Thursday 6 August 2020

អាជ្ញាធរ​ប្រើ​ហិង្សា​លើ​ក្រុម​អ្នក​តវ៉ា​បណ្ដាល​ឲ្យ​យុវតី​ម្នាក់​របួស​ជើង ឯ​ម្នាក់​ទៀត​សន្លប់


ដោយ វ៉ែន សុមេធ
2020-08-05
កង​សន្តិសុខ​ខណ្ឌ ៧មករា ពាក់​ម៉ាស់ និង​ម្នាក់​បែរ​ខ្នង កំពុង​ព្រួត​ទាត់​ធាក់​យុវតី​ម្នាក់ ដែល​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន នៅ​ថ្ងៃ​ទី៥ ខែ​សីហា ឆ្នាំ២០២០។
កង​សន្តិសុខ​ខណ្ឌ ៧មករា ពាក់​ម៉ាស់ និង​ម្នាក់​បែរ​ខ្នង កំពុង​ព្រួត​ទាត់​ធាក់​យុវតី​ម្នាក់ ដែល​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន នៅ​ថ្ងៃ​ទី៥ ខែ​សីហា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក




អាជ្ញាធរ​ខណ្ឌ​៧​មករា ប្រើ​ហិង្សា​រុញច្រាន វាយ​ទាត់​ធាក់ ក្រុម​អ្នក​តវ៉ា ដែល​ទាមទារ​ឱ្យ​ដោះលែង លោក រ៉ុង ឈុន​ បណ្ដាល​ឲ្យ​យុវតី ​២នាក់ រង​របួស​​ និង​​សន្លប់​។ អាជ្ញាធរ​លើក​ហេតុ​ផល​​ថា ការ​បង្ក្រាប​នេះ ដើម្បី​​រៀបចំ​​សណ្ដាប់ធ្នាប់​សាធារណៈ ​តែអ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ចាត់​ទុក​ជា​អំពើ​​រំលោភ​​សិទ្ធិ​​​​ពលរដ្ឋ។

អាជ្ញាធរ និង​ក្រុម​សន្តិសុខ​ខណ្ឌ ៧មករា បាន​ព្យាយាម​ព័ទ្ធ និង​ស្ទាត់​ក្រុម​យុវជន មិន​ឲ្យ​ធ្វើ​សកម្មភាព​ស្រែក​​តវ៉ា​ទាមទារ​ដោះលែង​លោក រ៉ុង ឈុន ទាំង​នៅ​ម្ដុំ​តុលាការ​ក្រុង និង​តាម​ដង​ផ្លូវ​​ក្នុង​ក្រុង​ភ្នំពេញ។ អាជ្ញាធរ បាន​ព្យាយាម​ឲ្យ​ក្រុម​អ្នក​តវ៉ា បញ្ឈប់​សកម្មភាព​តវ៉ា​ ច្រើន​លើក​ច្រើន​សារ និង​គំរាម​​ប្រើ​ហិង្សា​បំបែក​ក្រុម​អ្នក​តវ៉ា​ បើ​នៅ​តែ​បន្ត​សកម្មភាព​ទាមទារ​ទៀត​ ដោយ​សំអាង​ថា ខុស​ច្បាប់​បាតុកម្ម និង ​​ខុស​គោល​ការណ៍​​ទប់​ស្កាត់​ការ​រីក​រាល​ដាល់​ជំងឺ​កូវីដ​១៩ (Covid-19)៖ «ឥឡូវ​បំបែក​អត់​ទេ? ឥឡូវ​​ខ្ញុំ​សួរ​រក​លិខិត​អនុញ្ញាត​ពី​សាលា​ក្រុង​ ដែល​បង​ប្អូន​អ្នក​បង្ក​លក្ខណៈ ហែ​ច្រូង​ច្រាង​ដោយ​អត់​ច្បាប់​ហ្នឹង​នេះ។ បង្ក​លក្ខណៈ​បាត់​នូវ​សោភ័ណភាព​ ក៏​ដូច​ជា​សណ្ដាប់​ធ្នាប់​រាជធានី​ភ្នំពេញ។ បើ​អត់​មាន​ត្រូវ​តែ​បំបែក បើ​អត់​បំបែក ខ្ញុំ​​បំបែក​ហើយ»។


