Monday 3 August 2020

ពលរដ្ឋ​បន្ត​ទាមទារ​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន នៅ​ថ្ងៃ​ទី២


ដោយ អាស៊ីសេរី
2020-08-02
សកម្មភាព​ពលរដ្ឋ​​ភាគច្រើន​ជា​យុវជន សហជីព កម្មករ​រោងចក្រ និង​គ្រូបង្រៀន ​ប្រមូល​ផ្តុំ​គ្នា​តវ៉ា ទាមទារ​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២ ខែ​សីហា ២០២០ ឱ្យ​ដោះលែង លោក រ៉ុង ឈុន។
សកម្មភាព​ពលរដ្ឋ​​ភាគច្រើន​ជា​យុវជន សហជីព កម្មករ​រោងចក្រ និង​គ្រូបង្រៀន ​ប្រមូល​ផ្តុំ​គ្នា​តវ៉ា ទាមទារ​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២ ខែ​សីហា ២០២០ ឱ្យ​ដោះលែង លោក រ៉ុង ឈុន។
រូប​ពី​ហ្វេសប៊ុក Ma Chettra



ពលរដ្ឋ​ជាង ១០០​នាក់​ដែល​ភាគច្រើន​ជា​យុវជន សហជីព កម្មករ​រោងចក្រ និង​គ្រូបង្រៀន​ជាដើម បាន​បន្ត​ប្រមូល​ផ្តុំ​គ្នា​តវ៉ា ទាមទារ​នៅមុខ​សាលាដំបូង​រាជ ធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០២ ខែ​សីហា ឱ្យ​ដោះលែង លោក រ៉ុង ឈុន។ មន្ត្រី​សង្គម​ស៊ីវិល សង្កេត​ឃើញ​ថា អ្វី​ដែល​លោក រ៉ុង ឈុន បាន​ធ្វើ​មិនមែន​ជា​អំពើ​ញុះញង់​ទេ ប៉ុន្តែ​ជា​សិទ្ធិ​ស្របច្បាប់​ក្នុងនាម​ជា​ពលរដ្ឋ​ក្នុង​សង្គម​ប្រជាធិបតេយ្យ និង​ស្នើ​ឱ្យ​មានការ​ទម្លាក់​ចោល​ការ​ប្រកាន់​ព្រមទាំង​ដោះលែង លោក រ៉ុង ឈុន ជា​បន្ទាន់។

អ្នក​តវ៉ា នៅតែ​លើកឡើង​ថា លោក រ៉ុង ឈុន ជា​អ្នកស្នេហាជាតិ​ពិតប្រាកដ និង​ចាត់ទុកជា​រឿង​អយុត្តិធម៌ ដែល​តុលាការ​បាន​ចោទប្រកាន់​និង​ឃុំខ្លួន​លោក រ៉ុង ឈុន។ ពួកគេ​ទាមទារ​ឱ្យ​ដោះលែង លោក រ៉ុង ឈុន ជា​បន្ទាន់ និង​គ្មាន​លក្ខខណ្ឌ។

ក្មួយប្រុស​លោក រ៉ុង ឈុន យុវជន រ៉ុង វិជ្ជា និយាយ​ក្នុង​ពេល​ទាមទារ​នោះ​ថា លោក រ៉ុង ឈុន តែងតែ​ចំណាយ​ពេលវេលា និង​កម្លាំងកាយ​ចិត្ត​ចូលរួម​ជាមួយ​ពលរដ្ឋ កម្មករ​កម្មការិនី​រោង និង ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ដើម្បី​ទាមទារ​យុត្តិធម៌​។ លោក​ថា អ្វី​ដែល​លោក រ៉ុង ឈុន បាន​ធ្វើ​មែន​ជា​អំពើ​ខុសច្បាប់​ឡើយ និង​អះអាង​ថា ពួក​លោក នឹង​បន្ត​ទាមទារ​រហូត​មានការ​ដោះលែង​លោក រ៉ុង ឈុន៖ «យើង​ឈឺចាប់​ណាស់​ចំពោះ​អាជ្ញាធរ​ចាប់​អ្នកស្នេហាជាតិ អ្នក​ដែល​ការពារ​ផលប្រយោជន៍​ជាតិ ទាមទារ​បន្ត​ទៀត​រហូត​មាន​ដំណោះស្រាយ​ជូន​លោក រ៉ុង ឈុន»។


ស្ត្រី​ម្នាក់ទៀត​ដែល​ចូលរួម​ក្នុង​ការ​ទាមទារ​នេះ ថ្លែង​ថា មួយ​ជីវិត​របស់ លោក រ៉ុង ឈុន គឺ​លោក​ធ្វើ​ដើម្បី​ពលរដ្ឋ​និង​សង្គម សូម្បី​ប្រពន្ធ​ក៏​លោក​មិន​យក​ដែរ ដូច្នេះ​លោកស្រី ទាមទារ​ឱ្យ​ដោះលែង​លោក លោក រ៉ុង ឈុន៖ «គាត់​ស្នេហា​ជាតិ​សូម្បី​ប្រពន្ធ​គាត់​អត់​យក​ផង»។

