ដោយ អាស៊ីសេរី
2020-07-07

កងកម្លាំងអាជ្ញាធរ រាជធានីភ្នំពេញ រារាំងយុវជន និងព្រះសង្ឃ មិនឱ្យរម្លឹកឃាតកម្មបណ្ឌិត កែម ឡី ខួបលើកទី៤ នៅហាងសាំងកាល់តិច (Caltex) បូកគោ ព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០។
រូប៖ ក្រុមយុវជន
ឆ្នាំនេះក៏មិនខុសពីឆ្នាំមុនដែរ អាជ្ញាធរក្រុងភ្នំពេញ នៅតែរារាំងព្រះសង្ឃ និងក្រុមយុវជន មិនឱ្យជួបជុំធ្វើពិធីបង្សុកូល និងគោរពវិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី នៅ ស្តារ ម៉ាត (Star Mart) កាល់តិច (Caltex) ក្បែរស្តុបបូកគោ រាជធានីភ្នំពេញ ដែលជាទីតាំងឃាតកម្មនោះទេ នៅព្រឹកថ្ងៃទី៨ ខែកក្កដា។ សមត្ថកិច្ចរាប់សិបនាក់ រួមមាន៖ សន្តិសុខខណ្ឌចំការមន និងប៉ូលីស បានរុញច្រានក្រុមយុវជន និងព្រះសង្ឃឱ្យចាកចេញពីបរិវេណស្ថានីយប្រេងឥន្ធនៈកាល់តិចនោះ។ ក្នុងពេលនោះដែរ សមត្ថកិច្ចខណ្ឌចំការមន បានឃាត់ខ្លួនយុវជនម្នាក់ ដែលពាក់អាវយឺតរូបបណ្ឌិត កែម ឡី ទៅសាកសួរ។
ទោះយ៉ាងណា ព្រះសង្ឃ និងយុវជនបាននាំគ្នាធ្វើសមាធិ និងសូត្រធម៌ ដើម្បីធ្វើ ពិធីបង្សុកូលជូនវិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី ពីចម្ងាយ។ ក្រោយធ្វើពិធីសាសនាចប់ ពួកគេនាំគ្នាធ្វើដំណើរដោយថ្មើរជើង (ដើរ) ពីស្តុបបូកគោ បន្តទៅផ្លូវជាតិលេខ២ ដើម្បីឆ្ពោះទៅខេត្តតាកែវ ស្ថិតក្នុងភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ដែលស្រុកកំណើត និងជាកន្លែងបញ្ចុះសពបណ្ឌិត កែម ឡី។
ព្រះសង្ឃ រួមទាំង ក្រុមបណ្ដាញយុវជនខ្មែរថាវរៈ ក្រុមបណ្ដាញយុវជនN1M (Not One More) និងក្រុមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ចាប់ផ្ដើមធ្វើយុទ្ធនាការ ៣ថ្ងៃ ដើម្បីរំលឹកខួប ៤ឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ដោយចាប់ដើរពីស្ដុបបូកគោ នៅថ្ងៃទី៨ និងគ្រោងបញ្ចប់ថ្ងៃទី១០ ខែកក្កដាដែលពួករំពឹងថា អាចធ្វើដំណើរទៅកន្លែងបញ្ចុះសព បណ្ឌិត កែម ឡី នៅស្រុកកំណើតស្ថិតក្នុងភូមិ អង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ៕

កងកម្លាំងអាជ្ញាធររាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ កំពុងកៀងយុវជន និងព្រះសង្ឃ ឱ្យចេញពីបរិវេណហាងសាំងកាល់តិច (Caltex) បូកគោ ជាទីដែលបណ្ឌិត កែម ឡី ត្រូវបានឃាតកបាញ់សម្លាប់ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ រូប៖ ក្រុមយុវជន

ក្រុមយុវជន និងព្រះសង្ឃ ហែរូបថតបណ្ឌិត កែម ឡី ព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ដើម្បីរម្លឹកខួបលើកទី៤ នៃឃាតកម្មរបស់លោក នៅហាងសាំងកាល់តិច (Caltex) បូកគោ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ រូប៖ ក្រុមយុវជន

កងកម្លាំងអាជ្ញាធររាជធានីភ្នំពេញ ចាប់យុវជនម្នាក់ ព្រោះពាក់អាវមានរូបបណ្ឌិត កែម ឡី នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ទៅរម្លឹកខួបឃាតកម្មបណ្ឌិត កែម ឡី លើកទី៤ នៅបរិវេណហាងសាំងកាល់តិច (Caltex) បូកគោ ជាទីដែលបណ្ឌិត កែម ឡី ត្រូវបានឃាតកបាញ់សម្លាប់ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ រូប៖ ក្រុមយុវជន

ក្រុមយុវជន និងព្រះសង្ឃ ធ្វើសមាធិក្នុងរង្វង់ហ៊ុមព័ទ្ធរបស់កងសន្តិសុខ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ឧទ្ទិសកុសលដល់បណ្ឌិត កែម ឡី ដែលត្រូវឃាតកបាញ់សម្លាប់ នៅក្នុងហាងសាំងកាល់តិច (Caltex) បូកគោ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ រូប៖ ក្រុមយុវជន
1 comment:
Our Khmer heroes such as Kem Ley, Chhut Vuthy, Chea Vichea have sacrificed their life for Khmer people.
Can Khmer people do something more than just behaving like chicken when these Yuon's slave say NO to commemoration of Kem Ley's death ?
Nothing is free in this world. If they want freedom, they must be willing to pay some price.
Post a Comment