ទោះ​ជា​រង​ការ​គំរាម​ច្រើន​លើក​ច្រើន​សារ ក៏​ក្រុម​អ្នក​តវ៉ា​ជិត​ ២០នាក់ ដែល​ភាគច្រើន​​ជា​យុវជន​ ​បាន​បន្ត​​ជម្នះ​​ធ្វើ​សកម្មភាព​នេះ​​ទៀត ដោយ​សម្អាង​ថា ​​រដ្ឋធម្មនុញ្ញ​បាន​បើក​សិទ្ធិ​សេរីភាព​​ឲ្យ​ពលរដ្ឋ អាច​ធ្វើ​សកម្មភាព ​តវ៉ា​​ទាមទារ​ដោយ​អហិង្សា​បាន។ ក្រុម​យុវជន​ និង​អាជ្ញាធរ បាន​ឈ្លោះ​​ប្រកែក​គ្នា​​​មួយ​សន្ទុះ​ រួច​ហើយ​​សន្តិសុខ​ខណ្ឌ​ ៧​មករា ដែល​សុទ្ធ​ជា​បុរស​ពេញ​កម្លាំង​​​​ បាន​រុញ​ច្រាន​ក្រុម​អ្នក​តវ៉ា​ ដែល​ភាគ​ច្រើន​គឺ​​ជា​យុវតី​ឲ្យ​ថយ​ក្រោយ​​ ​បណ្ដាល​ឲ្យ​ក្រុម​អ្នក​តវ៉ា​​ម្នាក់​រង​របួស​ជើង ដួល​លើ​ដី ងើប​លែង​រួច និង​ម្នាក់​ទៀត​សន្លប់។

អ្នក​តវ៉ា​ម្នាក់ ដែល​រង​របួស​ជើង​ទាំង​សង​ខាង កញ្ញា សូ មេត្តា អះអាង​ថា ​​អាជ្ញាធរ​ បាន​​រុញ​ច្រាន​ និង​ទាញ​ក្រវាត់​ ពួក​គេ​ឲ្យ​ដួល​លើ​ដី ហើយ​ឆ្លៀត​ពេល​ច្របូក​ច្របល់ បាន​ទាត់​ធាក់ ជាន់​ ក្រុម​អ្នក​តវ៉ា​​ ជា​ច្រើន​ជើង។ កញ្ញា​បញ្ជាក់​ថា ក្រុម​យុវជន​មិន​បាន​តប​ត ចំពោះ​ទង្វើ​ហិង្សា​ របស់​អាជ្ញាធរ​ទេ៖ «រុញ តែ​អា​ជើង​គាត់​ពី​ក្រោម​ហ្នឹង គាត់​​ព្យាយាម​មក​ទាត់​ខ្ញុំ​ ម្ខាង​ ប្រាំ​ ប្រាំមួយ​ជើង ហើយ​ស្បែក​ជើង​ប៉ូល​ អា​ស្រួច​ខ្មៅ ឈឺ​ណាស់។ ទាត់​ម្នាក់ បួន ប្រាំ​ជើង ដល់​ទាត់​ខ្ញុំ​ហើយ គាត់​ធ្វើ​សង្គ្រឺត​ធ្មេញ​ ចង់​ស៊ីសាច់​យើង ហើយ​​ពេល​ទាត់​ខ្ញុំ​ហើយ ដួល​ គាត់​មក​កន្ត្រាក់​អូស​ដៃ​ខ្ញុំ​ទៅ​ហ្មង តែ​គ្នា​ខ្ញុំ គាត់​មក​អូស​ដៃ ខ្ញុំ​ទាន់»។

ចំណែក​អ្នក​​តវ៉ា​​ម្នាក់ គឺ កញ្ញា ជា គន្ធីន បាន​រង​របួស​សន្លប់​ នៅ​នឹង​កន្លែង និង​ជាំ​ឆ្អឹង​ជើង ដោយ​សារ​ការ​បង្ក្រាប។ យុវតី​វ័យ​ ១៨​ឆ្នាំ​រូប​នេះ អះអាង​ថា ក្រុម​អ្នក​តវ៉ា​ គ្មាន​កម្លាំង​តប​ត នឹង​ក្រុម​សន្តិសុខ​ខណ្ឌ​៧​មករា​ទេ ហើយ​ កញ្ញា​ រង​របួស​​ជើង និង​សន្លប់ ដោយសារ​ សន្តិសុខ​ខណ្ឌ ៧មករា ចាប់​កញ្ញា​អូស លើ​ដុំ​ថ្ម និង​ទាត់​ធាក់ ​ជា​ច្រើន​ជើង។