អ្នក​ទាមទារ​ម្នាក់​ទៀត​ប្រាប់​ថា លោកស្រី​តែង​ឃើញ​លោក រ៉ុង ឈុន បាន​ចូលរួម​ជាមួយ​កម្មករ​រោងចក្រ និង​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី។ លោកស្រី យល់​ថា ការងារ​លោក រ៉ុង ឈុន បាន​ដើរតួ​យ៉ាង​សំខាន់ ក្នុង​ការ​ជួយ​ពលរដ្ឋ៖ «គាត់​ជួយ​កម្មករ​រោងចក្រ​ច្រើន​ណាស់​ហើយ​គាត់​បាន​ជួយ​រឿង​ដីធ្លី​ជាច្រើន​ជួយ​ពលរដ្ឋ​ច្រើន​ណាស់ អ៊ីចឹង​សូម​ដោះលែង​គាត់»។

ជាមួយ​គ្នា​នេះ កម្មករ​រោងចក្រ​វ៉ាយអូលែ​ត អាប់ភែរៀល (VIOLET APPAREL) ម្នាក់​ប្រាប់​ថា លោកស្រី​យល់ថា ការ​ចាប់ខ្លួន​លោក រ៉ុង ឈុន ជា​រឿង​អយុត្តិធម៌​។ លោកស្រី​ប្រាប់​ថា ក្រុម​កម្មករ​ត្រូវការ​លោក រ៉ុង ឈុន ដើម្បី​ចូលរួម​ទាមទារ​រដ្ឋាភិបាល និង​ថៅកែ គោរព​សិទ្ធិ និង​គិតគូរ​ពី​ផល​ប្រយោជន៍​កម្មករ៖ «ពេល​កម្មករ​ត្រូវការ​ដំឡើង​ប្រាក់ខែ​អីចឹង​ទៅ​គាត់​ចេញ​មុន​មក​ជួយ​កម្មករ ពួក​យើង​ត្រូវការ​លោកគ្រូ រ៉ុង ឈុន ណាស់ ពួក​យើង​អត់​អាច​ខ្វះ​គាត់​បានទេ»។

សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០១ ខែ​សីហា សម្រេច​ឃុំខ្លួន លោក រ៉ុង ឈុន បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃស ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។

រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព សរសេរ​លើ​ហ្វេសប៊ុក​ថ្ងៃ​ទី២ ខែ​សីហា ថា ជន​ណា​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ករណី​ព្រំដែន​គឺជា​អំពើ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ ដល់​សន្តិសុខ​សង្គម​តាម​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។ លោក​ចោទ​ប្រកាន់​ថា លោក រ៉ុង ឈុន បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​តាមរយៈ​សកម្មភាព​ផ្សព្វផ្សាយ​លើ​ហ្វេសប៊ុក ផ្ទាល់ខ្លួន​អំពី​ព័ត៌មាន​មិន​ពិត​ទាក់ទង​នឹង​ករណី​ព្រំដែន ដូច​អ្វី​ដែល​មាន​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន ហេតុនេះ​ទើប​សមត្ថកិច្ច ចាត់វិធានការ​ច្បាប់​។

ប៉ុន្តែ​អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា សង្កេត​ឃើញ​ថា ការ​លាតត្រដាង​និង​ការ​បង្ហាញ​របាយការណ៍​របស់​លោក រ៉ុង ឈុន ពាក់ព័ន្ធ​បញ្ហា​ការបាត់បង់​ដីធ្លី​របស់​ពលរដ្ឋ​ក្នុង​ខេត្ត​ត្បូងឃ្មុំ គឺជា​ការសម្ដែង​មតិស្រប​តាមច្បាប់​នៅ​ក្នុង​ប្រទេស​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ មិនមែន​ជា​អំពើ​ញុះញង់​ទេ​។ លោក​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​នឹង​ចេញ​របាយការណ៍​រួម​មួយ​ស្នើ​ឱ្យ​មានការ​ទម្លាក់​ចោល​ការ​ប្រកាន់ និង​ដោះលែង លោក រ៉ុង ឈុន៖ «យើង​នៅតែ​បន្ត​ឃ្លាំមើល​នីតិវិធី​នៅ​តុលាការ ទាំង​ដំណើរការ​ទាមទារ​តវ៉ា​ហើយ​ទន្ទឹម​ហ្នឹង​ខាង​អង្គការ​សង្គម​ស៊ីវិល យើង​ក៏​កំពុង​រៀបរៀង​ចេញ​សេចក្ដីថ្លែងការណ៍​រួម​ដើម្បី​សុំ​ឱ្យ​មាន​មានការ​ទម្លាក់​ចោលការ​ប្រកាន់​ហើយ និង​ដោះលែង​គាត់​ឱ្យ​សេរីភាព​ឡើងវិញ»។

សកម្មភាព​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន នៅ​ល្ងាច​ថ្ងៃ​ទី​២ ខែ​សីហា កាន់​តែ​មាន​មនុស្ស​ចូលរួម​ច្រើន​ឡើងៗ ហើយ​ក្រុម​អ្នក​តវ៉ា អះអាង​ថា ពួកគាត់​នឹង​នៅតែ​បន្ត​តវ៉ា ដោយ​មិន​រាថយ​ឡើយ និង​សរសេរ​លិខិត​ទៅ​អង្គការ​សង្គម​ស៊ីវិល​នានា ឱ្យ​ជួយ​អន្តរាគមន៍ រហូត​ទាល់តែ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោះលែង​លោក រ៉ុង ឈុន ឱ្យ​មាន​សេរីភាព​ឡើងវិញ៕

1 comment:

Anonymous said...

To make Ah Roleuy Hun Sen pays attention, Khmer people in the whole country need to participate in this peaceful demonstration demanding Ah Chos Kauot Hun Sen to free Rong Chhun.
The international community cannot intervene if Khmer people are afraid to make their ultimate sacrifice for Cambodia.

Help ourselves first before others help us.