស្រាយថា នេះជាការអនុវត្តច្បាប់ក៏ដោយ ក៏សហគមន៍ជាតិ និងអន្តរជាតិវាយតម្លៃថា នេះជាករណីនយោបាយសុទ្ធសាធ។ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ព្រមទាំងអង្គការជាតិ-អន្តរជាតិជាច្រើន នៅតែទាមទារឱ្យរបបក្រុងភ្នំពេញទម្លាក់ចោលបទចោទលើលោក កឹម សុខា និងផ្តល់សេរីភាពពេញលេញដល់មេបក្សប្រឆាំងរូបនេះវិញ ដោយឥតលក្ខខណ្ឌ៕
No comments:
Post a Comment