កញ្ញា ជា គន្ធីន ហៅ​ការ​បង្ក្រាប​លើ​ក្រុម​អ្នក​តវ៉ា ថា ជា​អំពើ​ឃោរឃៅ ព្រោះ​ខាង​អាជ្ញាធរ​ មិន​ព្រម​និយាយ​វែក​ញែក​ច្បាប់​ ជាមួយ​ក្រុម​អ្នក​តវ៉ា​ទេ តែ​សំអាង​ថា ត្រូវ​តែ​បំបែក​ក្រុម​អ្នក​តវ៉ា តាម​បញ្ជា​ថ្នាក់​លើ​។ យុវតី​រូប​នេះ​ ប្ដេជ្ញា​​​មិន​តក់​ស្លុត​ចំពោះ​ការ​ទាត់​ធាក់​នេះ​ទេ និង​បន្ត​ការ​ទាមទារ​ រក​យុត្តិធម៌ ជូន​ លោក រ៉ុង ឈុន បន្ត​ទៀត៖ «ពេល​ហ្នឹង ខ្ញុំ​ជួយ​បង​មេត្តា ដោយ​សារ​បង​មេត្តា​ ត្រូវ​ជើង។ ពេល​ឃើញ គាត់ ​(អាជ្ញាធរ) ទាត់ ខ្ញុំ​យក​ជើង​ខ្ញុំ ទៅ​រាំង គាត់​ទាត់​ខ្ញុំ​ពីរ​បី​ជើង ហើយ​ចាប់​ទាញ ចាប់​អូស។ ចាប់​ទាញ​ដៃ​ខ្ញុំ ហើយ​អូស​មក​ទង្គិច​លើ​ផ្លូវ លើ​ថ្នល់ កន្លែង​ម៉ូតូ​គេ​ជិះ​ហ្នឹង ហើយ​ត្រកៀត​របស់​ខ្ញុំ​ហ្នឹង ក៏​ត្រូវ​ជាមួយ​នឹង​ដុំ​ថ្ម ក៏​គ្រេច​ទៅ។ ពេល​ហ្នឹង វា​អត់​ទាន់​ឈឺ​អ្វី​ប៉ុន្មាន​ទេ ក៏​ខ្ញុំ​ដើរ​មក​ យក​ស្បែក​ជើង យក​អ្វី ហើយ​ថា អាជ្ញាធរ​ធ្វើ​បាប​ស្ត្រី អ្វី​អ៊ីចឹង។ ពេល​ហ្នឹង ក៏​ទន់​ដៃ​ទន់​ជើង សន្លប់​​ទៅ​តែ​ម្ដង។ វា​ថប់​ដង្ហើម​ ហើយ​ដឹង​ខ្លួន ពេល​ដែល​មីង​ យក​ប្រេង​កូឡា យក​អ្វី មក​រឹត»។

ជុំវិញ​ការ​ប្រើ​អំពើ​ហិង្សា​នេះ អាស៊ី​សេរី បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាស​ភក្ដី ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ លោក ផៃ ស៊ីផាន ស្នងការ​រាជធានី​ភ្នំពេញ លោក ស ថេត និង​អ្នក​នាំ​ពាក្យ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមខឿន តែ​ក្រុម​មន្ត្រី​ទាំង​នេះ​មិន​ទទួល​ទូរស័ព្ទ នៅ​ថ្ងៃ​ទី៥ សីហា។

នាយក​រង​​អង្គការ​លីកាដូ ទទួល​បន្ទុក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ លោក អំ សំអាត សោកស្ដាយ​ចំពោះ​ការ​ប្រើ​អំពើ​ហិង្សា​ ជា​បន្ត​បន្ទាប់​ លើ​ក្រុម​អ្នក​តវ៉ា​ដោយ​សន្តិវិធី។ អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​រូប​នេះ ជំរុញ​ ឲ្យ​អាជ្ញាធរ​ គួរ​​តែ​សម្រប​សម្រួល​​ រក​ដំណោះ​ស្រាយ​ ឲ្យ​ក្រុម​អ្នក​តវ៉ា ទើប​ជា​រឿង​ប្រសើរ៖ «ហើយ​បើ​សិន​ជា​ បាតុកម្ម ឬ​ក៏​តវ៉ា​ដោយ​សន្តិវិធី មើល​ទៅ​មិន​ប៉ះពាល់​ទៅ​ដល់​សន្តិសុខ​ សណ្ដាប់​ធ្នាប់​សាធារណៈ ឬ​ក៏​សិទ្ធិ​បុគ្គល​ណា​ទេ អា​ហ្នឹង វា​គួរ​តែ​មាន​ការ​សម្រប​សម្រួល​គ្នា អនុញ្ញាត​ទៅ ព្រោះ​នៅ​ក្នុង​ច្បាប់​បាតុកម្ម ស្ដីពី​​សន្តិវិធី បើ​ទោះ​ជា​និយាយ​អំពី​​ការ​ជូន​ដំណឹង​មែន ក៏​ប៉ុន្តែ​បើ​បាតុកម្ម ឬ​ក៏​ការ​តវ៉ា​ហ្នឹង ​ធ្វើ​ដោយ​មិន​បាន​ជូន​ដំណឹង​​​ តែ​បើ​សិន​ថា អាជ្ញាធរ​យល់​ថា មិន​មាន​អំពើ​ហិង្សា​ទេ គួរ​តែ​មាន​ការ​សម្រប​សម្រួល​គ្នា​មួយ ដែល​មាន​ការ​ទទួល​យក​បាន»។

ក្រោយ​រង​អំពើ​ហិង្សា​ ក្រុម​អ្នក​តវ៉ា បាន​រំសាយ​ការ​តវ៉ា តាម​ដង​ផ្លូវ នៅ​ម្ដុំ​​តុលាការ​ក្រុង​ ហើយ​​ពួកគេ​បាន​ដឹក​​យុវតី ២នាក់ ដែល​រង​របួស​ ទៅ​អង្គការ​លីកាដូ ដើម្បី​​សុំ​ពឹង​ពាក់​ ឲ្យ​គ្រូពេទ្យ​​ប្រចាំ​អង្គការ​លីកាដូ ជួយ​ព្យាបាល​។ ក្រុម​យុវជន ក៏​បាន​បន្ត​ដំណើរ​ ទៅ​តវ៉ា នៅ​មុខ​វត្ត​បទុមវតី​ បន្ត​ទៀត នៅ​ពេល​រសៀល ដើម្បី​ទាមទារ​សុំ ​ជួប​ព្រះ​សង្ឃ​ច្រើន​អង្គ ដែល​ត្រូវ​អាជ្ញាធរ​​​ឃាត់​ខ្លួន ដោយសារ​ចូល​រួម​ តវ៉ា​ទាមទារ​ដោះ​លែង​លោក រ៉ុង ឈុន នៅ​មុខ​តុលាការ។

ចំណែក​ដំណើរ​ការ​​ សំណុំ​រឿង​ក្ដី​របស់​លោក រ៉ុង ឈុន តាម​ផ្លូវ​តុលាការ​វិញ ក្រុម​មេធាវី​ កំពុង​បន្ត​នីតិវិធី​ ប្ដឹង​សុំ​ឲ្យ​កូន​ក្ដី បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន។ លោក​មេធាវី សំ សុគង់ ឲ្យ​ដឹង​ថា ក្រុម​មេធាវី បាន​ដាក់​ពាក្យ​ស្នើសុំ​ទៅ​ចៅក្រម​នៃ​សាលា​ដំបូង​រាជធានី​ នៅ​ថ្ងៃ​ទី៥ សីហា ដើម្បី​ស្នើសុំ​ឲ្យ​ លោក រ៉ុង ឈុន បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន៕

1 comment:

Anonymous said...

So many Khmer heroes have sacrificed their lives for Khmer people and Cambodia. It is time that Khmer people step up their courage and start a nationwide peaceful protest condemning the kleptocratic regime of Ah Yuon's slave Hun Sen.

Ah Roleuy Hun Sen was born to facilitate the Vietnamization of Cambodia. He wanted to stay in power until Cambodia is a province or part of the evil Vietnam.